Social Icons

Tuesday, December 30, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កូនក្រមុំ​សុំ​ពន្យារពេល​រៀបការ​ដោយសារ​ម្តាយ​ត្រូវ​គេ​ចាប់​ដាក់គុក​ទាំង​«អយុត្តិធម៌»

ក្មេង​ម្នាក់ កំពុង​មើល​រូប​ថត​លោក​យាយ ង៉ែត ឃុន ដែល​ត្រូវ​បាន​សកម្ម​ជន​កាន់​ដង្ហែ​ទាម​ទារ​ឲ្យ​ដោះ​លែង​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​ ១០ ធ្នូ​។ រូប​ថត ហេង ជីវ័ន

ក្មេង​ម្នាក់ កំពុង​មើល​រូប​ថត​លោក​យាយ​ង៉ែត ឃុន ដែល​ត្រូវ​បាន​សកម្ម​ជន​កាន់​ដង្ហែ​ទាម​ទារ​ឲ្យ​ដោះ​លែង​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​ ១០ ធ្នូ​។ ហេង ជីវ័ន

បើ​ពុំ​មាន​អ្វី​ផ្លាស់ប្តូរ នៅ​ថ្ងៃ​សៅរ៍​ទី​២៧ ខែ​ធ្នូ​នេះ គឺជា​ថ្ងៃ​ចូល​រោងការ​របស់​កញ្ញា អេង សុខា ជាមួយ​គូដណ្តឹង​ជនជាតិ​ថៃ​បាត់​ទៅ​ហើយ ប៉ុន្តែ​ពេលវេលា មាន​ការ​ផ្លាស់ប្តូរ គ្មាន​អ្នក​ណា​ម្នាក់​អាច​ស្មាន​ដឹង​ជា​មុន​ឡើយ​។ ថ្ងៃ​រៀប​មង្គលការ​របស់​សុខា ដែល​បាន​ព្រមព្រៀង​គ្នា​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​នេះ​ត្រូវ​បាន​ពន្យារពេល ដោយ​ពុំ​មាន​ពេល​កំណត់ ដោយសារ​តែ​គ្រួសារ​នាង​បាន​ជួប​គ្រោះ​ធំ​។
នៅក្នុង​បន្ទប់​ផ្ទះ​ឈើ​បាក់បែក​មួយ​ខ្នង ដែល​ស្ថិត​នៅ​ជាប់​របង​ព្រះវិហារ​ខ្មែរ​អ៊ិស្លាម ក្នុង​តំបន់​បឹងកក់​ភាគ​ខាង​ជើង កូនក្រមុំ​ម្នាក់​នេះ បាន​អង្គុយ​សម្លឹង​រូបថត​ស្ត្រី​វ័យចំណាស់​ម្នាក់ ដែល​ត្រូវ​ជា​ម្ដាយ​របស់​នាង​ពោរពេញ​ទៅ​ដោយ​ទុក្ខព្រួយ។ ប្រជាពលរដ្ឋ​នៃ​សហគមន៍​របស់​នាង បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​នេះ នាង​នឹង​ត្រូវ​ចូល​រោងការ​ជាមួយ​បុរស​ជនជាតិ​ថៃ ប៉ុន្តែ ត្រូវ​បាន​ផ្អាក​ទៅវិញ ដោយសារ​តែ​អវត្តមាន​ម្ដាយ​របស់​នាង​។
អាពាហ៍ពិពាហ៍​មាន​តែ​ម្តង​គត់​សម្រាប់​ស្ត្រី​ស្ទើរតែ​ទាំងអស់ ហើយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ត្រី​ទូទាំង​ពិភពលោក ជាពិសេស​ស្ត្រី​ខ្មែរ​។ ប៉ុន្តែ​សម្រាប់​កញ្ញា សុខា អាយុ ២៧ ឆ្នាំ ដែល​ជា​កូនស្រី​ពៅ​របស់​អ្នកស្រី ង៉ែត ឃុន សកម្មជន​ដីធ្លី ក្នុង​សហគមន៍​បឹងកក់ បាន​សម្រេច​លើក​ពេលវេលា​ថ្ងៃ​រៀបការ​របស់​នាង​ទៅ​ពេល​ក្រោយ​ដោយ​មិន​មាន​ការ​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់ ខណៈ​នាង​និង​គូដណ្ដឹង និង​ក្រុម​គ្រួសារ​បាន​ដើរ​កក់​ភ្នួង​សម្អាងការ ភ្លេង​ប្រពៃណី​ខ្មែរ ម្ហូបអាហារ និង​ភេសជ្ជៈ​រួចជាស្រេច​ទៅ​ហើយ​នោះ។
ពិធី​ភ្ជាប់​ពាក្យ​របស់​កញ្ញា​ អេង សុខា ជា​មួយ​កូន​កម្លោះ​ថៃ អាប់​ហាយុទ្ធ ចាន់​ត្រា​បា កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា​ ឆ្នាំ​ ២០១៤។ រូប​ថត ឃុត សុភចរិយា
ពិធី​ភ្ជាប់​ពាក្យ​របស់​កញ្ញា​ អេង សុខា ជា​មួយ​កូន​កម្លោះ​ថៃ អាប់​ហាយុទ្ធ ចាន់​ត្រា​បា កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា​ ឆ្នាំ​ ២០១៤។ រូប​ថត ឃុត សុភចរិយា
សុខា បាន​ថ្លែង​ថា៖ «តើ​ឲ្យ​ខ្ញុំ​រៀបការ​នៅពេល​នេះ​ម្ដេច​បាន បើ​ម្ដាយ​របស់​ខ្ញុំ កំពុង​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌ នៅក្នុង​ពន្ធនាគារ​ព្រៃស​បែប​នេះ​នោះ។ ខ្ញុំ​មិន​អាច​រៀបការ​ដោយ​គ្មាន​វត្តមាន​ម្ដាយ​របស់​ខ្ញុំ​បាន​ទេ។ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ អាច​នឹង​កើតឡើង នៅ​ក្រោយ​ពេល​ដែល​ម្ដាយ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ផ្ដល់​យុត្តិធម៌ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​»។
សុខា ជា​កូនស្រីពៅ នៅក្នុង​គ្រួសារ ដែល​មាន​បងប្អូន​ប្រុសស្រី​៧​នាក់។ បច្ចុប្បន្ន​ នាង​ជា​និស្សិត​ផ្នែក​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​ន័រតុន និង​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន។
កាលពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ ២០១៤ សុខា បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ អាប់ហាយុទ្ធ ចាន់ត្រាបា (Abhayuth Chantrabha) ដែល​ជា​បុគ្គលិក​ជាន់ខ្ពស់​នៃ​អង្គការ​សមធម៌​កម្ពុជា ដែល​ក្នុង​គ្រា​នោះ មាន​ការ​ចូលរួម​អបអរសាទរ​យ៉ាងកុះករ ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏រុំារ៉ៃ​និង​ក្តៅគគុក​មួយ​នេះ និង​ពី​បណ្ដា​មិត្តភក្ដិ​ប្រុសស្រី​រួម​សាលា និង​រួម​ការងារ​របស់​នាង។ ក្រោយពី​បាន​ភ្ជាប់ពាក្យ​រួច ក្រុម​គ្រួសារ​របស់​នាង និង​គូដណ្ដឹង​របស់​នាង បាន​ឯកភាព​គ្នា កំណត់​យក​ថ្ងែ​ទី ២៧ ខែ​ធ្នូ ឆ្នាំ ២០១៤ ជា​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍ ដោយ​បាន​ចាត់ចែង​រៀបចំ​កក់​តុ​ម្ហូបការ ភ្នួង​សម្អាង ភ្លេងការ​ប្រពៃណី និង​ភេសជ្ជៈ ព្រមទាំង​ហាង​ផង​ដែរ។
ប៉ុន្តែ​ជា​អកុសល នៅ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០១៤ ក្រោយពី​បាន​ត្រឡប់​មកពី​សុំ​ច្បាប់​អនុញ្ញាត រៀបចំ​មង្គលការ នៅ​សង្កាត់​ស្រះចក​វិញ ម្ដាយ​របស់​នាង គឺ​អ្នកស្រី ង៉ែត ឃុន និង​សកម្មជន​ស្ត្រី​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​ចំនួន​ ៦ នាក់​ផ្សេង​ទៀត ត្រូវ​បាន​កម្លាំង​សន្តិសុខ​សណ្ដាប់​សាលាខណ្ឌ​ដូនពេញ ចាប់​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ពី​បទ ​«បង្ក​ការ​កកស្ទះ​ចរាចរណ៍​សាធារណៈ» ខណៈ​គាត់​បាន​ចូលរួម​គាំទ្រ​ការ​តវ៉ា ជាមួយ​ប្រជាសហគមន៍​បឹងកក់​របស់​ពួកគាត់ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោះស្រាយ​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក ស្រប​តាម​ស្ដង់ដារ​បច្ចេកទេស គ្រា​ដែល​ជំនន់​ទឹកភ្លៀង កំពុង​ជន់លិច​ចូល​ដល់​ក្នុង​ផ្ទះ​របស់​ពួកគាត់ ដែល​ផ្ទះ​អ្នកភូមិ​មួយ​ចំនួន​ត្រូវ​បាន​ទឹកជន់លិច​ដល់​ត្រឹម​ចង្កេះ​។
សុខា កាន់​រូប​ម្តាយ​របស់​នាង​ក្នុង​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ។ រូប​ថត សហការី​
សុខា កាន់​រូប​ម្តាយ​របស់​នាង​ក្នុង​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ។ រូប​ថត សហការី​
មួយ​ថ្ងៃ​បន្ទាប់មក អ្នកស្រី ង៉ែត ឃុន ដែល​ឆ្នាំ​នេះ មាន​អាយុ ៧៤ ឆ្នាំ​ទៅ​ហើយ​នោះ​ព្រមទាំង​សកម្មជន​ស្ត្រី​បឹងកក់​ចំនួន ៦ នាក់​ផ្សេង​ទៀត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​យ៉ាង​តក់ក្រហល់​ដោយ​ធ្វើការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រហូត​ដល់​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ពីរ​លាន​រៀល។ ការ​កាត់​សេចក្ដី​របស់​តុលាការ​ប្រឆាំង​នឹង​ស្ត្រី​បឹងកក់​នា​ថ្ងៃ​នោះ បាន​រង​នូវ​ការ​រិះគន់​យ៉ាងខ្លាំង ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល ជាតិ​និង​អន្តរជាតិ ព្រមទាំង​ពី​បណ្តា​ប្រទេស​មួយ​ចំនួន ដោយ​ចោទ​ថា ការ​កាត់​សេចក្ដី​របស់​តុលាការ «ខ្វះ​ភាព​យុត្តិធម៌​» និង​ពុំ​មាន​ភ័ស្តុតាង​ដាក់​បន្ទុក​តាម​ផ្លូវ​ច្បាប់​ឡើយ​។
ចាប់ពី​ពេល​នោះ​មក​កញ្ញា អេង សុខា បាន​ចាប់ផ្ដើម​ចេញ​មុខ​ដើរ​ដាក់​ញត្តិ សុំ​កិច្ចអន្តរាគមន៍​ដោះលែង​ម្ដាយ​របស់​នាង និង​សកម្មជន​បឹងកក់​មួយ​ចំនួន​ទៀត ទៅកាន់​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​មួយ​ចំនួន និង​ព្រះមហាក្សត្រ ដោយ​ព្យាយាម​បំភ្លេច​នឹក​គិត​អំពី​ថ្ងៃ​រៀបមង្គលការ​របស់​ខ្លួន​។
សុខា បាន​និយាយ​ថា៖ «​នៅពេល​នោះ ខ្ញុំ​បាន​ប្រាប់​គូដណ្ដឹង​ខ្ញុំ​ថា អាពាហ៍ពិពាហ៍​របស់​យើង​ទំនង​ជា​មិន​អាច​រៀបចំ​ធ្វើ​បាន​តាម​កាលកំណត់​នោះ​ទេ ប្រសិន​បើ​ម្ដាយ​របស់​ខ្ញុំ មិន​ត្រូវ​បាន​តុលាការ​សាលាឧទ្ធរណ៍​ផ្ដល់​ភាពយុត្តិធម៌ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ទេ​នោះ»។
សុខា ក៏​បាន​ប្រាប់​គូដណ្តឹង​របស់​នាង​ផង​ដែរ​ថា នាង​នឹង​ចេញ​ដើរ​តវ៉ា​ជាមួយ​អ្នកភូមិ រហូត​ដល់​ម្ដាយ​របស់​នាង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​ក្នុង​អំឡុង​ពេល​នេះ នាង​អាច​នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ផ្សេងៗ​ហើយ​យក​ទៅ​ដាក់គុក​ទាំង​អយុត្តិធម៌ ដូច​ម្ដាយ​របស់​នាង​ទៀត​ក៏​ថា​បាន។ នៅពេល​សុខា​និយាយ​ប្រាប់​គូដណ្តឹង​ជនជាតិ​ថៃ ពី​ការ​ពន្យារពេល​ពិធី​រៀបមង្គលការ គូដណ្តឹង​របស់​នាង បាន​ឆ្លើយតប​មក​នាង​វិញ​ថា «វត្តមាន​របស់​ឪពុកម្ដាយ​សំខាន់​ណាស់ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​ពួកយើង»​ហើយ​គាត់​ក៏​យល់ព្រម​តាម​។
ការ​ពន្យារពេល​រៀបមង្គលការ​នេះ បាន​ធ្វើឲ្យ​កញ្ញា សុខា មាន​ការ​បង់ខាត​ថវិកា​អស់​ប្រមាណ​ជិត ១០០០ ដុល្លារ ទៅលើ​ថ្លៃ​កក់​ភ្នួង​សម្អាងការ ភ្លេងការ​ប្រពៃណី​ខ្មែរ ហាង តុម្ហូបការ និង​ភេសជ្ជៈ​ផ្សេងៗ​ជាដើម។
គូដណ្ដឹង​របស់​សុខា លោក ចាន់ត្រាបា បាន​គាំទ្រ​និង​លើក​ទឹកចិត្ត​ឲ្យ​នាង​ចេញ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង ម្ដាយ​របស់​នាង និង​សកម្មជន​ស្ត្រី​បឹងកក់​ផង​ដែរ​។ គូដណ្តឹង​មួយ​គូ​នេះ ហាក់បី​ដូចជា​មាន​ភាព​ចុះសម្រុង​គ្នា ដោយ​ពួកគេ​បាន​ឯកភាព​គ្នា​ថា នឹង​ធ្វើការ​ពិភាក្សា​គ្នា​ជាថ្មី​ម្ដង​ទៀត អំពី​ថ្ងៃ​រៀបមង្គលការ​របស់​ពួកគេ នៅពេល​ណា​ដែល​ម្ដាយ​របស់​ពួកគេ​ត្រូវ​បាន​ដោះលែង។
លោក អេង សៀង អាយុ ៨៦ ឆ្នាំ ជា​ឪពុក​របស់​សុខា ដែល​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​បាន ក្រៅពី​ដើរ​ក្រវែល​នៅ​ជុំវិញ​ផ្ទះ​នោះ បាន​និយាយ​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា សម័យ​ណា​ក៏​ដូចជា​សម័យ​ណា​ដែរ មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល មិន​ដែល​ទទួល​ស្គាល់​នូវ​កំហុសឆ្គង​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​នោះ​ទេ។ ពួកគេ​តែងតែ​យក​សិទ្ធិ​អំណាច ដែល​ប្រជាពលរដ្ឋ​បាន​ផ្ដល់​ឲ្យ​មក​គាបសង្កត់​ធ្វើ​ទុក្ខបុកម្នេញ លើ​ប្រជាពលរដ្ឋ​យ៉ាង​ព្រៃផ្សៃ​។
លោក​បាន​ថ្លែង​ថា​៖ «មេដឹកនាំ​ខ្មែរក្រហម បាន​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លាប់​អស់​រាប់​លាន​នាក់ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ នៅ​តែ​មិន​សារភាព​នូវ​កំហុសឆ្គង​របស់​ខ្លួន​និង​ព្យាយាម​ឆ្លើយ​ដោះសា​ថា ខ្លួន​មិន​ដឹង​មន្ត្រី​ថ្នាក់​ក្រោម​មិន​រាយការណ៍។ បច្ចុប្បន្ន វិវាទ​ដីធ្លី​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រាប់សែន​នាក់​បាត់បង់​ទីជម្រក​នឹង​ក្រុម​គ្រួសារ ប្ដី​ព្រាត់​ប្រពន្ធ ប្រពន្ធ​ព្រាត់​កូន​ជីដូន​ព្រាត់​ចៅ រស់​នៅក្នុង​គុក ឬ​រត់​ចោល​ស្រុក ព្រោះ​តែ​ការ​តវ៉ា ទាមទារ​ភាពយុត្តិធម៌​នៅក្នុង​សង្គម»។
លោក​ថ្លែង​ទៀត​ថា​៖ «អាជ្ញាធរ​ចាប់​ប្រពន្ធ​ខ្ញុំ​[​ង៉ែត ឃុន]​ដែល​មាន​អាយុ​៧៤​ឆ្នាំ​ហើយ​នោះ យក​ទៅ​ដាក់គុក ដោយ​ចោទ​ថា បាន​ធ្វើការ​តវ៉ា​បិទ​ផ្លូវ​បង្ក​ភាព​កកស្ទះ​ផ្លូវ​សាធារណៈ ខណៈ​ទឹកលិច​ចូល​ពេញ​ក្នុង​ផ្ទះ ស្ទះលូ គ្មាន​កន្លែង​បន្ទោបង់ គ្មាន​កន្លែង​ហូបបាយ ហើយ​គាត់​និង​អ្នកភូមិ​នាំ​គ្នា​ទៅ​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ធ្វើ​លូ​បង្ហូរទឹក។ ដំណោះស្រាយ​មិន​ទាន់​ដោះ​ផង មនុស្ស​ត្រូវ​បាន​គេ​ចាប់​ដាក់គុក តើ​ឯណា​ទៅ​យុត្តិធម៌​សង្គម?»។
បុរស​ចំណាស់​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​រឿង​អយុត្តិធម៌​នេះ ទើប​ធ្វើឲ្យ​កូនស្រី​របស់​លោក បង្ខំ​ចិត្ត ពន្យារពេល​ពិធី​រៀបមង្គលការ​បើទោះ​ជា​គ្រួសារ​លោក​បាន​កក់​ទំនិញ កក់​ភ្នួង​សម្អាងការ​និង ម្ហូបអាហារ​គេ​ហើយ​ក្ដី។
ជាមួយ​គ្នា​នេះ សុខា​បាន​ព្យាយាម​និយាយ​រៀបរាប់​អំពី​ដំណើរ​រឿងរ៉ាវ​ដ៏ល្វីងជូរចត់​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់ ចាប់​តាំងពី​អាជ្ញាធរ​រាជធានី​បាន​ធ្វើ​កិច្ចសន្យា​ជួល​ដី​ក្នុង​តំបន់​នេះ ក្នុង​រយៈពេល ៩៩ ឆ្នាំ ទៅឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ របស់​លោក ឡាវ ម៉េងឃីន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​។
សុខា និយាយ​ថា ក្រុមហ៊ុន​ស៊ូកាគូអ៊ីន បាន​ធ្វើការ​បូមខ្សាច់​ចាក់​បំពេញ​បឹងកក់​ទាំង​យប់​ទាំង​ថ្ងៃ ថែម​ទាំង​បាន​បូមខ្សាច់​កប់​ពន្លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៧ ភូមិ នៅ​ជុំវិញ​តំបន់​បឹងកក់ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ស្លាប់ ដោយសារ​ការ​ឆក់​ខ្សែភ្លើង លង់ទឹក និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​សត្វ​ពស់​ចឹក ក្អែប​ខាំ​។
ដោយ​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង​ពេក ប្រជាពលរដ្ឋ​ដែល​ជា​ស្ត្រី​មេផ្ទះ​បាន​នាំ​គ្នា​ចេញ​ដើរតវ៉ា​ទាមទារ​រក​ដំណោះស្រាយ ​ប៉ុន្តែ​រាល់​ការ​ទាមទារ​ដំណោះស្រាយ​ដោយ​សន្តិវិធី​របស់​ពួកគាត់ មិន​ត្រូវ​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ពី​អាជ្ញាធរ​នោះ​ឡើយ ផ្ទុយ​ទៅវិញ​ពួកគាត់ ដែល​ចេញ​ធ្វើការ​តវ៉ា​ស្ទើរតែ​ទាំងអស់ ត្រូវ​បាន​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែល​គាំទ្រ​ដោយ​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​បាន​វាយបង្ក្រាប​ដោយ​ដំបងឆក់ យ៉ាង​ហិង្សា​បណ្ដាល​ឲ្យ​ស្ត្រី​ជាច្រើន​រងរបួស​ជា​ទម្ងន់។
សុខា និយាយ​បន្ត​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា ស្ត្រី​ខ្លះ​ត្រូវ​បាន​គេ​ទាត់ធាក់​រហូត​ដល់​រលូត​កូន និង​ខ្លះ​ទៀត​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ដាក់​ពន្ធនាគារ​ជាដើម ដែល​ក្នុង​នោះ​រួមទាំង​ម្ដាយ​របស់​នាង គឺ​អ្នកស្រី ង៉ែត ឃុន ក៏​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​វាយដំ​បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​លើក​ផង​ដែរ។
នាង​បញ្ជាក់​ថា៖ «ម្ដាយ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​វាយ​នឹង​ដំបងឆក់​បែក​ក្បាល​ជាច្រើន​ថ្នេរ និង​ឆក់​ឲ្យ​សន្លប់​ជាច្រើន​ដង ហើយ​គាត់​ធ្លាប់​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​ម្ដង​រួច​មក​ហើយ​កាលពី​ឆ្នាំ ២០១១ ជាមួយ​ស្ត្រី​បឹងកក់​ ១២ នាក់​ផ្សេង​ទៀត គ្រា​ដែល​ពួកគាត់​បាន​ទៅ​ចូលរួម​គាំទ្រ​ការ​តវ៉ា ទាមទារ​របស់​អ្នកភូមិ ដែល​ចង់​សង់​ផ្ទះ​នៅលើ​ដី​ចាស់​របស់​ពួកគេ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បូមខ្សាច់​កប់​ពន្លិច និង​រឹបអូស​យក ដោយ​គ្មាន​សំណង និង​ដំណោះស្រាយ​សមរម្យ​រហូត​ដល់​បច្ចុប្បន្ន​នេះ ដោយ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ថា បាន​ប្រើ​ហិង្សា​រំលោភបំពាន​លើ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ឯកជន​។
ជាទូទៅ ការ​ពន្យារពេល​ឬ​ក៏​ការ​លុប​ចោល​ពិធី​មង្គលការ ដែល​បាន​កំណត់​ថ្ងៃ​ឬ​កក់​ម្ហូបអាហារ ភ្លេងការ​រួចរាល់​ហើយ​នោះ អាច​ថា ជា​ករណី​កម្រ​មួយ ប៉ុន្តែ​វា​អាច​កើតឡើង តែ​ក្នុង​ករណី​ដែល​គូស្រករ ត្រូវ​បាន​ឪពុក​ម្តាយ​ខាង​ណា​មួយ ចាប់បង្ខំ​ឲ្យ​រៀបការ ហើយ​ជិត​ដល់​ថ្ងៃ​រៀបការ កូនកំលោះ ឬ​កូនក្រមុំ បាន​រត់​ចោល​រោងការ ឬ​ក៏​កូនកំលោះ​កូនក្រមុំ មាន​គ្រោះថ្នាក់​អ្វី​មួយ​តែ​ប៉ុណ្ណោះ​។
ចំណែក​ករណី​របស់​កញ្ញា សុខា វិញ អាច​ថា ជា​រឿង​ដែល​ស្ទើរតែ​មិន​ដែល​ធ្លាប់​កើត​មាន​ទាល់តែ​សោះ ព្រោះ​ពន្យារពេល​ពិធី​រៀបមង្គលការ ដោយសារ​តែ​ម្តាយ​របស់​ខ្លួន​ត្រូវ​គេ​ចាប់​ដាក់គុក​ទាំង ​«អយុត្តិធម៌»​ ទៅវិញ​។
យ៉ាងណា​ក្តី នៅពេល​នេះ​ជោគវាសនា​នៃ​ពិធី​រៀបមង្គលការ​របស់​កូនក្រមុំ​ខ្មែរ កូនកំលោះ​ថៃ​មួយ​គូ​នេះ អាច​ឆាប់​ឬ​លឿន គឺ​វា​អាស្រ័យ​ទៅលើ​ការ​សម្រេច​របស់​តុលាការ ក្នុង​ការ​ដោះលែង​ឬ​មិន​ដោះលែង ស្ត្រី​ជា​ម្តាយ​របស់​ពួកគេ​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។