ទំនាស់ដីធ្លីដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំរវាងសហគមន៍អ្នកភូមិរោងចក្រ ចំនួន ១៦៣គ្រួសារ នៅសង្កាត់ភ្នំពេញថ្មី និងអតីតតំណាងរបស់ពួកគេ បានបង្កការភ័យខ្លាចដល់ពលរដ្ឋ នៅពេលអតីតតំណាងនោះបាននាំកងកម្លាំងជាច្រើននាក់ មកកាន់ដីទំនាស់។
ប្រជាពលរដ្ឋសហគមន៍ភូមិរោងចក្រ ១៦៣គ្រួសារ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសម្ដែងក្តីព្រួយបារម្ភ បន្ទាប់ពីឃើញមន្ត្រីយោធាមួយចំនួន ដែលដឹកនាំដោយ លោក ជា តារា បានមកស្ថិតនៅលើទីតាំងដីជម្លោះរបស់ពួកគាត់។ មន្ត្រីយោធាទាំងនោះ បានរួមដំណើរជាមួយ អ្នកស្រី ជា សារ៉ុម ដែលជាភាគីទំនាស់របស់ពលរដ្ឋ។
តំណាងប្រជាពលរដ្ឋសហគមន៍ភូមិរោងចក្រ ១៦៣គ្រួសារ អ្នកស្រី ហូយ តារាវី បានអះអាងថា ភាគីទំនាស់ដែលជាអតីតតំណាងសហគមន៍ គឺអ្នកស្រី ជា សារ៉ុម នៅព្រឹកថ្ងៃទី១០ កក្កដា បាននាំបក្ខពួករបស់ខ្លួនដែលជាមន្ត្រីយោធា មករៀបចំធ្វើរបងនៅលើដីដែលមានទំនាស់។ ប្រជាពលរដ្ឋមិនហ៊ានចូលទៅក្បែរនោះ ដោយពួកគាត់ខ្លាចអំណាចមន្ត្រីយោធាទាំងនោះ៖ «មានការភ័យខ្លាច ព្រោះអីមិនហ៊ានចូលទៅសួរនាំអីទេ ខ្លាចមានអាវុធ»។
ផ្ទុយពីការអះអាងរបស់ប្រជាពលរដ្ឋ អ្នកស្រី ជា សារ៉ុម បានលើកឡើងថា អ្នកស្រីទៅរៀបចំដី និងធ្វើរបង ហើយដីនោះក៏មានកម្មសិទ្ធិរបស់កងកម្លាំងដែលរួមដំណើរជាមួយអ្នកស្រីដែរ។ អ្នកស្រីបានអះអាងថា ប្រជាពលរដ្ឋទៅវិញទេដែលបានមករំលោភលើដី និងវាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកស្រី៖ «ដូចជាអត់មានជម្លោះអីជាមួយខ្ញុំផង ខ្ញុំអត់បានដឹងអីផង ខ្ញុំមកវាយរបង។ ពួកគាត់មកវាយរបងខ្ញុំលើកមុន»។
រឿងរ៉ាវទំនាស់ដីធ្លីនេះ ចាប់ផ្ដើមនៅឆ្នាំ២០០៥ នៅពេលដែលសហគមន៍ភូមិរោងចក្រ ចំនួន ១៦៣គ្រួសារ បានមានជម្លោះជាមួយ អ្នកស្រី កែវ នៀម។ នៅពេលនោះ ពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅតុលាការ ហើយចាត់តាំង អ្នកស្រី ជា សារ៉ុម ជាតំណាង ប៉ុន្តែក្រោយមកនៅពេលតុលាការទាំងបីថ្នាក់កាត់សេចក្តីឱ្យពួកគាត់ឈ្នះក្តីលើ អ្នកស្រី កែវ នៀម ស្រាប់តែ អ្នកស្រី ជា សារ៉ុម ជាតំណាងបានយកដីរបស់ពួកគាត់ទៅលក់ឱ្យអ្នកផ្សេងទៅវិញ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីផ្នែកច្បាប់ក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក ណន អូនី បានរិះគន់សកម្មភាពរបស់ក្រុមកងកម្លាំងប្រដាប់អាវុធ ដែលដឹកនាំដោយ លោក ជា តារា ថាជាការបំពានការសម្រេចរបស់តុលាការ ពីព្រោះដីដែលមានទំនាស់ត្រូវក្លាយជាកម្មសិទ្ធិរបស់ពលរដ្ឋ មិនមែនរបស់ អ្នកស្រី ជា សារ៉ុម នោះទេ៖ «ពាក់ព័ន្ធបញ្ហា លោក ជា តារា ដែលគាត់នាំកម្លាំងមក ខ្ញុំគិតថា ទង្វើដែលគាត់ធ្វើហ្នឹង គឺខុសច្បាប់ធ្ងន់ធ្ងរណាស់ ពីព្រោះទីមួយ គាត់រំលោភទៅលើសាលដីកាសម្រេចរបស់តុលាការកំពូល ពីព្រោះដីនេះជាដីប្រគល់ឱ្យប្រជាពលរដ្ឋ ១៦៣គ្រួសារ ហើយក្នុងនាមកងកម្លាំងប្រដាប់អាវុធ គ្មានរឿងអីដែលគាត់ត្រូវយកទាហានមកដាក់លើដីប្រជាពលរដ្ឋ»។
លោកក៏បានស្នើឱ្យតុលាការពន្លឿនការអនុវត្តសាលដីការបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋដែលកំពុងមានទំនាស់ ទទួលបានកម្មសិទ្ធិស្របច្បាប់លើដីទំនាស់នោះ។
តំណាងប្រជាពលរដ្ឋទាំង ១៦៣គ្រួសារ បានស្នើឱ្យភាគីពាក់ព័ន្ធជួយអន្តរាគមន៍រកយុត្តិធម៌ឱ្យពួកគាត់ ដើម្បីពួកគាត់អាចទទួលបានដីសម្រាប់សង់លំនៅឋាន៕
ប្រភពដើមៈ RFA
Friday, July 11, 2014
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment