ដោយ សុខ សេរី
2011-11-14
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១១ ព្រមានថា លោកនឹងប្តឹងមន្រ្តីជាន់ខ្ពស់គណបក្ស សម រង្ស៊ី បើសិនណាមន្ត្រីនោះនៅតែបន្តប្រៀបប្រដូចរូបលោក ទៅនឹងមេដឹកនាំប្រទេសលីប៊ី (Libya) គឺលោក មួម៉ារ ហ្កាដាហ៊្វី (Muammar Gaddafi) ដែលកងទ័ពបក្សប្រឆាំងគាំទ្រដោយអង្គការ ណាតូ (Nato) ចាប់ខ្លួនបានទាំងរស់ ហើយបាញ់សំលាប់ជាក្រោយ កាលពីខែតុលាកន្លងទៅនេះ។លោក ហ៊ុន សែន មិនបានបញ្ជាក់ជាពិស្ដារថា លោកនឹងប្ដឹងទៅតុលាការនៅពេលណាជាក់លាក់ទេ។ ចំនែកឯមន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី នោះ ក៏លោកមិនបានបញ្ជាក់ឲ្យចំៗ ឈ្មោះដែរ។ ក៏ប៉ុន្តែ គេបានដឹងថា មន្ត្រីជាន់ខ្ពស់នៃគណបក្ស សម រង្ស៊ី នោះគឺលោក គង់ គាំ ជាប្រធានស្ដីទីគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៣ ភ្ជាប់ពីទីក្រុងភ្នំពេញ ទៅខេត្តកំពត នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ ជាយក្រុងភ្នំពេញ មានប្រសាសន៍ចំពោះមុខប្រជាពលរដ្ឋចូលរួម ៥.០០០ នាក់ថា លោកមានការឈឺចាប់ខ្លាំង នៅពេលដែលគេប្រៀបប្រដូចរូបលោក ទៅមេដឹកនាំផ្តាច់ការ ហ្គាដាហ្វី នោះ។
ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំមិនធ្វើសកម្មភាពហិង្សាទេ ឲ្យតែចាប់បានអំពីការប្រៀបធៀបបែបនេះតទៅទៀត ខ្ញុំនិងធ្វើសកម្មភាពផ្លូវច្បាប់។ ការប្រមាថអាយុជីវិតមនុស្ស ទោះបីមិនថាមនុស្សនោះ មុខងារសាធារណៈ លោកឯង ជេរអី ជេរទៅ តែលោកឯងកុំប្រមាថសំលាប់។ អាហ្នឹងត្រូវចាត់វិធានការ»។
លោក ហ៊ុន សែន បានអធិប្បាយថា បើគេប្រៀបធៀបលោកទៅនឹងនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ីត វ៉េឆាឆីវ៉ា (Abhisit Vejjajivac) ដែលបានចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតកន្លងមកនោះ លោកមិនឈឺចាប់ទេ ដោយសារតែមានការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។
លោក ហ៊ុន សែន៖ «ព្រោះអង្គហេតុរឿង ហ្គាដាហ្វី បើលោកឯងប្រៀបធៀបជាមួយ អ្នកមេដឹកនាំចាញ់ឆ្នោតចុះចេញពីតំនែង អូខេ»។
ប្រតិកម្មទៅនឹងប្រសាសន៍នេះ ប្រធានស្ដីទីនៃគណបក្ស សម រង្ស៊ី លោក គង់ គាំ មានប្រសាសន៍បំភ្លឺ នៅថ្ងៃទី ១៤ ខែវិច្ឆិកាថា លោកមិនមានចេតនាប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ៖ «ពួកយើងប្រៀបលោកត្រឹមតែកាន់អំណាចវែងឆ្ងាយ ហើយនិងក្នុងអំណាចរបស់លោក មានការធ្វើទុក្ខបុកម្នេញរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះបាទ»។
កាលពីសប្ដាហ៍កន្លងទៅនេះ លោក គង់ គាំ បានចេញសេចក្ដីថ្លែងការណ៍នានា ប្រៀបប្រដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងលោក ហ្គាដាហ្វី ជាមេដឹកនាំប្រទេស លីប៊ី ដែលគេយល់ថាជាមេដឹកនាំមានកេរ្តិ៍ឈ្មោះជាអ្នកដឹកនាំដ៏អាក្រក់។
អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា លោក បណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកនយោបាយខ្មែរនានា ដែលជេរប្រមាថគ្នាជាបុគ្គលនោះ គឺមិនសមរម្យ និងខុសក្រមសីលធម៌៖ «ប្រទេស រីកចំរើន គឺគេជជែកគ្នា។ បានន័យថា គេប្រឈមមុខគ្នា ទៅលើគោលនយោបាយ នយោបាយការបរទេស គោលនយោបាយផ្ទៃក្នុងរបស់ប្រទេសមួយ។ ហើយគណបក្សនីមួយៗ
ហ្នឹង មើលភាពខ្សោយដៃគូរ។ អាហ្នឹងគេហៅថា កំរិតនៃការប្រកួតប្រជែងមានក្រមសីលធម៌ ក្នុងអ្នកនយោបាយ»។
មេដឹកនាំនៃប្រទេស លីប៊ី នៅពិភពអារ៉ាប់ លោក មួម៉ារ ហ្កាដាហ៊្វី ត្រូវបានកងទ័ពបក្សប្រឆាំង គាំទ្រដោយកងទ័ព ណាតូ (NATO) ចាប់ខ្លួនបានទាំងរស់ និងត្រូវបានគេបាញ់សំលាប់ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១១ កន្លងទៅនេះ។
លោក ហ្កាដាហ៊្វី បានគ្រប់គ្រងប្រទេស លីប៊ី រយៈពេល ៤២ ឆ្នាំ ដោយគ្មានឆ្លងកាត់ការបោះឆ្នោតចាប់តាំងពីឆ្នាំ ១៩៦៩ មក៕
0 comments:
Post a Comment