By Borosrath, Khmernationalist
ភ្នំពេញៈ សាលារាជធានីបានធ្វើការគំរាមដោយដាក់សម្ពាធជាថ្មីឲ្យប្រជា ពលរដ្ឋនៅសហគមន៍បឹងកក់ចំនួន១៦ គ្រួសារ ទទួលយកសំណង៨ពាន់ដុល្លារនិង២លានរៀលដើម្បីរើផ្ទះចេញ ជាសំណង ដែលអ្នកភូមិទាំងនេះ និងអ្នកភូមិផ្សេងទៀតបានបដិសេធ តាំងពីយូរមកហើយ។
ការគំរាមនេះបានធ្វើឡើងដោយលោក ឃួង ស្រេង អភិបាលរងរាជធានី នៅក្នុងជំនួបមួយជាមួយតំណាងអ្នកភូមិចំនួន ៩នាក់ នៅសាលារាជធានី កាលពីម្សិលមិញ។ នេះបើយោងតាមលោក ចាន់ ពុទ្ធិស័ក្ដិ តំណាងប្រជាពលរដ្ឋបឹងកក់ម្នាក់ ក្នុងចំណោម៩នាក់។ លោក ពុទ្ធិស័ក្ដិ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍បន្ទាប់ពីរូបលោកនិងអ្នកភូមិចំនួន៨នាក់ ត្រូវបានសាលារាជធានីអញ្ជើញឲ្យចូលជួបពិភាក្សាអំពីផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងថា នៅក្នុងជំនួបរយៈពេលជិតមួយម៉ោងនោះ ពួកលោកត្រូវបានលោក ឃួង ស្រេង ផ្ដល់នូវជម្រើសចំនួនពីរ គឺទីមួយឲ្យយល់ព្រមទទួលយកសំណងនូវទឹកប្រាក់ចំនួន៨ពាន់ដុល្លារនិង ២ លានរៀល និងទីពីរ ត្រូវយល់ព្រមឲ្យអាជ្ញាធរកាត់ផ្ទះដែលមានផលប៉ះពាល់ នឹងការសាងសង់របស់ក្រុមហ៊ុនស៊ូកាគូអ៊ីន។ លោក ពុទ្ធិស័ក្ដិ បន្តថា លោក ឃួង ស្រេង នៅបានដាក់ការគំរាមកំហែងមកលើពួកលោកថា នឹងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ ប្រសិនបើពួកលោកមិនយល់ព្រមទទួលយកនូវជម្រើសណាមួយក្នុងចំណោមជម្រើស ទាំងពីរនេះទេ។ លោកពុទ្ធិស័ក្ដិ បានហៅជំនួបនេះថា ជាការ«គំរាមកំហែង»មួយបែបថ្មីទៀត មកលើអ្នកភូមិបឹងកក់។
យ៉ាងណាក្តី លោកគូសបញ្ជាក់ថា៖«យើងខ្ញុំទាំងអស់គ្នា បានបដិសេធនូវជម្រើសទាំងពីរហើយប្រកាន់ជំហរតែមួយគឺអភិវឌ្ឍនៅនឹងកន្លែងលើដី១២,៤៤ ហិកតាដែលផ្ដល់ដោយប្រមុខរដ្ឋាភិបាល»។ លោកបន្ថែមថា៖«ខ្ញុំកំពុងសង្ស័យថា ក្នុងចំណោមអាជ្ញាធររាជធានី មានមួយចំនួន កំពុងប្រឆាំងនឹងអនុក្រឹត្យលេខ ១៨៣ របស់រាជរដ្ឋាភិបាល ព្រោះមកទល់ពេលនេះហើយ ពួកគេនៅតែមិនព្រមអនុវត្តទៅតាមនូវអនុក្រឹត្យនេះដើម្បីឈានទៅបញ្ចប់ ជម្លោះក្នុងតំបន់បឹងកក់ តាមស្មារតីរបស់សម្ដេចតេជោ ហ៊ុន សែននោះទេ»។
លោក ឃួង ស្រេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងជំនួបពិភាក្សានោះ លោកពិតជាបានដាក់ជម្រើសទាំងពីរខាងលើនេះ ទៅឲ្យអ្នកភូមិធ្វើការជ្រើសរើស មែន វាមិនមែនជាការគំរាមទេ ហើយលោកក៏បានជូនដំណឹង ដល់អ្នកភូមិផងដែរថា លោកនឹងចេញសេចក្ដីជូនដំណឹង ដល់ពួកគាត់ឲ្យបានដឹងជាមុន អំពីការកាត់តម្រឹមផ្ទះរបស់ពួកគាត់ ដែលលយចូលទៅលើដីក្រុមហ៊ុន ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនធ្វើរបង។ លោកថ្លែងថា៖«ក្នុងនាមអាជ្ញាធរ ខ្ញុំមិនអាចទទួលយកបានទេនូវពាក្យថាគំរាមនេះ ខ្ញុំគ្រាន់តែហៅឲ្យគាត់មកពិភាក្សា ពីផលប៉ះពាល់ និងផ្ដល់ជម្រើសដល់ពួកគាត់ ដើម្បីឈានទៅរកការដោះស្រាយនូវបញ្ហារបស់ពួកគាត់ និងជូនដំណឹងដល់ពួកគាត់ អំពីបញ្ហាផ្សេងៗ ដែលអាចកើតមាន នៅពេលអនុវត្តច្បាប់»។ លោកបានពន្យល់ថា៖«ពាក្យគំរាមគេប្រើចំពោះតែពួកឧក្រិដ្ឋជនប៉ុណ្ណោះ»។
អ្នកភូមិទាំងនេះ ស្ថិតនៅក្នុងចំណោមអ្នកភូមិចំនួន ៦ ភូមិផ្សេងទៀតនៅក្នុងតំបន់បឹងកក់ ដែលបានធ្វើការតវ៉ាទាមទារការអភិវឌ្ឍនៅនឹងកន្លែង។ បន្ទាប់ពីក្រុមអ្នកភូមិ បានធ្វើការតវ៉ាយ៉ាងក្តៅគគុក អស់រយៈពេលជាច្រើនឆ្នាំ នៅខែសីហា ឆ្នាំ២០១១ ប្រមុខរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយលេខ ១៨៣ ដោយបានសម្រេចកាត់ដីពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ូកាគូអ៊ីនទំហំ១២,៤៤ ហិកតា ដើម្បីចែកជូនឲ្យប្រជាពលរដ្ឋ។ ប៉ុន្តែអាជ្ញាធររាជធានី បានកាត់ប្រជាពលរដ្ឋចំនួន១៦ គ្រួសារ និងប្រជាពលរដ្ឋជាច្រើនទៀត ចេញពីគម្រោងដី ១២,៤៤ ហិកតាដោយសម្អាងថា ប្រជាពលរដ្ឋទាំងនេះ បានស្ថិតនៅលើដីរបស់ក្រុមហ៊ុន៕
0 comments:
Post a Comment