Social Icons

Sunday, September 16, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

The National Election Cheating (NEC) still a target in the fight for democracy in Cambodia


គ.ជ.ប នៅ​តែ​ជា​ផ្ទាំង​ស៊ីប​ក្នុង​សង្គ្រាម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា 
សៅរ៍ 15 កញ្ញា 2012
គណបក្ស​បក្សប្រឆាំង​បានបង្ហាញ​ពី​ភាពស្វិតស្វាញ​យ៉ាងខ្លាំង​ក្នុងការ​តស៊ូ​ឲ្យ​មានការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ទោះបីជា​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិន​ធ្វើតាម​សំណើ​ជា​លាយលក្ខណ៍អក្សរ​របស់​ខ្លួន​ក៏ដោយ ក៏ប៉ុន្តែ គណបក្ស​បក្សប្រឆាំង​នៅតែ​ទទូច​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដោយផ្ទាល់​ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ឲ្យ​មានការ​កែទម្រង់ គ.ជ.ប ឲ្យ​ទាល់តែ​បាន។ ប៉ុន្តែ គេ​គ្មាន​រំពឹង​ឡើយ​ថា គណបក្ស​កាន់អំណាច​នឹង​ធ្វើតាម​ការទាមទារ​របស់​គណបក្ស​ប្រឆាំង។
ដូច្នេះ គ.ជ.ប ច្បាស់​ជា​នឹង​ក្លាយ​ទៅ​ជា​ផ្ទាំង​ស៊ីប​ក្នុង​សង្គ្រាម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣ ខាងមុខ
អំណឹះតទៅ គណបក្ស​ប្រឆាំង​មាន​គោលដៅ​ពីរ​សំខាន់​គឺ ទី១៖ ការវិលត្រឡប់​ចូល​ស្រុក​វិញ​របស់លោក​សម រង្ស៊ី និង​ទី២ ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ដើម្បី​សម្រេច​គោលដៅ​នេះ គណបក្ស​ប្រឆាំង​បានធ្វើ​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​ទាំង​នៅក្នុង​ និង​នៅក្រៅ​ប្រទេស។


ទោះជា​វា​មិនមែន​រឿង​ថ្មី ប៉ុន្តែ ការទាមទារ​ឲ្យ​មាន​កំណែទម្រង់ គ.ជ.ប នឹង​នៅតែ​ជា​ផ្ទាំង​ស៊ីប​របស់​គណបក្ស​ប្រឆាំង ហើយ​កាន់តែ​ក្លាយជា​ប្រធានបទ​ក្តៅគគុក​ជាង​ពេល​ណាៗ​ទាំងអស់​សម្រាប់​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ខាងមុខ ពីព្រោះ​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​ដែល​បក្សប្រឆាំង​ត្រូវតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​សន្ទុះ​ថ្មី​មួយ​នៅក្នុង​ឆាកនយោបាយ។ ការ​ស្រូតរូត​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ឧទាហរណ៍​ជាក់ស្តែង។ បន្ទាប់ពីនោះ បក្សប្រឆាំង នឹង​តម្រង់ទិស​ទៅរក​ស្ថាប័ន​រៀបចំ​បោះឆ្នោត​ដែល​ពួកគេ​ចាត់ទុកថា​មិន​ឯករាជ្យ។


ការមន្ទិលសង្ស័យ​អំពី​ ភាពឯករាជ្យ ​របស់ គ.ជ.ប តែងតែ​ក្លាយជា​ទឡ្ហីករណ៍​សម្រាប់​ការបដិសេធ​មិន​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​រៀងរាល់​លើក ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​ប្តូរ​ពី​ការដណ្តើម​អំណាច​ដោយ​ចុង​កាណុង មកជា​ការប្រកួត​តាមរយៈ​ការបោះឆ្នោត​វិញ​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។ ដូច្នេះ សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣ ស្នូល​នៃ​បញ្ហា​នៅតែ​ដដែល​ទេ នោះ​គឺ​ភាពឯករាជ្យ​របស់ គ.ជ.ប ។


តើ​អ្វី​ទៅជា គ.ជ.ប ឯករាជ្យ? នេះ​ជា​សំណួរ​ដែល​ពិបាក​នឹង​រក​ចម្លើយ។ ឯករាជ្យភាព​ក្នុងន័យ​របស់​បក្សប្រឆាំង​គឺ អ្នកដឹកនាំ​ស្ថាប័ន​នេះ​ត្រូវតែ​ជា​មនុស្ស​ឯករាជ្យ និង​ជ្រើសរើស​ដោយ​យន្តការ​ឯករាជ្យ។ រីឯ​មន្ត្រី​ថ្នាក់មូលដ្ឋាន​វិញ​ត្រូវ​ចេញពី​កូតា​គណបក្សនយោបាយ។ ប៉ុន្តែ ក្រសួងមហាផ្ទៃ​បាន​មើលឃើញថា រូបមន្ត​របស់​បក្សប្រឆាំង​មិនអាច​ទៅរួច​ឡើយ។ ទៅ​មិន​រួច​ពីព្រោះថា វា​នឹងធ្វើ​ឲ្យ​ការបង្កើត គ.ជ.ប ជាប់គាំង​ដោយសារ​តែ​ទស្សនៈ​យល់ឃើញ​ខុសគ្នា​អំពី​ថា តើ​អ្នកណា​ជា«មនុស្ស​ឯករាជ្យ» ?
ជាការ​ពិត ទាំង​សំណើ​របស់​បក្សប្រឆាំង ទាំង​ចម្លើយ​របស់​ក្រសួងមហាផ្ទៃ​សុទ្ធ​តែមាន​ហេតុផល​សមរម្យ។ ប៉ុន្តែ វា​គឺជា​ភាពសមរម្យ​ដែល​មិនអាច​រលាយ​ចូលគ្នា​បាន​ដោយសារតែ​រនាំង​នយោបាយ។ ដូច្នេះ គេ​រំពឹងថា ពីនេះ​ទៅ​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ ស្ថាប័ន គ.ជ.ប ទំនងជា​នឹង​គ្មានអ្វី​កែប្រែ​ខុសពី​សព្វថ្ងៃ​នេះឡើយ។
យ៉ាងណាក៏ដោយ សម្រាប់​ក្រុមអ្នកវិភាគ នៅក្នុង​បរិបទ​ដែល​គេ​មិនអាច​រកឃើញ​និយមន័យ​រួមមួយ​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​អំពី​ឯករាជ្យ​ភាព​របស់ គ.ជ.ប ការវាយតម្លៃ​អំពី​ការងារ​របស់​ស្ថាប័ន​នេះ​គួរតែ​ត្រូវផ្តោត​ទៅលើ​យន្តការ​ជាជាង​ទៅលើ​មនុស្ស​ដែល​បម្រើការ​នៅក្នុង​ស្ថាប័ន។ មានន័យថា ទោះជា​មនុស្ស​នោះ​ចេញ​មកពី​ប្រភព​ណាក៏ដោយ ប៉ុន្តែ ពួកគេ​មាន​កាតព្វកិច្ច​បំពេញការងារ​ដោយ​គោរព​តាមច្បាប់​ដែល​បានកំណត់។
ប្រសិនបើ​មន្ត្រី គ.ជ.ប ណា​ម្នាក់​មិន​គោរព​ច្បាប់​និង​បំពេញការងារ​ដោយ​លម្អៀង ពួកគេ​គួរតែ​ត្រូវបាន​ចង្អុលមុខចំៗ និង​ទទួល​ទណ្ឌកម្ម​ជា​កំហិត។ នេះ​គឺជា​គោលការណ៍​គ្រឹះ​សម្រាប់​វាស់​ស្ទង់​សមត្ថភាព និង​អព្យាក្រឹតភាព​របស់ គ.ជ.ប ដែល​គេ​គួរ​នាំគ្នា​ផ្តោត​ការយកចិត្តទុកដាក់​ជាជាង​ការស្វែងរក​មនុស្ស​ឯក​រាជ្យ​នៅក្នុង​ស្ថានភាព«មុជទឹក​រាវរក​ម្ជុល​នៅក្នុង​មហាសមុទ្រ»។
ម្យ៉ាងទៀត ការផ្តោត​ទៅលើ​តែ គ.ជ.ប មួយ​មុខ​ក៏​នៅ​មិនទាន់​គ្រប់គ្រាន់​ដែរ ដើម្បី​ធានា​ឲ្យ​ដំណើរការ​បោះឆ្នោត​ទាំងមូល​ប្រព្រឹត្តទៅបាន​រលូន​នោះ។ នៅមាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់៖ ទី១ ការមិន​អើពើ​របស់​ពលរដ្ឋ​ក្នុង​ការបំពេញ​កាតព្វកិច្ច​នយោបាយ- ទី២ គឺ​ការមិន​ព្រម​ទទួលយក​វប្បធម៌​ប្រជាធិបតេយ្យ​ឲ្យ​បាន​ទូលំទូលាយ​របស់​អ្នកនយោបាយ, ទី៣ ការធ្វើ​បុរេវិនិច្ឆ័យ​មួយចំនួន​ដែល​តែងតែ​ដិតដាម​ជាប់​ក្នុង​អារម្មណ៍​មិន​ព្រម​កែប្រែ និង​ទី៤ ការសន្និដ្ឋាន​ខ្លះ​ដែល​ឈរ​តែ​លើ​ទិដ្ឋភាព​នយោបាយ​ដោយ​មិន​ព្រម​ទទួលយក​ការពិត។
នៅពេលដែល​កត្តា​ទាំងនេះ​ត្រូវបាន​ដោះស្រាយ គ.ជ.ប នឹង​លែង​ជា​រឿង​សំខាន់​ទៀតហើយ ពីព្រោះ ការបោះឆ្នោត​ជា​រឿង​សម្ងាត់ និង​ជា​សិទ្ធិផ្តាច់មុខ​របស់​បុគ្គ​លម្នាក់ៗក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​ខ្លួនឯង គឺ​មិនមែន​អាស្រ័យ​លើ គ.ជ.ប ទេ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។