Social Icons

Thursday, December 15, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សាក្សី​បន្ត​លើកឡើង​ពីអតីតភាព​របស់​លោក គាត ឈន់​ នៅសម័យ​ខ្មែរ​ក្រហម​

លោក គាត ឈន់ ​ឧបនាយក​​រដ្ឋមន្ត្រី​និង​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច ​​និង​​ហិរញ្ញវត្ថុ​​


មុន​ពេល​បញ្ចប់​ការផ្តល់​សក្ខីកម្ម​ពី​ចម្ងាយ​តាមរយៈ​វិដេអូ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី១៥​ធ្នូ​នេះ ​សាក្សី​សក្តានុពល ​លោក ឡុង នរិន្ទ ​ដែលជា​អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម ​បានលើក​ឡើង​ពី​អតីតភាព​របស់​លោក គាត ឈ​ន់​។ ​លោក គាត ឈន់ សព្វថ្ងៃ​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ត្រូវបាន​សាក្សី​អះអាងថា លោក គាត​ឈន់​បាន​ធ្វើការ​នៅ​ក្រសួង​ការបរទេស​ក្រោម​ការដឹកនាំ​របស់​លោក​អៀង​សារី​។​ ក៏​ប៉ុន្តែ​នៅ​ព្រឹក​មិញ ​លោក គាត ឈន់ ​បាន​បដិសេធ​មិន​ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត​ឡើយ​។


នៅ​ពេល​ផ្តើម​សវនាការ​កាត់ទោស​លោក នួន​ជា​ លោក​ខៀវ​សំផន និង​លោក​អៀង​សារី ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥​ធ្នូ​នេះ ​សហ​មេធាវី​បរទេស​ការពា​រលោក នួន​ជា​ បាន​បន្ត​ឈ្លេច​សួរ​ដេញដោល​​សាក្សី​លោក ឡុង នរិន្ទ ​អំពី​អតីតភាព​របស់លោក គាត ឈន់​ នៅក្នុង​សម័យ​ខ្មែរក្រហម។

ក្នុង​សវនាការ កាលពី​រសៀល​ថ្ងៃ​ទី១៤​ធ្នូ​ឆ្នាំ​២០១១ ​លោក Michiel Pestman ​សហ​មេធាវី​បរទេស​ការពា​រលោក​នួន​ ជា​ បាន​សួរដេញ​ដោល​សាក្សី​ លោក ឡុង នរិន្ទ ​ម្តង​ហើយ​ អំពី​អតីតភាព​របស់លោក គាត ឈន់​។

សាក្សី​លោក​ឡុង ​នរិន្ទ បាន​លើក​ឡើង​ថា​ លោក គាត ឈន់ ​ក្នុងសម័យ​ខ្មែរក្រហម ​បាន​ធ្វើការ​ជាមួយ​លោក ​នៅ​ក្រសួង​ការបរទេស​ក្រោម​ការដឹកនាំ​របស់​លោក​អៀង​សារី។ ​តាម​លោក ឡុង នរិន្ទ នៅ​ពេល​ចេញ​ទៅ​ប្រជុំ​ក្រៅ​ប្រទេស​ ពិសេស​ទៅ​អង្គការ​សហប្រជាជាតិ ​គឺ​លោក ​និង​លោក គាត ឈន់​ រួម​ដំណើរ​ទៅ​ជាមួយគ្នា។

ដូច​ថ្ងៃ​ម្សិលមិញ​ដែរ ​នៅ​ព្រឹក​មិញ ​សាក្សី​លោក​ឡុង​នរិន្ទ បាន​បដិសេធថា​ លោក​មិន​ដឹង​អ្វី​ច្រើន​ពី​ការងារ​របស់​លោក គាត ឈន់ ​ដែល​កាលណោះ ​ស្ថិតនៅ​ក្នុង​ក្រុម​អ្នកនិពន្ធ​អត្ថបទ​នៅ​ក្រសួង​ការបរទេស ​ឬ ​ប១។

បន្ទាប់ពី​បើក​សម្ពោធ​ពិព័រណ៍​ នៅ​កោះ​ពេជ្រ ព្រឹក​មិញ លោក គាត ឈន់ ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ដែល​សាក្សី​អះអាង​ថា បាន​បម្រើ​ការងារ​នៅ​ក្រសួង​ការបរទេស​ខ្មែរក្រហម ​ជាមួយ​លោក​អៀង​សារី ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​ ចំពោះ​ការលើកឡើង​របស់​សាក្សី​ ពាក់ព័ន្ធ​នឹង​អតីតភាព​របស់​លោក​ ក្នុង​ជំនាន់​ខ្មែរក្រហម​។

នៅមុន​ម៉ោង​ឈប់​សម្រាក​ នៅ​ព្រឹក​ថ្ងៃទី១៥​ធ្នូ​នេះ ​អង្គជំនុំ​ជម្រះ​តុលាការ​សាលា​ដំបូង​បាន​បញ្ចប់​ទាំងស្រុង​ លើ​ការសួរដេញ​ដោល​សាក្សី​លោក ឡុង នរិន្ទ។ លោក ឡុង នរិន្ទ មាន​អាយុ ៧៣ ឆ្នាំ មាន​ជំងឺ​ប្រចាំកាយ បាន បង្ហាញ​ការ​ភ្លេចភ្លាំង​ច្រើន។ ប៉ុន្តែ ​ចាប់តាំងពី​សប្តាហ៍​មុន លោក​បាន​ព្យាយាម​ផ្តល់​សក្ខីកម្ម​តាម​វិដេអូ​ពី​ផ្ទះ​របស់​លោក នៅ​ស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

ក្នុង​សវនាការ​ នា​ពេល​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ លោក នួន ជា ប្រកាស​មិន​ទទួល ស្គាល់​នូវ​ឯកសារ​ភស្តុតាង​​ទស្សនាវដ្តី "ទង់​បដិវត្ត" របស់​ខ្មែរក្រហម ដែល​លើកឡើង​ដោយ​សហ​ព្រះរាជអាជ្ញារង​អន្តរជាតិ ដើម្បី​ដាក់​បន្ទុក​លើ​រូបលោក​។ ​សវនាការ​តុលាការ​ខ្មែរក្រហម ​នឹង​បន្ត​ធ្វើ ​នៅ​ថ្ងៃ​ទី១០​ មករា ​ឆ្នាំ​២០១២៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។