By Borosrath, khmernationalist
តើមានសំណុំរឿងអ្វីខ្លះដែលនឹងក្លាយជារបៀបវារៈនៃការឃោសនាបោះឆ្នោតខាងមុខនេះ? អ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួនមកពីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងនូវបញ្ហាដីធ្លី ជីវភាពរបស់មន្ត្រីរាជការ បញ្ហាព្រំដែន ការកែទម្រង់រដ្ឋបាល និងប្រព័ន្ធយុត្តិធម៌ជាដើម។ ទាំងនេះជាបញ្ហាដែលគណបក្សប្រឆាំងនឹងលើកឡើងដើម្បីរិះគន់រដ្ឋាភិបាល។
អ្នកតាមដានឆាកនយោបាយនៅកម្ពុជាមួយចំនួនបានលើកឡើងផ្សេងៗគ្នានូវប្រធានបទឃោសនាបោះឆ្នោតនៅពេលខាងមុខ។ លោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោត Comfrel បានប្រមើលឃើញថា ការបង្កើនជីវភាពរបស់មន្ត្រីរាជការ និងរបស់ពលរដ្ឋទូទៅនឹងក្លាយជារបៀបវារៈនៃការវាយប្រហារគ្នារវាងអ្នកនយោបាយសម្រាប់ការប្រជែងនៅក្នុងការបោះឆ្នោតខាងមុខ។
សម្រាប់លោកគល់ បញ្ញា ការប្រជែងគ្នារវាងគណបក្សប្រឆាំង និងរដ្ឋាភិបាលបានចាប់ផ្តើមហើយតាមរយៈសារនយោបាយរបស់មេដឹកនាំគណបក្ស។ លោកគល់ បញ្ញា លើកឡើងថា ខណៈដែលគណបក្សប្រឆាំងបានផ្តើមនិយាយអំពីការតំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងមនុស្សចាស់នោះ រដ្ឋាភិបាលតាមរយៈលោកនាយករដ្ឋមន្ត្រីបានព្យាយាមបង្ហាញអំពីគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងក្រុមមូលធននិយម ដែលរដ្ឋាភិបាលជឿថា អាចជួយពង្រឹងសេដ្ឋកិច្ច និងជីវភាពពលរដ្ឋបាននោះ។ ក្រៅពីបញ្ហាជីវភាពរបស់មន្ត្រីរាជការ លោកគល់ បញ្ញាអះអាងថា បញ្ហាដីធ្លី ព្រំដែន និងបញ្ហាអន្តោប្រវេសន៍នៅតែជាប្រធានបទឃោសនាបោះឆ្នោតដដែល។ ហើយថាលោកនៅតែជំរុញអោយមានការសួរដេញដោលគ្នាជាសាធារណៈរវាងបេក្ខជននាយករដ្ឋមន្ត្រី។
បញ្ហាចុងក្រោយទាំងនេះ បូករួមទាំងបញ្ហាពុករលួយផង ក៏ត្រូវបានមើលឃើញដោយលោកឯម សុវណ្ណរ៉ា ប្រធានផ្នែកសន្តិសុខ និងនយោបាយអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាផងដែរ។ អ្នកតាមដានស្ថានការនយោបាយរូបនេះបានថ្លែងថា គណបក្សកាន់អំណាចទំនងជាបានត្រៀមខ្លួនដើម្បីបកស្រាយបញ្ហាទាំងនេះហើយ។ ចំពោះលោកឯម សុវណ្ណារ៉ា ការឃោសនាបោះឆ្នោតនឹងអាចតឹងតែងខ្លាំងដោយសារតែកម្រិតនៃការយល់ដឹង និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋបានរីកចម្រើនច្រើនដែរ។ ហើយថាឧបសគ្គមួយរបស់គណបក្សប្រជាជនកម្ពុជានោះ គឺការរួមគ្នានៃគណបក្សជំទាស់ទាំងពីរ។
ស្រដៀងគ្នានេះដែរ លោកមេធាវីសុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានអះអាងថាការប្រជែងគ្នាក្នុងការបោះឆ្នោតក្នុងពេលខាងមុខអាចក្តៅគគុកជាងការបោះឆ្នោតមុនៗ ដោយសារតែគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃដែលមានអាសនៈច្រើនលើសលុបនៅក្នុងរដ្ឋសភាត្រូវធ្វើយ៉ាងណាមិនអោយសំឡេងនេះធ្លាក់នោះឡើយ។
លោកសុក សំអឿនបានទាយទុកថា របៀបវារៈនៃការឃោសនាបោះឆ្នោត គឺបញ្ហាដីធ្លី ការកែទម្រង់ប្រព័ន្ធតុលាការ និងប្រព័ន្ធរដ្ឋបាលសាធារណៈ៕

0 comments:
Post a Comment