មន្ត្រីអង្គការសហប្រជាជាតិ (UN) សុំឲ្យសាលាក្ដីខ្មែរក្រហម ពិនិត្យសើរើសំណុំរឿងករណី រំលោភផ្លូវភេទ និងដោយហិង្សាផ្សេងៗ ដែលទាក់ទងការរំលោភនេះ នៅអំឡុងពេលរបបខ្មែរក្រហមកាន់អំណាច។ ជាពិសេស ចំពោះករណីមន្ត្រីខ្មែរក្រហមរំលោភសេពសន្ថវៈលើអ្នកទោសនារីភេទ មុនយកជនរងគ្រោះទាំងនោះទៅវាយសម្លាប់ចោល។
ប្រសាសន៍របស់តំណាងពិសេស នៃអង្គការសហប្រជាជាតិ ផ្នែកប្រឆាំងនឹងការរំលោភផ្លូវភេទនិងហិង្សា អ្នកស្រី សៃណេប ហាវ៉ា បង់គូរ៉ា (Zainab Hawa Bangura) ត្រូវបានសារព័ត៌មាន អូស្ត្រេលៀ ណែតវឺកញូវស៍ (Australia Network News) ចុះផ្សាយនៅថ្ងៃទី១៣ ឧសភា ថា ខាងព្រះរាជអាជ្ញាអន្តរជាតិត្រូវការឲ្យចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម ពិនិត្យសើរើភស្តុតាងរបស់មន្ត្រីខ្មែរក្រហមទាំងឡាយណា ដែលបានរំលោភអ្នកទោសនារីៗ មុនយកពួកគេទៅវាយសម្លាប់ចោល ក្នុងពេលដែលខ្មែរក្រហមកាន់អំណាច ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។
ការទាមទារនេះ ធ្វើឡើងមុនពេលកិច្ចប្រជុំកំពូលសកល ស្ដីពីប្រធានបទ នៃការរំលោភសេពសន្ថវៈនិងហិង្សា ដែលនឹងរៀបចំឡើងដោយប្រទេសអង់គ្លេស នៅខែក្រោយនេះ។
អ្នកស្រីតំណាងពិសេសនៃអង្គការសហប្រជាជាតិរូបនោះ ឲ្យដឹងថា បច្ចុប្បន្នមានប្រទេសចំនួន ១៤៥ ហើយ បានចូលជាសមាជិកដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភនិងហិង្សាលើផ្លូវភេទនេះ លើសកលលោក។
អ្នកស្រីបានចាត់ទុកថា ការបង្ខំឲ្យរៀបការជំនាន់ខ្មែរក្រហមកាន់អំណាច ក៏ចាត់ទុកថា ជាករណី រំលោភនិងហិង្សាដែរ ហើយករណីនេះត្រូវដាក់ឲ្យចាត់ការក្នុងសំណុំរឿង០០៤ ខាងមុខនេះ៕ប្រភពដើមទីនេះ
0 comments:
Post a Comment