Social Icons

Saturday, January 14, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​ខេត្ត​ក្រចេះ​កោះ​ហៅ​អ្នក​កាសែត​កម្ពុជា​ថ្មី​ឲ្យ​ចូល​បំភ្លឺ

 

2012-01-14
តុលាការ​ខេត្ត​ក្រចេះ ចេញ​ដីកា​កោះ​ហៅ​ភ្នាក់ងារ​យក​ព័ត៌មាន​កាសែត "កម្ពុជា​ថ្មី" ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ជុំវិញ​ការ​​ចុះ​ផ្សាយ​ព័ត៌មាន​លើ​ករណី​បទល្មើស​ឈើ​ប្រណិត ដែល​បាន​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​នេះ។
RFA/Uon Chhin
កាសែត​កម្ពុជា​ថ្មី
អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ បាន​ចេញ​ដីកា​កោះ​ឲ្យ​លោក ម៉េង ហ៊ាង ជា​អ្នក​កាសែត​កម្ពុជា​ថ្មី ប្រចាំ​ខេត្ត​ក្រចេះ ឲ្យ​ចូល​​​​ខ្លួន​​បំភ្លឺ​លើ​ដំណើរ​រឿង​ប្រមូល​ផល និង​ធ្វើ​សន្និធិ ឬ​ការ​សន្សំ​ទុក​ប្រភេទ​ឈើ​កម្រ (ឈើ​បេង) ដោយ​គ្មាន​លិខិត​អនុញ្ញាត ប្រព្រឹត្ត​នៅ​ឃុំ​ថ្មគ្រែ ស្រុក​ចិត្តបុរី ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១១។
លោកស្រី ចាត សូរស្មី ជា​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ។ លោកស្រី​ ​បាន​បដិសេធ​មិន​​ធ្វើអត្ថាធិប្បាយ​​ច្រើន​​​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មករា ​ជុំវិញ​ការ​ចេញ​​ដីកា​កោះ​ហៅ​អ្នក​កាសែត​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​​លើ​សំណុំ​រឿង​​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១១ នេះ ដោយ​លើក​ហេតុ​ផល​ថា កំពុង​ស៊ើប​អង្កេត។


លោកស្រី ចាត សូរស្មី បន្ថែម៖ «ទាក់ទង​មាន​គេ​ប្តឹង​ជាមួយ​នឹង​គាត់។ ចាំ​មើល​យ៉ាង​ម៉េច​ឲ្យ​ច្បាប់ ចាំ​មើល​ឲ្យ​គាត់​ឆ្លើយ​បំភ្លឺ​ថា​យ៉ាង​ម៉េច ព្រោះ​អី​រឿង​អត់​ទាន់​ចាត់ការ ខ្ញុំ​អត់​អាច​ឆ្លើយ​យ៉ាង​ម៉េច​នោះ​ទេ»
កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១ អ្នក​កាសែត​មក​ពី​ច្រើន​អង្គភាព​​ រួម​មាន​អ្នក​កាសែត​កម្ពុជា​ថ្មី​ផង បាន​ចុះ​យក​ព័ត៌មាន​ពី​សកម្មភាព​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ក្រចេះ ​ចុះ​បង្ក្រាប​ប្រភេទ​ឈើ​ប្រណិត​គ្មាន​ច្បាប់​ចំនួន ៣៦​ដុំ ដោយ​បទល្មើស​នេះ​មាន​ជន​​សង្ស័យ​ឈ្មោះ នួន យ៉ុន មាន​តួនាទី​ជា​នាយ​ប៉ុស្តិ៍ និង​លោក ឆេន សាំម៉ា ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​ឃុំ​ថ្មីគ្រែ យក​មក​លាក់​ទុក​​​​ក្រោយ​​ប៉ុស្តិ៍​រដ្ឋបាល​របស់​ខ្លួន។
ទាក់ទង​បទល្មើស​នេះ លោក អ៊ឹម សំណាង ជា​នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រចេះ ដែល​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទ​ល្មើស។ លោក​បាន​បញ្ជាក់​ថា សំណុំ​​​​រឿង​បទល្មើស​ព្រៃ​ឈើ ដែល​មាន​ជន​សង្ស័យ​ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មគ្រែ នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​នេះ លោក​បាន​បញ្ជូន​សំណុំ​រឿង​ជូន​តុលាការ​​រួច​ហើយ។
លោក​ថា ករណី​នេះ​លោក​ធ្លាប់​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​ក្រចេះ ម្តង​ហើយ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១២៖ «ខ្ញុំ​បាន​ទៅ​បំភ្លឺ​នៅ​តុលាការ​រួច​ហើយ។ ប៉ុន្តែ​រឿង​តុលាការ​ចាត់ចែង​យ៉ាង​ម៉េច ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​ផុត​ពី​ដៃ​ខ្ញុំ​ហើយ»
ពាក់ព័ន្ធ​បញ្ហា​នេះ លោក មឿន ឈានណារិទ្ធ ជា​នាយក​វិទ្យាស្ថាន​កម្ពុជា សំរាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន។ លោក​បាន​ចាត់​ទុក​ការ​ចេញ​ដីកា​កោះ​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ ជា​សញ្ញា​បំភិតបំភ័យ និង​គំរាមកំហែង​ទៅ​លើ​សិទ្ធិ​អ្នក​សារព័ត៌មាន។
លោក មឿន ឈានណារិទ្ធ ឲ្យ​ដឹង​បន្ថែម​ដូច្នេះ៖ «បើ​សិន​ជា​តុលាការ ឬ​អាជ្ញាធរ​នៅ​តែ​បន្ត​ធ្វើ​ទុក​បុក​ម្នេញ​ចំពោះ​អ្នក​សារព័ត៌មាន ដោយ​គ្រាន់​តែ​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ទៅ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ វា​នឹង​ខាត​បង់។ ទី​១ ចំពោះ​រដ្ឋាភិបាល​ខ្លួន​ឯង ដោយសារ​តែ​អ្នក​សារព័ត៌មាន​លែង​ហ៊ាន​ផ្សាយ​អ្វី​ដែល​អាច​រង​គ្រោះ​ត្រូវ​គេ​ប្ដឹង​ផ្ដល់​ទៀត​ហើយ អ៊ីចឹង​ហើយ​បញ្ហា​អសកម្ម​នានា គឺ​រដ្ឋាភិបាល​លែង​បាន​ដឹង​ឮ ដោយសារ​កាសែត​ឈប់​ផ្សាយ ហើយ​ទី​២ វា​នឹង​ខាត​បង់​ដល់​សង្គម​ទាំង​មូល។ ដូច្នេះ​បើ​សិន​ជា​អ្នក​សារព័ត៌មាន​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ទេ នៅ​ក្នុង​សង្គម​យើង​ក៏​លែង​មាន​តម្លាភាព ហើយ​ការ​ទទួល​ខុស​ត្រូវ​សង្គម​​ក៏​ត្រូវ​ថយ​ចុះ»
យ៉ាង​នេះ​ក្ដី ថ្នាក់​ដឹកនាំ​អង្គភាព​កាសែត​កម្ពុជា​ថ្មី បាន​បដិសេធ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​អយ្យការ​អម​សាលា​​ដំបូង ខេត្ត​ក្រចេះ ចេញ​ដីកា​កោះ​ឲ្យ​ភ្នាក់ងារ​របស់​ខ្លួន​ប្រចាំ​ខេត្ត​ក្រចេះ នោះ​ទេ។ ដីកា​កោះ​បាន​ត្រូវ​ឲ្យ​សាមី​ខ្លួន​ចូល​ទៅ​បំភ្លឺ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១២ នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។