Social Icons

Saturday, September 22, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​ខេត្ត​កំពត​ព្រួយបារម្ភ​ពលរដ្ឋ​វៀតណាម​បន្ត​ឡើង​ភ្នំ​បូកគោ

By Borosrath 2012-09-22.
ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពត ស្ដី​បន្ទោស​អាជ្ញាធរ​ថា តែង​មាន​ភាព​ខ្ជីខ្ជា និង​ពុំ​មាន​វិធានការ​ចំពោះ​ជនជាតិ​វៀតណាម ដែល​តែង​ឆ្លង​ដែន​ចូល​មក​ស្រុក​ខ្មែរ​ដោយ​ខុស​ច្បាប់។
ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​កម្ពុជា បែប​នេះ កើត​ឡើង​នៅ​គ្រា​ដែល​មាន​ទាំង​ពលរដ្ឋ និង​សង្ឃ​វៀតណាម ជាច្រើន បាន​ឡើង​ទៅ​លើ​ភ្នំ​បូកគោ ដើម្បី​បែរ​បន់ និង​គោរព​បូជា តាម​រូបភាព​អប្បិយជំនឿ​សាសនា នៅ​ក្នុង​វត្ត​សំពៅប្រាំ។ ក៏ប៉ុន្តែ មន្ត្រី​ជំនាញ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ខាង​រដ្ឋាភិបាល​កម្ពុជា វិញ ច្រាន​ចោល​ព័ត៌មាន​នេះ។
ពលរដ្ឋ​នៅ​ខេត្ត​កំពត អះអាង​ថា ជន​ជាតិ​វៀតណាម នៅ​តែ​បន្ត​ឡើង​ភ្នំ​បូកគោ ជា​បន្ត​បន្ទាប់ ខណៈ​វត្ត​សំពៅប្រាំ ដែល​នៅ​លើ​ភ្នំ​មួយ​នេះ បាន​ក្លាយ​ជា​ទី​ទាក់​ទាញ​ពលរដ្ឋ សម្រាប់​ពិធី​បែរបន់​បែប​ជំនឿ​សាសនា ដើម្បី​ស្វែង​រក​លាភសក្ការៈ​ផ្សេងៗ។
ពលរដ្ឋ​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ពលរដ្ឋ​វៀតណាម មក​រៀបចំ​ពិធី​បន់​ស្រន់​តាម​បែប​អប្បិយជំនឿ​យ៉ាង​ហោច​ណាស់​ពី ៣០​ទៅ ៤០​នាក់ ក្នុង​មួយ​ថ្ងៃៗ។
ប្រភព​ដដែល​បន្ត​ថា បើ​ទោះ​ជា​ការ​ចេញ​ចូល​របស់​ពលរដ្ឋ​វៀតណាម នេះ ក្នុង​ន័យ​បែរបន់​តាម​បែប​សាសនា​យ៉ាង​ណា​ក្ដី តែ​ថា​ការ​ចេះ​តែ​បន្ត​ហូរ​ចូល​នូវ​ជន​ជាតិ​វៀតណាម ដោយ​ពុំ​មាន​ច្បាប់​នេះ គឺ​ជា​រឿង​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា៖ «ឃើញ​ថា​មក​ច្រើន​មែន​ទែន​បង ភាគ​ច្រើន​ហ្មង​គឺ​ថា​លំដាប់​លេខ​មួយ។ លើ​បូកគោ ភាគ​ច្រើន​គឺ​វៀតណាម ហ្នឹង​ហ្មង។ បាទ នៅ​លើ​ដូច​ថា​វា​រមណីយដ្ឋាន​ទាំង​អស់​ហ្នឹង​បង។ ភាគ​ច្រើន​ឃើញ​ឡើង​មក​វត្ត​ហ្នឹង​ហ្មង គឺ​ច្រើន​ហ្មង វត្ត​ហ្នឹង​ភាគ​ច្រើន​គឺ​វៀតណាម មក។ មួយ​ថ្ងៃ​អ៊ីចឹង មក​ជួន​ណា​បី​បួន​ឡាន​ក្រុង ហើយ​ឡាន​ក្រុង​ធំៗ»
ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត ពួក​គេ​អះអាង​ថា ការ​កើន​ឡើង​នៃ​ចំនួន​ជន​ជាតិ​វៀតណាម មក​ភ្នំ​បូកគោ នេះ បាន​បង្កើត​ក្ដី​បារម្ភ និង​មន្ទិល​សង្ស័យ​ចំពោះ​វត្តមាន​របស់​ពលរដ្ឋ​វៀតណាម ដែល​ចេះ​តែ​បន្ត​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​កម្ពុជា៖ «ខាង​ វៀតណាម មក​ច្រើន​ដែរ មក​ខាង​ក្រោម ហើយ​ថ្ងៃ​ណា​ដែរ​ដូច​ជា​កសាង​នៅ​សំពៅ​ហ្នឹង ក៏​ខាង​វៀតណាម ដែរ។ ខ្ញុំ​ឆ្ងល់​ចំ​ឡែក​ចិត្ត​ដែរ ឆ្ងល់​វៀតណាម ជួន​កាល​មាន​ព្រះ​អង្គ​ចូល​រត់​តាម​ផ្លូវ​មក​រហូត រត់​ធ្វើ​ជា​ខ្លា​ពាក់​អាវ​ខ្លា រត់​មក​នេះ​មក​វត្ត​នេះ»
យ៉ាង​នេះ​ក្ដី ក្រៅ​ពី​ជំនឿ​ដែល​ពលរដ្ឋ​វៀតណាម តែង​ចាត់​ទុក​ថា វត្ត​សំពៅប្រាំ ស្ថិត​នៅ​លើ​កំពូល​ភ្នំ​បូកគោ នេះ មាន​ភាព​ស័ក្ដិសិទ្ធិ។ ក្នុង​នោះ ពលរដ្ឋ​វៀតណាម បាន​កសាង​រូប​សំណាក​ជា​សំពៅ មុខ​បែរ​ទៅ​ទិស​ខាង​កើត ដោយ​មាន​ព្រះ​នាង​គង់ស៊ីអ៊ីម នៅ​លើ​សំពៅ​នោះ​ផង។
ស្ត្រី​វ័យ​ជាង ៧០ឆ្នាំ ឈ្មោះ ឡេ ធីមីញធុយ (Lê Thị Minh Thúy) ជា​ជន​ជាតិ​វៀតណាម មក​ពី​ខេត្ត​អានយ៉ាង (An Giang) ប្រទេស​វៀតណាម ដែល​ជា​អតីត​ខេត្ត​របស់​ខ្មែរ​ឈ្មោះ​ថា​ខេត្ត​មាត់ជ្រូក អតីត​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹង​ថា នេះ​ពុំ​មែន​ជា​លើក​ទី១​នោះ​ទេ ពោល​គឺ​ការ​ឡើង​មក​បែរបន់​នេះ យ៉ាង​ហោច​ណាស់ ៣​លើក​រួច​មក​ហើយ។ លោកស្រី ឡេ ធីមីញធុយ បន្ត​ថា អ្វី​ដែល​ពលរដ្ឋ​វៀតណាម តែង​ឡើង​មក​វត្ត​សំពៅប្រាំ នេះ ក៏​ព្រោះ​តែ​គេ​មាន​ជំនឿ​ថា អាច​ផ្ដល់​សេចក្ដី​សុខ និង​មាន​ភាព​ចម្រុង​ចម្រើន​សម្រាប់​ប្រទេស​វៀតណាម៖ «លោក វេតអើវ៉ឹងអ៊ាំ វ៉េត វ៉ឹងអ៊ាំ បន់​ឲ្យ​កូន​អើ​ប្រជាជន​អើ​ក៏​ទាំង​អស់ ប្រជាជន​គាត់​បាន​សុខ​សប្បាយ​ពេល​បុណ្យ​អ៊ីចឹង​អើ»
លោក ខូយ ឃុនហួរ អភិបាល​ខេត្ត និង​លោក សូ យាង អភិបាល​រង​ខេត្ត​កំពត ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ដោយ​អះអាង​ថា​ជាប់​ប្រជុំ។
ចំណែក​លោក នួន សារី ស្នងការ​រង​ខេត្ត​កំពត ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បដិសេធ​ចំពោះ​អ្វី​ដែល​ពលរដ្ឋ​រក​ឃើញ​ថា មាន​ជន​ជាតិ​វៀតណាម បន្ត​ឡើង​ភ្នំ​បូកគោ នេះ៖ «មាន​ការ​អី​ហ្នឹង អត់​ដឹង​ផង​ខ្ញុំ អត់​ដឹង​ទេ»
លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក​ថ្លែង​ថា ការ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ជួយ​បង្កើន​ចំណូល​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ កម្ពុជា។ លោក​បន្ត​ថា ក៏ប៉ុន្តែ អ្វី​ដែល​ជា​បន្ទុក គឺ​បារម្ភ​ក្រែង​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ស្ដីពី​ជន​អន្តោប្រវេសន៍​ពុំ​ មាន​ប្រសិទ្ធភាព។
បញ្ហា​នេះ មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល តែង​រិះគន់​រដ្ឋាភិបាល​ថា តែង​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​ជន​ជាតិ​វៀតណាម ដែល​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។