Social Icons

Wednesday, April 10, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​តាម​ច្រក​ស្រែអំបិល​ជា​ប្រយោជន៍​ឆ្នាំងបាយ​ដ៏​ត្រូវប៉ាន់​មិនចេះ​រីងស្ងួត​របស់លោក កុក ឆាយ​


ស្ថានភាព​នៃ​ការហូរចូល​ទំនិញ​ពី ស្រុក​សៀម​តាម​ច្រក​ស្រែអំបិល​ដែល​កាន់តែ​គគ្រឹកគគ្រេង​មាន​រថយន្ត​ធំ​តូច​ដឹកជញ្ជូន​ទំនិញ​សឹង​ខូង​ផ្លូវ​ទៅហើយ ប៉ុន្តែ​ប្រភព​ចំណូល​ពី​ការបង់ពន្ធ​ទំនិញ​មាន​តិចតួច​ប៉ុណ្ណោះ ក៏​ព្រោះតែ​លោក កុក ឆាយ ដែលជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ស្រែអំបិល​មាន​ជំនាញ​សម្របសម្រួល ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់ ហើយ​ការបង់ពន្ធ​ជាក់ស្តែង​មិនបាន​២០​ភាគរយ​ផង​ទេ​។ ដូច្នេះ​អគ្គនាយក​គយ​និង​រដ្ឋាករ​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវតែ​ចាត់វិធានការ​លុបបំបាត់​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​នៅ​ច្រក​ស្រែអំបិល​ជាបន្ទាន់ ដែល​យ៉ាងហោចណាស់​អាច​បង្កើន​ចំណូល​ថវិកាជាតិ និង​រួមចំណែក​លុបបំបាត់​អំពើពុករលួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​។​
​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​ច្រក​ស្រែអំបិល​មួយចំនួន​បាន​លើកឡើងថា ទំនិញ​ខុសច្បាប់​និង​មិន​បង់ពន្ធ​អាច​នាំចូល​តាម​ច្រក​ស្រែអំបិល​យ៉ាង​រលូន​ល្អ​ដោយ​គ្រាន់ តែ​ទាក់ទង​ជាមួយ​លោក កុក ឆាយ ដែលមាន​ជំនាញ​សម្របសម្រួល​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​តាមតែ​អំពើ​ចិត្ត ហើយ​ការបង់ពន្ធ​ជាក់ស្តែង​ចូល​ជា​ថវិកាជាតិ​មាន​តិចតួច​បំផុត​សឹង​ថា​មិន​ស្មើនឹង​ផលប្រយោជន៍​ដែល​ហូរ​ចូល​ហោប៉ៅ​របស់​មន្ត្រី​គយ​ពុករលួយ​នោះទេ​។ អគ្គនាយក​គយ​និង​រដ្ឋាករ​គួរ​ស៊ើបអង្កេត​ឡើងវិញ​ពី​សកម្មភាព​ដែល​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​ស្រែអំបិល ដែល​មិនមាន​តុល្យភាព​ទៅនឹង​ប្រាក់ចំណូល​ដែល​បានមកពី​ការបង់ពន្ធ ហើយ​បញ្ហា​មួយចំនួនទៀត​ដូចជា​ក្រុម​ឈ្មួញ​ជា​អ្នក​ចេញមុខ​បង់ប្រាក់​ពន្ធ​នាំចូល​នៅ​ច្រក​ស្រែអំបិល​ទៅតាម​ការកំណត់​របស់​អគ្គនាយក​គយ​មិន​ឲ្យ​បាត់​មួយ​រៀល ប៉ុន្តែ​ជំនាញ​គយ​នៅ​ទីនោះ​មិនត្រូវ​ប៉ះពាល់​ការ​នាំចូល​ទំនិញ​របស់​ពួកគេ ហើយ​បើសិន​រឿងនេះ​ជាការ​ពិត​អាច​ចាត់ទុកជា​កំហុសឆ្គង​ធ្ងន់ធ្ងរ​បំផុត​របស់លោក កុក ឆាយ មេ​គយ​ស្រែអំបិល​។​
​កម្មករ​លើកដាក់​ទំនិញ​នៅ​ផែ​ស្រែអំបិល​ជាច្រើន​បានលើកឡើង​ថា នៅពេល​មាន​ទូក​ដឹកទំនិញ​ចូល​ច្រក​ស្រែអំបិល​ម្តងៗ​គឺ​ក្នុង​មួយ​ទូក​មាន​ផ្ទុកទំនិញ​រាប់ពាន់​តោន ហើយ​ទូក​មួយគ្រឿង​ដែល​ដឹកទំនិញ​មកពី​ស្រុក​សៀម​ចូល​តាម​ច្រក​ស្រែអំបិល​យ៉ាងហោចណាស់​ក៏ត្រូវ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ប្រមាណ​១០ គ្រឿង​ចាំ​សាង​ទំនិញ​ពី​ទូក​ដឹកជញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ​។ សកម្មភាព​នាំចូល​ទំនិញ​តាម​ច្រក​ស្រែអំបិល គឺ​មិន​ចាញ់​ច្រកព្រំដែន​ផ្សេងៗ​ទៀត​នោះទេ ប៉ុន្តែ​ចំណូល​ពន្ធ​វិញ​ក៏​គ្មានអ្វី​ជា​ដុំកំភួន​នោះដែរ ព្រោះ​ចំណូល​ភាគច្រើន​ត្រូវ​បាត់បង់​ដោយសារ​អំពើពុករលួយ ដូចដែល​មន្ត្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ មានការ​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញ​ចម្រុះ​មួយ​ទូក​ត្រូវបាន​សាង​ដាក់​រថយន្ត​យី​ឌុប​ប្រមាណ​៦​គ្រឿង ប៉ុន្តែ​ចំណូល​ដែល​បានមកពី​ការបង់ពន្ធ​គឺ​មិនបាន​៥​លាន​រៀល​ផង​ទេ បើទោះបីជា​គេ​វាយតម្លៃ​ពី​ប្រភេទ​ទំនិញ​ដែល​នាំចូល​នោះ មានតម្លៃ​មិនតិចជាង​១​លាន​ដុល្លារ​អាមេរិក ហើយ​ចំណូល​ពន្ធ​ប្រមាណ​៥​លាន​រៀល​នោះ គឺ​គេ​គិតតែ​ពន្ធ​នាំចូល​សម្រាប់​ទឹកដោះគោ និង​ទំនិញ​តូចតាច​ប៉ុណ្ណោះ​។​
​មន្ត្រី​តូចតាច​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ទំនិញ​ជាច្រើន​ប្រភេទ​ដូចជា​ទំនិញ​ដែលមាន​កេស​ឈើ​គឺ​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​ប្រភេទ​ទូរស័ព្ទដៃ​ទំនើបៗ​យកមក​លក់​តាម​ទីផ្សារ​ក្នុង​មួយគ្រឿង​តម្លៃ​មិនតិចជាង​៥០០​ដុល្លារ​អាមេរិក​នោះទេ ហើយ​សម្រាប់​កេស​ក្រហមៗ​វិញ គឺ​គេ​សម្គាល់​ទៅលើ​ស្រា ច​ន​នី​វ៉ក​ឃើ ដែលមាន​តម្លៃ​បំផុត ហើយ​មានការ​នាំចូល​ជាប់​ជាប្រចាំ​តាម​ច្រក​ស្រែអំបិល ដោយ​បំពាន​ទៅលើ​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន អ៊ែត​វូត ផងដែរ​។ មានការ​បញ្ជាក់​ផងដែរ​ថា លោក កុក ឆាយ មិនដែល​ក្រែង​ញញើត​អ្វី​ឡើយ ក្នុងការ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល ទំនិញ​ខុសច្បាប់​តាម​ច្រក​ស្រែអំបិល​ទាំងយប់​ទាំង​ថ្ងៃ​ដូចជា​ករណី​នាំចូល ស្រា​ថ្លៃៗ​ដែល​បំពាន​លើ​សិទ្ធិផ្តាច់មុខ របស់​ក្រុមហ៊ុន​ស្របច្បាប់ ក៏ដូចជា​ការឃុបឃិត​ឲ្យ​នាំ​ទំនិញ​ប្រភេទ​ទូរស័ព្ទដៃ​ទំនើបៗ​ដែល​មានការ​សម្រប សម្រួល​បង់ពន្ធ​ជា​ប្រភេទ​ទូរស័ព្ទ​ចិន ឬ​គ្មាន​ការបង់ពន្ធ​ទាំងស្រុង​តែម្តង​។​
​ជំនាញ​គយ​ប្រចាំ​ច្រក​ស្រែអំបិល ធ្លាប់មាន​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ដែលជា​ប្រធាន​ច្រក​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នៅពេលដែល​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​មិន​ប្រក្រតី​និង​មាន​ការបង់​តិចតួច ដែល​មិន​សម​ទំនង​សមត្ថកិច្ច​នគរបាល​ក៏បាន​ហៅ​អ្នកកាសែត​ឲ្យ​ទៅ​ជួយ​ពិនិត្យមើល​ធ្វើ​ឲ្យ​បែក​រឿងអាស្រូវ​ពុករលួយ​របស់​មន្ត្រី​គយ​ហើយ កាលនោះ​លោក កែវ សុខ​ឃាង ក្នុងតួនាទី​ជា​មេ​គយ​ចល័ត​បាន​ចុះទៅ​ពិ និត្យ​មើល​ជាក់ស្តែង​ក្នុងការ​លើកដាក់ ទំនិញ​ដើម្បី​រាប់​ឡើងវិញ រកឃើញ​ភាពមិនប្រក្រតី​ជាច្រើន ប៉ុន្តែ​ក្រោយមក​ប្រធាន​ច្រក​ដែល​ហ៊ាន​ធ្វើ​ឲ្យ​បែក​រឿងអាស្រូវ​របស់​ជំនាញ​គយ ត្រូវបាន​គេ​ដកហូត​ពីមុខ​តំណែង​។ បន្តម​កទៀត​មានការ​តែងតាំង​ប្រធាន​ច្រក​ស្រែអំបិល ប៉ុន្តែ​មន្ត្រី​ក្រោយៗ​មិន​ហ៊ាន​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​ជំនាញ​គយ​ទេ នៅពេល​មាន​កញ្ចប់​បែងចែក​ផលប្រយោជន៍​ជាប់​ជាប្រចាំ​ដែល​ក្រុម​ឈ្មួញ​ចេះ​ចែករំលែក​ឲ្យ​ទៅ​ប្រធាន​ច្រក​ដើម្បី​កុំ​ឲ្យ​មុខ​ជំនួញ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​របស់​ពួកគេ​ត្រូវ​បែក​ខ្ចរខ្ចាយ​។​
​បើ​យោងតាម​កម្មករ​លើកដាក់​ទំនិញ​មួយចំនួន​បាន​ឲ្យ​ដឹងថា​ទំនិញ ប្រភេទ​ម៉ូតូ​គុប​ឬ​រថយន្ត​ទំនើប​ក៏ត្រូវ បាន​នាំចូល​តាម​ច្រក​ស្រែអំបិល​នេះ​ផងដែរ​ដោយមាន​ការសម្របសម្រួល ពី​លោក កុក ឆាយ ដែល​ធ្លាប់មាន​រឿងអាស្រូវ​ពុករលួយ ហើយក៏​ធ្លាប់មាន​ស្ត្រី​ម្នាក់​ប្តឹង​ទៅកាន់​អគ្គនាយកដ្ឋាន​គយ​និង​ក្រសួង​សេដ្ឋកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ផងដែរ​។ ក្រុម ឈ្មួញ​ដ៏​មានអំណាច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​សឹង​ប៉ាវ​ផ្តាច់​នៅ​ច្រក​ស្រែអំបិល​ក៏បាន​ជួយ​ជ្រោមជ្រែង​ផ្តល់​លុយ​ឲ្យ​ជំនាញ​គយ​យកទៅ​បង់​ចូល​ជា​ថវិកាជាតិ​ប្រចាំខែ​ទៅតាម​ការកំណត់​របស់​អគ្គនាយកដ្ឋាន​គយ គឺ​មិន​ដែលមាន​បញ្ហា​អ្វី​ទេ នាំ​ឲ្យ​លោក កុក ឆាយ ជោគជ័យ​តែ​រហូត​ប្រមូល​ចំណូល​បាន​លើស​ផែនការ​រហូត ហើយ​ចំណូល​ក្រៅពីនេះ​ត្រូវ​ហូល​ចូលក្នុង​ហោប៉ៅ​លោក កុក ឆាយ យ៉ាង​ត្រជាក់ចិត្ត​៕
6

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។