កំពត:
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចជំនាញ កំពុងតែស្វែងរកចាប់ខ្លួនមេក្លោងចលនារណសិរ្សរំដោះជាតិខ្មែរ រួមទាំងបក្ខពួក ដែលពាក់ព័ន្ធមួយចំនួន ដែលកំពុងតែរត់គេចខ្លួន ជ្រកកោននៅប្រទេសថៃ ពាក់ព័ន្ធក្នុងការបង្កើតកងកម្លាំងប្រដាប់អាវុធប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានប្រាប់គេហទំព័រ CEN។
មន្ត្រីដដែល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលា ថា កន្លងមក ប៉ូលិសកម្ពុជា បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បានធ្វើការចាប់ខ្លួនបក្ខពួកចលនារណសិរ្សរំដោះជាតិខ្មែរ បានចំនួន ៤ នាក់ ដែលបានរត់ទៅជ្រកកោននៅក្នុងប្រទេសថៃ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច កំពុងតែបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធជាមួយរណសិរ្សរំដោះជាតិខ្មែរ ជាបន្តទៀត។ ទាក់ទងការចាប់ខ្លួនក្រុមរណសិរ្សរំដោះជាតិខ្មែរ នាពេលកន្លងមក គឺធ្លាប់កកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រទេសថៃ។ ក្រុមនេះ គឺមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការជាប់ពាក់ព័ន្ធជាមួយក្រុមចលនាក្បាលខ្លា ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីពេលកន្លងទៅ។
មន្ត្រីជាន់ខ្ពស់ប៉ូលិសបានបញ្ជាក់ថា ចលនានេះ គឺមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកសាងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ បញ្ជូនភ្នាក់ងារសម្ងាត់មកស៊ើបទីតាំងយោធាសំខាន់ៗ ធ្វើសកម្មភាពបាចខិត្តប័ណ្ណប្រឆាំងប្រមុខរាជរដ្ឋាភិបាល ហ្វឹកហាត់កម្លាំងភេវរកម្ម ដាក់គ្រឿងផ្ទុះដោយសម្ងាត់ នៅតាមជាយដែនប្រទេសថៃ។ កសាងបណ្តាញនៅកម្ពុជា ដើម្បីប្រមែប្រមូលព័ត៌មាន និងបញ្ជូនព័ត៌មានចេញទៅមេក្លោងនៅដាណឺម៉ាក។
គួរបញ្ជាក់ថា ចលនារណសិរ្សរំដោះជាតិខ្មែរ គឺមានឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀប មានមូលដ្ឋាននៅប្រទេសដាណឺម៉ាក។ ចលនានេះ ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នៅប្រទេសថៃ។
ប្រវត្តិសកម្មភាពរបស់មេចលនារណសិរ្សរំដោះជាតិខ្មែរ ឈ្មោះ សម សេរី ហៅ សរ សេរី ហៅ យាន យៀប ជាសមាជិកក្នុងចលនាខ្លារំដោះ (សោម ឯក ជាប្រធាន) បានរត់គេចខ្លួន បន្ទាប់ពីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធសកម្មភាពភេវរកម្មដាក់បង្កៃគ្រឿងបំផ្ទុះក្នុងសួនច្បារមុខទីស្តីការគណៈរដ្ឋមន្ត្រី និងមុខអតីតស្ថានីយ៍ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ កាលពីដើមឆ្នាំ២០០៩ និងសកម្មភាពចាប់ជំរិតប្លន់ប្រដាប់អាវុធ។
សូមជម្រាបថា សមាជិកចលនារណសិរ្សរំដោះជាតិខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិសហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នៅក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន។
សមាជិករណសិរ្សរំដោះជាតិខ្មែរ ចំនួន ១០ នាក់ ដែលត្រូវបានចាប់ខ្លួនមានឈ្មោះដូចជា ១-ឈ្មោះ ឈុន ណាគង់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន។ ២-ឈ្មោះ លីវ យី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ និងធ្វើសំណង់។ ៣-ឈ្មោះ ឈុន ឆាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនៅប្រទេសថៃ។ ៤-ឈ្មោះ ច្រាញ់ ម៉ុច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ ផ្នែករដ្ឋបាល នៃសាកលវិទ្យាល័យបាត់ដំបង។ ៥-ឈ្មោះ ឡាត់ លីហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ។ ៦-ឈ្មោះ ឆាយ វ៉ិច ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរគ្រូបង្រៀន។ ៧-ឈ្មោះ ឈឹម ស្ម័គ្រ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ។ ៨-ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ។ ៩-ឈ្មោះ អាន ចាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ និងទី១០-ឈ្មោះ ចាន់ ស្នា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាលជាតិកម្ពុជា សហការជាមួយអាជ្ញាធរថៃ បានធ្វើការចាប់ខ្លួនមេក្លោងរណសិរ្សរំដោះជាតិខ្មែរ ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះ ថាច់ កុងភួង ហៅ ថាច់ ហ្វាង ហៅ ថាច់ កុសល ភេទប្រុស អនុប្រធានរណសិរ្សរំដោះជាតិខ្មែរ, ទី២-ឈ្មោះ កែវ គឹមយ៉ាន ហៅ កែវ គឹមស្រ៊ុន ហៅ យ៉ាន គឹមស្រ៊ុន ភេទប្រុស ជានាយកប្រតិបត្តិការទូទៅរបស់រណសិរ្សរំដោះជាតិខ្មែរ, ទី៣-ឈ្មោះ យាន យឿប ភេទប្រុស សកម្មជនរបស់រណសិរ្សរំដោះជាតិខ្មែរ និងទី៤-ឈ្មោះ ខេម រ៉ា ភេទប្រុស សកម្មជនរណសិរ្សរំដោះជាតិខ្មែរ៕H/N
Recourse: CEN
Home
» រណសិរ្សរំដោះជាតិខ្មែរ
» ប៉ូលិសស្វែងរកចាប់ខ្លួនមេដឹកនាំចលនារណសិរ្សរំដោះជាតិខ្មែរ និងបក្ខពួក ដែលជាប់ចោទរឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល
Sunday, October 26, 2014
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment