អ្នកនាំពាក្យស្ថានទូតវៀតណាម រិះគន់ចំពោះគម្រោងដឹកនាំធ្វើបាតុកម្មរបស់ក្រុមយុវជន ព្រះសង្ឃ និងពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជា ថាជារឿងខុសច្បាប់។
ប្រតិកម្មនេះ កើតឡើងក្រោយពេលមេដឹកនាំសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងពលរដ្ឋខ្មែរកម្ពុជាក្រោម ត្រៀមដឹកនាំធ្វើបាតុកម្មជាលើកទី២ នៅមុខស្ថានទូតវៀតណាម នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខ ដើម្បីទាមទារឲ្យអ្នកចនាំពាក្យស្ថានទូតវៀតណាម ទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម។
អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា លោក ត្រឹង វ៉ាន់ថុង (Tran Van Thong) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា បាននិយាយថា មិនព្រឺព្រួចបន្តិចទេចំពោះគម្រោងដឹកនាំធ្វើបាតុកម្មពីផ្នែកពាក់ព័ន្ធណាមួយ នៅមុខស្ថានទូតវៀតណាម នាថ្ងៃខាងមុខ។
លោកបន្តរក្សាជំហរមិនសុំទោសរាល់ពាក្យសម្ដីរបស់លោក ដែលថាទឹកដីកម្ពុជាក្រោម ត្រូវវៀតណាម គ្រប់គ្រងជាយូរលង់មក គឺមិនមែនទើបបារាំង កាត់ប្រគល់នៅឆ្នាំ១៩៤៩ មិនផ្លាស់ប្ដូរទេ៖ «អាហ្នឹងខ្ញុំមិនចាប់អារម្មណ៍ទេបាទ»។
មន្ត្រីទូតវៀតណាម ដែលអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់នោះ បញ្ជាក់ថា ការដឹកនាំធ្វើបាតុកម្មដោយមេដឹកនាំសហព័ន្ធនិស្សិត ឬពលរដ្ឋខ្មែរមួយក្តាប់តូចនៅមុខស្ថានទូតវៀតណាម កាលពីថ្ងៃទី៨ ខែកក្កដា គ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ និងល្មើសច្បាប់កម្ពុជា។ មន្ត្រីទូតរូបនេះព្រមានថា នឹងមិនអនុញ្ញាតឲ្យបុគ្គល ឬអ្នកពាក់ព័ន្ធណាមួយ ជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាម ជាដាច់ខាត។
ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីមេដឹកនាំសហព័ន្ធនិស្សិត ត្រៀមដឹកនាំយុវជន ពលរដ្ឋ និងព្រះសង្ឃ ជាដើម ប្រមូលផ្តុំធ្វើបាតុកម្មជាលើកទី២ នៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា សប្ដាហ៍ខាងមុខ។
លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ឲ្យដឹងថា បាតុកម្មនេះ គឺដើម្បីទាមទារឲ្យ លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាម ឲ្យទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃទឹកដីខ្មែរកម្ពុជាក្រោម និងស្នើឲ្យបង្ហាញឯកសារ ដែលថា ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវវៀតណាម គ្រប់គ្រងជាយូរមកឲ្យដឹងជាសាធារណៈ។ មេដឹកនាំនិស្សិតរូបនេះ ចាត់ទុកសម្ដីព្រហើនម្តងជាពីរដងរបស់មន្ត្រីទូតវៀតណាម ថាជាការប្រមាថដ៏ធ្ងន់ធ្ងរមួយមកលើពលរដ្ឋ និងរដ្ឋាភិបាលកម្ពុជា៖ «ប្រជាជនខ្មែរត្រូវតែខិតខំបន្ថែមទៀត អំពីប្រវត្តិសាស្ត្ររឿងទឹកដីកម្ពុជាក្រោម ហើយយើងត្រូវតែចូលរួមទាមទារឲ្យបានច្រើនកុះករ ដោយការជួបជុំធ្វើបាតុកម្មបន្តទៅទៀត។ យើងនឹងមិនបញ្ឈប់នូវការតវ៉ារបស់យើងទេបាទ»។
ចំណែក លោក អាង ច័ន្ទឫទ្ធិ នាយកប្រតិបត្តិ អង្គការការពារសិទ្ធិជនជាតិភាគតិច ស្ថិតក្នុងចំណោមអង្គការសមាគមខ្មែរកម្ពុជាក្រោម ផ្សេងទៀតឲ្យដឹងថា ប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រោម ត្រូវពិភពលោកទទួលស្គាល់ជាលក្ខណៈអន្តរជាតិ មិនគួរមន្ត្រីស្ថានទូតវៀតណាម មកបំភ្លៃប្រវត្តិសាស្ត្រទាំងនេះទេ។ លោកថា ទឹកដីកម្ពុជាក្រោម ទើបត្រូវប្រទេសបារាំង កាត់ប្រគល់ទៅឲ្យវៀតណាម គ្រប់គ្រងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ប៉ុណ្ណោះ។
លោកបារម្ភថា រាល់ការប៉ុនប៉ងបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម របស់មន្ត្រីទូតវៀតណាម អាចនាំឲ្យផ្ទុះការតវ៉ារីករាលដាលធ្ងន់ធ្ងរនាថ្ងៃអនាគត៖ «យើងមិនចង់ឃើញនូវការបំប៉ោង ឬក៏ការបំផ្លើសប្រវត្តិសាស្ត្របែបហ្នឹងទេ ដែលអាចឈានដល់កើតមានទំនាស់រវាងប្រទេស និងប្រទេស។ ហើយវាអាចជាការបាត់បង់នូវប្រយោជន៍ នៃទំនាក់ទំនងអន្តរជាតិរវាងប្រទេស និងប្រទេស។ ហើយក៏អាចធ្វើឲ្យវៀតណាម ហ្នឹងខូចប្រវត្តិសាស្ត្រ ឬក៏មុខមាត់របស់ខ្លួននៅក្នុងឆាកអន្តរជាតិ ជាពិសេសគឺវៀតណាម ក៏ជាប្រទេសម្ចាស់ហត្ថលេខីសម្រាប់កតិកាសញ្ញាសម្រាប់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។
ទោះជាបែបណា មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម កន្លងមក គឺមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ទេ។
បន្ថែមលើនេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ការលើកឡើងជាសាធារណៈរបស់មន្ត្រីទូតវៀតណាម ទៅលើប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម គឺជាសិទ្ធិរបស់គេ។ ហើយថា រាល់ការប្រមូលផ្តុំធ្វើបាតុកម្មរបស់ផ្នែកពាក់ព័ន្ធណាមួយ ត្រូវមានច្បាប់ទម្លាប់ពីអាជ្ញាធរមូលដ្ឋានជាមុន បើមិនដូច្នេះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់៖ «ការបញ្ចេញយោបល់តាមសាធារណៈ និងការឆ្លើយឆ្លងរបស់មន្ត្រីស្ថានទូតវៀតណាម។ អាហ្នឹងជាការបញ្ចេញយោបល់របស់មន្ត្រីស្ថានទូតវៀតណាម។ ចំពោះរាជរដ្ឋាភិបាលយើង គឺយើងធ្វើទៅតាមនីតិរដ្ឋ បានចែងនៅក្នុងរដ្ឋធម្មនុញ្ញរួចស្រេចទៅហើយ។ រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់អ្វីដែលជាផលប្រយោជន៍របស់ទំនាក់ទំនង និងសហប្រតិបត្តិការ ប្រាសចាកពីច្បាប់ យើងមិនអនុញ្ញាតទេ។ យើងចាត់វិធានការទៅតាមច្បាប់ទម្លាប់ យើងមិនស្ថិតនៅក្រោមការបង្គាប់បញ្ជាពីក្រុមណាមួយនោះឡើយ»។
ឯកសារជាច្រើនបង្ហាញថា អាណានិគមបារាំង បានកាត់ទឹកដីកម្ពុជាក្រោមចំនួន ២១ខេត្តក្រុង មានផ្ទៃដីទំហំជាង ៦ម៉ឺន ៨ពាន់គីឡូម៉ែត្រក្រឡា (៦៨.៩៦៥) ទៅឲ្យវៀតណាម កាន់កាប់ខុសច្បាប់ និងគ្មានការឯកភាពយល់ព្រមពីពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ គិតមកដល់ឆ្នាំ២០១៤ មានរយៈពេល ៦៥ឆ្នាំគត់ ដែលជោគវាសនារបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម មានចំនួនជាង ១០លាននាក់ ត្រូវរស់ក្រោមការគ្រប់គ្រងដោយប្រទេសវៀតណាម នៅលើទឹកដីកំណើតរបស់ខ្លួន៕
ប្រភពដើមៈ RFA
Home
» យួនប្លន់ដីខ្មែរ
» មន្ត្រីនាំពាក្យទូតវៀតណាមមិនខ្វល់ការធ្វើបាតុកម្មប្រឆាំងវៀតណាម ព្រោះមានកម្លាំងឆ្កែការពារ
Friday, July 11, 2014
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment