Social Icons

Wednesday, August 22, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

រឿងសាមកុក ឬ នគរទាំង ៣ របស់ចិន

រឿង​សាមកុក​ប្រែសម្រួល​ដោយ​​ឧកញ៉ា​វិបុល​រាជសេនា នូ កន
 សៀវភៅ​រឿង​សាមកុក
​ប្រែសម្រួល​ដោយ​​ឧកញ៉ា​វិបុល​រាជសេនា នូ កន មាន ១០ ក្បាល ។
រឿង​សាមកុក​ជា​រឿង​រ៉ាវ​មួយ​ផ្នែក​កាល​ពី​ក្នុង​រវាង​ ខាង​ចុង​សតវត្សរ៍​ទី​ពីរ​និង​ខាង​ដើម​សតវត្សរ៍​ទី​បី​នៃ​គ្រិស្ត​សករាជ ។ កាល​ចាប់​ផ្ដើម​កើត​រឿង​ឡើង គេ​មិន​បាន​កត់​ត្រា​ជា​អក្សរ​ទុក​មក​តាំង​ពី​ដំបូង​ទេ គ្រាន់​តែ​ជា​រឿង​និយាយ​ដំណាល​តៗ​គ្នា​មក ។ ដល់​សម័យ​ត​មក​ក្រោយ​ទៀត ប្រជាជន​ជាតិ​ចិន​និយម​យក​រឿង​សាមកុក​នេះ​ទៅ​តែង​លេង​ល្ខោន​ដែល​យើង​ហៅ​ថា​ លេង​ហ៊ី ទើប ​នាំ​ឲ្យ​រឿង​សាមកុក​នេះ​សាយ​ភាយ​ចេញ​ទៅ មាន​អ្នក​ចេះ​ដឹង​រឿង​រ៉ាវ​នេះ​កាន់​តែ​ច្រើន​ឡើងៗ ទើប​អ្នក​ប្រាជ្ញ​ចិន​រួប​រួម​ចង​ក្រង​កត់​ត្រា​ទុក​ជា​អក្សរ​ត​មក ។ ដល់​សម័យ​ស្រុក​ចិន​ចេះ​ឆ្លាក់​ពុម្ព​អក្សរ​ហើយ គេ​បាន​បោះ​ពុម្ព​ផ្សាយ​រឿង​សាមកុក​នេះ​ជា​សៀវភៅ​ឡើង ជាដើម​ហេតុ​ឲ្យ​រឿង​សាម​កុក​សាយ​ភាយ​ទូទៅ​ក្នុង​ប្រទេស​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។ 
បើ​យើង​ពិគ្រោះ​មើល​សេចក្ដី​ផ្ទៃ​រឿង​នៃ​សាមកុក​នេះ នឹង​យល់​ថា អ្នក​និពន្ធ​រឿង​នេះ​មាន​បំណង​ចង់​ចង​ក្រង​ផ្ទៃ​រឿង​ឲ្យ​ទៅ​ជា​តម្រា​ សម្រាប់​សិក្សា​ខាង​ផ្លូវ​នយោបាយ​ស្រុក​ទេស​ផង ខាង​ផ្លូវ​កិច្ចកល​ក្នុង​សឹក​សង្គ្រាម​ផង ហើយ​តែង​បាន​ល្អ​ហូរហែ គួរ​ឲ្យ​សរសើរ​ដល់​គំនិត​និង​សេចក្ដី​ព្យាយាម​របស់​អ្នក​និពន្ធ​រឿង​សាមកុក​ នេះណាស់ ។ ហេតុ​នេះ​ហើយ​បាន​ជា​រឿង​សាមកុក​នេះ​បាន​ផ្សាយ​ចេញ​ក្រៅ មិន​ត្រឹម​តែ​ក្នុង​ស្រុក​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។
ចំពោះ​ប្រទេស​សៀម គេ​បាន​ប្រែ​រឿង​សាមកុក​ចេញ​ពីភាសា​ចិន​ជា​លើក​ដំបូង​កាលពី​ ព.ស. ២៣៤៥ ក្នុង​សម័យ​ដែល​មិន​ទាន់​មាន​រោង​ពុម្ព​សម្រាប់​បោះ​ពុម្ព​សៀវភៅ​ផ្សេងៗ​បាន ​ ហើយ​គេ​ក៏​បាន​ចាត់​ការ​បោះពុម្ព​រឿង​សាមកុក​នេះ​ផ្សាយ​ជា​ច្រើន​លើក​ដែរ ។ រឿង​សាមកុក​ដែល​គេ​បាន​ចាត់​បោះពុម្ព​លើក​ក្រោយ​បង្អស់​ក្នុង​ ព.ស. ២៤៧០ ប្រហែល​ជា​ច្បាប់​បោះពុម្ព​លើ​ក្រោយ​នេះ​​ហើយ​ដែល​ អ្នក​ឧកញ៉ា​វិបុលរាជសេនា “កន” តំណាង ​រាស្ត្រ បាន​ប្រែ​ចេញ​ជា​ខេមរភាសា​ចប់​សព្វ​គ្រប់ តែ​គ្មាន​ឱកាស​នឹង​បោះពុម្ព​ផ្សាយ​រឿង​នេះ​ត​មក​ជា​ច្រើន​ឆ្នាំ ។ ក្រោយ​បំផុត​លោក​បាន​យក​សំណៅ​ប្រែ​រឿង​សាមកុក​ទៅ​​ប្រគល់ឲ្យ​ពុទ្ធសាសន​ បណ្ឌិត្យ​ដើម្បី​ឲ្យ​ចាត់​ការ​បោះពុម្ព​ផ្សាយ​តាម​ត្រូវការ ។ 
ពុទ្ធសាសនបណ្ឌិត្យ បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ឧកញ៉ា​វិបុលរាជសេនា​(កន) ហើយ​សរសើរ​សេចក្ដី​ព្យាយាម​ដែល​បាន​ខំ​ខ្វល់​ខ្វាយ​ប្រែ​រឿង​ដ៏វែង​នេះ​ត្រា ​តែ​ចប់​សព្វ​គ្រប់ ។
File:China 5.jpg
Tập tin:Saam Gwok 262 CE.png
ផែនទីប្រទេសចិនសម័យនគរទាំង ៣ ឬ សម័យសាមកុក​ ឆ្នាំ ២៦២ នៃ គ. ស.
0  នគរ វុយ 
0  នគរ ចុក
0  នគរ ង៉
ឯ​ផ្ទៃ​រឿង​សាមកុក​នេះ បើ​សរុប​សេចក្ដី​ឲ្យ​ខ្លី​តាម​អត្ថាធិប្បាយ​របស់​ក្រុម​ព្រះ​ដាំរ៉ុង​រាជា នុភាព​អ្នក​ប្រាជ្ញ​ប្រវត្តិសាស្ត្រ​ជាតិ​ថៃ ដូច​មាន​សេចក្ដី​តទៅ​នេះ ៖
«​រឿង​សាមកុក​នេះ ចាប់​ផ្ដើម​មាន​រឿង​កើត​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​​ឡេន​តេ កាល​ពី​ ព.ស. ៧១១ (រវាង គ.ស. ១៥៨) ដែល​ជា​បឋម​ហេតុ​បណ្ដាល​ឲ្យ​រាជាណាចក្រ​ចិន​បែក​ខ្ញែក​ចេញ​ទៅ​ជា​បី​ភាគ ដែល​ចិន​ហៅ​ថា “សាមកុក” ។ ព្រះ​មហាក្សត្រ​ព្រះ​អង្គ​នេះ ឥត​សមត្ថភាព ទ្រង់​ជឿ​ស្ដាប់​ពាក្យ​ទូល​ញុះញង់​របស់​ពួក​ខន្ធី (ពួក​មនុស្ស​ប្រុស​កម្រៀវ​ក្នុង​ព្រះរាជ​សំណាក់) ពួក​មន្ត្រី​​តូច​ធំ​ក្នុង​ក្រុង​ក៏​​គ្មាន​អ្នក​ណា​មួយ​ខ្លាំង​ពូកែ ល្ម​ម​ជា​ទី​គោរព​កោត​ក្រែង​របស់​ជនទូទៅ ដរាប​ដល់​ទ្រង់​ទីវង្គត​ទៅ ។ ក្សត្រ​​ព្រះអង្គ​នេះ ទ្រង់​មាន​ព្រះរាជ​បុត្រ​២​ព្រះអង្គ ព្រះ​អង្គ​ច្បង​ព្រះ​នាម ហង់ជូពៀន ទ្រង់​ទទួល​គ្រង​រាជ្យ​ជា​តំណ​ព្រះរាជវង្ស តែ​ព្រះ​នាង ​ហូហៅ ជា​ព្រះ​វរជននី​ស្ដី​រាជការ​ផែន​ដី​ជំនួស ព្រោះ​ព្រះរាជបុត្រ​នៅ​កុមារ​ណាស់ ។ ព្រះរាជបុត្រ​ព្រះ​នាម ហង់ជូហៀប កំព្រា​ព្រះ​ជននី នាង តាំងថៃហ ជា​អយ្យិកា​ចិញ្ចឹម​តាំង​ពី​នៅ​ជា​ទារក ហើយ​ក៏​ខ្វល់ខ្វាយ​ចង់​ឲ្យ​ចៅ​បាន​រាជសម្បត្តិ​ទើប​នាង​ទាំង​ពីរ​ទៅ​ជា​អរិ​ នឹង​គ្នា ។ ក្រោយ​ព្រះ​បាទ​ ឡេនតេ ទីវង្គត​ទៅ​នោះ ហូជិន ជា​បង​ព្រះ​នាង​ ហូហៅ បាន​ធ្វើ​ជា​មន្ត្រី​ធំ​ក្នុង​ព្រះរាជវាំង ធ្វើ​កល​ឧបាយ​ឲ្យ​គេ​សម្លាប់​នាង​ ថៃហ ទៅ ហើយ​គិត​កំចាត់​ពួក​ខន្ធី​ចេញ​ទៀត ប៉ុន្តែ​ព្រះ​នាង​ ហូហៅ រារាំង​ការពារ​ពួក​ខន្ធី ។ ត​មក ហូជិន លប​មាន​ចុតហ្មាយ​សម្ងាត់​ទៅ​ដល់ តាំងតុះ ចៅ​ហ្វាយ​ស្រុក ឈីឡុង ឲ្យ​លើក​ទ័ព​ទៅ​បង្ក្រាប​ពួក​ខន្ធីៗ​បាន​ដឹង​រឿង​ ក៏​ធ្វើ​កល​ល្បួង​ឲ្យ ហូជិន ចូល​ទៅ​ក្នុង​វាំង ព្រួត​ដៃ​គ្នា​ចាប់​ ហូជិន សម្លាប់​ទៅ ។ ពួក​ខាង ហូជិន បាន ​ដឹង ខឹង​ណាស់​ក៏​នាំ​គ្នា​ដុត​ព្រះរាជវាំង ហើយ​លើក​គ្នា​ចូល​លុក​លុយ​កាប់​សម្លាប់​ពួក​ខន្ធី​ជា​ចលាចល ។ ក្សត្រ​គ្រង​រាជ្យ​ទ្រង់​គេច​រត់​ទៅ​ស្នាក់​នៅ​ទីដទៃ ។ ឯ​ តាំងតុះ កាល​បាន​ឱកាស​ជា​ប្រយោជន៍​ដល់​ខ្លួន ក៏​លើក​ទ័ព​ចូល​ក្រុង​បង្ក្រាប​ការ​ចលាចល​រាប​ទាប ​ហើយ​ទើប​ដក​ព្រះមហាក្សត្រ និង​ព្រះ​នាង​ ហូហៅ ជា​ព្រះ​វរជននី​ចេញ​ចាក​រាជសម្បត្តិ លើក​ ហង់ជូហៀប ជា​ព្រះ​អនុជ​ឡើង​គ្រង​រាជ្យ ទ្រង់​ព្រះនាម ព្រះ​បាទ​ហៀនតេ  តាំងតុះ ក៏​តាំង​ខ្លួន​ឯង​ជា “សៀងកុក” (តំណែង​អគ្គមហាសេនាបតី) សម្រេច​រាជការ​ផែនដី ។ កាល តាំងតុះ បាន​ឡើង​ជា​សៀងកុក​ហើយ ក៏​តាំង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផ្សេងៗ ពួក​មន្ត្រី​នៅ​ក្រុង គ្មាន​អ្នក​ណា​មួយ​អាច​កំចាត់​ តាំងតុះ ​ចេញ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ​នៅ​ខេត្ត​ក្រៅ​អស់​ជាច្រើន ។ ក្នុង​ចំណោម​ពួក​ដែល​រត់​ទៅ​នោះ មាន​មន្ត្រី​ពូកែ​ម្នាក់​ឈ្មោះ ចូឆូ បាន​បបួល​ចៅហ្វាយ​ស្រុក​ជា​ច្រើន​ស្រុក លើក​ទ័ព​ទៅ​បង្ក្រាប តាំងតុះ ប៉ុន្តែ ​ធ្វើ​ការ​មិន​សម្រេច ព្រោះ​មិន​រួម​សាមគ្គី​គ្នា ដោយ​ចៅហ្វាយ​ស្រុក​អស់​នោះ​គិត​តែ​ចង់​បាន​ប្រយោជន៍ និង​អំណាច​តែ​សព្វៗ​ខ្លួន ម៉្លោះ​ហើយ​ទៅ​ជា​ទាស់​ទែង​ច្បាំង​តែ​គ្នា​ឯង ។
ត​មក​មិន​យូរ​ប៉ុន្មាន អងអ៊ុន ជាមន្ត្រី​ធំ​នៅទីក្រុង​ក៏គិត​ធ្វើ​កល​ឧបាយ​កំចាត់​ តាំងតុះ ចេញ​បាន​សម្រេច ដោយ​យក​ស្ត្រី​រូប​ឆោម​ឆើត​ធ្វើ​ជានុយ ប៉ុន្តែ អងអ៊ុន មិន​អាច​ចាត់​ការ​ស្រុក​ទេស​ឲ្យ​រៀប​រយ​ទៅ​បាន ថែម​ទាំង​ក្សត្រ​ទ្រង់​រាជ្យ​ក៏​ឥត​មាន​សមត្ថភាព ទើប​ជា​ហេតុ​ឲ្យ​ពួក​របស់​ តាំងតុះ មាន លីឈុយ‑គុយគី ជាដើម ធ្វើ​ការ​សង​សឹក​សម្លាប់ អងអ៊ុន ទៅ​ទៀត ហើយ​បង្ខំ​ឲ្យ​ព្រះ​បាទ​ហៀនតេ តាំង​ពួក​ខ្លួន​ឲ្យ​ធ្វើ​ជា​ធំ​ក្នុង​ទីក្រុង ។ នៅ​ទី​បំផុត ពួក​នេះ​គិត​កំចាត់​ព្រះ​បាទ​ហៀនតេ ចេញ ទ្រង់​គេច​រត់​ចោល​ទីក្រុង​ទៅ ទ្រង់​បាន​សេចក្ដី​លំបាក​វេទនា​ជា​អនេក ហើយ​មាន​ព្រះរាជ​ឱង្ការ​ឲ្យ​ហៅ​ ចូឆូ ចូល​មក​ជួយ​ទំនុក​បម្រុង​ទ្រង់​ក្នុង​ឱកាស​នោះ ។ ចូឆូ លើក​ទ័ព​ចូល​ទៅ​បង្ក្រាប​ពួក​ក្បត់​បាន​រាបទាប​នៅ​ទីក្រុង ហើយ​បាន​ទទួល​តំណែង​ជា​សៀងកុក​សម្រេច​រាជការ​ផែន​ដី តែ​បណ្ដា​ខែត្រ​ក្រៅ​នៅ​តែ​បះបោរ​រឹង​ទទឹង​តាំង​ពី​កាល តាំងតុះ លីឈុយ‑គុយគី មក​នោះ ។ ឯ​ពួក​មន្ត្រី​ដែល​រត់​ចោល​ក្រុង​ទៅ​ក្នុង​សម័យ​ តាំងតុះ ក៏​បាន​ត្រឡប់​ចូល​មក​ទីក្រុង​វិញ ក្នុង​ពេល​ដែល​ ចូឆូ បាន​ធ្វើ​សៀង​កុក ដោយ​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​នឹង​ ចូឆូ ក៏​មាន ដែល​នៅ​ស្ងៀមៗ​ចាំ​មើល​បំណាំ​ក៏​មាន ដែល​នៅ​រឹង​ទទឹង​ក៏​នៅ​មាន ។
ឯ​ ចូឆូ នោះ ជា​មនុស្ស​មាន​សតិបញ្ញា​វាង​វៃ ជា​មេទ័ព​មាន​សតម្ថភាព​ជា​អ្នក​អាច​គ្រប់គ្រង​បង្គាប់​បញ្ជា​ខែត្រ​ក្រៅ​ នានា អាច​ធ្វើ​ឲ្យ​ទីក្រុង​មាន​អំណាច​ មាន​កម្លាំង​កើន​ចម្រើន​ឡើង​ជាង​កាល​ជាន់​មុន​នេះ ។ ប៉ុន្តែ ចូឆូ ច្រើន​ធ្វើ​ការ​តាម​តែ​ទំនើង​ចិត្ត​ខ្លួន ពួក​នាម៉ឺន​ដែល​មិន​មែន​ជា​បក្ខ​ពួក ចូឆូ ច្រើន​ស្អប់ គិត​កំចាត់​ចេញ តែ​គ្មាន​អ្នកណា​ហ៊ាន​កំចាត់​ចេញ​ទេ ព្រោះ​ពួក​នៅ​ក្រុង​ស្រឡាញ់ ចូឆូ ដោយ​ភាគ​ច្រើន ។ ចូឆូ ប្រើ​អំណាច​មុខ​ក្រសួង​ជ្រុល​ហួស​ពេក ជា​ហេតុ​ឲ្យ​ព្រះ​បាទ​ហៀនតេ ទ្រង់​ក្រំ​ព្រះទ័យ​យ៉ាង​ខ្លាំង ដល់​ទៅ​ទ្រង់​យក​ព្រះលោហិត​សរសេរ​ព្រះឱង្ការ​សម្ងាត់ ហៅ​រក​អ្នក​ស្វាមី​ភ័ក្ដិ​ឲ្យ​គិត​កំចាត់​ ចូឆូ ចេញ ។ ដំណឹង​នេះ​ផ្សាយ​ដល់​ខែត្រ​ក្រៅ បណ្ដា​ពួក​ចៅហ្វាយ​ស្រុក​ដែល​មាន​កម្លាំង មិន​មែន​ជា​បក្ខ​ពួក​ខាង ចូឆូ ក៏​យល់​ថា ចូឆូ ជា​សត្រូវ​នឹង​ផែនដី​ដូច​ជា​ តាំងតុះ ដែរ ទើប​នាំ​គ្នា​រឹង​ទទឹង​ឡើង ។ ឯ​ ចូឆូ ដែល​ប្រកាន់​សក្តិ​ខ្លួន​ជាសៀងកុក ក៏​យល់​ថា​ត្រូវ​តែ​បង្ក្រាប​ខែត្រ​ក្រៅ​ដែល​រឹង​ទទឹង​ជា​សត្រូវ​នឹង​ផែនដី ទើប​ជាហេតុ​ឲ្យ​កើត​ជា​ចម្បាំង​ឡើង ដោយ​ទាំង​សង​ខាង​អាង​ថា​ច្បាំង​បង្ក្រាប​ពួក​ក្បាត់​ផែនដី ។ ផល​នៃ​ការ​ច្បាំង​គ្នា​ជា​យូរ​អង្វែង​នោះ ប៉ែក​ខាង​កង​ទ័ព ចូឆូ ច្បាំង​បង្ក្រាប​ខែត្រ​ក្រៅ​បាន​ជា​ចំនួន​ច្រើន បង្កា្រប​មិន​បាន​តែ​បណ្ដា​ខែត្រ​ដែល​នៅ​ក្រោម​ឱវាទ ស៊ុនគួន និង ឡៅពី ប៉ុណ្ណោះ ។




ស៊ុនគួន ជា​ម្ចាស់​ស្រុក​កន្តាំង ជា​ខែត្រ​ធំៗ​តាំង​នៅទិស​ខាង​កើត ជា​អ្នក​គ្រប់​គ្រង​ស្រុក​ទេស​បាន​ល្អ​តាំង​នៅ​ក្នុង​សីលធម៌ មាន​មនុស្ស​និយម​រាប់​អាន​ច្រើន ត្រា​តែ​មាន​កម្លាំង​ខ្លាំង​ពូកែ​ឡើង​ច្រើន ។ ឯ ឡៅពី នោះ ដំបូង​ជា​មនុស្ស​អនាថា តែ​មាន​ត្រកូល​ខ្ពស់​ជាប់​សែស្រឡាយ​ក្នុង ​រាជវង្ស​ហ័ន ជា​អ្នក​មាន​អធ្យាស្រ័យ​ល្អ ហើយ​គាប់​ចួន​បាន​មនុស្ស​ពូកែ​មាន​ថ្វី​ដៃ​មក​ចូល​ធ្វើ​ជា​នាយ​ទាហាន​ច្រើន​ ​នាក់ ទើប​មាន​​កេរ្តិ៍​ឈ្មោះ​ល្បី​ឡើង ត​​មក​បាន​ ខុង មេង ជា​ទីប្រឹក្សា​ខាង​សឹក​សង្គ្រាម បាន​ណែនាំ​ឲ្យ​ចង​មិត្រ​នឹង​ ស៊ុន គួន ព្រួត​ដៃ​គ្នា​តស៊ូ​នឹង​ ចូ ឆូ ទើប​រក្សា​ខ្លួន​បាន​សុខ ហើយ​គាប់​ចួន​បាន​ខែត្រ​ សេ ឆួន តាំង​នៅ​ទិស​ខាង​លិច​ជា​បង្អែក ទើប​តាំង​លក្ខណ៍​ឋាន​បាន​មាំមួន ។ ឯ​ព្រះ​បាទ ​ហៀន តេ ជា​ព្រះ​មហាក្សត្រ​ប្រទេស​ចិន តែ​ព្រះ​នាម​ដូច​រួប​អ្នកតា តែ​ពង្សាវតារ​ចិន​នៅ​រាប់​ថា​ជា​ព្រះ​មហក្សត្រ​ប្រទេស​ចិន​ទាំង​មូល ។
លុះ ចូឆូ អនិច្ច​កម្ម​ទៅ ចូភី ជា​កូន​ចូឆូ​បាន​ទទួល​តំណែង​សៀងកុក​ជា​តំណ​ត​មក​ជំនួស​បិតា រួច​បាន​ដក​ព្រះបាទ ​ហៀន តេ ​ចេញ​ពី​រាជសម្បត្តិ ហើយ​ប្រកាស​តាំង​ខ្លួន​ឯង​ឡើង​ជា​ព្រះ​មហាក្សត្រ​ប្រទេស​ចិន​ ផ្លាស់​រាជវង្ស​ថ្មី​ហៅថា រាជរង្ស​វុយ កាល​ពី​ ព.ស. ៧៦៣ ។ ប៉ែក​ខាង​ ឡៅពី ក៏​បាន​តាំង​ខ្លួន​ជាក្សត្រ​ឡើង​ដែរ ចាត់​តាំង​រាជវង្ស​ហ័ន ឡើង​ថ្មី​ទៀត​នៅ​ខែត្រ​ដែន​សេឆួន ។ ខាង​ស៊ុនគួន មិន​ចង់​នៅ​ចំណុះ​ ចូភី ឡៅពី ក៏​តាំង​ជា​ឯករាជ្យ​ឡើង​នៅ​ខែត្រ​ដែន​កន្តាំង ។ តាំង​អំពី​កាល​ណោះ​មក ប្រទេស​ចិន​ទាំង​មូល​ក៏​បែក​ខ្ញែក​ចេញ​ជា​សាមកុក គឺ​បែក​ចេញ​ជា​បី​អាណាចក្រ​សឹង​មាន​ឥស្សរៈ​ដាច់​ដោយ​ឡែក​ពី​គ្នា ។ អាណា​ខែត្រ​របស់​ព្រះ​បាទ​ចូភី ហៅថា វុយកុក ។ អាណា​ខែត្រ​របស់​ឡៅពី​ហៅថា ចុកកុក ។ អាណា​ខែត្រ​របស់​ព្រះបាទ​ ស៊ុនគួន​ ហៅថា ង៉កុក ។ អំណឹះ​កាល​ត​មក កាល​អស់​បុណ្យ​ព្រះបាទ​ឡៅពី ចូភី ស៊ុនគួន ហើយ អ្នក​គ្រប់​គ្រង​ប្រទេស​ជា​តំណ​តមក ជា​​អ្នក​ឥត​សមត្ថភាព​ទាំង​បី​កុក ទើប ស៊ុម៉ាចៀវ ដែល​ជា​អ្នក​សម្រេច​រាជការ​ផែនដី​ខាង​ វុយកុក បង្ក្រាប​ចុកកុក​បាន​មុន រួច​ត​មក ស៊ុម៉ាអៀន បុត្រ​ ស៊ុម៉ាចៀវ​ ដណ្ដើម​រាជសម្បត្តិ​ វុយកុក ​បាន​ផ្លាស់​រាជវង្ស​ថ្មី​ហៅថា ​រាជវង្ស​ជិន ហើយ​បង្ក្រាប ​ង៉កុក​ បាន​មួយ​កុក​ទៀត ។ ទើប​មហា​អាណា​ចក្រ​ចិន​ត្រឡប់​ចូល​រួបរួម​គ្នា​មូល​តែ​មួយ​បាន​ឡើង​វិញ ចប់​រឿង​សាមកុក​ដោយ​សង្ខេប​ខ្លី​ត្រឹម​ប៉ុណ្ណោះ​» ។

File:Zhuge Liang.jpg
ជូកាឡៀង ឬ ខុងម៉េង (កើត៖ ១៨១ ស្លាប់៖ ២៣៤)
ជាទីប្រក្សា និង សេនាបតី របស់ព្រះបាទ ឡៅពី

នៃនគរចុក ។
សង្ខេប​រយៈ​សម័យ​ក្នុង​រឿង​សាមកុក​នេះ 
គឺ​សម័យ​រាជវង្ស​ហ័ន​រៀវរោយ 
ក្នុង​រជ្ជកាល​ព្រះបាទ​ឡេនតេ ២១ ឆ្នាំ 
ក្នុង​សម័យ​តាំងតុះ ក្នុង​រជ្ជកាល​ព្រះបាទ​ហៀនតេ ៣០ ​ឆ្នាំ 
សម័យ​សាមកុក ៦០​ ឆ្នាំ 
ប្រមូល​សម័យ​កាល​ក្នុង​រឿង​សាមកុក​នេះ​
ជា​រយៈ ១១១​ ឆ្នាំ ។
មើលខ្សែវីដឹអូរឿងសាមកុកបកប្រែភាសាខ្មែរដែលគេបានបបង្ហោះនៅលើយូធូបមាន

អាសយដ្ឋាន http://www.youtube.com/user/TKCAMBO

http://youtu.be/f5-WWYD2TGU


http://youtu.be/d3fo7w2x87g


http://youtu.be/MTXSWdEbZB0

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។