2012-08-18
Radio Free Asia
ក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សបានចាត់ទុកករណីសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅសកម្មជនការពារសិទ្ធិមនុស្ស ថាជាការបំបិទសិទ្ធិសេរីភាព និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
Accusations against Chan Soveth constitute freedom restriction and serious threatsមន្ត្រីអង្គការសង្គមស៊ីវិលជាង២០បាននាំគ្នារិះគន់ថា ដីកាកោះហៅ លោក ចាន់ សុវ៉េត បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសន្ទរកថាជាសាធារណៈនោះ។
ក្រុមអ្នកច្បាប់ និងមន្ត្រីអង្គការផ្នែកសិទ្ធិមនុស្សអះអាងថា ការចោទប្រកាន់លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតនៃសមាគមអាដហុក គឺជារឿងនយោបាយ ពីព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វីរៈ បានចេញដីកាកោះហៅលោក ចាន់ សុវ៉េត ឲ្យចូលខ្លួននៅថ្ងៃទី២៤ សីហា ទាក់ទងទៅនឹងការចោទប្រកាន់ពីបទ ការផ្ដល់ជំនួយដល់ចារី ឬផ្តល់ជំនួយដល់អ្នកប្រព្រឹត្តបទល្មើសតាមមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស៊ីស៊ីអេកអរ (C.C.H.R) លោក អ៊ូ វីរៈ បានរិះគន់ថា ការចោទប្រកាន់លោក ចាន់ សុវ៉េត គឺជារឿងនយោបាយ ជាការគាបសង្កត់ទៅលើសិទ្ធិសេរីភាពការងារសិទ្ធិមនុស្ស ដែលអាចឲ្យតុលាការដែលមិនអាចបញ្ចេញតួនាទីបានដោយឯករាជ្យ។
លោក អ៊ូ វីរៈ៖ «យើងសង្ឃឹមថាតុលាការនឹងធ្វើការឯករាជ្យ។ បើសិនជាតុលាការឯករាជ្យប្រហែលជាមិនបានឈានដល់ការកោះហៅទេ។ ការកោះហៅនេះ ជាការឆ្លើយតបទៅលើការអំពាវនាវដោយលោក ហ៊ុន សែន ប៉ុន្មានថ្ងៃមុន។ ដូច្នេះយើងដឹងថា តុលាការធ្វើការអត់ឯករាជ្យទេ។ អ៊ីចឹង បើតុលាការធ្វើការឯករាជ្យ ហើយមើលទៅតាមតួនាទី តាមកាតព្វកិច្ចរបស់ប្រទេសខ្មែរយើងទៅលើច្បាប់អន្តរជាតិ គេធ្វើការការពារសិទ្ធិមនុស្សដូចលោក ចាន់ សុវ៉េត ដូច្នេះ មិនគួរមានការចោទប្រកាន់អ៊ីចឹងទេ»។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ សីហា បានសរសេរថា ការកោះហៅនេះ គឺបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់ ឲ្យចេញមកសារភាពនូវទង្វើរបស់ខ្លួនក្នុងការផ្ដល់ជំនួយដល់អ្នកភូមិខេត្តក្រចេះ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលចំពោះរបាយការណ៍នេះ។
លោក កែវ រ៉េមី អ្នកនាំពាក្យរដ្ឋាភិបាល បានច្រានចោលចំពោះការចេញសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនេះ។ លោកថា ការចេញសេចក្ដីថ្លែងការណ៍បែបនេះ គឺជាការដាក់សំពាធទៅលើតុលាការទៅវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ សីហា បានថ្លែងចោទដោយប្រយោលទៅលើមន្ត្រីសង្គមស៊ីវិលឲ្យចូលខ្លួនមកបំភ្លឺនៅតុលាការ៖ «ប្រាំពីរនាក់ដែលមកទទួលបទបញ្ជាចេញប្រាំមួយហើយ រាប់ទាំងអ្នកមួយទៅដល់ថៃនោះ ហើយអ្នកដែលមុនចេញទៅថៃនោះ មកនៅដូចដែលខ្ញុំប៉ាន់ស្មានអ៊ីចឹង មកនៅផ្ទះមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយ នៅភ្នំពេញអស់២យប់ ហើយបានលុយ៣០ម៉ឺនរៀលចេញតាមឡាវទៅប្រទេសថៃ។ ដូចហៅសួរនៅ? អត់ទាន់ហៅសួរទេ? អត់ទាន់ហៅសួរ ដឹងខ្លួនហើយអត់ទាន់ដឹងខ្លួន។ កន្លែងនេះកន្លែងនោះក្នុងហ្នឹងមានទាំងអ៊ិន.ជី.អូ (NGO) ខ្លះ សុំចេញមក អាហ្នឹងខ្ញុំជូនសារមួយហើយ។ រកមេធាវីឲ្យខ្លាំងដើម្បីមកតទល់។ ហើយខ្ញុំក៏មិនមែនតុលាការដែរ ក្នុងតួអង្គរដ្ឋ គឺស្ថាប័នជំនាញមានសិទ្ធិធ្វើកិច្ចការងារដែលទាក់ទងទៅនឹងសន្តិសុខជាតិ»។
យ៉ាងណាក៏ដោយ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក បានអះអាងថា លោកមានការព្រួយបារម្ភចំពោះការចោទប្រកាន់លើរូបលោក។ លោកបន្តថា ការងារដែលលោកបានធ្វើកន្លងមក ក៏មិនខុសពីអង្គការសង្គមស៊ីវិលដទៃទៀតដែរ ដូចជាការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បញ្ហាវិវាទដីធ្លី និងផ្ដល់ការប្រឹក្សាយោបល់ និងជំនួយផ្នែកច្បាប់ដល់ពលរដ្ឋរងគ្រោះទាំងនោះ។
ការកោះហៅរូបលោកនេះ គឺសង្កេតឃើញថា តុលាការហាក់ដូចជាមិនបានអនុវត្តនីតិវិធីឲ្យបានត្រឹមត្រូវនៅឡើយ។
សកម្មជនសិទ្ធិមនុស្ស និងដីធ្លីរូបនេះ ត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធនឹងការផ្ដល់ជំនួយដល់ជនត្រូវចោទក្នុងចលនាបង្កើតតំបន់អបគមន៍ ដើម្បីបង្កើតរដ្ឋក្នុងរដ្ឋនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ លើទីតាំងដីសម្បទានទំហំ១.៥០០ហិកតារ។
កាលពីថ្ងៃទី១៦ ខែឧសភា កងកម្លាំងចម្រុះរាប់រយនាក់ បានចុះបង្ក្រាប និងបណ្ដេញប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួសារ ដែលកំពុងរស់នៅលើដីក្នុងតំបន់សម្បទាន នៅភូមិប្រម៉ា ដែលរដ្ឋាភិបាលចាត់ទុកថាជាក្រុមបង្កើតតំបន់អបគមន៍។ បញ្ហានេះបាននាំឲ្យអាជ្ញាធរបាញ់ប្រហារទៅលើក្រុមប្រជាពលរដ្ឋ បណ្ដាលឲ្យកុមារីអាយុ១៤ឆ្នាំម្នាក់ ឈ្មោះ ហេង ចន្ថា បានស្លាប់ភ្លាម។ ក្នុងហេតុការណ៍នោះដែរ តុលាការបានចេញដីកាចាប់ខ្លួនមនុស្សចំនួន៥នាក់ ដែលគេចាត់ទុកថាជាមេដឹកនាំបង្កើតតំបន់អបគមន៍។
មន្ត្រីសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ បានរិះគន់ចំពោះទង្វើបាញ់ប្រហារនេះ និងបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ថ្កោលទោសរដ្ឋាភិបាល ហើយថាប្រជាពលរដ្ឋនៅភូមិប្រម៉ា នោះមិនបានបង្កើតតំបន់អបគមន៍នោះទេ។
មន្ត្រីអង្គការស៊ីវិលជាតិ និងអន្តរជាតិ និងអង្គការសហប្រជាជាតិកាលនោះ បានចុះទៅឃ្លាំមើល និងផ្ដល់ជំនួយផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ បន្ទាប់ពីអាជ្ញាធរបានចុះបង្ក្រាបប្រជាពលរដ្ឋរួចមកនោះ។
លោក ចាន់ សុវ៉េត អាយុ៤៥ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា បានផ្តល់ជំនួយដល់អ្នកប្រព្រឹត្តបទល្មើសប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១២ តាមបញ្ញត្តិមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌ។ តាមបទចោទនេះ អាចនឹងឲ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥០០ដុល្លារអាមេរិក ទៅ១.៥០០ដុល្លារអាមេរិក បើសិនតុលាការរកឃើញថា លោកពិតជាបានប្រព្រឹត្តិខុសតាមបទចោទនោះមែន។
ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) លោកមេធាវី សុខ សំអឿន បានពន្យល់ថា ប្រសិនជនណាម្នាក់ផ្ដល់ទីលំនៅ ផ្ដល់ទីកន្លែងលាក់ខ្លួន ផ្ដល់មធ្យោបាយសម្រាប់ការរស់នៅ និងគ្រប់មធ្យោបាយដែលអាចនាំឲ្យមានការងាយស្រួលក្នុងការរត់គេចខ្លួន ដល់ជនណាដែលមន្ត្រីអនុវត្តច្បាប់ និងតុលាការកំពុងស្វែងរក រួចផុតពីការស្រាវជ្រាវនោះ នឹងត្រូវជាប់បទក្នុងចោទផ្ដល់ជំនួយដល់ចារី។
ពាក់ព័ន្ធនឹងការបង្គាប់របស់តុលាការឲ្យលោក ចាន់ សុវ៉េត ចូលខ្លួនទៅបំភ្លឺនៅតុលាការនេះ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានសម្ដែងក្ដីព្រួយបារម្ភខ្លាចមានការឃាត់ខ្លួនលោក ចាន់ សុវ៉េត។
លោក ចាន់ សុវ៉េត ត្រូវបានគេស្គាល់ថា ជាសកម្មជនសិទ្ធិមនុស្សម្នាក់ ដែលហ៊ាននិយាយការពិត និងរិះគន់ចំៗនូវចំណុចខ្វះខាតពីភាពអសកម្មមួយចំនួនរបស់រដ្ឋាភិបាល។
របាយការណ៍រួមរបស់សង្គមស៊ីវិលបានចាត់ទុកថា ឆ្នាំ២០១២ នេះ គឺជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍នេះ ដោយប្រើគ្រប់មធ្យោបាយ។ មានការកើនឡើងនូវអំពើហិង្សា ការកើនឡើងនៃការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរ ការកើនឡើងនៃការសម្លាប់ ការកើនឡើងនៃការគំរាមកំហែងតាមប្រព័ន្ធតុលាការ និងការព្យាយាមចោទប្រកាន់បទល្មើសព្រហ្មទណ្ឌមកលើការងារដែលស្របច្បាប់៕
0 comments:
Post a Comment