នៅឯខេត្តកំពង់ចាម មេឃុំរកាអារ និងសមាជិកឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម រងការចោទប្រកាន់ពីអ្នកភូមិថា បានយកត្រាក់ទ័រ និងឡានដឹកចំនួន៧គ្រឿង ទៅកាយដីស្រែអ្នកភូមិរាល់ថ្ងៃ ដើម្បីយកអាចម៍ដីលក់ទៅឲ្យក្រុមឈ្មួញ។
ការចោទប្រកាន់នេះ ត្រូវបានមេឃុំច្រានចោល ហើយថាមិនមែនអាជ្ញាធរឃុំទេរំលោភដីអ្នកភូមិនោះ គឺអ្នកភូមិទេ ជាអ្នករំលោភលើដីបម្រុងទុករបស់ឃុំ ធ្វើជាកម្មសិទ្ធិឯកជន។
អ្នកភូមិជិត១០គ្រួសារ នៅភូមិព្រែកលើទី១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ចោទប្រកាន់មេឃុំរកាអារ និងសមាជិកក្រុមប្រឹក្សាឃុំម្នាក់ នៅថ្ងៃទី២០ ខែសីហា ថាបានឃុបឃិតជាមួយឈ្មួញជីកដីស្រែជាកម្មសិទ្ធិអ្នកភូមិ ដើម្បីយកអាចម៍ដីលក់។
ការចោទប្រកាន់នេះ ធ្វើឡើងនៅបន្ទាប់ពីមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ និងបក្ខពួកជាច្រើននាក់ទៀត បានយកត្រាក់ទ័រ និងឡានដឹកដីចំនួន៧គ្រឿង ទៅឈូសកាយដីស្រែអ្នកភូមិយកអាចម៍ដី តាំងពីថ្ងៃទី៩ ខែសីហា។ សកម្មភាពឈូសឆាយនេះនៅតែបន្ត បើទោះបីជាមានការស្នើសុំជាច្រើនលើកពីម្ចាស់ដីស្រែ ឲ្យបញ្ឈប់ការឈូសឆាយក៏ដោយ។
អ្នកភូមិព្រែកលើកទី១ លោក ស៊ុន ស៊ាប ឲ្យដឹងនៅថ្ងៃទី២០ ខែសីហា ថា មេឃុំរកាអារ ឈ្មោះ ឡាយ អ៊ាង និងសមាជិកក្រុមប្រឹក្សាឃុំម្នាក់ឈ្មោះ ចាប នីន បានឈូសឆាយដីស្រែរបស់លោក កាយយកអាចម៍ដីដោយគ្មានបានជូនដំណឹង ឬចេញថ្លៃសំណងខូចខាតនោះទេ។
លោកបន្តថា ដីស្រែរបស់គាត់ទំហំជិត១ហិកតារ គាត់បានកាន់កាប់តាំងពីឆ្នាំ១៩៨៥ ហើយសព្វថ្ងៃកំពុងបង្កបង្កើនផល ស្រាប់តែអាជ្ញាធរឃុំ និងបក្ខពួកជាច្រើននាក់ទៀត បានយកត្រាក់ទ័រឈូសឆាយ ដោយប្រាប់ថា យកអាចម៍ដីទាំងនោះទៅធ្វើផ្លូវថ្នល់បម្រើសាធារណៈ៖ «ចង់ឲ្យជីកដីដាក់វិញ ព្រោះដីខ្ញុំធ្វើស្រែ»។
លោក ស៊ុន សុភ័ក្រ អ្នកភូមិម្នាក់ទៀត ឲ្យដឹងថា ដីស្រែរបស់ម្តាយគាត់ឈ្មោះ ប៊ុន ធុយ ទំហំ៧០អា ក៏ត្រូវមេឃុំ និងសមាជិកឃុំ យកត្រាក់ទ័រទៅឈូសឆាយផងដែរ។ លោកបន្តថា អាជ្ញាធរឃុំបានជីកយកអាចម៍ដីលើដីស្រែអ្នកភូមិរាល់ថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកភូមិ៦គ្រួសារ ហើយមានពេលខ្លះជីកយកដីរហូត៨០ឡាន ក្នុងមួយថ្ងៃក៏មាន។ លោកបញ្ជាក់ថា ការជីកយកអាចម៍ដីនេះ មិនមែនយកតែធ្វើថ្នល់ប៉ុណ្ណោះទេ អាជ្ញាធរឃុំក៏បានលួចយកទៅចាក់បំពេញដីឡូត៍ឯកជនផងដែរ ដែលនេះជាទង្វើខុសច្បាប់៖ «ជីកក្នុងដីស្រែរបស់ម្តាយខ្ញុំ ហើយជីកលើកទី១ បាន២ឡាន ខ្ញុំឃាត់ក៏ឈប់ទៅ។ ជីកលើកទី២ បាន៨០ឡាន ជីកឲ្យឯកជនដែរ»។
អ្នកភូមិព្រែកលើកទី១ គ្រោងដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តកំពង់ចាម ដើម្បីស្នើសុំឲ្យតុលាការចេញដីការក្សាការពារដីស្រែរបស់ពួកគាត់ និងស្នើសុំឲ្យអាជ្ញាធរបញ្ឈប់ការឈូសឆាយដីអ្នកភូមិទៀត។
ជុំវិញការចោទប្រកាន់នេះ មេឃុំរកាអារ លោក ឡាយ អ៊ាង បានបដិសេធថា គាត់មិនបានយកអាចម៍ដីទៅលក់ឲ្យក្រុមឈ្មួញ ដូចការចោទប្រកាន់របស់អ្នកភូមិនោះទេ។ លោកបញ្ជាក់ថា តាមពិតអ្នកភូមិជាអ្នករំលោភយកដីបម្រុងរបស់ឃុំ យកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
លោកបន្តថា អាជ្ញាធរឃុំជីកយកដីបម្រុងរបស់ឃុំ ដើម្បីយកមកទប់ធ្វើជាទំនប់កម្ពស់៥ម៉ែត្រ និងប្រវែងជាង៦គីឡូម៉ែត្រ ដើម្បីត្រៀមទប់ទឹកជំនន់ក្នុងឆ្នាំនេះ តាមបទបញ្ជារបស់រដ្ឋាភិបាល៖ «ដីហ្នឹង អត់មានយកទៅលក់ដូរអីទេ ដីហ្នឹង យកមកបម្រើសាធារណៈ ភូមិ-ឃុំ ទូទាំងភូមិ-ឃុំហ្នឹង ធ្វើផ្លូវថ្នល់ និងទំនប់ការពារទឹកជំនន់ ហើយធ្វើឲ្យទាន់ទឹកឡើងនេះ»។
លោកបន្តថា តុលាការខេត្តកំពង់ចាម បានចេញដីការក្សាការពាររួចហើយ កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅ ដើម្បីទុកដីនៅភូមិព្រែកលើទី១ នោះ ជាដីបម្រុងរបស់រដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន។ អាជ្ញាធរឃុំក៏មានផែនការកាយជីកយកអាចម៍ដីបន្ថែមទៀត ដើម្បីធ្វើផ្លូវនៅឆ្នាំក្រោយ។
អ្នកសម្របសម្រួលអង្គការអាដហុក (Adhoc) ខេត្តកំពង់ចាម លោក នាង សុវ៉ាត ឲ្យដឹងថា ដីទំនាស់នោះជាដីសាធារណៈឯកជនរបស់រដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរឃុំ តែកន្លងមកអាជ្ញាធរមិនបានគ្រប់គ្រងឲ្យច្បាស់លាស់នោះទេ ដោយបណ្តោយឲ្យអ្នកភូមិទៅធ្វើស្រែចម្ការនៅតំបន់នោះ អស់រយៈពេលជាច្រើនឆ្នាំ។ លោកបន្តថា កង្វះខាតក្នុងការគ្រប់គ្រង និងការគ្មានព័ត៌មានច្បាស់ និងបិទផ្សាយជាសាធារណៈ ស្ដីពីតំបន់ហាមឃាត់ ឬដីសាធារណៈឯកជនរបស់រដ្ឋ បង្កឲ្យមានជម្លោះជារឿយៗ នៅគ្រាដែលអាជ្ញាធរត្រូវការដីទាំងនោះមកប្រើការ ខណៈដែលអ្នកភូមិបានបង្កបង្កើនផលនៅតំបន់នោះជាច្រើនឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Home
» khmernationalist
» ពលរដ្ឋនៅកំពង់ចាម ចោទអាជ្ញាធរថាជីកដីស្រែអ្នកភូមិយកអាចម៍ដីទៅលក់
Tuesday, August 21, 2012Print PDF
ពលរដ្ឋនៅកំពង់ចាម ចោទអាជ្ញាធរថាជីកដីស្រែអ្នកភូមិយកអាចម៍ដីទៅលក់
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment