ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួនមានមូលដ្ឋានច្បាប់ និងភ័ស្តុតាងគ្រប់គ្រាន់ ក្នុងការចាប់ខ្លួនសមាជិករណសិរ្សរំដោះជាតិខ្មែរ ១០ នាក់ដែលត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ហើយសមត្ថកិច្ចបន្តស្វែងរកចាប់ខ្លួនសមាជិកក្រុមនេះជាច្រើនបន្ថែមទៀត។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីម្សិលមិញ ឆ្លើយតបទៅនឹងមតិរិះគន់របស់សង្គមស៊ីវិលជាតិនិងអន្តរជាតិ ចំពោះការចាប់ខ្លួនអ្នកទាំង ១០ នាក់នេះ ដែលថា មិនមានមូលដ្ឋានច្បាប់ច្បាស់លាស់។
លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា ការចាប់ខ្លួនជនជាប់ចោទទាំង ១០ នាក់ គឺមិនមែនជារឿងប្រថុយប្រថាននោះទេ គឺមានការស៊ើបអង្កេតច្បាស់លាស់និងភ័ស្តុតាងបញ្ជាក់ពីសកម្មភាពខុសច្បាប់របស់ពួកគេ។ ភ័ស្តុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ទី១. ទង់រណសិរ្សរំដោះជាតិខ្មែរ ៧៧០ ទង់ ទី២. មួកស្លឹកបិទរូបទង់ ១០០ មួក ទី៣. ខិត្តប័ណ្ណ ៤៦១ សន្លឹក ដែលមានខ្លឹមសារញុះញង់បង្កប្រតិកម្មចំពោះរដ្ឋាភិបាល ទី៤. លិខិតតែងតាំងសមាជិកចំនួន ៤ សន្លឹក ទី៥. ស៊ីឌី «ឫសគល់ ៧ មករា» ២ បន្ទះ ទី៦. សៀវភៅ «ឫសគល់ ៧មករា» ចំនួន ៤៩ ក្បាល ដែលមានខ្លឹមសារវាយប្រហារអតីតព្រះមហាក្សត្រ និងរដ្ឋាភិបាល និង ទី៧. ផ្ទាំងកៅស៊ូធំ ២ សន្លឹក។
លោក គៀត ច័ន្ទថារិទ្ធ បានលើកហេតុផលពីរ ដែលជាមូលដ្ឋាននៃការចាប់ខ្លួននេះ «ទី១ គឺ ចលនារណសិរ្សរំដោះជាតិខ្មែរ គឺជាអង្គការចាត់តាំងខុសច្បាប់មានទិសដៅផ្តួលរំលំរដ្ឋាភិបាល… ផ្អែកលើសេចក្តីប្រកាស គឺមានការសរសេរញុះញង់ ប្រឆាំងនឹងរដ្ឋាភិបាល។ ទី២ រណសិរ្សរំដោះជាតិខ្មែរ គឺចេញមកពីរណសិរ្សរួបរួមជាតិ ដែលជាក្រុមភេរវកម្ម»។ បើតាមលោក គៀត ច័ន្ទថារិទ្ធ ជនជាប់ចោទទាំង ១០ នាក់នោះត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលអាចនឹងត្រូវជាប់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំប្រសិនបើរកឃើញថា មានទោស។ អ្នកទាំង ១០ នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃ ទី២២ និង ២៣ ខែតុលា ក្នុងទិវាសន្ធិសញ្ញា ទីក្រុងប៉ារីស ២៣ តុលា។
បើតាមលោក ណៃ វ៉ង់ដា អនុប្រធានអង្កេតសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ សមាគមការពារសិទ្ធិមនុស្ស អាដហុក សាច់ញាតិជនជាប់ចោទចំនួន ៦ គ្រួសារ បានមកពឹងពាក់ជំនួយផ្លូវច្បាប់ ពីអង្គការនេះ កាលពីដើមសប្តាហ៍មុន។ លោក ណៃ វ៉ង់ដា បានឲ្យដឹងថា តាមការសាកសួរនិងការស៊ើបអង្កេតបឋម ៥ គ្រួសារ ក្នុងចំណោម ៦ គ្រួសារ មិនមានសញ្ញាណណាមួយថា ជាសមាជិកនៃចលនានោះឡើយ។ «ខ្ញុំ និងក្រុមមេធាវីរបស់អាដហុក នឹងកោះប្រជុំថ្ងៃ ទី៧ ខែវិច្ឆិកា ខាងមុខនេះដើម្បីធ្វើការស៊ើបអង្កេតស៊ីជម្រៅ ទៅដល់ស្រុកកំណើតរបស់ពួកគាត់»។
ក្នុងចំណោមជនជាប់ចោទទាំង ១០ នាក់ លោក ឈឹម ស្ម័គ្រ ធ្លាប់បានអះអាងថា ខ្លួនជាសមាជិកចលនារណសិរ្សរំដោះជាតិខ្មែរ។ កូនស្រីរបស់លោក គឺអ្នកស្រី ឈឹម វិមេន បានបញ្ជាក់ថា ឪពុករបស់នាងបានចូលជាសមាជិកនៃចលនានេះ ដែលបង្កើតឡើងកាលពីថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១២ ប៉ុន្តែឪពុកនាង មិនមានសកម្មភាពអ្វីច្រើននោះទេ ក្រៅពីការធ្វើស្រែចម្ការប្រចាំថ្ងៃ និងយូរៗម្តងឡើងមករាជធានីភ្នំពេញ ដើម្បីចូលរួមបាតុកម្ម ប្រឆាំងនឹងស្ថានទូតវៀតណាម។ អ្នកស្រីថា៖ «ខ្ញុំមានការសោកស្តាយនេះជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ និងឪពុកខ្ញុំ។ គាត់អត់មានប្រើប្រាស់អាវុធផ្តួលរំលំរដ្ឋាភិបាលអីនោះទេ។ ខ្ញុំជឿជាក់ថា ចលនារណសិរ្សនេះ គឺមានគោលនយោបាយស្របតាមច្បាប់អន្តរជាតិដែលប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការបញ្ចេញមតិ»។
ចលនារណសិរ្សរំដោះជាតិខ្មែរ មានលោក សម សេរី ជាមេដឹកនាំ ដែលបច្ចុប្បន្នរស់នៅ ប្រទេសដាណឺម៉ាក ត្រូវបានសាលាដំបូងរាជធានី កាត់ទោសកំបាំងមុខដាក់ពន្ធនាគារ ៩ ឆ្នាំ និងបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនពីបទ «រួមគំនិតក្បត់» និង «ឆ្លងដែនខុសច្បាប់» ពីថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០១៤។
សមាជិករណសិរ្សរំដោះជាតិម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា លោកមិនមានការព្រួយបារម្ភ ចំពោះការចាប់ខ្លួននោះទេ ប៉ុន្តែអ្វីដែលលោកបារម្ភនោះ គឺការបែកបាក់ស្មារតីផ្ទៃក្នុងរបស់ប្រទេសក្រោមការដឹកនាំរបស់គណបក្សនយោបាយជាប់ឆ្នោតទាំងពីរនាពេលបច្ចុប្បន្ន៕
ប្រភពដើម៖ ភ្នំពេញប៉ុស្តិ៍
0 comments:
Post a Comment