Social Icons

Wednesday, December 26, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មន្ត្រី​ធំៗ​នៃ​រដ្ឋាភិបាល​កម្ពុជា​ប​ន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្លាយជា​ជនរងគ្រោះ​យ៉ាង​អយុត្តិធម៌​


        ​កន្លងមក​លោកស្រី ហ៊ូ​ហ្គេ​ត ឡា​បែ​ល ប្រធាន​គណៈ​គ្រប់គ្រង​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​បានបញ្ជាក់​ថា​មាន​មនុស្ស​រាប់រយ​លាន​នាក់​ជុំវិញ​ពិភពលោក​ដែល​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ទារប្រាក់​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ប្រទេស​ខ្លះ​មាន​រហូតដល់​៥០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ត្រូវ​សូកប៉ាន់​លុយកាក់​គេ​ដើម្បី​ទទួលបាន​សេវាកម្ម​ចាំបាច់​មួយចំនួន​ដូចជា​ទឹក​ភ្លើង ការអប់រំ សិក្សាធិការ សុខាភិបាល​និង​អាជ្ញាប័ណ្ណ​ជាដើម​។ សម្រាប់​ឆ្នាំ​២០១២​ដែល​ជិត​បញ្ចប់​ទៅនេះ ប្រទេស​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​១៥៧ ក្នុងចំណោម​ប្រទេស​១៧៤​ដែល​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ស្រាវជ្រាវ​ទិន្នន័យ​អំពើពុករលួយ​។ មន្ត្រី​អង្គការ​តម្លាភាព អន្តរជាតិ​បានលើកឡើង​ទៀតថា អំពើពុករលួយ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​ឯកជន​ព្រោះ​ត្រូវ​ប្រកួតប្រជែង​ដោយ​មិន​ស្មើភាព ហើយ​នៅ​បណ្តា​ប្រទេស​ខ្លះ​ដូចជា​ប្រទេស កម្ពុជា គឺមាន​បញ្ហាលំបាក​សម្រាប់​ក្រុមហ៊ុន​ពី​បរទេស​ចូលមក​ដាក់ទុន​វិនិយោគ​ព្រោះ​ពុំមាន​ការគោរព​ច្បាប់ទម្លាប់​ត្រឹមត្រូវ​។ មានន័យថា​អ្នករកស៊ី​គោរព​ច្បាប់​មិនអាច​ប្រកួតប្រជែង​ជាមួយ​ក្រុម​ឈ្មួញ​ដែល​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​បានទេ ព្រោះ​មន្ត្រី​ពុករលួយ​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។
        ​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​រំលឹកថា​សម្រាប់​ប្រទេស​កម្ពុជា​កន្លងមក អំពើពុករលួយ​បាន​នាំឱ្យ​ក្រុមហ៊ុន​អាមេរិក​មួយ​សម្រេច​មិន​ហ៊ាន​ទៅ​វិនិយោគ​ដោយសារតែ​ពួកគេ​មិនអាច​ស៊ុមគ្រលុំ​ប្រព្រឹត្ត​អំពើពុករលួយ​ព្រោះ​ខ្លាច​មានទោស គឺ​ច្បាប់​នៅ​អាមេរិក​អាចដាក់​ទោស​ដល់​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​នៅក្រៅ​ប្រទេស​។ ប្រទេស កម្ពុជា​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាង​អំពី​កិច្ចខិតខំ ប្រឹងប្រែង ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្តែង​អំពើពុករលួយ​មាន សភាព​កាន់តែ​អាក្រក់​ទៅៗ​។ រហូត មកដល់ពេលនេះ​មាន​មន្ត្រី​ពុករលួយ តិចតួច​ណាស់​ដែល​ត្រូវ​មានទោស ជាប់ឃុំ​ក្នុង​ពន្ធនាគារ ចំណែក​មន្ត្រី ពុករលួយ​ធំៗ​ដែលជា​អ្នកគ្រប់គ្រង ស្ថាប័នរដ្ឋ​សំខាន់ៗ នៅតែ​អាច​រួចខ្លួន​ពី​ការដាក់ទោស​តាមច្បាប់​យ៉ាង ក្រអឺតក្រទម​។ ប្រការ​នេះហើយ​ដែល​ធ្វើឱ្យ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ភាគច្រើន​បានក្លាយ​ទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​ពុំមាន​តុល្យភាព​ទៅនឹង​ប្រាក់ បៀវត្សរ៍​ដែល​ពួកគេ​ទទួលបាន​ទាល់តែសោះ​។ រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បង្កើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យុ​ិ​ន​ទៀង ជា​ប្រធាន​ដើម្បី​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដើម្បី​កុំឱ្យ​ពួកគេ​កេងប្រវ័ញ្ច​ថវិកាជាតិ លួចជាតិ​បំផ្លាញ​ជាតិ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។​កន្លងមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យុ​ិ​ន​ទៀង បាន​ចាប់ខ្លួន​មន្ត្រី​មួយចំនួន​ទាក់ទង​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ដូចជា​ការចាប់ខ្លួន​អតីត​ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្ត ពោធិ៍សាត់​អតីត​ចៅក្រម​តុលាការ​ខេត្តកណ្តាល និង មន្ត្រី​ដែល​ស្និទ្ធ​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន និង​ជា​ប្រធានព្រឹទ្ធសភា​ជាដើម​។ ប៉ុន្តែ​មន្ត្រី​ពុករលួយ​ដូចជា​លោក អុ​ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​គឺអាច​គេច​ផុតពី​ការដាក់ទោស​បើទោះបី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ភស្តុតាង​អំពី​ការកេងប្រវ័ញ្ច​ថវិកា រដ្ឋ​រហូតដល់​ជាង ៥ លាន​ដុល្លារ​អាមេរិក​ក៏ដោយ​។​
        ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​កត់សម្គាល់ថា​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នាពេល​កន្លងមក​ហាក់​មាន​លក្ខណៈ​ជាការ​ពង្រឹង​អំណាច​ជាជាង​កិច្ចខិតខំ​ប្រឹងប្រែង​លុបបំបាត់​អំពើពុករលួយ និង​ការអនុវត្ត​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា​រដ្ឋាភិបាល​បាន​ជំរុញឱ្យមាន​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ប៉ុន្តែ​ច្បាប់​នោះ​នៅមាន​ភាពទន់ខ្សោយ​ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវបាន​បង្កើតឡើង​ក្រោម​ការគ្រប់គ្រង​របស់​នា​យក​រដ្ឋមន្ត្រី ដែល​មើលទៅ​ពុំ​អាច​ជឿជាក់​បានឡើយ​។ ការអនុវត្ត​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នាពេល​កន្លងមក​ពុំមាន​ភាពប្រក្រតី​ទាល់តែសោះ​ព្រោះ​មន្ត្រី​មួយចំនួន​ដែល​ស្ថាប័ន​នេះ​រកឃើញ​ភស្តុតាង​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​ហើយ នៅតែ​អាច​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ដដែល​។ ដូច្នេះ ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា​មិនអាច​លុបបំបាត់​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព​បានទេ ព្រោះតែ​ច្បាប់​មាន​លក្ខណៈ​ទន់ខ្សោយ ហើយ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុងការ​លុបបំបាត់​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​។
        ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នាពេល​ថ្មីៗ​កន្លងទៅនេះ​បានឱ្យដឹងថា​មាន​ប្រទេស​មួយចំនួន​ដោយសារតែ​ប្រជាពលរដ្ឋ​មិនអាច​ទ្រាំទ្រ​នឹង​អំពើពុករលួយ​បាន​ក៏​នាំគ្នា​ងើប​បះបោរ​ដើម្បី​ទម្លាក់​មេដឹកនាំ​ពុករលួយ​ចេញពី​អំណាច​។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​មិនបាន​បញ្ជាក់​អំពី​ឈ្មោះ​ប្រទេស​ដែល​មេដឹកនាំ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​រហូតដល់​ប្រជាពលរដ្ឋ​ទម្លាក់​ចេញពី​តំណែង​នោះទេ ប៉ុន្តែ​តាម​បណ្តាញ​ព័ត៌មាន​មួយចំនួន​បាន​លាតត្រដាង​ថា ប្រទេស​ទុ​ុ​យ​នេ​ស៊ី ប្រទេស​លី​ប៊ី ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​ស៊េរី​ជាដើម​។ ចំណែក​ប្រទេស​កម្ពុជា​ត្រូវបាន​មន្ត្រី​គណបក្សប្រឆាំង និង​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​វាយតម្លៃថា​កំពុងតែ​ឈានដល់​ដំណាក់កាល​នៃ​គ្រោះថ្នាក់​ដោយសារ​អំពើពុករលួយ​។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា ត្រូវមាន​គោលនយោបាយ​ច្បាស់លាស់​ក្នុងការ​លុបបំបាត់​អំពើពុករលួយ​ដើម្បី​កុំឱ្យ​ជាប់​ឈ្មោះ​ក្នុងចំណោម​បណ្តា​ប្រទេស​ដែលមាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​លើ​សកលលោក ព្រោះ​មិនមែនជា​រឿង​ល្អ​ឡើយ​។​
        ​គួរ​រំលឹក​ដែរ​ថា នៅ​មុនពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១២ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក​ឱម យុ​ិ​ន​ទៀង ជា​ប្រធាន​បាន​ប្តេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅ​ថ្នាក់មូលដ្ឋាន​ឃុំ​-​សង្កាត់ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ​វិធានការ​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​កាលណោះ​ត្រូវបាន​មន្ត្រី​គណបក្សប្រឆាំង​និង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ចំៗ​ថា ជា​របៀប​ធ្វើ​ប្រជាភិថុតិ​ទាក់ទាញ​ការគាំទ្រ​គណបក្ស​ប្រជាជន​ដែលជា​គណបក្សកាន់អំណាច​។ ឥឡូវនេះ​ការវាយតម្លៃ​របស់​គណ​បក្សប្រឆាំង​និង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បានក្លាយ​ទៅជា​ការពិត​ទាំងស្រុង​ព្រោះ​អំពើពុករលួយ​នៅ​ថ្នាក់ឃុំ​-​សង្កាត់​កំពុង​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល​។ លើស​នេះ​ទៅទៀត​អំពើពុករលួយ​របស់​ម​ន្ត្រី​តុលាការ​កំពុង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទទួលរង​នូវ​អំពើ​រំលោភ​សិទ្ធិមនុស្ស កាន់តែ​ច្រើនឡើងៗ​ដោយសារតែ​បាត់បង់​ដីធ្លី​ទីជម្រក​៕

0 comments:

 

Total Pageviews

159,986

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។