Social Icons

Wednesday, April 10, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ការឃាត់ខ្លួន​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ខេត្តពោធិ៍សាត់​ពាក់ព័ន្ធ​អំពើពុករលួយ​មិនទាន់​ចំ​គោលដៅ​ជាក់ស្តែង​នៅឡើយ​ទេ​


​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យុ​ិ​ន​ទៀង ជា​ប្រធាន​បាន​ឃាត់ខ្លួន​មន្ត្រី​មន្ទីរ​សង្គម កិច្ច និង​អតីតយុទ្ធជន​ខេត្តពោធិ៍សាត់ ចំនួន​៣​នាក់ បញ្ជូនទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់ ហើយ​តុលាការ​ក៏បាន​សម្រេច​ឃុំខ្លួន​មន្ត្រី​២​នាក់ បន្ទាប់ ពី​ធ្វើការ​សាកសួរ​ជាបឋម​រួចមក​។ ទាក់ទង​នឹង​បញ្ហា​នេះ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បាន​គាំទ្រ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យុ​ិ​ន​ទៀង ជា​ប្រធាន​ក៏ប៉ុន្តែ​គេ​បាន​លើកឡើងថា វិធានការ​លើ​មន្ត្រី​ពុករលួយ​ធំៗ​នៅ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ទើប​ជា​រឿង​សមស្រប​។ ទោះជា​យ៉ាង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​នៅតែ​ជំ​រុញឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ព្រោះ​បច្ចុប្បន្ន​អំពើពុករលួយ​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​កន្លងមក​មន្ត្រី​ពុករលួយ​ធំៗ​ក្នុង​ក្រសួង​សង្គមកិច្ច​អាច​គេច​ផុតពី​ការផ្តន្ទាទោស​យ៉ាង​ក្រអឺតក្រទម​។​
​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាដំបូង​ខេត្តពោធិ៍សាត់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា មន្ត្រី​មន្ទីរ​សង្គមកិច្ច​២​នាក់​ត្រូវបាន​សាលាដំបូង​ខេត្តពោធិ៍សាត់​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន និង​១​ម្នាក់ទៀត​ត្រូវបាន​សម្រេច ឱ្យ​រួច​ពី​ការឃុំខ្លួន​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន និង​បញ្ជូនទៅឱ្យ​តុលាការ​សម្រេច​។ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​លោក តន់ សីហ​តេជះ ក៏បាន​ឱ្យដឹង​ដែរ​ថា​តាម​ការ​ស៊ើបសួរ​បឋម​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​សម្រេច​ចោទប្រកាន់​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ខេត្តពោធិ៍សាត់​២​នាក់ និង​សម្រេច​មិន​ចោទប្រកាន់​ម្នាក់ ដោយសារ​រក​មិនឃើញ​កំហុស​។ ចំណែក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ ក៏បាន​ឱ្យដឹង​ដែរ​ថា មន្ត្រី​មន្ទីរ​សង្គមកិច្ច​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ មាន​២​នាក់​គឺ​លោក ឃឹម ដេ​ត ប្រធានការិយាល័យ​អតីតយុទ្ធជន និង​លោក គង់ វិសាល ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​។ មន្ត្រី​ទាំងពីរ​នាក់​នេះ​ក្រោយពី​តុលាការ​សួរនាំ​អស់​មួយ​ព្រឹក​រួចមក ក៏​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដោយ​ចោទ​ពីបទ​ប្រព្រឹត្ត​ខុសច្បាប់​នីតិក្រម​មាត្រា​៥៩២ និង​៥៩៣​។ ចំណែក​មន្ត្រី​ឈ្មោះ គង់ ប៊ុនថន ប្រធានការិយាល័យ​សង្គម​កិច្ច​ស្រុក​បាកាន មិន​ត្រូវបាន​បញ្ជូនមក​តុលាការ​ទេ ព្រោះ​មន្ត្រី​រូបនោះ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ខុសច្បាប់​។​
​ទោះជា​យ៉ាងណា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ មិនទាន់បាន​បញ្ជាក់​អំ​ពី​ទោសកំហុស​របស់​មន្ត្រី​ទាំងពីរ​នាក់​ដែល​ត្រូវ​តុលាការ​សម្រេច​ឱ្យ​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​នោះ​នៅឡើយ​ទេ​។ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមេសា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យុ​ិ​ន​ទៀង​ជា​ប្រធាន​បាន​ឃាត់ខ្លួន​មន្ត្រី​សង្គមកិច្ច​ខេត្តពោធិ៍សាត់​ពីរ​នាក់​ហើយ​ថ្ងៃ​បន្ទាប់មក​ក៏បាន​ឃាត់ខ្លួន​បន្ថែម​ម្នាក់ទៀត​សរុប​ទាំងអស់​បីនាក់ ហើយ​នៅ​ថ្ងៃទី​០៦ ខែមេសា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​បញ្ជូន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ស៊ើបសួរ​រួច​តុលាការ​ក៏​សម្រេច​ឃុំខ្លួន​តែម្តង​។ ប្រការនេះ​ធ្វើឱ្យមាន​បញ្ហា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ខេត្តពោធិ៍សាត់ ព្រោះ​កន្លងមក​អតីត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នេះ គឺ​លោក តុ​ប ច័ន្ទ​សិរី​វុ​ទ្ធ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​យកប្រាក់ និង​បង្ខាំង​មនុស្ស​ខុសច្បាប់ ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ច្រើន​ឆ្នាំ​តាម​កំហុស និង​បទល្មើស​ដែល​លោក តុ​ប ច័ន្ទ​សិរី​វុ​ទ្ធ ប្រព្រឹត្ត​។​
​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​ចាត់វិធានការ​ទៅលើ​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ខេត្តពោធិ៍សាត់ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​បំពាន​ច្បាប់​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានលើកឡើង​ថា​នេះ​ជា​ជំហាន​ថ្មី​មួយទៀត​ក្នុងការ​បង្ក្រាប​អំពើពុករលួយ​នៅ​កម្ពុជា​ដែល​កំពុង​ញាំញី​យ៉ាង​ពេញបន្ទុក​ក្នុង​ស្ថាប័នរដ្ឋ​តាំង​ពីលើ​រហូតដល់​ក្រោម​។ ទោះជា​យ៉ាងណា​នៅមាន​ករណី​ធំៗ​ជាច្រើន​ទៀត​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​អំពើពុករលួយ​តាមច្បាប់​ប្រកបដោយ​ប្រសិទ្ធ ភាព ហើយ​វិធានការ​ទៅលើ​ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​ដែលមាន​លោក អុ​ិ​ត សំហេង ជា​រដ្ឋមន្ត្រី គឺជា​ប្រការ​ចាំបាច់​បំផុត​។​ដោយហេតុ​ថាបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រីជាន់ខ្ពស់​នៅ​ខាងលើ​ទេ គឺ​មន្ត្រី​ថ្នាក់​ខេត្ត​ថ្នាក់ស្រុក​ក៏​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​ដែរ ព្រោះ​ខ្លាច​មានទោស​។
​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ជំ​រុញឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យុ​ិ​ន​ទៀង បន្ត​អនុវត្តន៍​ផែនការ​ប្រឆាំង​អំពើពុករលួយ​ឱ្យមាន​ប្រសិទ្ធភាព​ពិតប្រាកដ​ទើប​ជា​រឿង​ប្រសើរ ដើម្បី​កុំឱ្យ​អំពើពុករលួយ​រាលដាល​យ៉ាង​ពេញបន្ទុក​តទៅទៀត​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​ជាច្រើន​ពុំមាន​ការជឿជាក់​ទៅលើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងការ​លុបបំបាត់​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ ព្រោះ​កន្លងមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនទាន់​ធ្វើឱ្យបាន​សម្រេច​តាម​ផែនការ និង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ឡើយ​។ ជាក់ស្តែង​នៅមុន​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១២ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានដាក់​ចេញ​នូវ​គោលដៅ​លុបបំបាត់​អំពើពុករលួយ​នៅ​ថ្នាក់ឃុំ​-​សង្កាត់​ឱ្យខាងតែបាន​ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​អំពើពុករលួយ​នៅ​ថ្នាក់មូលដ្ឋាន​កំពុង​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នៅឡើយ​។ ចំណែក​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅតាម​ដងផ្លូវ ក៏​ឥតប្រយោជន៍​ដែរ ព្រោះ​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល កងរាជអាវុធហត្ថ និង​ស្ថាប័ន​ពាក់​ពាក់​ជាច្រើន​ទៀត​នៅតែ​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​យកលុយ​ពលរដ្ឋ​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​។​
​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា​ការចាប់ខ្លួន​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ក្នុង​ខេត្តពោធិ៍សាត់ កាលពីពេល​ថ្មីៗ​នេះ​គឺជា​ការព្រមាន​ដល់​មន្ត្រី​មន្ទីរ​សង្គមកិច្ច និង​អតីតយុទ្ធជន​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស​។ ក៏ប៉ុន្តែ​ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​លុបបំបាត់​អំពើពុករលួយ​នោះ​គួរតែ​ចាត់ការ​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួង​សង្គមកិច្ច​ទើប​ជា​រឿង​សមស្រប​។ ដោយហេតុថា​កន្លងមក​មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​បាន​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​អស់​ជាង ៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅ​ទីបំផុត​ក្រុមមន្ត្រី​ពុករលួយ​ទាំងនោះ​អាច​គេច​ផុតពី​ការដាក់ទោសទណ្ឌ​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ប្រការ​នេះហើយ​ដែល​ធ្វើឱ្យ​អំពើពុករលួយ​ក្នុង​ក្រសួង​សង្គមកិច្ច​រាលដាល​តាំង​ពីលើ​រហូតដល់​ក្រោម​សូម្បីតែ​មន្ត្រី​ថ្នាក់​ខេត្ត ថ្នាក់ស្រុក ក៏​ជាប់​ពាក់ព័ន្ធ នឹង​អំពើពុករលួយ​ដែរ ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​ជាតិ​យ៉ាងខ្លាំង​៕
0404 (1)

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។