ដោយ តាំង សារ៉ាដា
2011-12-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ទោសរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ថា បានធ្វើឲ្យសង្គ្រាមនៅកម្ពុជា ឈានទៅដល់របបវាលពិឃាដ-ខ្មែរក្រហម។លោកក៏បានរំលឹកផងដែរថា សន្តិភាពរបស់កម្ពុជា ក្នុងឆ្នាំ១៩៧០ គឺជាសន្តិភាពដែលខ្វះស្ថេរភាពដោយសារការទំលាក់គ្រាប់បែករបស់ អាមេរិកាំង និងចលនាខ្មែរក្រហមខ្មែរស ខ្មែរខៀវ ខ្មែរស៊ីជំពូនៅផ្ទៃក្នុងជាដើម។
ការថ្លែងរបស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជយលាភីដល់និស្សិត វិទ្យាស្ថានវ៉ាន់ដា គណនេយ្យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១។
លោកនាយករដ្ឋមន្ត្រីបានបន្តថា កំហុសដ៏ធំបន្ទាប់ពីរបប លន់ នល់ គឺកំហុសនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានសំលាប់ជីវិតពលរដ្ឋខ្មែរស្លូតត្រង់យ៉ាងរង្គាល និងបានបំផ្លិចបំផ្លាញប្រទេសឱ្យវិនាសហិនហោច។
របបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើឱ្យមនុស្ស ១.៧លាននាក់ស្លាប់ តាមរយៈការបង្អត់អាហារ ការបង្ខំឱ្យធ្វើការហួសកំលាំង ការសំលាប់ និងការធ្វើទារុណកម្មជាដើម។
សៀវភៅរបស់លោកស្រីវេជ្ជបណ្ឌិត Esmeralda Luciolli នៃអង្គការគ្រូពេទ្យគ្មានព្រំដែន ដែលមានចំណងជើងថា «ជញ្ជាំងឫស្សី» បានបង្ហាញថា ក្រោយរបបខ្មែរក្រហម គឺនៅដើមទសវត្សឆ្នាំ១៩៨០ ពលរដ្ឋខ្មែរប្រមាណជាង ២សែននាក់បានស្លាប់ និងរបួសដោយជាន់មីន និងជំងឺគ្រុនចាញ់ តាមរយៈផែនការ «ក៥» របស់រដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលសហការជាមួយរដ្ឋាភិបាលវៀតណាម៕



0 comments:
Post a Comment