Social Icons

Tuesday, September 25, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

Voice of Vietcong wants to broadcast about Cambodia election ... what next?



វិទ្យុ​សម្លេង​វៀតណាម​ មានបំណង​ជួយ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​បោះឆ្នោត​នៅ​កម្ពុជា​

25 September

​ភ្នំពេញ ៖​ យោង​តាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​វិទ្យុជាតិ​កម្ពុជា​ និង​វិទ្យុ​សម្លេង​វៀតណាម​ដែល​បាន​ឯកភាព​នា​ពេល​កន្លងមក​ ស្តីពី​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​បោះឆ្នោត​សកល​ ក៏ដូចជា​ព្រឹត្តិការណ៍​ធំៗ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម
គណៈប្រតិភូ​វិទ្យុ​សម្លេង​វៀតណាម​មួយ​ក្រុម ដឹកនាំ​ដោយ​លោក ង្វៀន ដាន ទៀន​ អគ្គនាយក​វិទ្យុ​សម្លេង​វៀតណាម​ បាន​អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ខៀវ កាញារីទ្ធ ​នា​រសៀល​ថ្ងៃទី​ ២៤ ​ខែ​កញ្ញា​ឆ្នាំ​២០១២​នេះ​នៅ​ទីស្តីការ​ក្រសួង។​


នៅក្នុង​ជំនួប​នោះ​លោក ង្វៀន ដាន ទៀន បាន​ជំរាប​ជូន​ថា វិទ្យុ​សម្លេង​វៀតណាម​មានបំណង​ជួយ​ផ្សព្វផ្សាយ​លើ​ការងារ​បោះឆ្នោត​នៅ​កម្ពុជា ទៅតាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា ព្រោះថា​នៅសល់តែ​១០​ខែ​ទៀត​ទេ​គឺជា​រយៈពេល​ខ្លី បើ​មិន​ពង្រឹង​ចំណុច​ទាំងនេះ​ទេ​មិន​អាចធ្វើ​ទាន់​ឡើយ​។ បញ្ហា​មួយទៀត​វៀតណាម​អាច​បញ្ជូន​បាន​ភ្លាមៗ​ក្រុម​ជំនាញការ​វៀតណាម​មកជួយ​ខាង​វិទ្យុជាតិ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ផ្នែក​បច្ចេកទេស​ជួយ​រក្សា​ឲ្យ​ការ​ផ្សព្វផ្សាយ​បានជាប់។ លោក​ដឹងថា​នៅ​កម្ពុ​ជា​មាន​ប្រជាជន​ប្រមាណ ៣០​ភាគរយ ដែល​មិនទាន់​ចាប់​រលក​វិទ្យុជាតិ​កម្ពុជា​បាន​ ពោល​គឺ​ប្រហែល​៤​លាន​២​សែន​នាក់ ដែល​ពួកគេ​មិនបាន​ស្តាប់​សម្លេង​វិទ្យុជាតិ​កម្ពុជា ​ជាពិសេស​ក្នុង​ដំណើរ​ឃោសនាបោះឆ្នោត​។ ការងារ​មួយទៀត​លោក​ក៏បាន​ពិគ្រោះ​យោបល់​ជាមួយ​លោក តុ​ន​យ៉ាន អគ្គនាយក​វិទ្យុជាតិ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​បង្កើតជា​ក្រុមអ្នកកាសែត​មួយ​ដែលមាន​ជំនាញ​បទពិសោធន៍​ខ្លះៗ​ក្នុង​បញ្ហា​ព័ត៌មាន​បោះឆ្នោត​នេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​យល់​ត្រឹមត្រូវ​ពី​គោលនយោបាយ​នៃ​ការបោះឆ្នោត ហើយ​បើសិនជា​ត្រូវការ​អ្នកកាសែត​ខាង​វៀតណាម​ក៏​មាន​អ្នកកាសែត ដែល​មាន​បទពិសោធន៍​ខ្លះៗ​នឹង​បញ្ហា​ព័ត៌មាន​ពី​ការបោះឆ្នោត ឬ ព្រឹត្តិការណ៍​ធំៗ​របស់​ជាតិ អាច​ដោះដូរ​បទពិសោធន៍​ជាមួយគ្នា​បាន​។ ក្នុងនាម​ឲ្យ​គណៈប្រតិភូ​វិទ្យុ​សម្លេង​វៀតណាម លោក​សូម​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​របស់លោក​បាន​ចូលជួប​នាពេលនេះ ព្រមទាំង​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​រាក់ទាក់​បំផុត​។​

​ ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​សំដែង​នូវ​កា​ស្វាគមន៍ និង​មាន​សេចក្តី​សប្បាយរីករាយ ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​វិទ្យុ​សម្លេង​វៀតណាម​នា​ពេលនេះ​គឺមាន​សារសំខាន់​ណាស់។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា និយាយ​រួម​ទំនាក់ទំនង​របស់​ព័ត៌មាន​កម្ពុជា និង​វៀតណាម គឺមាន​ជា​យូរយារ​ណាស់​មកហើយ តាំង​ពីមុន​ថ្ងៃ​រំដោះ​៧​មករា​មកម្ល៉េះ ក្នុងនោះ​វៀតណាម​បាន​ជួយ​វិទ្យុ​សម្លេង​របស់​រណសិរ្ស​ខ្មែរ​ក្នុង​សម័យ​រំដោះ និង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP។ និយាយ​រួម​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ព័ត៌មាន​គឺ​សុទ្ធតែ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​វៀតណាម ទាំង​វិទ្យុជាតិ ទាំង​ទូរទស្សន៍​ជាតិ ទាំង​ទីភ្នាក់ងារ AKP ហើយ​អស់លោក​ដែល​អញ្ជើញ​មកនេះ​គឺ​សុទ្ធតែ​មិត្ត​ចាស់​ធ្លាប់​ស្គាល់គ្នា។ លោក​រដ្ឋមន្ត្រី​មានការ​រីករាយ​ផង​ដែរ​ដោយ​ឃើញថា​ តាំង​ពីដើម​រហូត​បច្ចុប្បន្ន​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ផ្នែក​ព័ត៌មាន​កម្ពុជា និង​វៀតណាម​មានការ​ផ្លាស់ប្តូ​រ និង​រឹងមាំ​ថែមទៀត។ លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរាប​ជូន​ថា ដូច​លោក​ប្រធាន​គណៈប្រតិភូ​មានប្រសាសន៍​អំបាញ់មិញ​អញ្ចឹង​ការបោះឆ្នោត​នៅ​កម្ពុជា​ម្តងៗ មានការ​គៀបសង្កត់​ពី​ប្រទេស​ខាងក្រៅ​ច្រើនណាស់ ប៉ុន្តែ​ដោយមាន​ការ​ជួយឧបត្ថម្ភ​ពី​វិទ្យុ​សម្លេង​វៀតណាម ធ្វើ​ឲ្យ​កម្ពុជា​ទប់ទល់​បាន។ ដូចជា​កន្លងមក​គឺ​ការជួយ​ផ្តល់​ឲ្យ​ស្ថានីយ​វិទ្យុ​តូចៗ​តាម​បណ្តា​ខេត្ត មិន​គ្រាន់តែ​បម្រើ​ឲ្យ​ការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​បាន​មួយ​ផ្នែកធំ​ទេ​ ប៉ុន្តែ​ធ្វើ​ឲ្យ​យើង​ទប់ទល់​នឹង​ការផ្សាយ​របស់​វិទ្យុ​ធំៗ​របស់គេ​បាន។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​ថា ដោយមាន​វត្តមាន​គណៈ​ប្រតិភូ​វៀតណាម​នៅទីនេះ​ស្រាប់ ក្រសួង​ព័ត៌មាន​កម្ពុជា​មានបំណង​ចង់​បង្កើត​ឲ្យ​មាន​កម្មវិធី​ផ្សាយ​ជា​ភាសា​វៀតណាម​នៅ​កម្ពុជា ដើម្បី​ឲ្យ​ប្រជាជន​វៀតណាម​នៅ​កម្ពុជា​អាច​ស្តាប់​បាន ហើយ​បាន​យល់​ពី​សភាពការណ៍​នៅ​កម្ពុជា និង​សភាពការណ៍​នៅ​វៀតណាម បើ​ទោះ​មិនបាន​កម្មវិធី​វែង​ក្តី ក៏​យើង​អាច​ធ្វើ​កម្មវិធី​ខ្លីៗ​បានដែរ ព្រោះ​ម្យ៉ាង​នៅ​មិន​ទាន់មាន​បុគ្គលិក​គ្រប់គ្រាន់​នៅឡើយ ពិសេស​ខ្វះ​បុគ្គលិក​ផ្នែក​បច្ចេកទេស ជួសជុល​ថែទាំ​ម៉ាស៊ីន ក៏ដូចជា​បុគ្គលិក​ខាង​ផ្នែក​សំឡេង​នៅក្នុង​ស្ទុ​ឌី​យោ បើសិនជា​វៀតណាម​ជួយ​លើ​ការបណ្តុះបណ្តាល​នោះ​ជាការ​ល្អ​ណាស់​។ លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ក្រសួង​ព័ត៌មាន​កម្ពុជា​ត្រូវការ​ខាង​ផ្នែក​សមត្ថភាព​បច្ចេកទេស មុខជំនាញ ទាំង​ជំហរ​នយោបាយ ដូច្នេះ​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំងពីរ​នេះ​សំខាន់​ណាស់ សង្ឃឹមថា​លោក​ប្រធាន​គណៈប្រតិភូ​នឹង​បន្ត​ជំរុញ​សហប្រតិបត្តិការ​នេះ ក៏ដូចជា​ជួយផ្តល់​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ឲ្យ​បានល្អ​។​

​ ​ឆ្លើយតប​នឹង​សំណើរ​របស់​អគ្គនាយក​វិទ្យុ​សម្លេង​វៀតណាម លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​លោក តន់ យ៉ាន អគ្គនាយក​វិទ្យុជាតិ​កម្ពុជា ទទួល​ភារកិច្ច​ដើម្បី​រៀបចំ​ឯកសារ និង​សំភារៈ​ទាក់ទង​ដែល​មាន​ពីមុន មក​ឲ្យ​ក្រសួង​ព័ត៌មាន និង​ខាង​សារគមនាគមន៍ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ​ឲ្យ​បាន​កាន់តែ​លឿន​ថែមទៀត​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។