ម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រីកម្ពុជា សុខ អាន បានបង្ហើបប្រាប់នាយទាហាន និងពលទាហាន នៅបញ្ជាការដ្ឋានអង្គរក្ស ដែលឈរជើងនៅទិសតំបន់ប្រាសាទព្រះវិហារថា នាយករដ្ឋមន្ត្រីថៃ«នឹងមិនអនុញ្ញាតឲ្យនរណាកសាងកម្លាំងនៅក្នុងប្រទេសថៃ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាបានឡើយ»។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា ថ្លែងដូចនេះ បន្ទាប់ពីជំនួបរវាងលោក ប្រាយុទុ្ធ ច័ន្ទអូចា និងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និងបន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃបានចាប់មនុស្ស១០នាក់ដែលគេសង្ស័យថាពាក់ព័ន្ធនឹងការបង្កើតកម្លាំងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជានៅលើទឹកដីថៃ ក្រោមឈ្មោះថា រណសិរ្សរំដោះជាតិខ្មែរ ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា បានអះអាងនៅចំពោះមុខលោក ហ៊ុន សែនថា «នឹងមិនអនុញ្ញាតឱ្យនរណាកសាងកម្លាំងនៅក្នុងប្រទេសថៃ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាបានឡើយ»។ បន្ទាប់ពីជំនួបទ្វេភាគីនៅថ្ងៃព្រហស្បតិ៍ រវាងនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា ឧបនាយករដ្ឋមន្ត្រីកម្ពុជា សុខ អាន បានបង្ហើបរឿងនេះប្រាប់នាយទាហាន និងពលទាហាន នៅបញ្ជាការដ្ឋានអង្គរក្ស ទិសតំបន់ប្រាសាទព្រះវិហារ នៅថ្ងៃសុក្រ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្ត្រី បានស្រង់សម្ដីរបស់លោក សុខ អាន មកផ្សាយនៅលើវ៉េបសាយរបស់ខ្លួន ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី ហែអង្គកឋិនទៅវត្តមរតកតេជោបុរីស្វរៈ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត។ បើតាមអង្គភាពនេះ លោក សុខ អាន ដែលជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីផងនោះ បានឆ្លៀតក្រើនរំលឹកកងទ័ពកម្ពុជានៅតាមព្រំដែន ឱ្យបន្ត«ការប្រុងប្រយ័ត្នខ្ពស់ជានិច្ចដដែល» ថ្វីបើក្នុងពេលបច្ចុប្បន្ន«សភាពការណ៍ចំពោះមុខបានល្អប្រសើរហើយ»ក្តី។
គួររម្លឹកថា កាលពីថ្ងៃទី២២ និង២៣ ខែតុលា សមត្ថកិច្ចក្រសួងមហាផ្ទៃបានចាប់មនុស្ស១០នាក់ ដែល ជាប់សង្ស័យថាពាក់ព័ន្ធនឹងការបង្កើតកម្លាំងប្រដាប់អាវុធ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្នុងនាមរណសិរ្សរំដោះជាតិខ្មែរ។ រណសិរ្យនេះត្រូវអាជ្ញាធរកម្ពុជាអះអាងស្ថិតក្រោមការដឹកនាំរបស់បុគ្គលម្នាក់ឈ្មោះ សម សេរី និងត្រូវបានប្រកាសបង្កើតលើទឹកដីថៃ។
ចំពោះ លោក សុខ ទូច សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យខេមរៈ ការសន្យារបស់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃ ដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារយោធានោះ «មិន[មាន]ធរមានទេ ព្រោះជារដ្ឋាភិបាលមិនស្របច្បាប់»។ ទោះបីជាយ៉ាងនេះក្តី អ្នកវិភាគនយោបាយរូបនេះ អះអាងថា វាជាសញ្ញាប្រាប់ទៅចលនាប្រឆាំងទាំងឡាយ រួមទាំងគណបក្សសង្គ្រោះជាតិផងថា នេះជាសម្បទានរបស់រដ្ឋាភិបាលថៃ ចំពោះរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជន ដែលទំនងជាបាន«យល់ព្រមមិនលើកអំពីបញ្ហាប្រាសាទព្រះវិហារក្នុងជំនួបទ្វេភាគីនោះ» និង«បានទទួលស្គាល់រដ្ឋាភិបាលយោធារបស់លោក ប្រាយុទ្ធ ច័ន្ទអូចា»។ លើសពីនេះទៀត បើតាមលោក សុខ ទូច រដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ទំនងជាបានសន្យាមិនឱ្យមានរដ្ឋាភិបាលនិរទេសរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅលើទឹកដីកម្ពុជាផងដែរ៕
ប្រភពដើម៖ RFI
Home
» khmer news
» សុខ អាន អ្នកជល់មាន់ប្រចាំស្រុកខ្មែរ៖ ប្រាយុទ្ធថានឹងគ្មានកម្លាំងប្រឆាំងរដ្ឋាភិបាលកម្ពុជាលើទឹកដីថៃឡើយ
Sunday, November 2, 2014
Print
PDF
សុខ អាន អ្នកជល់មាន់ប្រចាំស្រុកខ្មែរ៖ ប្រាយុទ្ធថានឹងគ្មានកម្លាំងប្រឆាំងរដ្ឋាភិបាលកម្ពុជាលើទឹកដីថៃឡើយ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment