Social Icons

Tuesday, September 18, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នកភូមិ​ព្រៃ​ឡង់​រក​ឃើញ​ឈើ​ជាង​១២០​ម៉ែត្រ​គូប

អ្នក​ភូមិ​ដើរ​ល្បាត​ព្រៃ​ឡង់​ កាល​ពី​ពេល​កន្លង​មក​។ រូបថត សហ​ការី​
កំពង់ធំៈ ឈើ ​ជាង​១២០ ម៉ែត្រ​គូប ត្រូវ​បាន​រក​ឃើញ​ នៅ​ក្នុង​ព្រៃ​ឡង់ នៅ​ខណៈ​ដែល​បណ្តាញ​សហគមន៍​ព្រៃឡង់​ជាង​៣០០ នាក់ មក​ពី​ខេត្ត​ចំនួន​បួន បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ និង​ថ្មើរ​ជើង ដើរ​ល្បាត​ព្រៃ ក្នុង​រយៈ​ពេល​៥ ថ្ងៃ​កន្លង​មក ដើម្បី​ទប់​ស្កាត់ បទ​ល្មើស​ព្រៃ​ឈើ នឹង​ប្រមូល​ភស្តុ​តាង​បទ​ល្មើស​ព្រៃ​ឈើ ដាក់​ជូនគ្រប់​ស្ថាន​ប័ន​រដ្ឋា​ភិបាល ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទប់​ស្កាត់។
លោក សឹម សៀន តំណាង​ពលរដ្ឋ​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់​ធំ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ខណៈ​ពេល​ដើរ​ល្បាត​ អស់​រយៈ​ពេល​៥​ថ្ងៃ​មក​នេះ បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បាន​ប្រទះ​ឃើញ​នូវ​បទ​ល្មើស​ព្រៃឈើ​ជាង ១០០ ម៉ែត្រ​គូប និង​រឹប​អូស​បាន​ម៉ាស៊ីន​អារ​ឈើ​ចំនួន ២ នៅ​ត្រង់​ចំណុច​អូរ​ទឹក​វិល អូរឆ្នូរ និង​អូរ​ច្រោក ឃុំ​ដង​កាំបិត ខេត្ត​កំពង់ធំ។ នៅ​ឯ​ខេត្ត​ព្រះ​វិហារ​វិញ បណ្តាញ​សហគមន៍ ចាប់​បាន​ឈើ​២០ ម៉ែត្រ​គូប និង​ម៉ាស៊ីន​អារឈើ​មួយ​គ្រឿង​ដែរ។ លោក​បន្ត​ថា ៖«ពួកយើង​គ្រប់​ខេត្ត​នឹង​ចេញ​ពី​ព្រៃ​វិញ នៅ​ថ្ងៃ​ស្អែក​(ថ្ងៃ​អង្គារ)​ហើយ​សប្តាហ៍​ក្រោយ យើង​នឹង​យក​វត្ថុ​តាង បទ​ល្មើស ដែល​បាន​ថត​ទុក​ទាំង​អស់​នោះ ដាក់​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋា​ភិបាល ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​ទប់​ស្កាត់។ យើងសោក​ស្តាយ​ណាស់ យើង​ខំ​ការពារ​ព្រៃឈើ តែ​បទ​ល្មើស​នៅ​តែ​មាន»។
លោក ឲ្យ​ដឹង​ទៀត​ថា លោក​សោក​ស្តាយ នៅ​ពេល​ចុះ​ល្បាត ​បាន​ប្រទះ​ឃើញ​ឈ្មួញ​កាប់​ព្រៃឈើ​យ៉ាង​ច្រើន​លើស​លប់ ហើយ​ក្រុម​អ្នក​ភូមិ​របស់​លោក មិន​បាន​ដុត​ឈើ​ទាំង​អស់​នោះ​ទេ គឺ​បាន​ត្រឹម​តែ​រាយ​ការណ៍​ ឲ្យ​សមត្ថកិច្ច​ជំនាញ​តែ​ប៉ុណ្ណោះ។ ក្រុម​សហគមន៍ ក៏​បាន​ថត​រូប​ទុក ដើម្បី​ទុក​ជា​វត្ថុតាង ដាក់​ទៅ​រដ្ឋា​ភិបាល​ផង​ដែរ។ លោក​បាន​បញ្ជាក់​ថា៖​«យើង​មិន​ដុត​ឈើ​ទៀត​ទេ​កុំ​ឲ្យ​គេ​យក​លេស​មក​ចោទ​យើង​ ថា ​ធ្វើ​ខុស​ច្បាប់ ដូច្នេះ​ទុក​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ដោយ​ខ្លួន​ឯង»។
លោកថៃ ប៊ុនលៀង តំណាង​ប្រជាពលរដ្ឋ មក​ពី​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ដើរ​ល្បាត​ព្រៃ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នោះ​បណ្តាញ​សហគមន៍ បាន​ជួប​ប្រទះ នូវ​បទ​ល្មើស​ជា​ច្រើន ដែល​ពួក​ឈ្មួញ​បាន​កាប់​ទុក​នៅ​កណ្តាល​ព្រៃ​ប្រមាណ​ជា​២០​ម៉ែត្រ​គូប និង​ចាប់​បាន​រណារ​មួយ​គ្រឿង។ លោក​និយាយ​ថា៖«យើង​នឹង​យក​វត្ថុ​តាង​ទាំង​នោះ ដាក់​ជូន​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​ទប់​ស្កាត់​បទ​ល្មើស។ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធាន​ការ​ទប់​ស្កាត់​ទាន់​ពេល​ទេ ព្រៃឡង់​នឹង​ជួប​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់​ធ្ងរ»។
ពលរដ្ឋប្រមាណ ជា​៣៥០​នាក់ ពីខេត្ត​ចំនួន​ ៤ ជុំ​វិញ​ព្រៃឡង់​មាន​ដូច​ជា ខេត្ត​ព្រះ​វិហារ កំពង់​ធំ ស្ទឹង​ត្រែង និង​ក្រចេះ​បាន​ដើរ​ល្បាត​និង​ជិះ​ម៉ូតូ​ប្រឆាំង​នឹង​បទ​ល្មើស​ព្រៃឈើ ចាប់​តាំង​ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ ២០១២។ ពលរដ្ឋ​ទាំង​នោះ​បាន​ចុះ​ទៅតាម​ចំណុច​សំខាន់ៗ​ដែល​កំពុង​មាន​ការ​កាប់ បំផ្លាញ​និង​ឈូស​ឆាយ​ព្រៃ​ឈើ​ដែល​ក្នុង​នោះ​មាន​តំបន់​ទូក​មាស​និង​តំបន់ ប្រាំ នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ព្រះ​វិហារ និង​ស្ទឹង​ត្រែង តំបន់​អូរក្រាក់​ក្នុង​ខេត្ត​ក្រចេះ និង​តំបន់​ក្បាល​ទឹកថ្លា​ ក្នុង​ខេត្ត​កំពង់​ធំ។ នេះ​គឺ​លើក​ទី ៦ ​ហើយ​ដែល​សហគមន៍​បាន​ចូល​ល្បាត​ព្រៃ​​ទ្រង់​ទ្រាយ​ធំបែប​នេះ។​
លោក ឈឹម សាវុធ​ អ្នក​សម្រប​សម្រួល​សម្រាប់​វេទិកា​សាធារណៈ​នៅ​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖«​យើង​នឹង​ប្រមូល​វត្ថុតាង​ទាំងនោះ​ដាក់ ទៅ​រដ្ឋា​ភិបាល​ ពីព្រោះ​ការ​រុករាន​កាប់​ព្រៃ​យក​ដី​ខុស​ច្បាប់​កំពុង​កើត​មាន​យ៉ាង​អនា ធិប​តេយ្យ​នៅ​ក្នុង​ព្រៃឡង់»។​
អភិបាលរង​ខេត្ត​កំ​ពង់​ធំ លោក អ៊ុត សំអន បាន​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ​ លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន ​ពី​ពលរដ្ឋ​ដែល​ដើរ​ល្បាត​ព្រៃឡង់នៅ​ឡើយ​ទេ​។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «​ទោះ​បី​ជា​ពួក​គាត់ ពុំ​បាន​ស្នើសុំ​សមត្ថកិច្ច​ឲ្យ​ចូល​រួម​ក៏ដោយ ក៏យើង​បាន​ដាក់​កម្លាំង​តាម​ឃ្លាំ​មើល​ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​របស់​ពួក ​គាត់​ដែរ»។
ព្រៃឡង់គឺជា​ប្រភព​នៃ​អនុផល​ព្រៃ​ឈើ​យ៉ាង​សំខាន់ សម្រាប់​ប្រជា​ពលរដ្ឋ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ប្រមាណ​ជាង​៦០០០០ គ្រួសារ ក្នុង​ភូមិ​ជិត​៤០០​ ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ កំពង់​ធំ ស្ទឹង​ត្រែង និង​ក្រចេះ។ អ្នក​ភូមិ ចូល​ព្រៃ ដើម្បី បោច​វល្លិ រក​ជ័រ និង​បេះ​ផ្លែ​ឈើ​លក់​ចិញ្ចឹម​ជីវិត៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។