ភ្នំពេញៈ ព្រោះតែការងប់ងុលនឹងល្បែង ដែលកំពុង ចាក់ស្រេះស្ទើរគ្រប់កន្លែង នៅក្នុងប្រទេសកម្ពុជានោះ ធ្វើឲ្យមន្រ្តីយោធាម្នាក់ចាញ់អស់ទ្រព្យសម្បត្តិ រហូតប្រពន្ធ សុំលែងចោល ហើយចុងក្រោយស្ទើរតែក្លាយជាមនុស្ស សរសៃប្រសាទនោះ បានដាច់ចិត្តលើកកាំបិតអារកកូនប្រុសជាទីស្រឡាញ់របស់ខ្លួន ពីរនាក់ ឲ្យដេកស្លាប់ ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័មបំផុត ហើយព្យាយាមធ្វើអត្តឃាតខ្លួនឯងតាមក្រោយ តែត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា។
ហេតុការណ៍ដ៏សែនសង្វេគនេះ បានកើតឡើងកាលពីវេលា ម៉ោង៧ និង៣០នាទីថ្ងៃទី២៨ ខែសីហាឆ្នាំ២០១២ ស្ថិតនៅភូមិព្រៃខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាកូនទី១. ឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ ៧ឆ្នាំ និង ទី២. ឈ្មោះ កែវ តារ៉ា ភេទប្រុស អាយុ ៣ឆ្នាំ ចំណែកឪពុកជាជនដៃដល់មានឈ្មោះ កែវ ឡាដាំង អាយុ ៣៧ឆ្នាំ មានមុខរបរជាមន្រ្តីយោធា រស់នៅផ្ទះលេខ១៥អី ក្នុងបូរីប៊ុនហ៊ួ ក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ក្រោយពេល អារកសម្លាប់កូនប្រុសទាំងពីរហើយនោះ ឪពុកចិត្តសហាវព្រៃផ្សៃរូបនេះ បានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងដែរ ប៉ុន្តែ ត្រូវបានអ្នកជិតខាងជួយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតទាន់ពេលវេលា។
បើតាមការបំភ្លឺរបស់ជីដូនកេ្មងរងគ្រោះប្រាប់នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុម៉ោងប្រហែលជា១យប់ កូនប្រុសរបស់គាត់មកដាស់គាត់ចូលដេក ហើយគាត់បើកទ្វារឲ្យពេលនោះកូនប្រុសរបស់គាត់បានប្រាប់ថា គេ មកពីលេងល្បែងស៊ីសងចាញ់អស់ម៉ូតូវីវ៉ាមួយគ្រឿង ដោយគាត់ពុំចាំស្លាកលេខនោះទេ រួចគេបានសួររកកូនប្រុស ទាំងពីររបស់គេ ហើយក៏នាំយកទៅដេកនៅជាមួយក្នុងបន្ទប់បាត់ទៅ។ លុះដល់ពេលភ្លឺឡើង ពេលគាត់ដាំបាយ រួចហើយ ដើរទៅគោះទ្វារហៅកូន និងចៅៗមកញុំបាយ ស្រាប់តែទ្វារជាប់គន្លឹះ ពេលនោះគាត់ហៅកូនឲ្យបើក ទ្វារតែមិនឮឆ្លើយតប គាត់ក៏ប្រឹងរុញទ្វាររហូតរបើក។ ពេលគាត់ចូលទៅស្រាប់តែឃើញចៅៗរបស់គាត់ទាំងពីរ ស្លាប់បាត់ទៅហើយនៅលើគ្រែ រីឯរូបគេក៏ព្យាយាមសម្លាប់ខ្លួនគេដែរ ហើយគាត់បានហៅប្តីរបស់គាត់ឲ្យជួយ ទើបមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងក៏ប្តឹងនគរបាលឲ្យចុះជួយអន្តរាគមន៍តែម្តង ។
ប្រភពក្រៅផ្លូវការមួយបានឲ្យដឹងថា ជនដៃដល់ និងប្រពន្ធ បានលែងលះគ្នាកាលពីអំឡុងចូលឆ្នាំខ្មែរ ដោយសារ តែរឿងលេងល្បែងស៊ីសង ចំណែកឯប្រពន្ធវិញ បានទៅរស់នៅឯស្រុកកំណើតក្នុងភូមិរកាកោង។ រីឯជនសង្ស័យ បាននាំកូនប្រុសទាំងពីរនាក់ មករស់នៅជាមួយជីដូនក្នុងភូមិ-សង្កាត់កើតហេតុ។
ជាមួយគ្នានេះ បើប្រភពពីអ្នកជិតខាងក៏បានឲ្យដឹងផងដែរថា នៅមុនពេលកើតមានរឿងដ៏សែនសង្វេគខាងលើ នេះ គឺបុរសចិត្តកំណាចជាឪពុក បានទូរស័ព្ទទៅប្រាប់ភរិយារបស់ខ្លួនថា «ប្តី និងកូនសុំលានអូនជារៀងរហូត ហើយ»។ ទោះបីជាយ៉ាងណា ក៏មិនទាន់មានប្រភពណាមួយបញ្ជាក់ឲ្យបានច្បាស់ថា ការឈានទៅដល់ឃាតកម្ម ដ៏សែនប្រៃផ្សៃជាងសត្វធាតុនេះ បណ្តាលមកពីមូលអ្វីនោះទេ។តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ច ដែលចុះទៅពិនិត្យកន្លែងកើតហេតុ បានឲ្យដឹងថា តាមការពិនិត្យក្មេងប្រុសទាំងពីរនាក់ ស្លាប់ដោយសារតែឪពុកច្របាច់ក មិនមែនអារកនោះទេ៕
0 comments:
Post a Comment