Social Icons

Thursday, July 17, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជំនួប​រវាង​អ្នក​ភូមិ​និង​អាជ្ញាធរ​នៅ​ស្ទឹងត្រែង​រឿង​សំណង​ផល​ប៉ះពាល់​បរាជ័យ

ការ​ជួប​ប្រជុំ​គ្នា​រវាង​ក្រុម​ការងារ​ផ្សព្វផ្សាយ​គោលនយោបាយ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ទាក់ទង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ជាមួយ​ប្រជាពលរដ្ឋ​មិន​បាន​ជោគជ័យ​ទេ។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​មាន​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​នោះ បាន​បដិសេធ​មិន​ទទួល​យក​គម្រោង​សំណង​ដែល​ក្រុមហ៊ុន​ប្រុង​ផ្ដល់​ឲ្យ​នោះ​ទេ។

ក្រុម​ការងារ​នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង រួម​ជាមួយ​តំណាង​ក្រុមហ៊ុន និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា នៅ​សាលា​បុណ្យ​វត្ត​ស្រែគរ ដើម្បី​ពន្យល់​អ្នក​ភូមិ​​​ជិត ១០០​នាក់ រស់​នៅ​ភូមិ​ស្រែគរ​១ និង​ស្រែគរ​២ ពី​គោលនយោបាយ​ផ្ដល់​សំណង។ ក៏ប៉ុន្តែ​អ្នក​ភូមិ​មួយ​​ចំនួន​បាន​ដើរ​ចេញ​ពី​អង្គប្រជុំ មួយ​ចំនួន​ទៀត​ឡើង​សូរ​ដេញដោល​ពី​តម្លៃ​នៃ​សំណង និង​អ្នក​ភូមិ​មួយ​​ចំនួន​ទៀត​បាន​បដិសេធ​មិន​ទទួល​យក​គោលនយោបាយ​សំណង​នោះ​ឡើយ។

អ្នក​ភូមិ៖ «យ៉ាង​ណា​មិន​ឲ្យ​លិច​ភូមិ​ខ្ញុំ​ព្រោះ​ខ្ញុំ​មិន​ទៅ​ណា​ទាំង​អស់ សុខចិត្ត​ប្ដូរ​ស្លាប់​រស់​នៅ​ដី​ស្រែគរ ភូមិ​​ស្រែគរ ជា​មួយ​ឆ្អឹង​ដូនតា​ខ្ញុំ​ដែល​កប់​នៅ​ទី​នេះ។ ខ្ញុំ​មិន​ទទួល​យក​សំណង​អ្វី​ទាំង​អស់ ខ្ញុំ​មិន​ផ្ដិត​មេដៃ ហើយ​ខ្ញុំ​មិន​ចុះ​កិច្ច​សន្យា​ទទួល​យក​អ្វី​ទាំង​អស់»។

ទោះ​ជា​យ៉ាង​នេះ​​ក្ដី ប្រការ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៧​នាក់​ក្នុង​ចំណោម​​​ប្រជាពលរដ្ឋ​ប្រមាណ ៨០​នាក់ បាន​លើកដៃ​ទទួល​យក​គោលនយោបាយ​ដោះស្រាយ​បន្ទាប់​ពី​មន្ត្រី​​​ក្រុម​ការងារ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​អនុម័ត​ដោយ​លើក​ដៃ។

ប្រធាន​ក្រុម​ការងារ​និង​ជា​អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ឈាង ឡាក់ ថ្លែង​ថា អ្វី​ដែល​​ប្រជាពលរដ្ឋ​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​លោក​នឹង​ពាំនាំ​សំណូមពរ​នេះ​ជូន​មន្ត្រី​គណៈកម្មការ​​​ដោះស្រាយ​ថ្នាក់​ខេត្ត​ចាត់​វិធានការ​បន្ត​ទៀត។

លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​​អាជ្ញាធរ​និង​មន្ត្រី​ស្ថាប័ន​ជំនាញ​ដែល​បាន​ចូល​រួម​អនុវត្ត​គោលនយោបាយ​សំណង​ជូន​ប្រជាពលរដ្ឋ​​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​សុខ​ទុក្ខ​និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​សំខាន់៖ «គឺ​មាន​អ្នក​ជំនាញ​គេ​សិក្សា​វាយ​តម្លៃ​ច្បាស់លាស់​ណាស់។ គេ​ធ្វើ​គឺ​មាន​យន្តការ គេ​មាន​ការ​បែងចែក​​ច្បាស់លាស់​ណាស់ មិន​មែន​ដូច​បងប្អូន​ចេះ​តែ​លើក​ឡើង​ថា មិន​គិតគូរ​ពី​ជីវភាព ព្រោះ​ទៅ​នៅ​​កន្លែង​ថ្មី​ឲ្យ​រស់​យ៉ាង​ម៉េច ដូច្នេះ​ខ្ញុំ​សុំ​ថា បងប្អូន​ពុក​ម៉ែ​សូម​ជឿ​ជាក់​លើ​រដ្ឋ​អំណាច»។

របាយការណ៍​ពិសេស​ស្ដីពី​សំណង​និង​នយោបាយ​កែតម្រូវ​នៃ​គម្រោង​សាង​ទំនប់​វារីអគ្គិសនី​សេសាន​​ក្រោម​២ ឆ្នាំ​២០១១ បង្ហាញ​ថា ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤ រង​ផល​ប៉ះពាល់។ ក្នុង​នោះ​ប៉ះពាល់​​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៥០០​ផ្ទះ​នេះ មិន​ទាន់​រាប់​បញ្ចូល​ផ្ទះ​ប្រជាពលរដ្ឋ ៤៨​ផ្ទះ​ទៀត​នៅ​ភូមិ​ក្របី​ជ្រំ​និង​​ភូមិ​ខ្សាច់​ថ្មី​ដែល​អាច​នឹង​រក​ផល​ប៉ះពាល់​ដូច​គ្នា។

តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់ លោក កោ វ៉ាន់អ៊ីវ រៀបរាប់​ថា គោលនយោបាយ​ផ្ដល់​សំណង​​របស់​ក្រុមហ៊ុន​គឺ​ធានា​ថា មាន​លក្ខណៈ​ប្រហាក់ប្រហែល ឬ​ល្អ​ជាង​ទីតាំង​បច្ចុប្បន្ន។ លោក​បន្ត​ថា ​ក្រៅ​ពី​សំណង​លំនៅឋាន​ដី​ស្រែ​ចម្ការ​ផល​ដំណាំ​ប្រជាពលរដ្ឋ ក្រុមហ៊ុន​រ៉ាប់រង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន ផ្គត់ផ្គង់​អគ្គិសនី​អណ្ដូងទឹក សាលារៀន​វត្តអារាម មណ្ឌល​សុខភាព ផ្ដល់​​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ រួម​ទាំង​ឧបត្ថម្ភ​របប​អង្ករ ថ្លៃ​ពលកម្ម ថ្លៃ​ដឹក​ជញ្ជូន ខណៈ​ពេល​ធ្វើ​ការ​​ជម្លៀស​អ្នក​ភូមិ​ទៅ​ទីតាំង​ថ្មី​ជា​ដើម។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ការ​ចំណាយ​នេះ​អាច​កើន​ឡើង​ដល់​ទៅ​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រសិន​ដំណើរ​ការ​សាងសង់​នោះ​បាន​សម្រេច​ដូច​ការ​គ្រោង​ទុក គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧។

មន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេ​បី លោក មាច មៀន ថ្លែង​ថា នេះ​ជា​សញ្ញាណ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ទាន់​ឯកភាព​ទៅ​នឹង​ដំណោះស្រាយ​ផល​ប៉ះពាល់​អ្នក​ភូមិ​នៅ​ឡើយ។

លោក​មាន​មតិ​ថា អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​ក្រុមហ៊ុន​គួរ​ពិនិត្យ​ឡើង​វិញ​ពី​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ធៀប​ទៅ​នឹង​ផលប្រយោជន៍​បាន​មក​ពី​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី​នេះ៖ «គាត់​ជា​ម្ចាស់​ទ្រព្យ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ និង​ភូមិឋាន​របស់​គាត់។ អាជ្ញាធរ​ត្រូវ​ចំណាយ​​ពេល​ព្យាយាម​ធ្វើការ​ជាមួយ​គាត់​បន្ថែម​ទៀត ហើយ​មិន​អាច​លើក​ថា ពេល​វេលា​ខ្លី​ដាក់​គាត់​បាន​ទេ»។

កាល​ពី​ខែ​មិថុនា នៅ​ក្នុង​វេទិកា​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​សំណង​ផល​ប៉ះពាល់​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ក្នុង​វត្ត​ក្បាលរមាស ក៏​ត្រូវ​អ្នក​ភូមិ​ភាគច្រើន​បាន​ធ្វើ​ពហិការ​ដើរ​ចេញ​ដោយសារ​តែ​​គោលនយោបាយ​ផ្ដល់​សំណង​របស់​អាជ្ញាធរ​មិន​បាន​បំពេញ​បន្ថែម​ចំណុច​ទាមទារ​របស់​ប្រជាពលរដ្ឋ។ ចំណែក​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​មិន​យល់​ព្រម​បោះ​បង់​ភូមិ​កំណើត​ទៅ​តាំង​ទីលំនៅ​ថ្មី៕ RFA

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។