Social Icons

Saturday, October 1, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សិស្ស​ជាង​១​ម៉ឺន​នាក់​មិន​បាន​ចូល​រៀន​ដោយសារ​សាលា​លិច​ទឹក


ដោយ​ វោហារ ជាតិ

2011-10-01
ថ្ងៃ​ទី​១ ខែ​តុលា ជា​ថ្ងៃ​បើក​បវេសនកាល​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​​សិក្សា​ថ្មី ឆ្នាំ​២០១១-​២០១២ ក៏​ប៉ុន្តែ​សាលារៀន​ជាង ៩០០​កន្លែង​នៅ​តែ​បិទ​ទ្វារ​នៅ​ឡើយ ដោយសារ​តែ​​គ្រោះ​ទឹក​ជំនន់។


១០-កញ្ញា-២០១១៖ ទឹក​ជំនន់​ជន់​លិច​ដល់​សាលារៀន​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។
របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​១ ខែ​តុលា បង្ហាញ​ថា សាលារៀន​ចំនួន ៩០៤​កន្លែង ស្ថិត​នៅ​តាម​ខេត្ត​ចំនួន​១៥ បាន​ខូចខាត និង​នៅ​លិច​ទឹក​​នៅ​ឡើយ​មក​ទល់​នឹង​ថ្ងៃ​ទី​១ តុលា។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​សិស្ស​​​ចំនួន​ជាង ១០.៥០០​នាក់ ខកខាន​ មិន​អាច​ចូល​រៀន​បាន​ក្នុង​​ពេល​​ដែល​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស​​​ចាប់​​ផ្ដើម​ចូល​​កង​ក្នុង​ឆ្នាំ​ថ្មី​វិញ នៅ​​សប្ដាហ៍​ក្រោយ​​នេះ។
សាលារៀន​ដែល​​ខូចខាត ​និង​នៅ​លិច​ទឹក​នៅ​ឡើយ​នោះ មាន​ដូចជា រាជធានី​ភ្នំពេញ មាន ២២​កន្លែង ខេត្ត​កណ្ដាល ១៣៣​កន្លែង កំពង់ឆ្នាំង ៣១​កន្លែង ខេត្ត​ពោធិ៍សាត់​១៤ បាត់ដំបង ២​កន្លែង បន្ទាយ​មានជ័យ​១៦ ឧត្តរមានជ័យ​២៥ ខេត្ត​ព្រះវិហារ​១៤ ខេត្ត​សៀមរាប ៦៥​​កន្លែង ខេត្ត​កំពង់ធំ ១៧៨ ខេត្ត​កំពង់ចាម ២៣០​កន្លែង ព្រៃវែង​​៨២ ស្ទឹងត្រែង​១៩ ក្រចេះ ៧៣​កន្លែង។ ខេត្ត​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​ខេត្ត​កំពង់ចាម និង​កំពង់ធំ។
លោក កឹម វីសុទ្ធ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា ​សាលារៀន​​ដែល​បាន​លិច​ទឹក​ជំនន់​នោះ សាលា​ខ្លះ​​ទឹក​បាន​​ស្រក​ហើយ​ ហើយ​សាលា​ខ្លះ​ដាច់​ផ្លូវ ឬ​នៅ​មាន​ទឹក​ដក់​ខ្លះ​ដែល​មិន​មាន​សុវត្ថិភាព​សម្រាប់​ឲ្យ​​សិស្ស​ចូល​រៀន​នៅ​ឡើយ ៖ «បញ្ហា​គឺ​ ៤៣​កន្លែង​ហ្នឹង​វា​​ទឹក​លិច​ដល់​សាប​ហ្នឹង គឺ​​​​ទឹក​វា​ជ្រៅ ម៉្យាង​ទៀត​កន្លែង​ខ្លះ​វា​លិច​ទីធ្លា លិច​ទី​ធ្លា​វា​អាច​ឲ្យ​វា​លង់​​ទឹក លេង​ទឹក​លេង​អី​​វា​លង់។​ លេច​ត្រឹម​ជង្គង់​ឡើង​ទៅ ​យើង​មិន​ហ៊ាន​ឲ្យ​ទៅ​ទេ​ខ្លាច​ក្មេង​វា​លង់។ ​កន្លែង​ខ្លះ​សាលា​លិច​តិច​តួច​ទេ​ ប៉ុន្តែ​តាម​ផ្លូវ​ទៅ​​សាលា​​​ វា​ទឹក​ដាច់​ផ្លូវ​ដាច់​អី។ អ៊ីចឹង​យើង​ខ្លាច​ក្មេង​វា​ប៉ះពាល់។ ក្មេង​វា​ទៅ​មក​ឆ្លង​ទឹក​វា​អាច​លង់​ទឹក​ក្មេង»
បើ​គិត​​តួលេខ​សាលា​ខូចខាត​ធ្ងន់ធ្ងរ​ជាង​គេ​ គឺ​ខេត្ត​កំពង់ចាម​ ស្ថិត​នៅ​​កម្រិត​លេខ​មួយ ខណៈ​ខេត្ត​កំពង់ធំ នៅ​ចំណាត់​ថ្នាក់​ខូចខាត​លេខ​២។
លោក ថោង គិមជាន អនុ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា សាលា​ខ្លះ​នៅ​ក្នុង​ខេត្ត​ត្រូវ​ដាច់​ផ្លូវ ខ្លះ​ត្រូវ​ដើម​ឈើ​រលំ​​លើ​បាក់​ដំបូល ហើយ​លោក​រំពឹង​ថា សាលារៀន​ចំនួន​​២៣០ ក្នុង​ចំនួន​សាលារៀន​​ក្នុង​ខេត្ត​​សរុប​​ជាង ​១.០០០​សាលា​នោះ សិស្ស​​នឹង​អាច​ពន្យារ​ពេល​ចូល​រៀន​ រយៈពេល​កន្លះ​ខែ​ទៅ​​​មួយ​ខែ​ទៀត។
លោក​បន្ត​ថា ៖ «ភាគ​ច្រើន​ទឹក​លិច​សាលា​យើង​នៅ​តាម​មាត់​ទន្លេ​ណា ហើយ​សាលា​នៅ​តាម​មាត់​ទន្លេ​ហ្នឹង ​ភាគ​ច្រើន​​មិន​សូវ​យូរ​ទេ។ កាល​ណា​ទឹក​ស្រក​​ទៅ វា​ចាប់​គោក​ហើយ។ អ៊ីចឹង​ខ្ញុំ​គិត​ថា វា​មិន​ចាំ​យូរ​ទេ សាលា​ខ្លះ​ចាំ​មួយ​ខែ​១០ តាម​មើល​យ៉ាង​យូរ។ សាលា​ខ្លះ​មិន​ដល់​ទេ ព្រោះ​តាម​មាត់​ទន្លេ​យើង​​វា​មិន​រំដោះ (ទឹក) យូរ​ទេ មិន​ដូច​តាម​បឹង​ទេ»
ទាក់​ទង​ការ​ខកខាន​​ចូល​រៀន​របស់​សិស្ស​ជាង​មួយ​ម៉ឺន​នាក់​នេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អ៊ុក មឿន មាន​ប្រសាសន៍​ថា ក្រសួង​​អប់រំ​កំពុង​រៀបចំ​កម្មវិធីសិក្សា​​ដោយ​ឡែក​មួយ ដោយ​​កែ​ប្រែ​​កាលវិភាគ​កម្មវិធី​សិក្សា​តាម​ការ​ជាក់ស្ដែង​​ទៅ​តាម​ស្ថានភាព​សាលា​​ខូច​ខាត​​នៃ​​ខេត្ត​​នីមួយៗ ដើម្បី​ឲ្យ​សិស្ស​​​​បាន​រៀន​ចប់​កម្មវិធី​ប្រចាំ​ឆ្នាំ។
លោក​ថា កម្មវិធី​នោះ​គឺ​ក្រសួង​​​អប់រំ​​​បាន​រៀបចំ​គម្រោង​ថវិកា​សម្រាប់​​​ជួយ​ឲ្យ​លោក​គ្រូ អ្នក​គ្រូ​បង្រៀន​ថែម​ម៉ោង​ និង​បង្រៀន​​នៅ​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្ដាហ៍​ ធ្វើ​ដូច្នេះ​ទើប​សិស្ស​ដែល​ខកខាន​មិន​បាន​ចូល​រៀន​នៅ​ពេល​នេះ​រៀន​ចប់​កម្មវិធី​បាន ៖ «ក្រសួង​គឺ​វា​មាន​កម្មវិធី​​​​របស់​គេ​ គឺ​ចំនួន​ម៉ោង​​ដែល​ត្រូវ​កម្មវិធី​​ប្រចាំ​ឆ្នាំ​។ ឧបមា​ថា អ្នក​ចូល​រៀន​មុន​ ក្នុង​មួយ​ឆ្នាំ​រៀន​ប៉ុន្មាន​ម៉ោង​អ៊ីចឹង​​ទៅ ហើយ​ដល់​អ្នក​ខ្លះ​យឺត​យ៉ាវ​អ៊ីចឹង គឺ​អាច​រក​វិធី​មួយ​ទៀត។ ថ្ងៃ​ខ្លះ​អាច​​បង្រៀន​ផ្គួប​គ្នា​អី​ខ្លះ​ទៅ ថ្ងៃ​ខ្លះ​​បន្ថែម​ម៉ោង​ឲ្យ​បាន​គ្រប់​​ដូច​គេ​ដូច​ឯង។ កន្លែង​ខ្លះ​បង្រៀន​ថែម​ម៉ោង​អ៊ីចឹង​ទៅ​ឲ្យ​គ្រប់​ម៉ោង​​មួយ​ឆ្នាំ»
យ៉ាង​ណា​ក្ដី លោក សួង យ៉េន ប្រធាន​នាយកដ្ឋាន​​​សំណង់​នៃ​ក្រសួង​​អប់រំ​យុវជន​និង​កីឡា មាន​ប្រសាសន៍​ថា គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ បាន​ធ្វើ​​ឲ្យ​​សាលា​ខូចខាត​​តិច​ជាង​ពេល​ព្យុះ​កេតសាណា​ឆ្នាំ​២០០៩ ដែល​កាល​នោះ​បាន​​ធ្វើ​ឲ្យ​ខូច​សាលារៀន ១.១៦៩​កន្លែង៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។