Social Icons

Wednesday, April 10, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បទឧក្រិដ្ឋ​ប្លន់​ប្រដាប់អាវុធ​កើតឡើង​កាន់តែច្រើន​មុនពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ចូល​មកដល់​ធ្វើឱ្យ​ពលរដ្ឋ​ភ័យខ្លាច​


បើទោះបី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់ចេញ​នូវ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​យ៉ាងណាក៏ដោយ​ក៏​បទឧក្រិដ្ឋ​ប្លន់​ប្រដាប់ អាវុធ​កំពុងតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​មុនពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឈានចូល​មកដល់​។ ប្រការនេះ​ជំរុញ​ឱ្យ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​យកចិត្តទុកដាក់​ឡើងវិញ​ចំពោះ​ការពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត​។ ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មិនមែន​តែ​នៅក្នុង​រាជធានី​ភ្នំពេញ​ទេ ដែល​អំពើ​ប្លន់​ប្រដាប់អាវុធ​កើត​ឡើងជា​បន្តបន្ទាប់​សូម្បីតែ​នៅ​ខេត្តព្រៃវែង ខេត្តកំពង់ចាម និង​បណ្តា​ខេត្ត​មួយចំនួនទៀត​ក៏មាន​បទឧក្រិដ្ឋ​ប្លន់​ប្រដាប់អាវុធ​កើតឡើង​គួរឱ្យ​ព្រួយបារម្ភ​ដែរ​។
​ជាក់ស្តែង​នៅ​ខេត្តព្រៃវែង​ចោរប្លន់​មួយក្រុម​ដែលមាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ស្វាយ​បត់​មួយ​ដើម បានធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​អាជីវ​ករលក់​គ្រឿងទេស​មួយកន្លែង​នៅ​ភូមិ​ពោធិ៍ ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច និង​បាន​បាញ់រះ​ចំនួន ៤​គ្រាប់​ដើម្បី​រត់គេចខ្លួន ពេល​ប្រឈមមុខ​ជាមួយ​កម្លាំង​នគរបាល​។ ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៣ រួច​បើតាម​ម្ចាស់ផ្ទះ​បានឱ្យដឹងថា​ក្រុមចោរ​បាន​ប្រមូល​យកលុយ​ខ្មែរ​អស់​៥០​លាន​រៀល លុយ​ដុល្លារ​១៥០០០ ដុល្លារ ប្លា​ទីន​៣​តម្លឹង និង​មាស​៥​ជី​ព្រមទាំង​កាត​ទូរស័ព្ទ​មួយចំនួនធំ​។  នៅក្នុង​សកម្មភាព​ប្លន់​នោះ​ក្រុមចោរ​បាន​ចាប់​ម្ចាស់ផ្ទះ​ឈ្មោះ ហួត វីរៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ចងស្លាបសេក រួច​រុញ​ផ្តួល​ទៅនឹង​ដី​ហើយ​វាយ​ទាត់​ធាក់​យ៉ាងដំណំ​នៅក្រៅ​ផ្ទះ​។ ពេលនោះ​កូនស្រី​ជនរងគ្រោះ​ដោយ​ខ្លាច​ឪពុក​មាន​គ្រោះថ្នាក់​ក៏​ព្រម​បើក​ទ្វារផ្ទះ​ចេញមក​ឃាត់​ក្រុមចោរ​កុំឱ្យ​វាយ​ទាត់​ធាក់​ឪពុក ហើយ​បណ្តោយឱ្យ​ក្រុមចោរប្លន់​ប្រមូលយក​ទ្រព្យសម្បត្តិ​លុយកាក់​តាម​អំពើ​ចិត្ត​។​
​ប្រភពពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បានឱ្យដឹង​ទៀតថា​ក្រោយពេល​ប្លន់​ប្រមូលយក​ទ្រព្យសម្បត្តិ​រួចហើយ​ក្រុមចោរ​បានគេច​ខ្លួន​ចេញទៅ​វិញ​តែ​ដោយ​ជួបនឹង​មន្ត្រីនគរបាល​មួយរូប​ស្រែក​ឱ្យ​ឈប់​ក្រុមចោរ​ក៏បាន​បាញ់រះ​ចំនួន​៤​គ្រាប់​ដើម្បី​រំដោះខ្លួន ហើយ​គេច​បាត់អស់​ដោយ​សុវត្ថិភាព​តែម្តង​។ អំពើ​ប្លន់​នោះបាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រះស្តេច​ទាំងមូល​មាន​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សន្តិសុខ​ក្នុងការ​រស់នៅ​ព្រោះ ក្រុមចោរប្លន់​ធ្វើ​សកម្មភាព​ស្រេច​តែ​អំពើ​ចិត្ត​មិន​រំខាន​ដល់​សេចក្តីសុខ​របស់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ម្តងណា​ឡើយ​។ ជាក់ស្តែង​នៅក្នុង​អំពើ​ប្លន់​កាលពី​យប់​ថ្ងៃទី​០៣ ខែមេសា នៅ​ឃុំ​ក្រាំងស្វាយ គឺ​សមត្ថកិច្ច​បានត្រឹមតែ​សួរចម្លើយ​ជនរងគ្រោះ​តែប៉ុណ្ណោះ ព្រោះ​ក្រុមចោរប្លន់​បានគេច​ខ្លួន​អស់​ទៅហើយ​។ ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​- ក្រុង​ដទៃទៀត​អំពាវនាវ​ឱ្យ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ចាត់វិធានការ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ឡើងវិញ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​សម្រាប់​ប្រជាពលរដ្ឋ​។ ដោយហេតុថា​នៅមុន​ពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​អំពើ​ប្លន់​ប្រដាប់អាវុធ​បានកើត​ឡើងជា​ច្រើន​ករ​ណី​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ត្រូវស្លាប់​និង​រងរបួស​ជា​បន្តបន្ទាប់ ដោយសារតែ​ស្នាដៃ​ក្រុមចោរប្លន់​ដ៏​សាហាវ​ទាំងនោះ​។​
​ករណី​ប្លន់​ប្រដាប់អាវុធ​មួយទៀត​កើតឡើង​នៅក្នុង​ខេត្តកំពង់ចាម គឺ​ប្តី​ប្រពន្ធ និង​កូន​ពីរ​នាក់​ពេល​កំពុង​នាំគ្នា​ដោត​សន្លឹក​ថ្នាំជក់​នៅ​រោង​មុខផ្ទះ​ស្ថិតក្នុង​ភូមិ​បឹង​កំបោរ ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៣ ត្រូវបាន​ចោរ​មួយក្រុម​មាន​គ្នា​ពី ៣​ទៅ​៥​នាក់​ប្រដាប់​ដោយ​អាវុធ​អាកា​មួយ​ដើម​ចូលទៅ​ភ្ជង់​គំរាម​ប្លន់​យក​ទ្រព្យសម្បត្តិ​។ នៅក្នុង​អំពើ​ប្លន់​នោះ​ម្ចាស់ផ្ទះ​ក៏បាន​ប្រតាយប្រតប់​ដណ្តើមយក​កាំភ្លើង​ពី​ក្រុមចោរ​ធ្វើឱ្យ​ផ្ទុះ​ពីរ​គ្រាប់​បណ្តាលឱ្យ​ត្រូវ​បុរស​ជា​ម្ចាស់​ផ្ទះមួយ​គ្រាប់​ចំ​ចង្កេះ​ខាងស្តាំ​របួសធ្ងន់​ត្រូវ​បញ្ជូនមក សង្គ្រោះ​នៅ​មន្ត្រី​ពេទ្យ​បង្អែក​ខេត្ត កំពង់ចាម បន្ទាប់មក​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ មន្ត្រី​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប​នា​ឱ្យដឹងថា​បុរស​ជា​ជនរងគ្រោះ​ឈ្មោះ ថុង វ៉ាន់​នី អាយុ​៥៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សេង ណាវី អាយុ​៥៣​ឆ្នាំ ព្រមទាំង​កូន​បាននាំគ្នា​ដោត​ស្លឹក​ថ្នាំជក់​ដើម្បី​ដាក់​ទៅក្នុង​ឡ​ចំហុយ​នៅខាងមុខ​ផ្ទះ​របស់ខ្លួន ហើយ​វេលា​ម៉ោង ៩​យប់​ស្រាប់​តែមាន​ក្រុមចោរប្លន់​ពី​៣​ទៅ​៥​នាក់​ប្រដាប់​ដោយ​អាវុធ​អាកា​មួយ​ដើម​បាន​ចូលទៅ​ភ្ជង់​គំរាម​ឱ្យ​ប្រមូលប្រាក់​ឱ្យ​ពួកគេ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​ប្រតាយប្រតប់​ជាមួយ​ចោរ​ដែល​កាន់​កាំភ្លើង ទើប​ចោរ​បាញ់​ចំនួន​២​គ្រាប់​បណ្តាលឱ្យ​ត្រូវ​មួយ​គ្រាប់​ចំ​ចង្កេះ​ខាងស្តាំ​ធ្លា​យមក​ពោះ​រងរបួស​ធ្ងន់​ដេក​ដួល ហើយ​ស្រែក​ឱ្យ​អ្នកភូមិ​ដទៃ​មកជួយ​។​
​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​គឺ​សន្តិសុខ​កោះ​ពេជ្រ​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង ហើយ​មិត្តភក្តិ​ពីរ​នាក់​ទៀត​រងរបួស​ត្រូវបាន​រថយន្ត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលម៉ែត​ដោយសារ​ក្រុមចោរ​ពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ធ្វើ​សកម្មភាព​បាញ់ ៤ ទៅ ៥​គ្រាប់​ប្លន់​យក​ម៉ូតូ​េ​ស​១២៥ ស៊េរី​ឆ្នាំ​២០១២ មួយគ្រឿង កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៣​។ អំពើ​ប្លន់​នេះ​កើតឡើង​នៅក្នុង​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌឫស្សីកែវ ពេលដែល​សន្តិសុខ​រង​គ្រោះ​រួមទាំង​មិត្តភក្តិ​អង្គុយ​ផឹកស៊ី​លំហែកាយ​លើ​សួនច្បារ​ផ្លូវភ្លោះ​លី​យ៉ុង​ផាត់ ក្បែរ​បញ្ជរ​បង់ប្រាក់​ច​ម្ងា​យ​ប្រមាណ​ជាង​២០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ ៦​។ ជនរងគ្រោះ​រងគ្រោះ​ដែល​ត្រូវ​ចោរ​បាញ់​ស្លាប់​ឈ្មោះ មុំ ភា​រុន អាយុ​២៦​ឆ្នាំ ជា​សន្តិសុខ​យាម​នៅ​កោះ​ពេជ្រ​មាន​ទីលំនៅ​ភូមិ​បាក់​ខែង ត្រូវ​ក្រុមចោរ​បាញ់​ពីរ​គ្រាប់ គឺ​ត្រូវចំ​ខ្នង​មួយ​គ្រាប់ និង​ចំ​ដៃស្តាំ​មួយគ្រា​ប់​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។ ចំណែក​ជនរងគ្រោះ​ពីរ​នាក់​ទៀត​ជា​និស្សិត​និង​ជា​កម្មករសំណង់​រស់នៅ​ក្នុង​សង្កាត់​បាក់​ខែង រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។
​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​តែមាន​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ព្រោះ​តាំងពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ មកកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ពេលណា​អំពើ​ប្លន់​ប្រដាប់អាវុធ និង​បទឧក្រិដ្ឋ​ផ្សេងៗ​កើតឡើង​ច្រើនជាង​ពេលដែល​លោក ទូច ណារ៉ុថ នៅ​ធ្វើជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ទៅទៀត​។ នៅក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​អំពើ​ប្លន់​ប្រដាប់អាវុធ និង​សកម្មភាព​ចោរប្លន់​កើតឡើង​មិន​លស់​ថ្ងៃ​ឡើយ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព​ក្នុងការ​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​។ សូម្បីតែ​មន្ត្រីនគរបាល​ចរាចរណ៍​នៅតាម​ដងផ្លូវ​ក៏​ធ្វើ​សកម្ម​ភាពមិន​ខុសពី​ក្រុមចោរប្លន់​ដែរ ធ្វើឱ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​ទាំងស្រុង​លើ​អាជ្ញាធរ និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ក្នុងការ​អនុវត្ត​គោ​លន​យោ បាយ​ភូមិ សង្កាត់ មាន​សុវត្ថិភាព​ព្រោះ​បទឧក្រិដ្ឋ​និង​អំពើ​ប្លន់​ប្រដាប់អាវុធ​កំពុង​កើតមាន​ពេញបន្ទុក​៕
06 (2)06 (1)

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។