ដោយ កែវ និមល 2012-09-19
អង្គការការពារសិទ្ធិមនុស្សអាដហុក នៅខេត្តកំពង់ធំ បានរិះគន់ចំពោះមន្ត្រីតុលាការខេត្តនេះ ថាចាត់ការលើសំណុំរឿងព្រហ្មទណ្ឌមួយចំនួនយឺតយ៉ាវ។
ការលើកឡើងខាងលើនេះ ដោយសារនៅខេត្តកំពង់ធំ មានប៉ូលិសមួយរូបបានប្រើកាំភ្លើងបាញ់អ្នកស្រុកឲ្យមានរបួសពិការ ហើយបែរជាមិនមានទោស និងនៅបំពេញការងារជាធម្មតា ហាក់ដូចជាមិនមានរឿងអ្វីកើតឡើង។
ជនរងគ្រោះដោយសារការបាញ់របស់ប៉ូលិសមួយរូប នៅខេត្តកំពង់ធំ បានទាមទារនៅថ្ងៃទី១៩ កញ្ញា ឲ្យតុលាការផ្ដល់យុត្តិធម៌ឲ្យខ្លួន និងសុំឲ្យមានការផ្ដន្ទាទោសចំពោះអ្នកកាន់អាវុធដែលអាងអំណាច និងមិនគោរពច្បាប់។
លោក រស់ សុជាតិ ជាកម្មករមួយរូបនៅខេត្តកំពង់ធំ បាននិយាយឲ្យដឹងថា រូបលោកត្រូវប៉ូលិសមួយរូបឈ្មោះ សៀន ម៉ាល័យ នៅភូមិបុទុមពរ ឃុំស្រឡៅ ស្រុកបារាយណ៍ ទៅបាញ់ដល់ផ្ទះកាលពីថ្ងៃទី១៨ មេសា ឆ្នាំ២០១២ កន្លងទៅ បណ្ដាលឲ្យបាក់ភ្លៅ ដាច់សរសៃជើង ពិការ ដោយសារមានទំនាស់ក្នុងរឿងផឹកស៊ី។ ប៉ុន្តែមកទល់បច្ចុប្បន្ន ប៉ូលិសនោះមិនមានទោសអ្វីឡើយ។
លោក រស់ សុជាតិ៖ «ដាក់ពាក្យប្ដឹងទៅវាស្ងាត់ឈឹង អត់មានអ្នករកអីសោះ យូរណាស់មកហើយ។ គេអ្នកបាញ់ខ្ញុំនោះមកធ្វើការធម្មតា មិនដឹងថាច្បាប់ថាម៉េច? អ្នកបាញ់ខ្ញុំនោះ គេមកធ្វើការធម្មតាជិះម៉ូតូធម្មតារាល់ថ្ងៃនេះ។ ចង់ឲ្យគេរកថា តើអ្នកបាញ់ខ្ញុំដល់ផ្ទះនោះមានទោសដែរ ឬអត់ ឬច្បាប់គ្មានទេមើលទៅ»។
លោក រស់ សុជាតិ បានរៀបរាប់អំពីមូលហេតុនៃទំនាស់បណ្ដាលឲ្យមានការបាញ់ប្រហារនោះ កើតឡើងថា រូបលោកមានទំនាស់ក្នុងការផឹកស៊ីជាមួយឈ្មោះ តែ គីមស៊្រន់ ជាគ្រូបង្រៀននៅអនុវិទ្យាល័យបុទុមពរ។ ក្រោយពេលមានទំនាស់ជាមួយគ្នា ឈ្មោះ តែ គីមស៊្រន់ បានហៅមិត្តភ័ក្ដិរបស់ខ្លួនធ្វើប៉ូលិស ឈ្មោះ សៀន ម៉ាល័យ មកបាញ់ឈ្មោះ រស់ សុជាតិ ដល់ផ្ទះតែម្ដង។
លោក រស់ សុជាតិ៖ «ពេលខ្ញុំទៅរាំលេងនោះ ហើយផឹកស៊ីនៅក្បែរវង់រាំនោះ ហើយគ្រូបង្រៀននោះ វាមកអង្គុយនៅគ្រែជាមួយខ្ញុំដែរ។ វានិយាយឌឺដងខ្ញុំ ខ្ញុំវាយវាមួយដៃទៅ គេឃាត់ទៅ ខ្ញុំមកផ្ទះវិញមក។ បន្ទាប់មកវាតេហៅពួកម៉ាកវា ធ្វើប៉ូលិសមកបាញ់ខ្ញុំដល់ផ្ទះតែម្តង។ វាបាញ់ ២គ្រាប់ តែត្រូវតែមួយគ្រាប់ចំគល់ភ្លៅ។ វាធ្លាយចេញ។ វាជាហើយតែដើរអត់ស្រួលផង វាស្ពឹក ព្រោះដាច់សរសៃពួរធំទៅហើយ»។
ប្រភពអង្គការអាដហុក នៅខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពេលមានទំនាស់ និងបាញ់គ្នានេះមក ភាគីខាងលោក រស់ សុជាតិ បានដាក់ពាក្យប្ដឹងទៅតុលាការខេត្ត ហើយព្រះរាជអាជ្ញាសាលាដំបូងបានធ្វើការចោទប្រកាន់ទៅលើប៉ូលិសឈ្មោះ សៀន ម៉ាល័យ និងគ្រូបង្រៀន តែ គីមស៊្រន់ ដែរ ប៉ុន្តែគេមិនឃើញមានការផ្ដន្ទាទោសចំពោះជនដៃដល់ និងសហចារីទាំង ២នាក់នៅឡើយ។
លោក ញ៉ែម សារ៉ាត ជាអ្នកអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សខេត្តកំពង់ធំ បានឲ្យដឹងថា គេត្រូវតែផ្ដន្ទាទោសអ្នកប្រព្រឹត្តបទល្មើស ដើម្បីជាគំរូកុំឲ្យមានការរំលោភច្បាប់ និងប្រើប្រាស់អាវុធដោយអាងអំណាច៖ «យើងស្នើសុំឲ្យខាងតុលាការ ចាត់វិធានការធ្វើយ៉ាងណាអនុវត្តទៅតាមការសម្រេចរបស់អយ្យការ ក៏ដូចជាតុលាការហ្នឹង ដាក់ឲ្យឋិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងឲ្យមានការឃុំខ្លួន ឬចាប់ខ្លួនជនប្រព្រឹត្តនោះទៅតាមផ្លូវច្បាប់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសាកសួរព័ត៌មានបន្ថែមជុំវិញទំនាស់បាញ់ប្រហារគ្នានេះ ពីលោកប៉ូលិសឈ្មោះ សៀន ម៉ាល័យ និងលោកគ្រូបង្រៀន តែ គីមស៊្រន់ បានឡើយ។
លោក កែវ សារ៉ាត អ្នកស៊ើបអង្កេតរបស់អង្គការអាដហុក នៅខេត្តកំពង់ធំ បានឲ្យដឹងថា សំណុំរឿងបាញ់ប្រហារនេះនៅក្នុងសមត្ថកិច្ចរបស់លោកចៅក្រមស៊ើប អង្កេតខេត្តកំពង់ធំ ឈ្មោះ ឃន សាកល។ ប៉ុន្តែលោកចៅក្រមមានការរវល់ មិនបកស្រាយចំពោះសំណួរថា តើពេលណាទើបតុលាការបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងនេះ និងចាប់ផ្ដើមបើកសវនាការកាត់សេចក្តីឡើយ។
លោក រស់ សុជាតិ ជាជនរងគ្រោះដោយការបាញ់ បាននិយាយថា តាំងពីរឿងនេះកើតមានឡើង និងបានដាក់ពាក្យប្ដឹងទៅតុលាការ មានការកោះហៅរូបលោកទៅតុលាការចំនួន ២ដង ដើម្បីសាកសួរដំណើររឿង។
លោកបានអំពាវនាវឲ្យមន្ត្រីតុលាការខេត្តកំពង់ធំ ពន្លឿនការកាត់សេចក្តីលើសំណុំរឿងនេះឲ្យបានឆាប់ ដើម្បីឲ្យជនដៃដល់ និងសហចារី ត្រូវទទួលទោសតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ទាក់ទងអំពើហិង្សាដោយចេតនា មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ ការផ្ដន្ទាទោសនេះ ធ្ងន់ធ្ងរតាមមាត្រា ២១៨ ដោយដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលបើអំពើហិង្សានេះ ប្រព្រឹត្តឡើងដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ និងដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងអ្នកសមគំនិត៕
Wednesday, September 19, 2012
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment