Social Icons

Thursday, July 17, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​យក​ដី​របស់​ពួក​គាត់​ទៅ​ឲ្យ​ក្រុមហ៊ុន​រុស្ស៊ី

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​ដាក់​ទប់ទល់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ជុំវិញ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី មួយ​នៅ​ទីនោះ។

ប្រជាពលរដ្ឋ​បាន​ចោទ​អាជ្ញាធរ​ថា បាន​ផ្សំ​គំនិត​គ្នា​យក​ដី​របស់​គាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​នៅ​ទីនោះ។ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​ក្នុង​ការ​ចោទ​ប្រកាន់​នេះ ដោយ​លើក​ឡើង​ថា នេះ​គឺ​ជា​វិធានការ​នៃ​ការ​អនុវត្ត​ច្បាប់​ការពារ និង​គ្រប់គ្រង​ដី​របស់​រដ្ឋ។

ប្រជាពលរដ្ឋ ៥​គ្រួសារ​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល បាន​សម្ដែង​អារម្មណ៍​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​ដី​ចម្ការ​របស់​ខ្លួន ដោយ​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​រុស្ស៊ី មួយ​នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ កក្កដា។ ដី​ប្រមាណ​ជាង ២០​ហិកតារ ដែល​មាន​ដាំ​ដំឡូង និង​កៅស៊ូ​ផង​នោះ ត្រូវ​បាន​ខាង​តំណាង​ក្រុមហ៊ុន​កាសូទីម របស់​រុស្ស៊ី ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព័ទ្ធ​ជា​របង ដែល​មាន​ការ​ដាក់​កង​កម្លាំង​ជាច្រើន​នាក់ សម្រាប់​ទប់ទល់​ប្រជាពលរដ្ឋ​មិន​ឱ្យ​រារាំង​ការ​ឈូស​ឆាយ​នោះ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ស្វាយជ្រះ អ្នកស្រី ជា សាមួន ឱ្យ​ដឹង​ថា អ្នកស្រី និង​កូន​របស់​គាត់ ៤​គ្រួសារ​ផ្សេង​ទៀត បាន​កាន់​កាប់​ដី​នៅ​ទីនោះ​តាំង​ពី​ឆ្នាំ​២០០៥ មក​ម្ល៉េះ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​មាន​ដី​ផ្ទាល់​ខ្លួន​ជាង ១០​ហិកតារ ដែល​ក្រុម​និស្សិត​វាស់វែង​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​នៅ​ពេល​ចេញ​ប្លង់ គឺ​ផ្តល់​ឱ្យ​តែ ៨​ហិកតារ។ ចំណែក​ឯ​កូន​អ្នកស្រី ៤​គ្រួសារ​ទៀត គឺ​មាន​ដី​មួយ​គ្រួសារ​ចំនួន ៥​ហិកតារ ក៏ប៉ុន្តែ​នៅ​ពេល​ក្រុម​និស្សិត​ចុះ​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ គឺ​បាន​មួយ​គ្រួសារ​ជាង ១​ហិកតារ​តែ​ប៉ុណ្ណោះ ដោយ​ថា ប៉ះពាល់​លើ​ដី​របស់​រដ្ឋ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​កាសូទីម នៅ​ទីនោះ​ទៅ​ហើយ។

អ្នកស្រី ជា សាមួន៖ «អភិបាល​ខេត្ត​ធ្លាប់​ប្រកាស​ប្រាប់​ប្រជាជន​ទូទាំង​ខេត្ត​ដែរ ប្រាប់​ថា​កាសូទីម លែង​មាន​ទៀត​ទេ កាល​មុន​ពេល​យើង​ចុះ​ប្លង់​ហ្នឹង។ ទាំង​និស្សិត​ទាំង​អី គេ​ហៅ​ប្រជាជន​ប្រមូល​ទៅ​ប្រជុំ​ទាំងអស់។ គេ​ថា​ដី​ឱ្យ​ប្រជាជន​ចុះ​យក​ធ្វើ​បាន​ម៉ាន ចុះ​យក​ប៉ុណ្ណឹង ប៉ុន្តែ​ស្រាប់​តែ​ដល់​ថ្ងៃ​ហ្នឹង​ស្រាប់​តែ​ចេញ​អភិបាល​ខេត្ត​អី​ចេញ​មក​ថា​ជា​ដី​របស់​រដ្ឋ​ជា​ដី​របស់​កាសូទីម»។

អ្នកស្រី​បន្ថែម​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ ពីព្រោះ​អ្នកស្រី​បាន​ដាំ​ដំណាំ​ជា​យូរ​មក​ហើយ បែរ​ជា​ត្រូវ​រងគ្រោះ​ដោយ​ការ​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​នោះ។ អ្នកស្រី​គ្រោង​នឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​ខាង​អាជ្ញាធរ​ថ្នាក់​លើ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ត​ទៀត ជុំវិញ​បញ្ហា​នេះ។

មេ​ឃុំ​ស្វាយជ្រះ លោក វ៉ាន់ វ៉េត មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ច្បាស់​ថា ដី​នោះ​ភាគី​ជម្លោះ​ទាំង​ពីរ​នរណា​ជា​អ្នក​មក​មុន​នោះ​ទេ ហើយ​ការ​សម្រេច​ដោះស្រាយ​ថា​យ៉ាង​នោះ ក៏​ខាង​ឃុំ​មិន​បាន​ដឹង​ច្បាស់​នោះ​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ភាគី​តំណាង​ក្រុមហ៊ុន លោក ឃួន ភារុណ បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ កក្កដា។

យ៉ាង​ណា​ក៏ដោយ អភិបាល​រង​ខេត្ត​ក្រចេះ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី លោក ខ័ណ្ឌ ចំណាន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ ៥​គ្រួសារ​នោះ គឺ​អាជ្ញាធរ​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ផ្តល់​ជូន​ពួក​គាត់​ដែល​មាន​ដី​ទំហំ​សរុប ១៦​ហិកតារ​រួច​ទៅ​ហើយ ហើយ​ដី​ដែល​មាន​ជម្លោះ​នោះ គឺ​ជា​ដី​ដែល​ពួក​គាត់​ទៅ​កាប់​ទន្ទ្រាន​ក្រោយ​បទបញ្ជា​០១​របស់​រដ្ឋាភិបាល​ដោយ​ខុស​ច្បាប់។ លោក​បន្ត​ថា ដី​នោះ គឺ​ជា​ដី​សម្បទាន​របស់​រដ្ឋ​ដែល​បាន​ផ្តល់​ជូន​ក្រុមហ៊ុន​កាសូទីម វិនិយោគ​កាល​ពី​ឆ្នាំ​២០០៦ ដើម្បី​ដាំ​ដំណាំ​កៅស៊ូ​នៅ​ទីនោះ ពុំ​មែន​ជា​ដី​របស់ លោក ឃួន ភារុណ នោះ​ទេ ប៉ុន្តែ លោក ឃួន ភារុណ គឺ​ជា​តំណាង​ឱ្យ​ក្រុមហ៊ុន​កាសូទីម។

លោក ខ័ណ្ឌ ចំណាន៖ «អា​មិន​ព្រម​ចេញ​ហ្នឹង​បើ​គាត់​ទៅ​ចង្អុល​ដី​ព្រៃ គេ​ម៉េច​វាស់​ឱ្យ! គេ​វាស់​តែ​ដី​មាន​ដំណាំ​ហ្នឹង។ ហ្នឹង​ហើយ អ៊ីចឹង​ដល់​ពេល​ចេញ​ប័ណ្ណ ហើយ​ពង្រីក​ទៅ​គាត់​ចេញ​តែ​ធ្វើ​ថែម​ទៅ ទោះ​បី​ជា​យើង​ផ្សព្វផ្សាយ យើង​ចុះ​ទៅ​បោះ​បង្គោល​ទៅ​ឱ្យ​ពួក​គាត់​ឡើង​វិញ​ក៏ដោយ ក៏​ពួក​គាត់​អត់​ស្តាប់​ទេ។ អ៊ីចឹង​ក្នុង​នាម​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ គឺ​យើង​ការពារ​ដី​របស់​រដ្ឋ»។

លោក​បន្ថែម​ថា ចំពោះ​ដី​ដែល​ប៉ះពាល់ ខាង​ក្រុមហ៊ុន​គឺ​មាន​គោល​នយោបាយ​ជា​សំណង​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ក្នុង ១​ហិកតារ ២៥០ ទៅ ៣០០​ដុល្លារ ជា​ថ្លៃ​កម្លាំង​ពលកម្ម​កន្លង​មក។ លោក​ក៏​សុំ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ឡាយ បញ្ឈប់​ការ​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ក្រោយ​បទបញ្ជា​០១​របស់​រាជ​រដ្ឋាភិបាល​ត​ទៅ​ទៀត ពីព្រោះ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​ជូន​បាន​នោះ​ទេ។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​តម្លាភាព និង​សន្តិភាព និង​ជា​ប្រធាន​គណៈកម្មាធិការ​ឯករាជ្យ​ប្រឆាំង​អំពើ​ពុក​រលួយ អ្នកស្រី ម៉ម ស៊ីថា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​ត​ទៅ​ទៀត ពីព្រោះ​ការ​សម្រេច​របស់​ខេត្ត​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​សម្រាប់​ប្រជាពលរដ្ឋ ព្រោះ​គ្មាន​ការ​ចូលរួម និង​គ្មាន​ការ​ជូន​ដំណឹង​ដល់​ពួក​គាត់​ឡើយ៖ «ការ​ដោះស្រាយ​របស់​ខេត្ត​មិន​បាន​ប្រើប្រាស់ គឺ​ថា​យន្តការ​របស់​ខ្លួន​ហ្នឹង អាច​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​យក​បាន​នោះ​ទេ​ចា៎!»។

អ្នកស្រី​បាន​ទទួល​របាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា ក្រុមហ៊ុន​កាសូទីម នោះ បាន​ផុត​អាណត្តិ​ក្នុង​ការ​គ្រប់គ្រង​ដី​តំបន់​នោះ តាំង​ពី​ឆ្នាំ​២០០៧ ហើយ​អភិបាល​ខេត្ត​ក្រចេះ ក៏​ធ្លាប់​បាន​ប្រកាស​ពី​បញ្ហា​នេះ​ដល់​ប្រជាពលរដ្ឋ​ដែរ។ អ្នកស្រី​នឹង​ដាក់​ពាក្យ​បណ្ដឹង​មួយ ជូន​ទៅ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ឱ្យ​បញ្ជាក់​ថា ក្រុមហ៊ុន​កាសូទីម នោះ ពិត​ជា​ផុត​អាណត្តិ​មែន ឬ​យ៉ាង​ណា ដើម្បី​កុំ​ឱ្យ​ចេះ​តែ​យក​ឈ្មោះ​ក្រុមហ៊ុន​ខ្មោច​មក​ប្រើប្រាស់​ធ្វើ​បាប​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត៕
ប្រភពដើមៈ RFA

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។