Social Icons

Friday, March 29, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កម្ពុជា​អាច​បាត់បង់​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ព្រោះ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​


​នៅពេលដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ជិត​ឈាន​មកដល់​ក្រុមអ្នកតាមដាន​ស្ថាន ការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃ​ទុកជាមុន​ថា ដំណើរការ​បោះឆ្នោត​នោះ​មិនអាច​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​បានឡើយ​។ ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​លើក​ហេតុផល​មក​បញ្ជាក់ថា​ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​មិន​ផ្លាស់ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) តាម​អនុសាសន៍​របស់លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺជា​កត្តា​ដែល​ធ្វើឱ្យ​ការបោះឆ្នោត​មិនអាច​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​បានទេ​។ លើស​នេះ​ទៅទៀត​ការដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ចូលរួម​ពេញលេញ​ក្នុងការ​បោះឆ្នោត គឺជា​សក្ខីភាព​បញ្ជាក់ថា​ការបោះឆ្នោត​នោះ​ពុំមាន​ការប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព ហើយ​ជ័យជំនះ​របស់​គណបក្ស​ប្រជាជន នឹង​ក្លាយជា​រឿង​ឥតន័យ​។
​នៅពេលដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​មិនបាន​ត្រឹមត្រូវ​ស្របតាម​បទដ្ឋាន​អន្តរជាតិ គឺ​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​នោះ​ក៏​ពុំមាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​ដែរ ហើយ​នៅ​ទីបំផុត​រដ្ឋាភិបាល​នោះ​អាច​ប្រឈម​នឹង​សម្ពាធ​សព្វបែបយ៉ាង​ពី​សហគមន៍​អន្តរជាតិ​ជាមិនខាន​។ ប្រតិកម្ម នឹង​ការរិះគន់​របស់​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​ដូចខាងលើ​នេះ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​អួតអាង​ថា​ការ បោះឆ្នោត​នៅ​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​បើទោះបី​ពុំមាន ការចូលរួម​ពី​លោក​សម រង្ស៊ី ក៏ដោយ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច​បាន​អួត​អាងយ៉ាង​ក្រអឺតក្រទម​ទៀតថា គ្មាន​ហេតុផល​ណាមួយ​ដែល​ការបោះឆ្នោត​សកល​ខែកក្កដា ឆ្នាំ​២០១៣ ពុំមាន​ភាពសេរី​ត្រឹមត្រូវ និង​យុត្តិធម៌​នោះទេ បើទោះបី​គ្មាន​ការចូលរួម​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងណាក៏ដោយ​។ លើស​នេះ​ទៅទៀត​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​កាន់អំណាច​នៅតែ​បន្ត​លើកឡើងថា​សំណុំរឿង​លោក​សម រង្ស៊ី នៅក្នុង​តុលាការ​កន្លង​មកជា​រឿង​បុគ្គល ហើយ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ គឺ​មិនមែនជា​រឿង​នយោបាយ​ដូច​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​រដ្ឋា​ភិ បាល​កម្ពុជា​នោះទេ​។ ក្រុមមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​នៅតែ​ព្យាយាម​បិទបាំង​ល្បិចកល​របស់ខ្លួន​ក្នុងការ​រារាំង​មិនឱ្យ​លោក សម រង្ស៊ី ចូលរួម​នៅក្នុង​ការបោះឆ្នោត​នៅពេលដែល​សហគមន៍​អន្តរជាតិ ចង់ឃើញ​វត្តមាន​លោក សម រង្ស៊ី ចូលរួម​ពេញលេញ​នៅក្នុង​ការបោះឆ្នោត​ដើម្បី​បង្ហាញ​អំពី​កម្រិត​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។​
​ឆ្លើយតប​នឹង​ការអះអាង​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ចំពោះមុខ​អ្នកការទូត​បរទេស​ដូចខាងលើ​នេះ លោក សុន ឆ័យ ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើងថា​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​ប្រទេស​បារាំង មាន​មូលដ្ឋាន​ច្បាស់លាស់​ដើម្បី​ជំរុញ​ឱ្យ​លោក សម រង្ស៊ី ចូលរួម​ក្នុងការ​បោះឆ្នោត​ខាងមុខ​ដើម្បី​ជាការ​ធានាថា​ការបោះឆ្នោត​នោះ ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ លោក សុន ឆ័យ បាន​បញ្ជាក់ថា “​ជាគោលការណ៍​មិនអាច​ឱ្យ​មេគណបក្ស​ដ៏​ធំ​មួយ​ដែល​ប្រកួតប្រជែង​ជាមួយ​បក្ស​ប្រជាជន​មិនបាន​ចូល​ស្រុក ហើយ​និយាយថា​ការបោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​បានឡើយ​។​បញ្ហា នេះ​វា​ជា​រឿង​អយុត្តិធម៌​រួចទៅហើយ​នេះ​មិនទាន់​គិត​ទៅដល់​នីតិវិធី​របស់ គ​.​ជ​.​ប ដែល​បំប៉ោង​ចំនួន​អ្នកបោះឆ្នោត​ដូចដែល​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិ​ប តេ​យ្យ​របស់​សហរដ្ឋអាមេរិក​រកឃើញ​នោះ​នៅឡើយ​ទេ​”​។  ក្រុមមន្ត្រី​អង្គ ការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​បានលើកឡើង​ថា​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំ ណា​ច​មិនអាច​បិទបាំង​ការពិត​បានឡើយ ចំពោះ​ការរារាំង​មិនឱ្យ​លោក​សម រង្ស៊ី ចូលរួម​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣ ព្រោះ​ម​ជ្ឈ ដ្ឋា​ន​ជាតិ​និង​អន្តរជាតិ​ដឹង​យ៉ាងច្បាស់​ថា​បញ្ហា​នោះ​ជា​រឿង​នយោបាយ​។​
​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើងថា​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចង់ឃើញ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ការបោះឆ្នោត​សកល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ។ ដោយហេតុថា​នៅក្នុង​ការបោះឆ្នោតជាតិ​ខែកក្កដា ខាងមុខនេះ មានតែ​គណបក្ស​ធំៗ​ពីរ​ប៉ុណ្ណោះ ដែលជា​គូប្រជែង​ខ្លាំងក្លា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លោក សម រង្ស៊ី ជា​មេដឹកនាំ​។ ចំណែក​បេក្ខភាព​នាយករដ្ឋមន្ត្រី ដែល​គួរឱ្យ​ចាប់អារម្មណ៍​ក៏មាន​តែ​ពីរ​នាក់​ដែរ គឺ​លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​ទទួលបាន​ការគាំទ្រ​ខ្លាំងក្លា​ពី​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ដូច្នេះ​ទាល់​តែមាន​វត្តមាន​លោក សម រង្ស៊ី ចូលរួម​ពេញលេញ​ក្នុងការ​បោះឆ្នោត​ទើប​អាច​ចាត់ទុកថា​ការបោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បើ​មិន​អ៊ីចឹង​ទេ ការបោះឆ្នោត​នោះ​មិនអាច​ចាត់ទុកថា​មាន​ភាពសេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ ព្រោះ​មេដឹកនាំ​គណបក្សប្រឆាំង​ត្រូវបាន​រារាំង​មិនឱ្យ​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​។
​ចាប់តាំងពី​ចុងឆ្នាំ​២០១២ រហូតមកដល់​ចុងខែ​មីនា ឆ្នាំ ២០១៣​នេះ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក​សហ​ភាព​អឺរ៉ុប ប្រទេស​បារាំង និង​អូស្ត្រាលី​ជាដើម សុទ្ធតែ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន កែ ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​និង​ផ្លាស់ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ឱ្យស្រប ទៅតាម​អនុសាសន៍​របស់លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី  អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។ ជាមួយគ្នានេះ​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​បារាំង​និង ប្រទេស​អូស្ត្រាលី​ជាដើម សុទ្ធតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើកផ្លូវ​ឱ្យ​លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​មក​ចូលរួម​ពេញលេញ​ក្នុង ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែងតែ​ច្រានចោល​សំណើ​របស់​សហគមន៍​អន្តរជាតិ ហើយ​ឆ្លើយតប​ថា​ករណី​របស់លោក​សម រង្ស៊ី មិនមែនជា​រឿង​នយោបាយ​ទេ ប៉ុន្តែ​គឺជា​រឿង​របស់​តុលាការ​។ ការ​ដោះ សា​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន ចំពោះ​សំណើ​របស់​សហគមន៍​អន្តរ ជាតិ​ត្រូវបាន​ក្រុម​អ្នក វិភាគ​ឯករាជ្យ​វាយតម្លៃថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រឈមមុខ​ជាមួយ​សហគមន៍​អន្តរជាតិ ហើយ​នៅពេលដែល​ការបោះឆ្នោត​មិនអាច​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​សហគមន៍​អន្តរជាតិ​មិន​គាំទ្រ រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​តាម របៀប​លួច​បន្លំ​នោះទេ​។​
​អ្នកឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ក្នុងប្រទេស​កម្ពុជា​បាន​រិះគន់ថា​គណបក្ស​ប្រជាជន​របស់លោក ហ៊ុន សែន កំពុងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ប្រជាប្រិយភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​ការគាំទ្រ​កាន់តែ​ច្រើនឡើងៗ​ពី​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ដោយហេតុថា​ប្រសិនបើ​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​មានការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​មានការ​ផ្លាស់ប្តូរ​សមាស​ភាព​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ស្របទៅតាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​នោះ គឺ​គណបក្ស​ប្រជាជន​មិនអាច​យកឈ្នះ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដោយ​ស្រួល​ឡើយ​។ ឥឡូវនេះ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រក​ល្បិច​សព្វបែបយ៉ាង​ដើម្បី​រារាំង​មិនឱ្យ​លោក សម រង្ស៊ី មក​ចូលរួម​ក្នុងការ​បោះឆ្នោត​ដោយ​ភ្លេច​គិតពី​ផល​លំបាក​សម្រាប់​ប្រទេស​កម្ពុជា និង​បាត់បង់​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​នាពេលខាងមុខ​។ ទោះជា​យ៉ាងណា​ដំណើរការ​បោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ក្នុងប្រទេស​កម្ពុជា​កំពុង​ត្រូវបាន​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​មួយចំនួនទៀត  ធ្វើការ​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​គេ​ដឹងថា​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​អនុវត្តន៍​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ដូច្នេះ​នៅ​ទីបំផុត​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​ប្រាកដជា​បាត់បង់​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ចៀស​មិន​ផុត​ឡើយ​៕
05 (1)+

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។