សមត្ថកិច្ចបានចាប់ខ្លួន ក្រោមបទចោទពីគម្រោងផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈពួកគេប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ទាមទារឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
អនុប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវេត ឲ្យVOD ដឹងនៅព្រឹកថ្ងៃសុក្រ ទី២៤ នេះថា សន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ បានចាប់ខ្លួនសកម្មជន១០នាក់ យកទៅឃុំខ្លួននៅពន្ធនាគារ ខណៈនេះអង្គការរបស់លោកកំពុងស្រាវជ្រាវដើម្បីផ្តល់មេធាវីការពារដល់ ជនទាំងនោះ ។ ប៉ុន្តែលោកស្នើឲ្យរដ្ឋាភិបាលគួរតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ មុននឹងចាប់ឃុំខ្លួនមនុស្សម្នាក់ៗ។ លោកមានប្រសាសន៍ថា «ព្រោះថា អ្នកដែលបានចាប់ខ្លួនថ្មីៗនេះយើងមើលឃើញហាក់បីដូចជា អ្នកទាំងអស់ហ្នឹង មិនមែនជាមនុស្សដែលអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទៅប្រព្រឹត្តរឿងចង់ផ្តួលរំលំរដ្ឋាភិបាលនោះទេ នេះគ្រាន់ជាអ្នកស្នេហាជាតិជាដើម។ អ៊ីចឹងសកម្មភាពនៃការធ្វើ ថាតើពួកគេបានធ្វើអីខ្លះ ក្នុងការដែលយើងយកធ្វើជាភស្តុតាង ហើយមួយទៀត យើងចង់ឲ្យមាន ការគោរពគោលការណ៍ច្បាប់ជាមូលដ្ឋាន ជាពិសេសសិទ្ធិជនជាប់ចោទ ត្រូវឲ្យគេជួបក្រុមគ្រួសារ ត្រូវតែគេដឹងពីអ្វីដែលគេចោទប្រកាន់ ត្រូវឲ្យគេមានមេធាវីជាដើម»។
VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវ សុភ័គ បានទេ ខណៈប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃលោក ម៉ក់ ជីតូ អះអាងថាជាប់រវល់ប្រជុំ ។
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម លោក សួន ប៊ុនស័ក្ត មានប្រសាសន៍ថា ការប្រើឈ្មោះថាក្រុមរណសិរ្សរំដោះជាតិនេះ គឺជាឈ្មោះមួយដែលនាំគ្រោះថ្នាក់ បង្ករភាពចលាចលក្នុងសង្គម ខណៈអ្នកកាន់អំណាចបច្ចុប្បន្ន គេមិនគាំទ្រឲ្យមានក្រុមតវ៉ាទាមទារសិទ្ធិអ្វីនោះទេ។ លោកបន្តថា ការបង្កើតក្រុមនេះ ហើយនាំឲ្យមានការចាប់ខ្លួន អាចជានយោបាយរបស់ក្រុមណាមួយដែលចង់គំរាម ឬបំបាក់ស្មារតីដល់ក្រុមអ្នកដែលតវ៉ាដោយសន្តិវិធី ។
សេចក្តីអំពាវនាវចុះថ្ងៃទី០៩ ខែកញ្ញា របស់រណសិរ្សរំដោះជាតិខ្មែរ (រ.ស.រ.ជ.ខ) ឲ្យចូលរួមធ្វើបាតុកម្មមុខទូតវៀតណាមនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នេះគឺបានសរសេរបាវចនារបស់គេថា ជាតិ សាសនា ប្រជាជាតិខ្មែរ។ ខិតប័ណ្ណនោះបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងខ្មែរក្រោមទាំងអស់ក្រោកឡើងធ្វើបាតុកម្មមុខស្ថានទូតវៀតណាមប្រចាំ កម្ពុជា ដើម្បីទាមទារឲ្យប្រទេសនេះគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១ និងទទួលស្គាល់ប្រវត្តិសាស្ត្រពិត។
ក្នុងសេចក្តីអំពាវនាវរបស់រណសិរ្សរំដោះជាតិខ្មែរ បានចោទប្រទេសវៀតណាម និងរបបដឹកនាំរបស់លោកហ៊ុន សែន ថាជារបបផ្តាច់ការ និងបានរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយមិនដកកងទ័ពវៀតណាមចេញពីប្រទេសខ្មែរ តែបែរជាបញ្ជួនកងទ័ពចូលមកកម្ពុជាវិញ។ រណសិរ្សរំដោះជាតិខ្មែរ ក៏ចោទថា ការបោះឆ្នោតមិនត្រឹមត្រូវ ហើយការចុះសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នាំឲ្យមានការរំលោភបូរណភាពទឹកដីខ្មែរតាមព្រំដែន តាមរយៈការបោះបង្គោលព្រំដែនថ្មី៕
Recourse: VOD
0 comments:
Post a Comment