សិស្សសាលាម្នាក់នេះ ខ្ទប់ច្រមុះពេលដើរកាត់គំនរសំរាមនៅប្លុកបុរីកីឡាកាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន
By Borosrath. Khmernationalist
ភ្នំពេញៈ អង្គុយនៅក្នុងខ្ទមប្រ៉ក់តង់ពណ៌ខៀវទំហំប្រមាណជា៣ម៉ែត្រគុណ និង៣ម៉ែត្រ នៅក្បែរគំនរសំរាមដែលជះក្លិនស្អុយជាមួយនឹងក្មេងស្រីម្នាក់អាយុ ប្រមាណជា៩ ខែ ស៊ុន វណ្ណី អាយុ ១៨ ឆ្នាំបានបន្លឺសំឡេង ទាំងពាក់ម៉ាស់ដើម្បីកុំឲ្យទទួលក្លិនស្អុយ ខ្លាំងនៅពេលដកដង្ហើមនោះថា ជីវភាពនិងសុខភាពរបស់ពលរដ្ឋ១០៩ គ្រួសារដែលនៅសេសសល់ពុំទាន់ទទួលបានសំណងពីក្រុមហ៊ុនចាប់តាំង ពីការបណ្តេញចេញនៅក្នុងខែមករានោះកំពុងតែដុនដាប់ទៅៗ ហើយបញ្ហាសុខភាពក៏កំពុងតែប្រឈមមុខខ្លាំងដោយសារតែបញ្ហាសំរាម ឡើងគរដូចជាកូនភ្នំ។
ផ្ទះប្រ៉ក់តង់ពណ៌ខៀវជាច្រើនត្រូវបាន បោះទីតាំងនៅតាមសំយាបផ្ទះរបស់ ពលរដ្ឋដែលទទួលបានសំណងពីខាងក្រុមហ៊ុនផានអ៊ីម៉ិចត្រូវបានរងនូវ សម្ពាធជាច្រើនពីអ្នកដែលរស់នៅជាន់ខាងលើៗ ដែលតែងតែបោះចោលរបស់របរក៏ដូចជាសំរាមដោយពុំបានគិតគូរដល់ អ្នករស់នៅខាងក្រោម។ យកដៃដោះម៉ាស់ចេញពីមុខ ស៊ុន វណ្ណីបានរៀបរាប់អំពីជីវិតនិងទុក្ខលំបាករបស់ពលរដ្ឋដែលរស់នៅតាម សំយាបផ្ទះគេថា ពល រដ្ឋដែលរស់នៅក្នុងតំបន់នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ បំផុត បើពុំដូច្នោះ ទេនឹងត្រូវអ្នកនៅខាងលើជះបាយឬក៏កាក សំណល់មកលើក្បាលជាមិនខាន។
និយាយបណ្តើរសម្លឹងមើលខាងលើបណ្តើរ វណ្ណីបានថ្លែងឲ្យដឹងទៀតថា ពួកគាត់គ្មានបន្ទប់ទឹក បង្គន់អនាម័យ ដោយសារតែក្លិនស្អុយពីគំនរសំរាមនោះ បានធ្វើឲ្យខ្ញុំរលាកបំពងក»។
អង្គុយនៅក្នុងខ្ទមដ៏តូច ចង្អៀត នៅខណៈ បងស្រីកំពុងតែចម្អិនអាហារថ្ងៃ ត្រង់ ហើយម្តាយបានចេញទៅធ្វើការតវ៉ានៅឯពន្ធនាគារព្រៃសដើម្បីធ្វើការ ទាមទារឲ្យមានការដោះលែងតំណាងរបស់ខ្លួនដែលត្រូវបានចាប់ខ្លួន នោះវណ្ណីបានឲ្យដឹងទៀតថា ខ្ទមប្រ៉ក់តង់ព៌ណខៀវទាំងនេះបានចាប់បដិសន្ធិឡើងនៅពេលដែល ពលរដ្ឋបុរីកីឡាបានចាប់ផ្តើមឈូសឆាយពីសំណាក់ក្រុម ហ៊ុនសហការជាមួយអាជ្ញាធរកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០១២ នៅពេលដែលក្រុមហ៊ុនបានបដិសេធមិនផ្តល់សំណងនិងសង់អគារ ឲ្យគ្រប់ចំនួន។ ទឹកមុខប្រែរជាក្រៀមក្រំ វណ្ណីបានឲ្យដឹងទៀតថា៖ «ពួកយើងទៅប្តឹងអាជ្ញាធរឲ្យជួយអន្តរាគមន៍ អំពីរឿងសំរាមនេះប៉ុន្តែពួកគេធ្វើមិនដឹងមិនឮ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង»។
និយាយបណ្តើរសំឡេងលាន់ឮ មកពីខាងអគារទី ៧ នៅជាន់ខាងក្រោមនិយាយប្រាស្រ័យឆ្លើយឆ្លងជាមួយក្រុមគ្រួសារ របស់គេ វណ្ណីបានឲ្យដឹងទៀតថា ពលរដ្ឋនៅទីនេះមិនត្រឹមតែបញ្ហាសុខភាពប៉ុណ្ណោះទេ សូម្បីតែទឹកប្រើប្រាស់ក៏ពិបាកផងដែរគឺត្រូវទិញទឹកពីផ្ទះ អ្នកនៅជិតខាង ដោយត្រូវចំណាយ២០០រៀលក្នុងមួយធុងស្ប៉េត្រូ។ ទឹកមុខក្រៀមក្រំទឹកភ្នែកហូរចេញរលីងរលោងនៅលើផែនថ្ពាល់កុមារី ជំទង់រូបនោះដោយបានបន្លឺសំឡេងថា៖«ដោយសារតែពួកគេឈូសឆាយ ផ្ទះនិងបានបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួសារខ្ញុំអស់ រលីង បណ្តាលឲ្យខ្ញុំបោះបង់ចោលការសិក្សាដែលខ្ញុំកំពុងតែរៀននៅ ថ្នាក់ទី៧។ ខ្ញុំមិនអាចទៅរៀនបានទេគឺត្រូវនៅចាំផ្ទះពីព្រោះអីម្តាយរបស់ ខ្ញុំជាប់រវល់ទៅធ្វើការតវ៉ាដើម្បីទាមទារឲ្យក្រុមហ៊ុនសង់អគារ ឲ្យគ្រប់ចំនួនឲ្យពួកយើង»។
បញ្ហាសុខភាព និង ក្លិនស្អុយនោះគឺមិនបានកើតឡើងចំពោះតែគ្រួសារវណ្ណីប៉ុណ្ណោះទេ វាក៏បានកើតឡើងដល់ពលរដ្ឋទូទៅដែលនៅក្នុងប្លុកបុរីកីឡានេះ ផងដែរ។ ស្ថិតនៅក្នុងអគារទី៤ ជាន់ទី១ ជាអ្នកលក់កាហ្វេ អ្នកស្រីហ៊ុយ សុភក្តី អាយុ ៤៨ ឆ្នាំ ដែលកំពុងតែចម្អិនអាហារថ្ងៃត្រង់បានបន្លឺសំឡេងថា ដោយសារតែបញ្ហាស្អុយខ្លាំងបណ្តាលឲ្យអ្នកស្រីឈប់លក់បាយ។ អ្នកស្រីបានថ្លែងឲ្យដឹងថា៖ «ពួកខ្ញុំពិបាកបំផុតគឺនៅពេលភ្លៀងទឹកស្អុយហូរចេញមកពីគំនរ សំរាម ហើយរុយក៏មានច្រើនដែរនៅពេលនោះ»។
នៅមិនឆ្ងាយពីគ្នា ប៉ុន្មានដែលបានរស់នៅក្នុងផ្ទះតង់ខៀវនោះ អ្នកស្រីអាត សំណាងបានថ្លែងឲ្យដឹងថា បញ្ហាដែលប្រឈមខ្លាំងបំផុតរបស់ពលរដ្ឋរស់នៅក្នុងតង់ទាំងអស់នោះ មានជំងឺដោយ សារកង្វះអនាម័យ និងក្លិនភាយស្អុយពីគំនរសំរាម។ អ្នកស្រីបានឲ្យដឹងថា៖«ពួកយើងមួយចំនួនធំបានធ្លាក់ខ្លួន ឈឺ ហើយមុខជំងឺដែលឈឺច្រើនជាងគេគឺរបេងនិងរលាកបំពង់ក ពួកយើងរស់នៅទាំងភ័យខ្លាចដោយសារតែអ្នកនៅខាងលើជូនកាលទម្លាក់ កន្ទុយបារីបណ្តាលឲ្យឆេះផ្ទះពួកយើង»។
អ្នកស្រីបានថ្លែង ឲ្យដឹងទៀតថា នៅពេលយប់ពលរដ្ឋដែលរស់នៅក្នុងតង់នោះព្រួយបារម្ភអំពីសុវត្ថិភាព ហើយជួនកាលអ្នកដែលរស់នៅខាងលើគេទម្លាក់ទាំងថង់អាចម៍មកលើ ទៀតផង។ អ្នកស្រីបន្តថា៖ «យើងជូនដំណឹងទៅអាជ្ញាធរតែគេមិនរវល់ជាមួយយើងទេ គេស្អប់ខ្ពើមយើងដែលតវ៉ា»។
អ្នកស្រីគឺម សោភ័ណ្ឌ ប្រធានអគារទីបួនបានថ្លែងឲ្យដឹងថា អាជ្ញាធរក៏ដូចជាខាងក្រុមហ៊ុនចុះធ្វើការសិក្សារម្តងរួចមកហើយ ដើម្បីទាក់ទិនទៅនិងរឿងសំរាមនោះ ប៉ុន្តែពុំបានឃើញមានលទ្ធិផលអ្វីនោះទេដោយសារត្រូវចំណាយអស់ ថវិកាច្រើនពេក។ អ្នកស្រីបានឲ្យដឹងថា ៖«ពីមុនខ្ញុំជួលគេឲ្យជួយប្រមូលសំរាមតែក្រោយមកទៀតខ្ញុំគ្មាន ថវិកាជួលក៏សំរាមចេះតែមានច្រើនឡើងៗ វាពិបាករៀបចំណាស់ពីព្រោះពលរដ្ឋនៅក្នុងតង់នោះរញ៉េរញ៉ៃពេក»។
ពលរដ្ឋ ដែលរស់នៅក្នុងតំបន់បុរីកីឡាតាមសំយាបផ្ទះរបស់គេចំនួន ១០៩ គ្រួសារ ដែលនៅសល់ពីក្រុមហ៊ុនផានអ៊ីម៉ិច (Phanimex) ឈូសកម្ទេចផ្ទះដើម្បីយកដីកាលពីដើមឆ្នាំ២០១២ ហើយនៅមិនទាន់ទទួលបានសំណងជាផ្ទះនៅឡើយ។ កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០១២ គ្រឿងចក្ររបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ជាច្រើនគ្រឿង រួមទាំងមានកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលដែលការពារឲ្យក្រុមហ៊ុន បានឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋ រហូតដល់មានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋនិងកម្លាំង សមត្ថកិច្ច ចម្រុះរបស់អាជ្ញាធរក្រុងភ្នំពេញ។ ប្រជាពលរដ្ឋទាំងនោះមួយចំនួនត្រូវបានអជ្ញាធរដឹកមកដាក់នៅនៅ ភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ ២០១២។
នៅ ក្នុងឆ្នាំ ២០០៣ រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនផានអ៊ីម៉ិចធ្វើការអភិវឌ្ឍលើ ផ្ទៃដី៤,៩ហិកតា ដែលមានទីតាំងនៅក្នុងបុរីកីឡាដោយសាងសង់អគារលំនៅដ្ឋានចំនួន ១០ កំពស់ ៦ជាន់ លើផ្ទៃដី២ ហិកតាជូនប្រជាពលរដ្ឋក្រីក្រនៅសហគមន៍បុរីកីឡាចំនួន១៧ ៧៦គ្រួសារនិងដីសល់២,៦ ហិកតាទៀតប្រគល់ជូនក្រុមហ៊ុនផានអ៊ីម៉ិចសាងសង់ផ្ទះល្វែងសម្រាប់ ជាកម្មសិទ្ធិរបស់ខ្លូន។
ឆ្លើយតបទៅនឹងការបណ្តេញប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋាននោះ កាលពី ខែមករា ឆ្នាំ២០១២ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍របស់ខ្លួនដែលមានចំណងជើងថា របាយការណ៍សង្ខេបប្រចាំប្រទេស បានឲ្យដឹងថា ការដកហូតដីខុសច្បាប់និងការបណ្ដេញចេញដោយបង្ខំពីមន្ត្រី រដ្ឋាភិបាល សមត្ថកិច្ចបានតាំងខ្លួនធ្វើជាតំណាងរបស់ក្រុមហ៊ុនឬបុគ្គលមាន អំណាច វាជាបញ្ហាគាបសង្កត់ដ៏ធ្ងន់ធ្ងរដូចជាករណីបណ្ដេញអ្នកភូមិបុរី កីឡា។ របាយការណ៍នោះបានលើកឡើងថា ប្រជាពលរដ្ឋដែលគេបណ្ដេញចេញពីទីក្រុងភ្នំពេញដូចជា សហគមន៍បុរីកីឡា សហគមន៍រីករាយសហគមន៍ដីក្រហម ក្រុម៧៨សហគមន៍បឹងកក់ បានបាត់បង់លំនៅឋានដែលធ្លាប់រស់នៅកណ្ដាលទីក្រុងភ្នំពេញមានមុខ របរធ្វើ និងកូនបានទៅសាលារៀន ប៉ុន្តែបច្ចុប្បន្នអ្វីដែលធ្លាប់មានបែរជាបាត់បង់ទៅវិញសម្រាប់ ប្រជាពលរដ្ឋទាំងនោះ។
លោកសោម សុវណ្ណ អភិបាលខណ្ឌ៧មករា ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ រីឯលោកស្រី កែវ សាកល ចៅសង្កាត់វាលវង់បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយអ្នកស្រីមានប្រសាសន៍ថា ជាប់រវល់ប្រជុំ។
លោកសៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន រាល់ការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានបានធ្វើឲ្យពលរដ្ឋជូប នូវបញ្ហាដុនដាប់យ៉ាងខ្លាំងគឺពីមានផ្ទះសម្បែង មានមុខរបរ កូនមានសាលារៀនបែរជាបាត់បង់អ្វីៗទាំងអស់។ រដ្ឋាភិបាលគួរតែធ្វើឲ្យបានប្រសើរជាងនេះទៀតនិងអនុវត្តទៅតាម ច្បាប់ភូមិបាលក៍ដូចជាច្បាប់ជាតិ។ លោកបានឲ្យដឹងទៀតថា៖ «រឿងបុរីកីឡានោះគឺជាការទទួលខុសត្រូវរបស់ រដ្ឋាភិបាលគឺរដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនគោរពតាមកិច្ចសន្យា និងផ្តន្ទាទោសអ្នកដែលប្រើហិង្សាមកលើប្រជាពលរដ្ឋ»។
មិនអាចទំនាក់ទំនងក្រុមហ៊ុនផានអ៊ីម៉ិចដើម្បីធ្វើការអត្ថាធិប្បាយបានទេ៕
0 comments:
Post a Comment