Social Icons

Thursday, September 20, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

យួនអភិវឌ្ឍន៍កោះត្រល់បន្ទាប់ពីជនក្បត់ជាតិ ហ៊ុន សែន កាត់ឲ្យ


http://www.youtube.com/watch?v=3IEouNby0mg

សកម្មភាព​និង​ការ​អភិវឌ្ឍ​នៅ​លើ​កោះត្រល់​បន្ទាប់​ពី​​​វៀតណាម​គ្រប់គ្រង​

2012-09-20 by Borosrath
អ្នក​ឯកទេស និង​សកម្មជន​ព្រំដែន​ថ្លែង​ថា កោះត្រល់​ជា​ដែន​កោះ​កម្ពុជា​មួយ​ផ្នែក​ទៀត និង​ជា​កោះ​ធំ​ជាង​គេ​បង្អស់​របស់​កម្ពុជា ដែល​ត្រូវ​បាន​កាន់​កាប់​ដោយ​ប្រទេស​វៀតណាម បន្ទាប់​ពី​ទឹកដី​កម្ពុជា​ក្រោម។ ក្រោយ​ពី​បាន​កាន់​កាប់ ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​បង្កើន​ល្បឿន​អភិវឌ្ឍន៍​យ៉ាង​ពេញ​ទំហឹង ដើម្បី​ធ្វើ​ឲ្យ​កោះ​នេះ​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ផ្នែក​ទេសចរណ៍ និង​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក។
ប្រសិន​បើ​លោក​អ្នក​បាន​អញ្ជើញ​ទៅ​ទស្សនា​កោះត្រល់ ជា​លើក​ដំបូង និង​បាន​ឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីក្រុង និង​ការ​អភិវឌ្ឍ​នៅ​លើ​កោះ​នេះ លោក​អ្នក​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ស្រមៃ​គិត​ថា លោក​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ទីក្រុង​នៃ​ប្រទេស​អភិវឌ្ឍន៍​មួយ​ជា​មិន​ ខាន។

កោះត្រល់​មាន​កំពង់ផែ​ចំនួន​៣ មាន​ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង មាន​ភ្លើង​សញ្ញា​ចរាចរណ៍​ជិត​១០​កន្លែង មាន​ភូមិឋាន វត្តវ៉ា សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ផ្ទះ​សំណាក់ ភូមិគ្រឹះ បារ ហាង​ម៉ាស្សា ខារ៉ាអូខេ អគារ​លក់​ទំនិញ រោងចក្រ​ផលិត​ទឹកត្រី​ចំនួន​២ ផ្សារ​ទំនើប ផ្សារ​រាត្រី អគារ​រដ្ឋាភិបាល​យ៉ាង​ចាក់​គ្រឹះ និង​មាន​មនុស្ស​រស់នៅ​ជិត​១០​ម៉ឺន​នាក់ និង​មាន​យានយន្ត​គ្រប់​ប្រភេទ មាន​ឡាន​ក្រុង និង​តាក់ស៊ី​ថ្មីៗ​ទំនើបៗ។

វិស័យ​ទេសចរណ៍​នៃ​ប្រទេស​វៀតណាម បាន​ផ្សព្វផ្សាយ​ឲ្យ​គេ​ស្គាល់​កោះត្រល់ ជា​ផ្លូវការ​តាម​ភាសា​វៀតណាម ថា ហ៊្វូកុក (Phú Quốc)។ ពាក្យ​ស្លោក​ទេសចរណ៍​របស់​វៀតណាម បាន​ហៅ​កោះត្រល់​ថា ជា​ទី​នៃ​ឋានសួគ៌ និង​ធម្មជាតិ។ មាន​រមណីយដ្ឋាន​ជ្រោះ​ទឹក​ធ្លាក់​ចំនួន​ពីរ​កន្លែង មាន​កន្លែង​មើល​ថ្ងៃ​រះ មាន​កន្លែង​មើល​ថ្ងៃ​លិច មាន​ឧទ្យាន​ជាតិ មាន​ដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​ធម្មជាតិ មាន​ឆ្នេរ​កម្សាន្ត រហូត​ដល់​មាន​ក្រុម​ទេសចរណ៍​វៀតណាម ខ្លះ​ហៅ​ឆ្នេរ​ខ្សាច់​កោះត្រល់​ថា​ជា​ឆ្នេរ​សួគ៌ា។
ជា​ការ​ពិត កោះត្រល់​ទាក់ទាញ​ទេសចរ​ពី​ជុំវិញ​ពិភពលោក។ អ្នក​ទេសចរ និង​អ្នក​ជំនួញ​មក​ពី​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន បាន​ពេញ​ចិត្ត ហើយ​ពួក​គេ​បន្ត​រស់នៅ​លើ​កោះ​រយៈពេល​វែង។ អ្នក​ខ្លះ​ប្រៀបធៀប​កោះត្រល់ ទៅ​នឹង​នំ​មួយ​ដុំ​ដែល​អ្នក​ណា​ក៏​ចង់​បរិភោគ។ ពួក​គេ​បាន​បង្ហើប​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ចំណាយ​ប្រាក់​ចំនួន​១.០០០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កោះ​នេះ។ ជាក់ស្ដែង ប្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​កំពុង​ត្រូវ​បាន​ស្ថាបនា។
ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ទៅ​ដល់​កោះត្រល់ ក្រោយ​ពេល​ដែល​វៀតណាម បាន​កាន់​កាប់ និង​អភិវឌ្ឍ បាន​អង្គុយ​សំឡឹង​គយគន់​មក​ក្រុង​កែប និង​ខេត្ត​កំពត ដោយ​ក្ដី​ស្រណោះ​ស្ដាយ​កោះ​ដែល​របេះ​ពី​ដែន​កម្ពុជា បន្ទាប់​ពី​កម្ពុជា​ក្រោម។
កោះត្រល់ ក៏​ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​ចំរៀង​មួយ​បទ​របស់​លោក ស៊ីន ស៊ីសាមុត ក្រោម​ចំណង​ជើង​ថា "កម្សាន្ត​តាម​កោះ" នៃ​កម្រង​អនុស្សាវរីយ៍​ទី១​ផ្ទៃ​សមុទ្រ​ខ្មែរ ដែល​ជា​ស្នាដៃ​ប្រចាំ​ឆ្នាំ​១៩៧៥ របស់​បណ្ណាល័យ​មាតុភូមិ​ដែរ។
កោះត្រល់ កំពុង​ក្លាយ​ជា​ប្រធាន​បទ និង​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស ដែល​នាំ​ឲ្យ​មាន​វេទិកា​ឆ្លើយ​ឆ្លង​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា។
កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​វេទិកា​រដ្ឋសភា​អស់​រយៈពេល​ជាង​៥ម៉ោង ដើម្បី​បំភ្លឺ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​គោក និង​ការ​កំណត់​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។
លោក ហ៊ុន សែន ថ្លែង​បញ្ជាក់​ចំពោះ​សំណួរ​ថា តើ​កោះត្រល់ លែង​ជា​របស់​កម្ពុជា តាំង​ពី​ពេល​ណា​មក? ដោយ​លោក​អះអាង​ថា នៅ​ឆ្នាំ​១៩៣៩ អគ្គទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង គឺ​លោក ប្រេវីយ៉េ បាន​ដាក់​កោះត្រល់ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម (កូសាំងស៊ីន)។ នៅ​ឆ្នាំ​១៩៤៩ កូសាំងស៊ីន (ដែល​ជា​ទឹកដី​កម្ពុជា​ក្រោម) ត្រូវ​បាន​បារាំង​ប្រគល់​ទៅ​ឲ្យ​ព្រះចៅ​បៅដាយ។ នៅ​ឆ្នាំ​១៩៦៤ សម្ដេច​ព្រះ​នរោត្ដម សីហនុ បាន​យក​ផែនទី​ខ្សែ​ប្រេវីយ៉េ ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ហើយ​ស្នើ​សុំ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី​ទទួល​ស្គាល់​ថា​ជា​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​វៀតណាម។
ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​ថា កោះត្រល់ នៅ​តែ​ជា​កោះ​របស់​ខ្មែរ ពីព្រោះ​ប្រទេស​វៀតណាម បាន​ទន្ទ្រាន​កាន់​កាប់​កោះ​នេះ​ដោយ​ខុស​ច្បាប់។ លោក​ថា កម្ពុជា មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ទាមទារ​កោះត្រល់ មក​វិញ។ លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​បន្ថែម​ថា ប្រទេស​សិង្ហបុរី (Singapour) ក៏​មិន​ទទួល​ស្គាល់​ការ​កាន់​កាប់​កោះត្រល់ ដោយ​ប្រទេស​វៀតណាម ដែរ។
លោក ស៊ាន ប៉េងសែ បញ្ជាក់​ថា កោះត្រល់​មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៥៤០​គីឡូម៉ែត្រ​ក្រឡា គឺ​ជិត​ប៉ុន​ប្រទេស​សិង្ហបុរី ដែល​មាន​ផ្ទៃដី ៥៨១​គីឡូម៉ែត្រ​ក្រឡា ហើយ​ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​មាន​កិត្យានុភាព​ល្បី​រន្ទឺ​ពាសពេញ​ពិភពលោក។ កោះត្រល់ ស្ថិត​នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ ពី​កោះ​សេះ ១៥​គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង និង​៤៥​គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀន ប្រទេស​វៀតណាម។
អ្នក​នេសាទ និង​ជា​អ្នក​ប្រកប​របរ​ដាំ​សារាយ​សមុទ្រ នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត លោក ឃៀ ចិន្ដា ថ្លែង​ស្ដាយ​ស្រណោះ​កោះត្រល់។
ទាក់​ទិន​នឹង​ការ​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដឹកនាំ​ជំនាន់​មុន ស្ដី​អំពី​ការ​បាត់បង់​កោះត្រល់ អ្នក​ស្រាវជ្រាវ​សង្គម និង​សេដ្ឋកិច្ច​ឯករាជ្យ លោក កែម ឡី បញ្ចេញ​ទស្សនៈ​ថា គួរ​តែ​មាន​ការ​ស្រាយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​បាត់​បង់។
លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​បន្ថែម​ថា យោង​តាម​ច្បាប់​អន្តរជាតិ ការ​បាត់បង់​កោះត្រល់ និង​កោះ​ក្រចកសេះ នឹង​នាំ​ឲ្យ​មាន​ការ​បាត់បង់​ជា​ស្វ័យប្រវត្តិ​នូវ​ផ្ទៃ​សមុទ្រ​ខ្មែរ​ជាង​៣ ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា។ ម៉្យាង​ទៀត កម្ពុជា​ពុំ​មាន​កោះ​ណា​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ដ៏​មាន​សក្ដានុពល​ទាក់ទាញ ​ទេសចរ និង​អ្នក​វិនិយោគ​បរទេស​ដូច​កោះត្រល់ ឡើយ៕

0 comments:

 

Total Pageviews

160,060

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។