Social Icons

Sunday, October 2, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពល​រដ្ឋ​ចោទ​អាជ្ញាធរ​ចែក​អំណោយ​លិច​ទឹក​មាន​បក្ស​ពួក​និយម


ដោយ ដែន អយុធ្យា     2011-10-02

ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​បាន​ដើរ​ស្រង់​ឈ្មោះ​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ផ្ទះ​លិច​ទឹក​ដើម្បី​ទទួល​អំណោយ​មាន​ការ​រើសអើង។


ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ មក​ពី​៦​ឃុំ ដែល​លំនៅឋាន​របស់​គាត់​ត្រូវ​លិច​ទឹក ស្ថិត​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ លោក​បាន​ចោទ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​របស់​ខ្លួន​ថា​បាន​ដើរ​ស្រង់​ស្ថិតិ​ពល​រដ្ឋ​រង​គ្រោះ​ពី​ទឹក​ជំនន់ ឲ្យ​ទទួល​អំណោយ​ពី​ស្ថាប័ន​កាកបាទ​ក្រហម ឬ​អំណោយ​រដ្ឋាភិបាល បាន​ជ្រើស​យក​តែ​បក្ស​ពួក​ខ្លួន។
ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឃុំ​ច្បារ​អំពៅ ស្ថិត​ក្នុង​ចំណោម​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​ទៀត បាន​ស្នើ​ដល់​មន្ត្រី​រដ្ឋាភិបាល ពិសេស​មន្ត្រី​ស្ថាប័ន​កាកបាទ​ក្រហម ឲ្យ​ចុះ​ស៊ើប​អង្កេត​ដល់​មូលដ្ឋាន ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ស្រង់​ឈ្មោះ​ពល​រដ្ឋ​រង​គ្រោះ ទៅ​ទទួល​អំណោយ​ឲ្យ​បាន​ឆាប់ ៖ «រាជ​រដ្ឋាភិបាល និង​កាកបាទ​ក្រហម​សូម​លោក​ចុះ​មក​ផ្ទាល់​ដល់​ឃុំ​ច្បារ​អំពៅ​របស់​យើង​ខ្ញុំ ដែល​លិច​លង់​ដោយ​ទឹក​ជំនន់​ពិត​ប្រាកដ​ឲ្យ​ផ្ដល់​អំណោយ​ឲ្យ​បាន​ផ្ទាល់​ដៃ។ ឲ្យ​ឃើញ​ពល​រដ្ឋ​ទទួល​អំណោយ​ឲ្យ​ពិត​ប្រាកដ កុំ​ឲ្យ​តាម​រយៈ​បក្ស​ពួក​និយម​នេះ។ ចង់​ឲ្យ​បាន​ស្មើភាព​អ្នក​លិច​ទឹក​ដូច​គ្នា»
ពល​រដ្ឋ​បន្ត​ថា អំណោយ​សប្បុរស​របស់​កាកបាទ​ក្រហម និង​រដ្ឋាភិបាល ចុះ​ចែក​ជូន​ពល​រដ្ឋ​រង​គ្រោះ​នៅ​ស្រុក​បាធាយ​ចំនួន​ពីរ​លើក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ១​លើក និង​នៅ​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​តុលា គឺ​មាន​តែ​ឈ្មោះ​ពល​រដ្ឋ​ជា​សាច់​ញាតិ ឬ​បក្ស​ពួក​របស់​អាជ្ញាធរ​ឃុំ ឬ​ស្រុក​ប៉ុណ្ណោះ រី​ឯ​ពល​រដ្ឋ​រង​គ្រោះ​ពិត​ប្រាកដ​មិន​បាន​ទទួល​ទេ។
ឆ្លើយ​តប​ការ​ចោទ​ប្រកាន់ អ្នក​ស្រី ពៅ សារឿន មេ​ឃុំ​ច្បារ​អំពៅ ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ អ្នក​ស្រី​បាន​បដិសេធន៍​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ថា​អាជ្ញាធរ​មិន​បាន​រើសអើង​និន្នាការ​នយោបាយ ឬ​ក៏​មាន​បក្ស​ពួក​និយម​ក្នុង​ការ​ស្រង់​ឈ្មោះ​ពល​រដ្ឋ​រង​គ្រោះ​ទឹក​ជំនន់ ដើម្បី​ទទួល​បាន​អំណោយ​នេះ​ទេ។
អ្នក​ស្រី​បន្ត​ថា ពល​រដ្ឋ​រង​គ្រោះ​ត្រូវ​ទទួល​អំណោយ គឺ​អាជ្ញាធរ​ស្រង់​យក​តែ​ពល​រដ្ឋ​រង​គ្រោះ​ធ្ងន់ធ្ងរ ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ទើប​បាន​ទទួល​អំណោយ ៖ «ប្រជា​ពល​រដ្ឋ​ខ្លះ​គាត់​លិច​មែន ផ្ទះ​គាត់​តែ​គាត់​អាច​រស់​នៅ​បាន ផ្ទះ​គាត់​ផ្ទះ​ក្បឿង​ធំ។ ហើយ​យើង​សង្គ្រោះ​នេះ​គឺ​សង្គ្រោះ​តែ​ប្រជា​ពល​រដ្ឋ​មាន​ផ្ទះ​តូច​តាច​លិច​ដល់​ដំបូល គឺ​សង្គ្រោះ​បន្ទាន់​សិន។ ខ្ញុំ​អត់​មាន​ប្រកាន់​បក្ស​នេះ ឬ​បក្ស​នោះ​អី​ទេ ឲ្យ​តែ​រង​គ្រោះ​ពិត​ប្រាកដ​សង្គ្រោះ​ទាំង​អស់»
អ្នក​ស្រី​ឲ្យ​ដឹង​ថា ឃុំ​ច្បារ​អំពៅ​មាន​ភូមិ​ចំនួន​៤ ត្រូវ​លិច​ទឹក​ទាំង​ស្រុង ហើយ​មាន​ពល​រដ្ឋ​ចំនួន​ជិត ៤​រយ​គ្រួសារ​ទេ មាន​ឈ្មោះ​ទទួល​អំណោយ។
លោក ឡោ ចន្នី ជា​អភិបាល​ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ លោក​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ឃុំ​ចំនួន​១២ ក្នុង​មូលដ្ឋាន​នេះ មាន​ឃុំ​ចំនួន​៦ ត្រូវ​ទឹក​លិច​ធ្ងន់ធ្ងរ។ លោក​ថា សម្រាប់​ពល​រដ្ឋ​រង​គ្រោះ​លិច​ទឹក​ធ្ងន់ធ្ងរ​ជិត ១​ពាន់​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ស្រង់​ឈ្មោះ​ឲ្យ​ទទួល​អំណោយ​សង្គ្រោះ​បន្ទាន់។ ចំណែក​ពល​រដ្ឋ​មាន​ផ្ទះ​លិច​ទឹក ប៉ុន្តែ​រស់​នៅ​បាន មិន​បាន​ទទួល​អំណោយ​ទេ។ លោក​បដិសេធន៍​ថា អាជ្ញាធរ​មិន​បាន​ប្រព្រឹត្តិ​មិន​គប្បី​ជុំវិញ​ការ​ចុះ​ឈ្មោះ​ពល​រដ្ឋ​ទទួល​អំណោយ ដូច​ពល​រដ្ឋ​មួយ​ចំនួន​ចោទ​នោះ​ទេ ៖ «យើង​អត់​មាន​បក្ស​ពួក​និយម​អី​ទេ។ ពី​ព្រោះ​គោល​ការណ៍​ដែល​យើង​ចែក​នេះ គឺ​ចែក​អ្នក​ដែល​លិច​ផ្ទះ​ខ្លួន​ឯង​ស្នាក់​នៅ ឬ​ដេក​អត់​កើត ត្រូវ​ជម្លៀស​ចល័ត​ទៅ​នៅ​ផ្ទះ​បង​ប្អូន ឬ​ទី​ទួល​សុវត្ថិភាព។ យើង​អត់​ចែក​សម្រាប់​ផ្ទះ​ត្រឹម​សរសេរ​ផ្ទះ​គឺ​អត់​ចែក​ឲ្យ​ទេ»
លោក​បន្ត​ថា ស្រុក​បាធាយ​ចាប់​តាំង​ពី​មាន​ទឹក​ជំនន់​កាល​ពី​ខែ​សីហា មក​ដល់​ថ្ងៃ​ទី​២ ខែ​តុលា មាន​មនុស្ស​ស្លាប់​ចំនួន ១១​នាក់។ ក្នុង​នោះ​មាន ២​នាក់ ទើប​លង់​ទឹក​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២ ខែ​តុលា។
អាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា គ្រោះ​ទឹក​ជំនន់​គិត​ចាប់​ពី​ខែ​សីហា មក​ដល់​ថ្ងៃ​ទី​២ ខែ​តុលា មាន​មនុស្ស​ស្លាប់​ប្រមាណ ៤០​នាក់។ សព្វ​ថ្ងៃ​នេះ​ស្ថានការណ៍​ទឹក​ទន្លេ​មេគង្គ​លើ​បាន​ស្រក​តិច​តួច ប៉ុន្តែ​សម្រាប់​ពល​រដ្ឋ​មាន​លំនៅឋាន​តាម​ទន្លេ​សាប​ទឹក​មិន​ទាន់​ស្រក​នៅ​ឡើយ​ទេ។
រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា គិត​ចាប់​ពី​ខែ​សីហា មក​ដល់​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១១ អាច​កើន​ជាង ១៥០​នាក់ ក្នុង​នោះ​មាន​កុមារ​ជាង ៥០​នាក់៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។