ជា ឡេង៖ ម៊ឹក ដារ៉ា ត្រូវចាប់ខ្លួនដោយសារជម្លោះផ្ទៃក្នុង
លោក ម៉ឹក ដារ៉ា (នៅមុខ) និងលោក ជា ឡេង (បន្ទាប់) នៅឯសាលាឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ រូបថត ហុង មិនា
ភ្នំពេញៈ លោក ជា ឡេង អតីតនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ
បានថ្លែងប្រាប់តុលាការកាលពីម្សិលមិញថា ការចាប់ខ្លួនលោក ម៉ឹក ដារ៉ា និងរូបលោកផ្ទាល់ គឺបណ្តាលមកពីជម្លោះដ៏រ៉ាំរ៉ៃរវាងលោក ម៉ឹក ដារ៉ា អតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយកមន្ទីរប្រឆាំងនិងពិសោធន៍គ្រឿងញៀន នៃក្រសួងមហាផ្ទៃជាមួយនឹងលោក ខៀវ សាម៉ន ដែលជាអនុប្រធាន បច្ចុប្បន្ននេះ លោកជាប្រធានថ្មី នៃមន្ទីរប្រឆាំងនិងពិសោធន៍គ្រឿងញៀន។នៅក្នុងសវនាការកាលពី ព្រឹកម្សិលមិញ លោក ជា ឡេង បានថ្លែងប្រាប់តុលាការថា ៖ «នរណាក៏ដឹងដែរថា លោកនាយក ម៉ឹក ដារ៉ា និងលោកនាយក ខៀវ សាម៉ន ពួកគាត់ឈ្លោះគ្នាជាយូរមកហើយពាក់ព័ន្ធនឹងបញ្ហាតួនាទី និងតំណែងការងារ។ ខ្ញុំគិតថា ការដួលរលំរបស់លោកម៉ឹក ដារ៉ា ការចាប់រូបគាត់ ក៏ដូចជាការចាប់ខ្លួនខ្ញុំនេះ គឺបណ្តាលមកពីជម្លោះដ៏រ៉ាំរ៉ៃរបស់អ្នកទាំងពីរ»។ លោកបានបន្ត ថា ៖ «ពីព្រោះបន្ទាប់ពីការដួលរលំរបស់ ម៉ឹក ដារ៉ា និងការចាប់ខ្លួនគាត់ លោក ខៀវ សាម៉ន បានឡើងជាប្រធានជំនួស ហើយមន្រ្តីភាគច្រើននៅក្រោមឱវាទ ត្រូវបានដំឡើងស័ក្តិពីស័ក្តិមួយរហូតដល់ស័ក្តិបួន»។ លោក ជា ឡេង បានថ្លែងប្រាប់តុលាការថា ក្នុងមន្ទីរប្រឆាំងគ្រឿងញៀន គឺមានពីរបក្ស គឺបក្ស ម៉ឹក ដារ៉ា និងបក្ស ខៀវ សាម៉ន ហើយបន្ទាប់ពីការដួលរលំរបស់ ម៉ឹក ដារ៉ា សាក្សីទាំងអស់ ដែលជាមន្រ្តីនគរបាល នៅក្នុងមន្ទីរដែលមកធ្វើសាក្សីឲ្យគាត់(ជាឡេង)និង ម៉ឹក ដារ៉ា បានទទួលរងសម្ពាធ និងបង្ខំឲ្យធ្វើរបាយការណ៍ទម្លាក់កំហុសមកលើពួកគាត់ទាំងពីរ។ លោកនិយាយ ទាំងក្តុកក្តួលនិងយំផងថា៖ «ខ្ញុំអាក់អន់ចិត្តខ្លាំងណាស់ចំពោះជីវិតរបស់ខ្ញុំ ខ្ញុំបានខិតខំធ្វើការងារយ៉ាងខ្លាំង និងបូជាជីវិត សម្រាប់ការងាររបស់ខ្ញុំ ក្នុងគោលបំណងដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀននៅក្នុងប្រទេស របស់ខ្ញុំ តែនៅទីបញ្ចប់រូបខ្ញុំត្រូវបានគេទម្លាក់កំហុស ចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ យ៉ាងអយុតិ្តធម៌។ នេះជារឿងដ៏អយុត្តិធម៌ណាស់សម្រាប់ខ្ញុំ»។ លោកបញ្ជាក់ថា ចាប់តាំងពីលោកត្រូវចាប់ខ្លួន និងជាប់ពន្ធនាគាររហូតមកទល់ពេលនេះ ពុំមានអតីតមន្រ្តីក្រោមឱវាទណាម្នាក់ ហ៊ានមកសួរសុខទុក្ខឬធ្វើសាក្សីឲ្យលោកឡើយ។ ទាក់ទងនឹងការ ចោទប្រកាន់របស់លោក ជា ឡេង នេះ លោក ខៀវ សាម៉ន ដែលជាប្រធានថ្មីនៃមន្ទីរប្រឆាំងនិងពិសោធន៍គ្រឿងញៀន មិនធ្វើអត្ថាធិប្បាយទេ នៅពេលសាកសួរដោយភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ។ លោក ខៀវ សាម៉ន បានថ្លែងតាមទូរស័ព្ទកាលពីម្សិលមិញថា៖ «ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយចំពោះករណីនេះ»។ សម្រាប់សវនាការ កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានបន្តសវនាការឧទ្ធរណ៍របស់លោក ម៉ឹក ដារ៉ា និង ជា ឡេង នៅក្នុងអង្គហេតុទី៦ ដែលពាក់ព័ន្ធនឹងការក្លែងសំណុំរឿងនិងដោះលែងឧក្រិដ្ឋជន គ្រឿងញៀនបីនាក់ជាថ្នូរនឹងសំណូក ពីឆ្នាំ២០០៩ នៅក្នុងរាជធានីភ្នំពេញ។ លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បានអានសំណុំរឿង ក្នុងអង្គហេតុទី៦នោះថា កាលពីថ្ងៃទី១៨ ខែមីនា ២០០៩ លោក ជា ឡេង បានដឹកនាំកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរបស់គាត់ចុះបង្រ្កាប ករណី ជួញដូរគ្រឿងញៀនដ៏ធំមួយនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចនគរបាល បានចាប់ខ្លួនជនសង្ស័យគ្រឿងញៀន៣នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ផង និងរឹបអូសបានគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន៣សុងធំ អាវុធអាកា-៤៧ មួយដើម កាំភ្លើងខ្លី កា‑៥៧ និងប្រាក់ដុល្លារក្លែងក្លាយចំនួន៥ម៉ឺនសន្លឹក។ លោកបានបន្ត ថា បន្ទាប់ពីការបង្ក្រាបនៅស្ថានីយប្រេងឥន្ធនៈកាល់តិចលោក ជា ឡេង បានបន្តទៅឆែកឆេរផ្ទះរបស់មេខ្លោងគ្រឿងញៀនម្នាក់ឈ្មោះ វង់ សុផន ដែលស្ថិតនៅក្នុងខណ្ឌទួលគោក និងចាប់ខ្លួនមនុស្សបីនាក់ទៀត និងគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន ១០ សុងធំទៀត។ លោកចៅក្រមបន្ត ថា៖«បន្ទាប់ពីការចាប់ខ្លួនពួកគេ លោក ជា ឡេង បានកែឯកសារដើម្បីបញ្ជូនជនល្មើសទៅតុលាការ ក៏ប៉ុន្តែបានបញ្ជូនមនុស្សទៅតុលាការតែបីនាក់ប៉ុណ្ណោះ ហើយបានដោះលែងមនុស្សបីនាក់ទៀតជាថ្នូរនឹងប្រាក់សំណូក តាមរយៈការបញ្ជូនទៅអប់រំនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាមួយ នៅរាជធានីភ្នំពេញ»។ លោកចៅក្រមបន្តថា៖ «ក្រៅអំពីការមិនបញ្ជូនជនសង្ស័យទាំង៣ទៅតុលាការ ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់ លោក ជា ឡេង ក៏មិនបញ្ជូនកាំភ្លើងនិងវត្ថុតាងផ្សេងៗទៀត ដែលរឹបអូសបានទៅតុលាការដែរ»។ លោក ចាយ ច័ន្ទតារាវណ្ណ ថ្លែងទៀតថា នៅក្នុងអង្គហេតុទី៦ នេះ លោក ម៉ឹក ដារ៉ា ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយជាឡេងក្នុងការកែសំណុំរឿង និងចុះហត្ថលេខាលើសំណុំរឿងក្លែងក្លាយផ្ញើជូនទៅតុលាការ។ លោកចៅក្រម មានប្រសាសន៍ថា៖ «ម៉ឹក ដារ៉ា បានឃុបឃិតជាមួយ ជា ឡេង ដើម្បីកែសំណុំរឿងជនល្មើសជាថ្នូរនឹងសំណូកនិងផលប្រយោជន៍ ផ្ទាល់ខ្លួន។ គាត់បានចុះហត្ថលេខាលើសំណុំរឿងក្លែងក្លាយដើម្បីបញ្ជូនទៅ តុលាការ»។ ទាក់ទងនឹងការចោទប្រកាន់នេះ លោក ជា ឡេង បានច្រានចោលការចោទប្រកាន់ទាំងមូល ហើយថ្លែងថា លោកមិនបានប្រព្រឹត្តការក្លែងសំណុំរឿងឬដោះលែងជនល្មើសដូចការ ចោទប្រកាន់ទេ។ លោក ជា ឡេង បានបញ្ជាក់ថា មូលហេតុដែលលោកមិនបានបញ្ជូនជនសង្ស័យទាំង៣ទៅតុលាការ ដើម្បីចោទប្រកាន់ទៅតាមច្បាប់នោះ ពីព្រោះពួកគេមិនមែនជនជួញដូរគ្រឿងញៀន តែពួកគេគឺជាជនរងគ្រោះនៃការប្រើប្រាស់គ្រឿងញៀន ដែលត្រូវបានចាញ់ឧបាយកលជនល្មើសគ្រឿងញៀនទាំង៣ដែលត្រូវបញ្ជូន ទៅតុលាការនោះ។ លោក ជា ឡេង បានបន្ថែមថា ការដែលលោកបញ្ជូនជនប្រើប្រាស់គ្រឿងញៀនទាំង៣នាក់ ទៅមជ្ឈមណ្ឌលស្តារនីតិសម្បទា នោះក៏មានការឯកភាពពីព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។ ទាក់ទងនឹងការមិនបញ្ជូនកាំភ្លើងទៅតុលាការលោក ជា ឡេង បានពន្យល់ថា ៖ «ហេតុដែលខ្ញុំមិនបញ្ជូនកាំភ្លើងដែលរឹបអូសបានទៅតុលាការ ដោយសារតែអង្គភាពយើងខ្វះកាំភ្លើងប្រើ។ យើងត្រូវការវា ដើម្បីប្រើប្រាស់នៅក្នុងអង្គភាព ប៉ុន្តែ នឹងបញ្ជូនទៅតុលាការនៅពេលដំណើរការសវនាការកាត់ទោសជនល្មើសធ្វើ ឡើងដើម្បីទុកជាភស្តុតាង»។ សវនាការឧទ្ធរណ៍របស់លោកម៉ឹក ដារ៉ា និងជា ឡេង នឹងធ្វើនៅព្រឹកថ្ងៃសុក្រនេះបន្តទៀត៕ PS
0 comments:
Post a Comment