Social Icons

Tuesday, May 24, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ប៉ះ​ទង្គិច​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន​នៅ​មណ្ឌលគិរី


2011-05-24
នៅ ​ឯ​តំបន់​ព្រំ​ប្រទល់​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​អាវុធហត្ថ​ប្រដាប់​អាវុធ​ការពារ​ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​ជាមួយ​ប្រជាពលរដ្ឋ​ជា​សហគមន៍​ជនជាតិ​​ដើម ​ភាគ​តិច​ព្នង ទាក់​ទិន​នឹង​ជម្លោះ​កាប់​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​អ្នក​ភូមិ។
អ្នក​ភូមិ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ភូមិ​ស្រែអំពិល ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១១​ថា អ្នក​ភូមិ​ចំនួន ៣​នាក់ និង​ម៉ូតូ​ប្រាំ​គ្រឿង​ត្រូវ​ក្រុម​អាវុធហត្ថ​ការពារ​ក្រុមហ៊ុន​សម្បទាន​ សេដ្ឋកិច្ច​ឈ្មោះ សុវណ្ណ រាជសី មួយ​ក្រុម​បាញ់​កាំភ្លើង​គំរាម ហើយ​ចាប់​នាំ​ខ្លួន​ទៅ​ទីតាំង​ក្រុមហ៊ុន ខណៈ​ដែល​អ្នក​ភូមិ​ចាប់​ឃាត់​យានយន្ត និង​សម្ភារៈ​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ផង​ដែរ។

ហេតុការណ៍​នេះ​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ពី​ភូមិ​ស្រែអំពិល បន្ទាប់​ពី​អ្នក​ភូមិ​ប្រមាណ ៣០​នាក់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១១ បាន​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង រណារ​យន្ត​ពីរ​គ្រឿង និង​ឧបករណ៍​លើក​ឈើ​មួយ​របស់​ក្រុមហ៊ុន បំណង​យក​មក​ធ្វើ​ជា​វត្ថុ​តាង​ជូន​អាជ្ញាធរ បន្ទាប់​ពី​ក្រុមហ៊ុន​សម្បទាន​ខាង​លើ​ចូល​មក​កាប់​ដើម​ឈើ​ផលិត​ទឹក​ជ័រ​របស់ ​អ្នក​ភូមិ​រាប់​រយ​ដើម​អស់​គ្មាន​សល់ ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ​២០១១ រហូត​មក​ដល់​បច្ចុប្បន្ន។
តំណាង​សហគមន៍​ភូមិ​ស្រែអំពិល លោក យ៉ែង ពង់ មាន​ប្រសាសន៍​បញ្ជាក់​ថា តំបន់​ព្រៃ​ចំណុច​អូរប៉ោ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រែអំពិល ជាប់​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ ជា​តំបន់​ដែល​អ្នក​ភូមិ​ជនជាតិ​ដើម​ព្នង​នៅ​តំបន់​នោះ​នាំ​គ្នា​ចូល​ព្រៃ​ ស្វែង​រក​អនុផល​ព្រៃ​ឈើ និង​ផលិត​ជ័រ​ទឹក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន​សម្បទាន​ខាង​លើ​បាន​ចូល​មក​កាប់​យក​ដើម​ឈើ​ សម្រាប់​មុខ​របរ​របស់​អ្នក​ភូមិ​អស់ ទើប​អ្នក​ភូមិ​សម្រេច​ចិត្ត​នាំ​គ្នា​ទៅ​ស្ទាក់​ចាប់​រថយន្ត និង​វត្ថុ​តាង​ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​ដោះស្រាយ ក៏​ប៉ុន្តែ​ក្រុម​អាវុធហត្ថ​បាន​បាញ់​កាំភ្លើង ហើយ​រំដោះ​យក​រថយន្ត​នោះ​បាន​វិញ។
លោក យ៉ែង ពង់ បាន​ឲ្យ​បន្ត​ដូច្នេះ ៖ «ដឹក​ឈើ​រណ្ដៅ​ជ័រ​ពួក​ខ្ញុំ​ ហ្នឹង​ណា! ពួក​ខ្ញុំ​ហ្នឹង​ចាប់​អូស​យក​ឡាន​មក​ជិត​ដល់​គោលដៅ​កន្លែង​ភូមិ​ហើយ ពួក​ហ្នឹង​ជួល​ប៉េអឹម​បាញ់​សម្លុត​ពួក​ខ្ញុំ ៣​គ្រាប់»
អនុ​ប្រធាន​ភូមិ​ស្រែអំពិល លោក ញ៉េវ នី មាន​ប្រសាសន៍​បញ្ជាក់​ថា ពិត​ជា​មាន​ការ​ប៉ះ​ទង្គិច និង​ការ​បាញ់​គំរាម​ដូច​អ្នក​ភូមិ​រាយការណ៍​មែន ក៏​ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ក្នុង​ហេតុការណ៍​នោះ​ទេ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ភាគី​អាវុធហត្ថ​ដែល​ចាប់​ខ្លួន​អ្នក​ភូមិ បាន​ធ្វើការ​ដោះលែង​អ្នក​ភូមិ​ទាំង​បី​នាក់ និង​ម៉ូតូ​បី​គ្រឿង​មក​វិញ ដោយ​រក្សា​ទុក​ម៉ូតូ ២​គ្រឿង​ដើម្បី​ជា​ថ្នូរ​នឹង​កិច្ចសន្យា​ថា អ្នក​ភូមិ​នឹង​ប្រគល់​សម្ភារៈ​របស់​ក្រុមហ៊ុន​មក​វិញ ហើយ​ត្រូវ​បញ្ឈប់​សកម្មភាព​ចាប់​ឃាត់​គ្រឿង​សម្ភារៈ​របស់​ក្រុមហ៊ុន​ត​ទៅ​ ទៀត។
លោក ញ៉េវ នី បញ្ជាក់​បន្ថែម ៖ «ឡាន​ហ្នឹង​គេ​យក​វិញ​ហើយ។ មុន​នឹង​គេ​យក​ហ្នឹង ប៉េអឹម​ខាង​ក្រុមហ៊ុន​ហ្នឹង​សម្លុត។ អត់​មាន​មនុស្ស​ការពារ​ទេ មាន​តែ​សហគមន៍។ ក្រុមហ៊ុន​ហ្នឹង​គឺ​កាត់​ដើម​ជ័រ​អស់​ហើយ»
វិទ្យុ​អាស៊ីសេរី​មិន​អាច​ស្វែង​រក​អាសយដ្ឋាន និង​ការ​ទាក់ទង​សុំ​ការ​បំភ្លឺ​ករណី​នេះ​ពី​ក្រុមហ៊ុន សុវណ្ណ រាជសី បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១១។
យ៉ាង​នេះ​ក្ដី មេ​ឃុំ​ស្រែអំពិល លោក ជាតិ សឹង មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១១ លោក​បាន​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ម៉ូតូ​ដែល​នៅ​សល់​មក​អ្នក​ភូមិ​ វិញ ហើយ​អ្នក​ភូមិ​ក៏​បាន​យល់ព្រម​ប្រគល់​រណារ​យន្ត និង​សម្ភារៈ​លើក​ឈើ​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ​ដែរ។
លោក​បន្ត​ថា ដោយសារ​​​ដើម​ឈើ​ផលិត​ទឹក​ជ័រ​របស់​អ្នក​ភូមិ​ត្រូវ​ក្រុមហ៊ុន​កាប់​រំលំ​ អស់​នោះ លោក​កំពុង​ធ្វើការ​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​ជា​គោលនយោបាយ​ដល់​ អ្នក​ភូមិ​វិញ ដើម្បី​បញ្ចប់​ជម្លោះ ៖ «ដី​ដែល​គាត់​ធ្លាប់​ទៅ​រក​ស៊ី​ ពី​ដើមៗ​មក​ហ្នឹង គឺ​នៅ​ក្នុង​តំបន់​ដែល​ថា ប៉ះពាល់​ជាប់​ព្រំ​ក្រចេះ​ហ្នឹង។ ក្រុមហ៊ុន​គាត់​អះអាង​ថា ជា​ដី​ក្រុមហ៊ុន​របស់​គាត់ ហើយ​ខាង​សហគមន៍​ហ្នឹង​ទៅ​ជីក​រណ្ដៅ​ជ័រ​របស់​គាត់»
ទាក់ទង​នឹង​ទំនាស់​អ្នក​ស្រុក​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក សុង ឃាង បញ្ជាក់​ពី​ករណី​នេះ​ថា ៖ «ខ្ញុំ​ដឹង​ហើយ កើត​តាំង​ពី​ថ្ងៃ​អាទិត្យ​ណោះ។ ដើម​ជ័រ​ទឹក​ជា​សិទ្ធិ​របស់​ប្រជាជន ប្រពៃណី​របស់​គាត់​តាម​ច្បាប់​ព្រៃ​ឈើ។ កិច្ចការ​នេះ​យើង​កំពុង​ចាប់​ផ្ដើម​ស្រាវជ្រាវ​មើល​ដែរ​ហើយ ខ្ញុំ​កំពុង​ធ្វើ​ការងារ​ហ្នឹង»
យ៉ាង​នេះ​ក្ដី​អ្នក​ភូមិ​ជា​សហគមន៍​ភូមិ​ស្រែអំពិល ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ខាង​លើ​បាន​តម្រូវ​ឲ្យ​អ្នក​ភូមិ​បង់​ប្រាក់​ពិន័យ ៦១​ម៉ឺន​រៀល​ទៅ​ក្រុមហ៊ុន​ជា​ថ្នូរ​នឹង​ការ​ប្រគល់​ម៉ូតូ​ពីរ​គ្រឿង​របស់​ អ្នក​ភូមិ​មក​វិញ  ហើយ​ករណី​នេះ​ពួកគាត់​អះអាង​ថា នឹង​បន្ត​ប្ដឹង​តវ៉ា​ចំពោះ​សកម្មភាព​រំលោភ​ច្បាប់ និង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ពី​សំណាក់​ក្រុមហ៊ុន​ខាង​លើ​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។