បញ្ហាដីព្រៃសហគមន៍ត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលត្រូវបានបំផ្លាញដោយជនមិនស្គាល់មុខ ដើម្បីយកដីដាំកៅស៊ូដោយលួចលាក់ នៅតែអូសបន្លាយមិនទាន់មានការដោះស្រាយ។
អាជ្ញាធរពាក់ព័ន្ធ ដែលនៅតែមិនទាន់មានចំណាត់ការបែបណាចំពោះករណីនេះ អះអាងថា កំពុងឋិតក្នុងការស៊ើបអង្កេត។ ដោយឡែកតំណាងប្រជាសហគមន៍វិញ សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តកំពង់ចាម ដោយយល់ថា អាជ្ញាធរ និងមន្ត្រីជំនាញមានការពាក់ព័ន្ធរឿងនេះ ទើបគ្មានលទ្ធភាពដោះស្រាយ។
តំណាងប្រជាសហគមន៍ជាង១០ មកពីឃុំជាច្រើននៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមកជួបជុំគ្នានៅសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាម ដើម្បីស្វែងរកដំណោះស្រាយជុំវិញបញ្ហាដីព្រៃសហគមន៍របស់ពួកគាត់ ត្រូវបានបំផ្លាញដោយអ្នកមានអំណាច។ ប្រជាសហគមន៍ទាំងនោះបានស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរតាមមូលដ្ឋាន រហូតដល់ថ្នាក់ខេត្តជាច្រើនលើកច្រើនសា ក៏ប៉ុន្តែអាជ្ញាធរនៅតែមិនមានចំណាត់ការ ចំពោះអ្នកដែលកំពុងកាន់កាប់លើដីព្រៃសហគមន៍ដោយខុសច្បាប់នោះឡើយ។
តំណាងប្រជាសហគមន៍ម្នាក់មកពីឃុំត្រពាំងព្រីង លោក ឈិន យ៉ុង មានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងជូនអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរុករាន និងកាន់កាប់លើដីសមូហភាពរបស់សហគមន៍ ប៉ុន្តែមិនមានប្រសិទ្ធភាពនោះទេ។ លោកបន្តថា ប្រជាពលរដ្ឋក៏បានសម្រេចចិត្តធ្វើពាក្យបណ្ដឹងដាក់ទៅស្ថាប័នតុលាការ ដើម្បីចុះស្រាវជ្រាវអំពីបញ្ហាមួយនេះ៖ «ដើម្បីធ្វើការស៊ើបអង្កេតពីបញ្ហាដីធ្លីរបស់សហគមន៍ ដែលមានក្របខ័ណ្ឌលក្ខន្តិកៈ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។ ហើយបងប្អូនសហគមន៍នេះ គាត់កំពុងមានកង្វល់ បានជាបើកឱ្យមានវេទិកាសិក្ខាសាលានៅមជ្ឈមណ្ឌលនេះ។ បាទ! ថ្ងៃនេះឃើញថា បងប្អូនកំពុងតែរៀបចំពាក្យជូនទៅតុលាការ»។
លោកបន្ថែមថា ការកាប់បំផ្លាញព្រៃឈើ និងកាន់កាប់ដីព្រៃសហគមន៍នេះ គឺអាចមានការពាក់ព័ន្ធទៅនឹងមន្ត្រីថ្នាក់ស្រុក រដ្ឋបាលព្រៃឈើ និងអ្នកមានអំណាចនៅទីនោះតែម្តង ពីព្រោះបញ្ហានេះវាបានកើតឡើងជាយូរមកហើយ។ រីឯបណ្ដឹងរបស់ប្រជាពលរដ្ឋវិញ ដាក់ជូនអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធស្ទើររាប់មិនអស់ ប៉ុន្តែការដោះស្រាយនៅតែគ្មានសង្ឃឹម រីឯជនល្មើសនៅតែបន្តដាំដំណាំលើដីនោះដដែល។ លោកបញ្ជាក់ថា ក្រោយពេលព្រៃសហគមន៍ត្រូវវិនាស ប្រជាពលរដ្ឋត្រូវទទួលរងផលប៉ះពាល់ខ្លាំងទាំងការរកអនុផលព្រៃឈើ ឱសថសម្រាប់ព្យាបាលជំងឺ ប៉ះពាល់ដល់ការចិញ្ចឹមសត្វគោក្របីរបស់ពួកគាត់ និងធ្វើឲ្យពួកគាត់ជំពាក់បំណុលធនាគារទៀតផង។
លោក ឈិន យ៉ុង៖ «ការប៉ះពាល់នេះដូចជាការសង់លំនៅឋាន មានឈើព្រៃជ័រវល្លិផ្ដៅ ហើយការបន្លែហូបចុកក៏មានទំពាំងចុងផ្ដៅចុងសោម ហើយការបាត់បង់មួយទៀត គឺផ្លែឈើគុយ កោះ ទ្រាល មៀន រុល ដែលជាចំណីអាហាររបស់ប្រជាពលរដ្ឋ។ ដូចជា ផ្លែរំដួលអីហ្នឹង ខែហ្នឹងគឺបានបេះបានអីហូបអ៊ីចឹងប្រចាំខែប្រចាំឆ្នាំ។ ដូចជាផ្សិតជាបន្លែ ឥឡូវនេះអត់មានអីទេ ប្រង់ព្រិចដែលគេត្រូវបានហូបប្រចាំរបស់ប្រជាពលរដ្ឋ គឺថាអត់មានអីទេ គឺមានតែស្ពៃតាមផ្សារ និងបន្លែតាមកញ្ជែល។ យ៉ាងហ្នឹងដែលធ្វើឱ្យគាត់ផលប៉ះពាល់ដល់ពួកគាត់ ដែលធ្វើពួកគាត់ឈានទៅរកក្រីក្រហើយ មិនដឹងថាខ្លួនឯងក្រីក្រទៀតម៉ាថ្ងៃជំពាក់បន្តិចៗៗ ឥឡូវរាប់ពាន់ដុល្លារខ្ញុំឃើញ»។
ចំណែកប្រជាសហគមន៍មកពីភូមិកំព្រើស លោក សំ អឿន ឱ្យដឹងដែរថា កន្លងមកប្រជាពលរដ្ឋនៅក្នុងភូមិមិនបានដឹងឮពីការសម្រេចណាមួយរបស់អាជ្ញាធរ ក្នុងរឿងដីព្រៃសហគមន៍នោះឡើយ។ លោកចង់ឱ្យអាជ្ញាធរអនុវត្តទៅតាមគោលការណ៍ច្បាប់ ចំពោះជនប្រព្រឹត្តិទាំងនោះ ដើម្បីប្រមូលដីទាំងអស់មកដាក់ជាសម្បត្តិរួមវិញ ជាជាងបានទៅលើជនមានអំណាចម្នាក់ ឬមួយក្រុម ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារត្រូវរងគ្រោះ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អភិបាលស្រុកតំបែរ លោក ឈិង ពិសិដ្ឋ មានប្រសាសន៍នៅថ្ងៃ១០ កក្កដា ថា អាជ្ញាធរកំពុងចុះស៊ើបអង្កេតឱ្យបានលម្អិតជុំវិញបញ្ហានេះ ដើម្បីប្រមូលឯកសារឱ្យបានគ្រប់គ្រាន់សម្រាប់ដាក់ទៅអភិបាលខេត្តត្បូងឃ្មុំ ថ្មី សម្រាប់ធ្វើការដោះស្រាយ។ លោកក៏បានបដិសេធចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋ ថាលោក និងមន្ត្រីព្រៃឈើនៅទីនោះ មានសែស្រឡាយពាក់ព័ន្ធរឿងយកដីព្រៃសហគមន៍នោះ គឺជារឿងមិនត្រឹមត្រូវនោះឡើយ៖ «ខ្ញុំគ្មានសែស្រឡាយអី ខ្ញុំទៅនៅដាំហ្នឹងទេ ប៉ុន្តែបើលោកចង់ដឹងការពិតអ៊ីចឹងហើយ លោកមកជួយគេផ្ទាល់ៗ មើលគេថាម៉េច? ព្រោះយើងអាជ្ញាធរមិនកាន់ជើងខាងណាទេ បានតែហាមឃាត់អី ខណ្ឌរដ្ឋបាលព្រៃឈើគេប្រជុំប្រកាសផ្សព្វផ្សាយ»។
លោកបញ្ជាក់ដែរថា ដីព្រៃសហគមន៍ភាគច្រើន គឺប្រជាពលរដ្ឋទៅវិញទេដែលជាអ្នកកាប់រុករានយកដីដាំដំណាំដោយខុសច្បាប់ ហើយរហូតដល់បច្ចុប្បន្ននេះ គឺព្រៃត្រូវបានវិនាសអស់ទៅហើយ។
ផ្ទុយពីការលើកឡើងនេះ មន្ត្រីផ្នែកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកំពង់ចាម លោក នាង សុវ៉ាត មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលពាក់ព័ន្ធ គឺមានចំនួនតិចបំផុតដែលមកពីស្រុកឆ្ងាយៗ ត្រូវបានអ្នកមានអំណាចយកមកធ្វើជាខែលបិទបាំងបទល្មើសរបស់ខ្លួនតែប៉ុណ្ណោះ។ លោកបន្តទៀតថា ហេតុផលដែលនាំឱ្យមានការអូសបន្លាយក្នុងការចាត់វិធានការរឿងដីព្រៃសហគមន៍នេះ គឺដោយសារតែមន្ត្រីជំនាញ និងអាជ្ញាធរមានការពាក់ព័ន្ធនឹងរឿងកាន់កាប់យកដីខុសច្បាប់នេះ។
លោក នាង សុវ៉ាត៖ «ពិសេសតុលាការហ្មង មិនបាច់ពឹងអាជ្ញាធរណាទេ ព្រោះអាជ្ញាធរជាអ្នករួមគំនិតក្នុងការធ្វើរឿងហ្នឹងឱ្យអស់ព្រៃឈើ។ អ៊ីចឹងមានតែតុលាការទេដែលគាត់មិនដែលបានដឹងរឿងព្រៃឈើហ្នឹង។ អ៊ីចឹងបើយើងប្ដឹងទៅអាជ្ញាធរ គឺអាជ្ញាធរវាអត់ចាត់ការហើយៗបើចាត់ការ វាបាត់យូរហើយ ព្រោះយើងមានឯកសារបានប្ដឹងទៅអាជ្ញាធរហ្នឹងរាប់ឆ្នាំមកហើយៗ គាត់អត់ព្រមដោះស្រាយ។ អ៊ីចឹងហើយមានតែប្ដឹងទៅតុលាការ ព្រោះអាជ្ញាធរពាក់ព័ន្ធ»។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានរៀបចំពាក្យបណ្ដឹងប្ដឹងទៅតុលាការខេត្តកំពង់ចាម តាមការស្នើសុំរបស់ប្រជាពលរដ្ឋបួនឃុំនៅក្នុងស្រុកតំបែរ កាលពីថ្ងៃទី៨ កក្កដា។ ក្នុងពាក្យបណ្ដឹងនោះ ក៏បានស្នើសុំឱ្យព្រះរាជអាជ្ញាខេត្តកំពង់ចាម ជួយស៊ើបអង្កេតរកជនប្រព្រឹត្តិដែលបានកាប់ទន្ទ្រានយកដីសហគមន៍ទាំង១៤ ដែលមានផ្ទៃដីជាង ៥ពាន់ហិកតារ (៥.៥១៧,២៤) យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ក្រៅពីនោះ ក៏សុំឱ្យតុលាការធ្វើការផាកពិន័យចំពោះជនដែលបានប្រព្រឹត្តបទល្មើស ទៅតាមលក្ខន្តិកៈរបស់សហគមន៍ និងសុំរក្សាដីទំហំជាង ៥ពាន់ហិកតារ នោះមកទុកជាកម្មសិទ្ធិរបស់សហគមន៍វិញ។ ព្រៃសហគមន៍ត្រពាំង ត្រូវបានជនខិលខូច និងអ្នកមានអំណាច ចូលកាប់ទន្ទ្រានដោយខុសច្បាប់តាំងពីឆ្នាំ២០០៨ ហើយរហូតមកដល់បច្ចុប្បន្ន ព្រៃសហគមន៍ទាំងអស់ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង៕
ប្រភពដើមៈ RFA
Home
» យួនប្លន់ដីខ្មែរ
» បញ្ហាដីព្រៃសហគមន៍ក្នុងខេត្តត្បូងឃ្មុំនៅតែមិនទាន់មានការដោះស្រាយ
Friday, July 11, 2014
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment