ដោយ ដែន អយុធ្យា
2011-11-10
ថ្នាក់ដឹកនាំ គណបក្សសិទ្ធិមនុស្ស បានអះអាងថា សមាជិករបស់ខ្លួននៅក្រុងបាវិត ខេត្តស្វាយរៀង បានរងការគំរាមផ្ដាច់ផ្ដិលជីវិតពីសំណាក់មន្ត្រីគណបក្សកាន់អំណាច។លោក យ៉ែម បុញ្ញឫទ្ធិ ជាអគ្គលេខាធិការ និងជាអ្នកតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សមណ្ឌលព្រៃវែង។ លោកបានឲ្យដឹងនៅថ្ងៃទី៩ ខែវិច្ឆិកា ថា សមាជិកខ្លួន គឺលោក មាស សុផល មានតួនាទីជាប្រធានគណៈកម្មការប្រតិបត្តិក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានអនុប្រធានភូមិថ្នល់កែង គណបក្សប្រជាជន គំរាមផ្ដាច់ផ្ដិលជីវិត។
លោកបានចាត់ទុកទង្វើមន្ត្រីបក្សកាន់អំណាចមកលើសកម្មជនបក្ស សិទ្ធិមនុស្សថា ជាការគំរាមផ្នែកនយោបាយ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតសភាអាណត្តិទី៥ នៅឆ្នាំ២០១២ និងឆ្នាំ២០១៣។
លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងបន្ថែម៖ «យើងយល់ឃើញថា ជាការគំរាមកំហែងផ្នែកនយោបាយមួយធ្ងន់ធ្ងរ ដែលប្រទេសយើងតែងប្រកាសថា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ក៏ប៉ុន្តែនៅតាមមូលដ្ឋានយើងតែងសង្កេតឃើញជារឿយៗ នូវការគំរាមកំហែងនូវពាក្យសម្ដីដល់អ្នកតស៊ូខាងផ្នែក ប្រជាធិបតេយ្យខ្លាំងក្លាមែនទែន»។
បន្ថែមលើនេះ លោក មាស សុផល ជាប្រធានគណៈកម្មការប្រតិបត្តិក្រុងបាវិតនៃគណបក្សសិទ្ធិមនុស្ស បានចោទលោក ព្រហ្ម វុទ្ធី ជំនួយការភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង មកពីគណបក្សប្រជាជនកម្ពុជា ពិតជាបានប្រើពាក្យគំរាមសម្លាប់រូបលោកពិតមែន។
លោកបន្តថា បច្ចុប្បន្នក្រុមគ្រួសារលោកកំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ ខ្លួន និងទាមទារឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយមានវិធានការ៖ «ឈ្មោះ ព្រហ្ម វុទ្ធី បានគំរាមខ្ញុំថា ឈ្មោះខ្ញុំហ្នឹងនៅក្នុងសំណាញ់ច្បាប់របស់គេ ហើយគេចង់សម្លាប់ថ្ងៃណាក៏បានដែរ ព្រោះគេមានអំណាចពេញដៃ។ គេនិយាយពីថ្ងៃម្សិលមិញ ទី៨ ខែវិច្ឆិកា នៅភូមិថ្នល់កែង សង្កាត់បាវិត ក្រុងបាវិត ក្បែរផ្ទះលោក ព្រហ្ម វុទ្ធី»។
លោកឲ្យដឹងថា ការគំរាមសម្លាប់របស់ជំនួយការភូមិថ្នល់កែងគណបក្សប្រជាជន ធ្វើឡើងនៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១១ ហើយពាក្យគំរាមនេះ មិនមែនជាលើកទី១ គឺមានចំនួន ៤លើកមកហើយ។
ឆ្លើយតបការចោទប្រកាន់ លោក ព្រហ្ម វុទ្ធី ជាជំនួយការភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ស្វាយរៀង មកពីគណបក្សប្រជាជនកម្ពុជា។ លោកបានបដិសេធថា មិនបានប្រើពាក្យគំរាមសម្លាប់លោក មាស សុផល ដូចការចោទនោះទេ។ ប៉ុន្តែទទួលស្គាល់ថា រូបលោក និងលោក មាស សុផល បានប្រកែកគ្នាតឹងសរសៃកជាមួយគ្នាពិតមែន។
លោក ព្រហ្ម វុទ្ធី បន្ថែម៖ «មិនមែនទេ បងកុំជឿមានសាក្សីជាច្រើននៅកន្លែងកើតហេតុ មិនមែនមានតែខ្ញុំពីរនាក់ទេ»។
ទាក់ទងបញ្ហានេះ លោក ទី សំអាន នាយប៉ុស្តិ៍សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ លោកមានប្រសាសន៍ថា សមត្ថកិច្ចលោកមិនទាន់ទទួលបានព័ត៌មានច្បាស់ជុំវិញករណីគំរាម សម្លាប់សមាជិកបក្សសិទ្ធិមនុស្សក្នុងមូលដ្ឋានលោកនេះទេ ប៉ុន្តែសមត្ថកិច្ចនឹងបើកការស៊ើបអង្កេតរកឲ្យឃើញការពិត។
លោក ទី សំអាន ឲ្យដឹងដូច្នេះ៖ «យើងអត់ទាន់ដឹងថា ខាងភាគីណាៗ របៀបម៉េចទេ។ ប៉ុន្តែខ្ញុំនឹងចុះទៅដល់កន្លែងកើតហេតុដើម្បីសាកសួរស្រាវជ្រាវ តាមសាក្សីរៀបម៉េចៗ»។
លោកបណ្ឌិត ហង្ស ពុទ្ធា ជាទីប្រឹក្សាប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិក នៅកម្ពុជា។ លោកមិនទាន់សន្និដ្ឋានបែបណាជុំវិញការអះអាងរបស់សមាជិកបក្សសិទ្ធិ មនុស្សលើករណីគំរាមសម្លាប់នោះទេ។ ប៉ុន្តែលោកថា ប្រសិនបើការគំរាមពិតជាកើតមានដូចការអះអាងមែននោះ គឺជាការគំរាមកំហែងផ្នែកនយោបាយទៅលើសកម្មជនបក្សប្រឆាំងមុនការ បោះឆ្នោតចូលមកដល់នៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ខាងមុខ។
លោកបណ្ឌិត ហង្ស ពុទ្ធា បន្ថែម៖ «ប្រសិនបើព័ត៌មានស្ដីពីការ គំរាមកំហែងដោយសកម្មជនរបស់គណបក្សកាន់អំណាចទៅលើគណបក្សដែលមិនកាន់ អំណាចជារឿងពិតនោះ គឺជាការបំភិតបំភ័យមួយដើម្បីបង្អាក់ដល់សកម្មជនបក្សមិនកាន់អំណាច ដទៃទៀត ហើយក៏ជះឥទ្ធិពលទៅលើដំណើរការបោះឆ្នោត ពីព្រោះគោលការណ៍នៃការបោះឆ្នោតគឺសេរីត្រឹមត្រូវ និងយុត្តិធម៌។ បើមានការគំរាមកំហែង គឺជាការមិនយុត្តិធម៌ និងមិនសេរីទេ»។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៣ នឹងចាប់ផ្ដើមនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ និងតំណាងរាស្ត្រនីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
0 comments:
Post a Comment