ព្រហស្បតិ៍ 08 ធ្នូរ 2011
សមាគមការពារសិទ្ធិមនុស្សអាដហុកនៅថ្ងៃនេះ បានថ្កោលទោសតុលាការកំពូលរបស់ប្រទេសកម្ពុជា ចំពោះសវនាការលើសកម្មជនដីធ្លីកាលពីថ្ងៃម្សិលមិញដោយគ្មានវត្តមានជនជាប់ចោទ ដោយថា វាគឺជាការរំលោភនីតិវិធីព្រហ្មទណ្ឌ។
តាមសេចក្តីថ្លែងការណ៍ដែលចែកចាយដល់ក្រុមអ្នកកាសែតនៅព្រឹកមិញ អាដហុកបានលើកឡើងថា តុលាការកំពូលបានផ្តល់ភាពអយុត្តិធម៌ និងធ្វើទុក្ខបុកម្នេញ ព្រមទាំងបង្ករផលលំបាកគ្រប់បែបយ៉ាង។ ជាពិសេសនោះ គឺការបើកសវនាការលើជនជាប់ចោទ ស សុង កាលពីថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១១ ដោយអវត្តមានជនជាប់ចោទ ដែលករណីនេះ គឺជាការបំបិទសិទ្ធិជនជាប់ចោទមិនឲ្យមានឱកាសបកស្រាយជុំវិញការចោទប្រកាន់របស់ក្រុមហ៊ុនជាដើម។
លោក ចាន់ សូវ៉េត មន្រ្តីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុកបាននិយាយថា លោក ស សុង តំណាងប្រជាពលរដ្ឋនៅភូមិឡពាង ដែលមានទំនាស់ជាមួយក្រុមហ៊ុន KDC របស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ត្រូវតុលាការខេត្តកំពង់ឆ្នាំឃុំខ្លួនយ៉ាងអយុត្តិធម៌បំផុត ដោយចោទពីបទព្រហ្មទណ្ឌ ក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន KDC នោះ។
អ្នកស៊ើបអង្កេតរបស់អង្គការអាដហុករូបនេះបានបន្តថា តុលាការកំពូលជាអ្នកត្រួតពិនិត្យមើលភាពមិនប្រក្រតីរបស់សាលាដំបូង និងឧទ្ធរណ៍។ ហើយពេលនេះជនជាប់ចោទបានប្តឹងមកតុលាការកំពូល ព្រោះតែភាពអយុត្តិធម៌នៅតុលាការថ្នាក់ក្រោម ដូច្នេះសវនាការតុលាការកំពូល ត្រូវតែមានវត្តមានជនជាប់ចោទ។
គួរបញ្ជាក់ថា ស សុង អាយុ៥០ឆ្នាំ គឺជាតំណាងប្រជាពលរដ្ឋនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ជាមួយក្រុមហ៊ុន KDC កាលពីខែកក្កដា ឆ្នាំ២០០៧ បានមានទំនាស់វាយតប់គ្នាជាមួយនឹងមនុស្សភាគីក្រុមហ៊ុនក្នុងការការពារដីធ្លីរបស់ខ្លួន។ ក្រោយមកតុលាការខេត្តកំពង់ឆ្នាំង បានកាត់ទោសឲ្យលោក ស សុង ជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់៦លានរៀលពីបទប៉ុនប៉ងមនុស្សឃាត។
ចំពោះបញ្ហានេះ អ្នកស្រី ឈិត ខន ភរិយាលោក ស សុង បានសំណូមពរឲ្យតុលាការកំពូលពិចារណាលើសំណុំរឿងនេះឡើងវិញ ព្រោះការចោទប្រកាន់របស់សាលាដំបូងខេត្តកំពង់ឆ្នាំងគឺមានភាពមិនត្រឹមត្រូវ និងអយុត្តិធម៌៕




0 comments:
Post a Comment