Social Icons

Tuesday, February 24, 2015Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ​នៅ​ពោធិ៍សាត់​បារម្ភ​បាត់​បង់​លំនៅឋាន​ដោយ​គម្រោង​អភិវឌ្ឍន៍

ប្រជាពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ​ដែល​សង់​ផ្ទះ និង​ខ្ទម​រស់នៅ​ក្នុង​ព្រៃ​ក្បែរ​ល្អាង​បុរាណ​ធម្មជាតិ​រំលេច ឋិត​នៅ​ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នៃ​ការ​តាំង​ទីលំនៅ​របស់​ខ្លួន ខណៈ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​បន្ថែម ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ល្អាង ហើយ​គ្រោង​អភិវឌ្ឍ​តំបន់​នោះ​ទៅ​ជា​តំបន់​ទេសចរណ៍។

មុន​នឹង​ធ្វើ​ដំណើរ​ដល់​លំនៅឋាន​របស់​អ្នក​ភូមិ ឬ​ល្អាង​បុរាណ​ធម្មជាតិ​រំលេច នេះ គេ​ត្រូវ​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​ក្រាល​កៅស៊ូ និង​ក្រួស​ក្រហម​ជាង ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ មក​ដល់​ចំណុច​ភូមិ​អូរដីកា នៃ​ឃុំ​ក្រពើពីរ ទើប​បន្ត​ដំណើរ​ចូល​ព្រៃ​កាត់​តាម​ជ្រលង​អូរ និង​ឡើង​ភ្នំ​ជិត ៨​គីឡូម៉ែត្រ​ទៀត។

ឋិត​នៅ​កណ្ដាល​ព្រៃ​ដែល​មិន​នឹក​ស្មាន​ថា​មាន​មនុស្ស​រស់នៅ​ច្រើន ដោយសារ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ មន្ទីរពេទ្យ និង​សាលា​រៀន ជាដើម បែរ​ជា​មាន​ផ្ទះ និង​ខ្ទម​សង់​រកេតរកូត​ជាច្រើន​ខ្នង ដែល​ពេល​ខ្លះ​មាន​ពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ពិភាក្សា​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​មូលដ្ឋាន។

ក្បាល​ទទូរ​ក្រមា​ទើប​ត្រឡប់​ពី​ចម្ការ មក​អង្គុយ​ត្របោម​ក្បាល​ជង្គង់​ជជែក​ជាមួយ​អ្នក​ភូមិ​ជាង ៥០​នាក់ នៅ​ក្រោម​ផ្ទះ​ប្រក់​ស័ង្កសី​បាំង​ជញ្ជាំង​ក្ដារ​មិន​ទាន់​ហើយ​មួយ​ខ្នង គឺ​អ្នកស្រី ពៅ រ៉ន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ភាគ​ច្រើន​បាន​ចូល​កាប់​រាន​ព្រៃ និង​តាំង​ទីលំនៅ​ក្បែរ​ល្អាង​រំលេច ក្នុង​ចន្លោះ​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៣ តាម​រយៈ​ការ​ទិញ​ដូរ​គ្មាន​លិខិត​ស្នាម​ពី​ឆ្មាំ​យាម​ល្អាង គឺ​អ្នកស្រី ទូច សាយ និង​ប្ដី។ អ្នកស្រី​បន្ត​ថា រូប​គាត់ និង​កូន​ចៅ​ចំនួន​បី​គ្រួ​សារ បាន​ចំណាយ​ប្រាក់ ២​ពាន់​ដុល្លារ ដើម្បី​ទិញ​ដី​ចម្ការ​ទំហំ​ទទឹង ២០០​ម៉ែត្រ បណ្ដោយ ១​ពាន់​ម៉ែត្រ ឋិត​នៅ​ខាង​លិច​ល្អាង​ចម្ងាយ ៥០០​ម៉ែត្រ៖ «គាត់ (អ្នកស្រី ទូច សាយ) វាស់វែង​លក់​ឲ្យ​ខ្ញុំ​បាន​ដាំ​ដំណាំ​ខ្នុរ​ខ្ពស់​អស់​ហើយ។ ខ្ញុំ​ខំ​កាប់​ខំ​ឆ្ការ ខ្ញុំ​អត់​ចេញ​ពី​ត្រង់​ហ្នឹង​ទេ បើ​ចេញ​មិន​ដឹង​ជា​ទៅ​នៅ​ឯណា​ទេ?»។

ប្រជាពលរដ្ឋ​ដែល​ភាគ​ច្រើន​មក​ពី​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​តាកែវ បាន​សម្រុក​ចូល​កាប់​រុក​រាន និង​ដុត​បំផ្លាញ​ព្រៃ​ឈើ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង​ស្ទើរ​រង្គាល​នៅ​ចំណុច​មួយ​ចំនួន​ក្បែរ​ល្អាង​រំលេច ឋិត​នៅ​ឃុំ​ក្រពើពីរ ស្រុក​វាលវែង។ ក្រុម​ពលរដ្ឋ បាន​ចូល​តាំង​ទីលំនៅ​នៅ​តំបន់​នោះ​ដោយ​ខ្លួន​ឯង និង​ខ្លះ​អះអាង​ថា មាន​មេ​ខ្យល់​អូស​ទាញ​ចំនួន​បី​ក្រុម​ផ្សេង​ទៀត​ក្រៅ​ពី អ្នកស្រី ទូច សាយ។

ទាក់ទង​បញ្ហា​នេះ សមត្ថកិច្ច​ប៉ូលិស​បាន​ចាប់​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ ជួប ឃន បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោយ​ចោទ​ពី​បទ​កាប់​រុក​រាន​ដី​ព្រៃ។ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ភ្លាមៗ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ។ កាល​នោះ អ្នក​ភូមិ​រស់នៅ​ចំណុច​រំលេច បាន​ប្រតិកម្ម និង​តវ៉ា​សុំ​ឲ្យ​ដោះ​លែង​ដោយ​សំអាង​ថា តំណាង​របស់​ខ្លួន​គ្មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​មើល​ការ​ខុស​ត្រូវ​ល្អាង​រំលេច គឺ​អ្នកស្រី ទូច សាយ និង​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​តំបន់​នោះ​មួយ​ចំនួន​ទេ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្បែរ​ល្អាង​នេះ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង អ្នកស្រី ទូច សាយ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ពលរដ្ឋ​នេះ​ដោយ​ផ្ទាល់ និង​តាម​ទូរស័ព្ទ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។

យ៉ាង​ណា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍សាត់ លោក ឡាច ផេងលី បញ្ជាក់​ថា អ្នកស្រី ទូច សាយ ត្រូវ​បាន​អតីត​ប្រធាន​មន្ទីរ​វប្បធម៌ ធ្វើ​លិខិត​ស្នើសុំ​ទៅ​ថ្នាក់​លើ ដើម្បី​ឲ្យ​គាត់​បាន​ធ្វើ​ជា​ឆ្មាំ​យាម​ល្អាង​នៅ​អំឡុង​ឆ្នាំ​២០១២ គឺ​បន្ទាប់​ពី​គាត់​ចូល​ទៅ​រស់នៅ​មុន​គេ​ក្នុង​ឆ្នាំ​២០០៣ ហើយ​បាន​នាំ​ពលរដ្ឋ​ចំនួន ៥៦​គ្រួសារ​ទៀត​ទៅ​កាប់​រាន​ព្រៃ និង​តាំង​ទីលំនៅ​នៅ​តំបន់​នោះ​ដែរ៖ «ពី​មុន​គាត់ (អ្នកស្រី ទូច សាយ) ទៅ​ដល់​កាប់​រាន​ធ្វើ​ចម្ការ ហើយ​ល្អាង​នេះ​ក៏​ដឹង​ដោយសារ​គាត់​ដែរ មាន​តាបស​នៅ​កន្លែង​ហ្នឹង គាត់​មាន​អបិយ​ជំនឿ​គាត់​ឈប់​កាប់​ព្រៃ​ទៅ»។

លោក​បន្ថែម​ថា នៅ​ចំពោះ​មុខ មន្ទីរ​បាន​អភិរក្ស​តួ​ល្អាង និង​ផ្ទៃ​ដី​ព្រៃ​ជុំវិញ​ល្អាង​ទំហំ ១០០​ហិកតារ តែ​វិធានការ​ការពារ​ព្រៃ​ឈើ​ក្រៅ​ពី​នេះ គឺ​ជា​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​ព្រៃ​ឈើ ឬ​ខាង​មន្ទីរ​បរិស្ថាន។ ចំណែក​វិធានការ​រៀបចំ​ពលរដ្ឋ​រស់នៅ​ក្បែរ​ល្អាង ឬ​បញ្ចៀស​ផល​ប៉ះពាល់​ផ្សេងៗ ប្រសិន​បើ​អភិវឌ្ឍ​តំបន់​នោះ​ទៅ​ជា​តំបន់​ទេសចរណ៍ គឺ​អាស្រ័យ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​មាន​វិធានការ​ដោះស្រាយ។

ចំពោះ​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​ពោធិ៍សាត់ លោក កើត ឆែ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ អាជ្ញាធរ​មាន​វិធានការ​គ្រប់គ្រង និង​ចុះ​ស្រង់​ស្ថិតិ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​ល្អាង​រំលេច នោះ។ នៅ​ចំពោះ​មុខ អាជ្ញាធរ​បាន​ទប់ស្កាត់​ដាច់​ខាត​ចំពោះ​ការ​កាប់​រុក​រាន​ដី​ព្រៃ​បន្ថែម ដោយ​រក្សា​ការ​រស់នៅ និង​ផ្ទៃ​ដី​កាប់​រាន​បាន​ទំហំ​ប៉ុណ្ណា គឺ​ផ្អាក​នៅ​ត្រឹម​នោះ​សិន។

ក្រុម​ពលរដ្ឋ​ដែល​ចូល​ទៅ​រស់នៅ​ក្បែរ​ល្អាង​រំលេច ឋិត​នៅ​ឃុំ​ក្រពើពីរ ស្រុក​វាលវែង កាន់​តែ​ខ្វល់​ចិត្ត ដោយ​ខ្លាច​បាត់​បង់​ទីលំនៅ និង​ដីធ្លី​ដែល​ខ្លួន​ទិញ ឬ​ខំ​កាប់​ឆ្ការ​បាន​នា​ពេល​កន្លង​មក បន្ទាប់​ពី​ប៉ូលិស​ចាប់​តំណាង​ម្នាក់​ដាក់​ពន្ធនាគារ ហើយ​ទទួល​ព័ត៌មាន​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​អភិរក្ស​ផ្ទៃ​ដី​ព្រៃ​ជុំវិញ​ល្អាង​រំលេច ទំហំ ៣​ពាន់​ម៉ែត្រ​ការ៉េ ហើយ​ដក​ហូត​ដី​ពី​ពលរដ្ឋ​ណា​ដែល​ឋិត​ក្នុង​ដែន​អភិរក្ស​នេះ។

អ្នកស្រី សុទ្ធ ធួក មាន​វ័យ​ជាង ៥០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង កំពុង​ឈរ​ផ្អែក​ជញ្ជាំង​ផ្ទះ​ក្នុង​ទឹក​មុខ​ក្រៀមក្រំ​ទំនង​ជា​បារម្ភ​ពី​សុវត្ថិភាព​ដីធ្លី និង​ការ​រស់នៅ​ក្បែរ​ល្អាង​ដូច​អ្នក​ភូមិ​ដទៃ​ទៀត​ដែរ។ គាត់​មាន​ប្រសាសន៍​ថា រូប​គាត់ និង​អ្នក​ភូមិ​ជាច្រើន​ទៀត សុទ្ធតែ​ខ្វះ​ខាត​ដីធ្លី​រស់នៅ ហើយ​ចង់​ឃើញ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ដោយ​មិន​ចាំបាច់​ធ្វើ​បាប​ពលរដ្ឋ ឬ​ដក​ហូត​ដី​នោះ​ទេ៖ «ប្រជាពលរដ្ឋ​រស់នៅ​ត្រង់​នេះ​ខំ​កាប់​ខំ​រាន​បាន​បន្តិចបន្តួច​ប្រកប​អាជីវកម្ម គាត់ (អាជ្ញាធរ) ដេញ​ទៅ ហើយ​ដល់​ពេល​ទៅ​រកេតរកាក​បាន​អី​ទៀត អ៊ីចឹង​វា​កើត​ទុក្ខ​ម្នាក់ៗ»។

មន្ត្រី​របស់​សមាគម​អាដហុក (Adhoc) និង​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ បាន​សហការ​គ្នា​ចុះ​អង្កេត​ករណី​នេះ ហើយ​រក​ឃើញ​ថា ផ្ទៃ​ដី​ព្រៃ​នៅ​ចំណុច​ចម្ការ​ចេក ស្រែ​ក្ដី និង​ចំណុច​រំលេច ឋិត​នៅ​ឃុំ​ក្រពើពីរ ស្រុក​វាលវែង រង​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយ​ប្រជាពលរដ្ឋ។ មន្ត្រី​សិទ្ធិ​មនុស្ស​មិន​គាំទ្រ​ចំពោះ​សកម្មភាព​នេះ​ឡើយ ហើយ​យល់​ថា អាច​មាន​អ្នក​មាន​លុយ ឬ​អំណាច​នៅ​ពី​ខាង​ក្រោយ​ខ្នង។

លោក ភួង សុធា ជា​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ពោធិ៍សាត់ ថ្លែង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​អសមត្ថភាព​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​ចូល​រស់នៅ​អនាធិបតេយ្យ​របស់​ពលរដ្ឋ​នៅ​ក្នុង​ព្រៃ ដែល​មិន​មែន​ជា​ភូមិម្ករ​ចាស់​របស់​ពួក​គេ​ធ្លាប់​រស់នៅ​ផង​នោះ។ ប៉ុន្តែ​លោក​ថា បើ​មាន​ការ​អភិវឌ្ឍ​តំបន់​រំលេច នេះ​ទៅ​ជា​តំបន់​ទេសចរណ៍ អាជ្ញាធរ​ត្រូវ​គិតគូរ​រឿង​ពលរដ្ឋ​ជា​មុន៖ «វា​ជា​រូបភាព​ដ៏​សែន​អាក្រក់ ប្រសិន​អាជ្ញាធរ​ជា​អ្នក​បើក​ដៃ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​ព្រៃ ហើយ​យក​រូបភាព​ប្រជាពលរដ្ឋ​ថា​ពលរដ្ឋ​កាប់​ព្រៃ​ខុស​ច្បាប់ ហើយ​បណ្ដេញ​ពួក​គាត់​ចេញ ដើម្បី​យក​ដី​ចែក​នោះ»។

ល្អាង​បុរាណ​ធម្មជាតិ​រំលេច គឺ​ជា​ទីតាំង​វប្បធម៌​ធម្មជាតិ​វ័យ​ចំណាស់​មួយ។ មន្ត្រី​វប្បធម៌​បាន​សន្និដ្ឋាន​បឋម បន្ទាប់​ពី​ចុះ​សិក្សា​ចំនួន​បី​លើក​ថា ល្អាង​នេះ គឺ​ជា​ទីតាំង​រស់នៅ​របស់​អម្បូរ​មនុស្ស​នា​សម័យ​បុរាណ គឺ​មុន​ពេល​ដែល​មនុស្ស​មាន​ផ្ទះ​សម្បែង​រស់នៅ​ពិត​ប្រាកដ។ តំបន់​រំលេច មាន​ល្អាង​សំខាន់ៗ​ចំនួន​១០ ហើយ​ល្អាង​ទាំង​នោះ​ចូល​ទៅ​ត្រជាក់ មាន​ស្នាម​គូស​វាស និង​រូប​មនុស្ស​នៅ​លើ​ផ្ទាំង​ថ្ម។

យ៉ាង​ណា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ លោក សំ ឃីម ថ្លែង​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​រំលេច ទៅ​ជា​តំបន់​ទេសចរណ៍​នោះ គឺ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ។ លោក​ថា នៅ​ស្រុក​វាលវែង មាន​តំបន់​ទេសចរណ៍​ច្រើន​កំពុង​សិក្សា ហើយ​អាច​មាន​សក្ដានុពល​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តជាតិ។ ចំពោះ​តំបន់​រំលេច វិញ បើ​អភិវឌ្ឍ​ទៅ​អាច​ទាក់ទាញ​តែ​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ៕
ប្រភពដើមៈ RFA

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។