Social Icons

Friday, December 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ទស្សនកិច្ច​លោក សុរិយា ស៊ូប៊ែឌី មក​កម្ពុជា ផ្ដោត​លើ​ការ​បោះឆ្នោត​យុត្តិធម៌


2011-12-09
ដំណើរ ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​​ អ.ស.ប លោក សុរិយា ស៊ូប៊ែឌី មក​​កម្ពុជា​លើក​នេះ លោក​ចាប់​អារម្មណ៍​លើ​កិច្ចការ​បោះឆ្នោត និង​ការ​បើក​ចំហ​ឲ្យ​មាន​ការ​បញ្ចេញ​មតិ និង​ការ​រិះគន់​ឲ្យ​បាន​ច្រើន នៅ​ក្នុង​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ។
RFA/Sok Serey
៩-ធ្នូ-២០១១៖ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅ​ថ្ងៃ​ទី ៩ ខែ​ធ្នូ បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ  គ.ជ.ប ធ្វើ​យ៉ាង​ណា ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ ២០១២ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ឆ្នាំ ២០១៣។

ការ​អំពាវនាវ​នេះ ដោយសារ​តែ​លោក​បាន​ទទួល​ព័ត៌មាន​ជា​ច្រើន​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​កន្លង​មក គណបក្ស​ប្រឆាំង​មិន​មាន​លទ្ធភាព​ស្មើ​គ្នា ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ក្នុង​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត។ ចំនួន​អ្នក​ទៅ​បោះឆ្នោត​បាន​ថយ​ចុះ ដោយសារ​តែ​ជួប​ប្រទះ​ការ​លំបាក និង​ភាព​ស្មុគស្មាញ នៅ​ពេល​បោះឆ្នោត។
គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ ដូចជា រថយន្ត​ជា​ដើម ដើម្បី​ឃោសនា​បោះឆ្នោត។ មាន​ការ​គំរាមកំហែង​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ជាដើម។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី ៩ ខែ​ធ្នូ​ថា លោក​នឹង​ដាក់​បញ្ចូល​ព័ត៌មាន​ទាំង​នោះ ក្នុង​របាយការណ៍​របស់​លោក ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅ​ខែ​កញ្ញា ឆ្នាំ ២០១២។ លោក​មាន​ប្រសាសន៍​តាមរយៈ​ការ​បកប្រែ​ភាសា​ខ្មែរ​ថា គេ​ត្រូវ​ការ​សង្គម​មួយ​បើក​ចំហ ដើម្បី​ឲ្យ​មាន​ការ​រីក​ចំរើន។
ប្រសាសន៍​លោក​ សុរិយា ស៊ូប៊ែឌី៖ «ម្យ៉ាង​វិញ​ទៀត គណបក្ស​ប្រឆាំង អាច​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល ក្នុង​ការ​កៀង​គរ​ប្រជា​ពលរដ្ឋ ឲ្យ​ចូលរួម​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។ ជា​ពិសេស ក្នុង​ករណី​បោះឆ្នោត​តែ​ម្ដង ព្រោះ​ថា អត្ថប្រយោជន៍​ឲ្យ​ទាំង​សងខាង ទាំង​រដ្ឋាភិបាល ទាំង​គណបក្ស​ប្រឆាំង បើសិនជា​ប្រជា​ពលរដ្ឋ​មក​ចូលរួម»។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែង​ថា ការ​លើក​ឡើង​នូវ​ការ​ចោទ​ប្រកាន់​នោះ ប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី បាន​បកស្រាយ​ពន្យល់​រួច​ហើយ៖ «នេះ​ជា​ការ​សន្និដ្ឋាន​របស់​គាត់ ហើយ​អ្វី​ដែល​គាត់​បាន​លើក​ឡើង​ជា​សំណូមពរ​នោះ គឺ​ជា​ការងារ ដែល គ.ជ.ប ត្រូវ​ធ្វើ និង​បាន​ធ្វើ​កន្លង​មក​ហើយ ហើយ​កំពុង​តែ​ជំរុញ ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ថែម​ទៀត»។
លោក សុរិយា ស៊ូប៊េឌី ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​លើក​ទី ៦ នៅ​កម្ពុជា និង​បញ្ចប់​ទស្សនកិច្ច​នេះ នៅ​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០១១ ក្រោយ​ពី​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដូចជា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​ឧបនាយក​រដ្ឋមន្ត្រី។ ជួប​ជាមួយ​មេ​ដឹកនាំ គ.ជ.ប។ ជួប​ជាមួយ​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល។
លោក​ក៏​បាន​ជួប​ជាមួយ​មេ​ដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន ដើម្បី​ប្រមូល​ព័ត៌មាន និង​ស្វែង​យល់​ការ​ពិត ផ្ដោត​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។