ក្រុមរណសិរ្សរំដោះជាតិខ្មែរ(រ.ណ.ស.រ.ជ.ខ) ច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា ដែលចោទថាក្រុមនេះធ្វើចលនាចង់ផ្តួលរំលំរដ្ឋាភិបាលហើយបានចាប់ឃុំខ្លួនសមាជិករបស់ពួកគេ១០នាក់។
កាលពីថ្ងៃទី២២ និង២៣ខែតុលានេះ សន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ បានចាប់ខ្លួនសកម្មជនរណសិរ្សរំដោះជាតិខ្មែរ១០នាក់ ដោយចោទពីគម្រោងផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈពួកគេប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ទាមទារឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
សេចក្តីថ្លែងការណ៍ ដែលហត្ថលេខាដោយ លោក សម សេរី ចុះថ្ងៃទី២៨ ខែតុលានេះ គឺប្រធានរណសិរ្សរំដោះជាតិខ្មែររូបនេះ បដិសេធទាំងស្រុងចំពោះការដែលអាជ្ញាធរចោទប្រកាន់ថាក្រុមរបស់ខ្លួនថា កំពុងធ្វើចលនាប្រដាប់អាវុធខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល និងទម្លាក់ថាជាក្រុមភេរវកម្ម ជាអ្នកនៅពីក្រោយខ្នងការដាក់គ្រប់បែកឆ្នាំ២០០៩ជាដើម។
សេចក្តីថ្លែងការណ៍បន្តថា ក្នុងនាមជារដ្ឋាភិបាលមិនគួរចាប់អ្នកស្លូតត្រង់ដោយគ្មានភស្តុតាងច្បាស់លាស់ ទៅផ្តន្ទាទោសបែបនេះទេ ហើយថានេះជាគម្រោងការអាក្រក់ដែលបង្កើតឡើងដោយរដ្ឋាភិបាលកុម្មុយនីស្តលោក ហ៊ុន សែន ដើម្បីទម្លាក់កំហុស និងចាប់អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ។
សេចក្តីអំពាវនាវចុះថ្ងៃទី០៩ ខែកញ្ញារបស់រណសិរ្សរំដោះជាតិខ្មែរ (រ.ស.រ.ជ.ខ) ឲ្យចូលរួមធ្វើបាតុកម្មមុខទូតវៀតណាមនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នេះគឺបានសរសេរបាវចនារបស់គេថា ជាតិ សាសនា ប្រជាជាតិខ្មែរ។ ខិត្តប័ណ្ណនោះបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងខ្មែរក្រោមទាំងអស់ក្រោកឡើង ធ្វើបាតុកម្មមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីទាមទារឲ្យប្រទេសនេះគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១ និងទទួលស្គាល់ប្រវត្តិសាស្ត្រពិត។
រណសិរ្សរំដោះជាតិខ្មែរ ក៏ចោទថា ការបោះឆ្នោតមិនត្រឹមត្រូវ ហើយការចុះសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នាំឲ្យមានការរំលោភបូរណភាពទឹកដីខ្មែរតាមព្រំដែន តាមរយៈការបោះបង្គោលព្រំដែនថ្មី៕
ប្រភពដើម៖ VOD
Home
» រណសិរ្សរំដោះជាតិខ្មែរ
» រណសិរ្សរំដោះជាតិខ្មែរច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលថា ពួកគេចង់ផ្តួលរំលំរដ្ឋាភិបាល
Sunday, November 2, 2014
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment