សមត្ថកិច្ចខណ្ឌដូនពេញ ឈរមើលក្រុមកម្មករក្រុមហ៊ុនចិន ស៊ូកាគូ (Sukaku) រុះរើផ្ទះរបស់អ្នកភូមិបឹងកក់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១០។ RFA/Ouk Savborey
by Borosrath, khmernationalist
សាលារាជធានីភ្នំពេញ បានកោះហៅអ្នកភូមិ១ ក្នុងតំបន់បឹងកក់ ឲ្យទៅជួបនៅព្រឹកថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៣ ដើម្បីរកដំណោះស្រាយពីផលប៉ះពាល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើង។
ទោះជាយ៉ាងណា កិច្ចប្រជុំជិតមួយម៉ោងរវាងមន្ត្រីសាលារាជធានីភ្នំពេញ ជាមួយតំណាងអ្នកភូមិ មិនទាន់បានសម្រេចលទ្ធផលអ្វីទេ។
អ្នកភូមិបឹងកក់ ចំនួន ៩គ្រួសារ បានបដិសេធមិនទទួលយកសំណងផលប៉ះពាល់តិចតួចដែលមន្ត្រីសាលារាជធានីភ្នំពេញ បង្គាប់ឲ្យយកជាថ្នូរនៃការចាកចេញពីលំនៅឋាន។
នេះជាលើកទី១ ហើយ ដែលអ្នកភូមិ១ នៅតំបន់បឹងកក់ បានជួបចរចារកដំណោះស្រាយពីសាលារាជធានីភ្នំពេញ បន្ទាប់ពីផ្ទះអ្នកភូមិត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនស៊ូកាគូ (Shukaku) បញ្ជាក់ថា ផ្ទះរបស់ពួកគាត់បានសង់លយចូលក្នុងដែនដីគ្រប់គ្រងរបស់ក្រុមហ៊ុន។
តំណាងពលរដ្ឋនៅភូមិ១ លោក ចាន់ ពុទ្ធិស័ក្ត ថ្លែងថា ក្នុងចំណោមអ្នកភូមិចំនួន ១៦គ្រួសារ ដែលរស់នៅក្នុងភូមិ១ មានតែ ៩គ្រួសារប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងសាលាក្រុង ដើម្បីពិភាក្សារកដំណោះស្រាយ។
លោកបន្តថា អភិបាលរង លោក ឃួង ស្រេង បានដឹកនាំកិច្ចប្រជុំនោះ ហើយបានបង្គាប់ឲ្យអ្នកភូមិទទួលយកសំណងប្រាក់ចំនួន ៨ពាន់ដុល្លារ និងលុយ ២លានរៀល ជាថ្លៃរុះរើផ្ទះចេញពីតំបន់បឹងកក់។ ក្នុងលក្ខខណ្ឌមិនទទួលទេនោះ សាលារាជធានីភ្នំពេញ នឹងអនុវត្តទៅតាមច្បាប់៖ «គំរាមយើងយកបណ្តោយ! ថ្ងៃក្រោយគេនឹងធ្វើសេចក្តីជូនដំណឹង ហើយកាត់ផ្ទះរបស់យើងពាក់កណ្ដាល ហើយតាមពិតគេថាពួកយើងហ្នឹងរស់នៅខុសច្បាប់ គេត្រូវយកច្បាប់ភូមិបាលយកអីមកហើយ ហើយអាជ្ញាធរគ្មានអ្វីក្រៅពីការវៃខ្នោះឃុំឃាំងប៉ុណ្ណឹង។ គេថាអាជ្ញាធរគេថាគេធ្វើតែអ៊ីចឹង»។
ទោះជាយ៉ាងណា តំណាងអ្នកភូមិ១ លោក ចាន់ ពុទ្ធិស័ក្ត បញ្ជាក់ថាអ្នកភូមិបានបដិសេធភ្លាមៗទៅអភិបាលរងសាលារាជធានីភ្នំពេញ ចំពោះសំណើឲ្យទទួលប្រាក់សំណង ដោយបញ្ជាក់ពីជំហរអ្នកភូមិថា ពួកគាត់ចង់ឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង លើដីទំហំ ១២,៤៤ហិកតារ តាមអនុក្រឹត្យ១៨៣ របស់រាជរដ្ឋាភិបាល។
ទាក់ទិននឹងបញ្ហានេះ លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ បញ្ជាក់ថា អ្នកភូមិ១ ប៉ះពាល់ជាមួយគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់ និងមួយទៀត គឺប៉ះពាល់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវរថភ្លើង។ ជាគោលការណ៍ រដ្ឋាភិបាលផ្តល់សំណងចំនួន ៨ពាន់ដុល្លារ និងលុយ ២លានរៀល ជូនពលរដ្ឋដែលប៉ះពាល់ទាំងនោះ។ លោក ឃួង ស្រេង មិនបានលើកគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងមកចរចាជាមួយអ្នកភូមិទេ។
លោកបន្តថា អាជ្ញាធររាជធានីភ្នំពេញ ទុកពេលពី ៧ថ្ងៃទៅ ១០ថ្ងៃ សម្រាប់ឲ្យអ្នកភូមិជ្រើសរើស។ លោកបញ្ជាក់ថា តាមច្បាប់ អ្នកភូមិត្រូវបើកផ្លូវឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ៖ «ជម្រើសរបស់គាត់ គឺស្ម័គ្រចិត្តទៅតាមគោលការណ៍ចាស់ ៨ពាន់ដុល្លារ និង ២លាន។ អ៊ីចឹងទេ គាត់ត្រូវកាត់ឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ ព្រោះថាក្រុមហ៊ុនអភិវឌ្ឍដើម្បីប្រទេសជាតិ រាជរដ្ឋាភិបាលបានប្រគល់ជូន។ អ៊ីចឹង ផ្លូវច្បាប់ត្រូវតែបើកផ្លូវឲ្យគេវិនិយោគ»។
លោក ឃួង ស្រេង មិនបានបញ្ជាក់ពីចំណាត់ការណាមួយដល់អ្នកភូមិបឹងកក់ នោះទេ ប្រសិនបើពួកគាត់មិនព្រមទទួលសំណងតាមការស្នើសុំពីអាជ្ញាធរ។
ជុំវិញបញ្ហានេះដែរ លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋានយល់ឃើញថា មន្ត្រីសាលារាជធានីភ្នំពេញ ប្រហែលជាបំភ្លេចនូវអនុក្រឹត្យ១៨៣ របស់រាជរដ្ឋាភិបាលដែលបានធ្វើបុរេប្រទានកម្មដីទំហំ ១២,៤៤ហិកតារ ឲ្យពលរដ្ឋបឹងកក់ ដែលមិនទាន់ទទួលសំណង។ លោកបន្តថា មន្ត្រីសាលារាជធានីភ្នំពេញ គួរយកជម្រើសអភិវឌ្ឍន៍នៅនឹងកន្លែងមកជជែកជាមួយពលរដ្ឋផងដែរ ក្រៅតែពីការបង្ខំឲ្យទទួលសំណងតិចតួច៖ «ខ្ញុំគិតថា ប្រសិនបើអាជ្ញាធរគោរព និងឲ្យតម្លៃសញ្ញារបស់នាយករដ្ឋមន្ត្រីរបស់ខ្លួន គួរតែគោរព និងអនុវត្តអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីហ្នឹង ហើយធ្វើការចរចាជាមួយពួកគាត់ឲ្យបានសមរម្យ។ គួរតែបញ្ឈប់នូវការគំរាមកំហែង»។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ សាលារាជធានីភ្នំពេញ បានផ្តល់កិច្ចសន្យាជួលរយៈពេល ៩៩ឆ្នាំដល់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនស៊ូកាគូ ហើយកិច្ចសន្យាជួលនេះមានតម្លៃ ៧៩លានដុល្លារអាមេរិក។ ពលរដ្ឋសហគមន៍បឹងកក់ ស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ កំណត់ព្រំប្រទល់តំបន់អនុក្រឹត្យទំហំជាង ១២ហិកតារជូនពលរដ្ឋ និងបញ្ឈប់ការបណ្ដេញចេញដោយបង្ខំ៕
0 comments:
Post a Comment