Social Icons

Thursday, December 15, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក ខៀវ សំផន៖ ការ​ចូល​រួម​ក្នុង​ចលនា​កុម្មុយនិស្ត​​​ជា​ការ​ទាល់ច្រក


2011-12-15
ជាថ្មី​ម្ដង​ទៀត លោក ខៀវ សំផន ដែល​ជា​ប្រមុខ​រដ្ឋ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ប្រាប់​ចៅក្រម​សាលាក្ដី​ខ្មែរ​ក្រហម​ថា លោក​មិន​មាន​អំណាច​អ្វី​ទាំង​អស់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។
Photo courtesy of ECCC
២៩-មិថុនា-២០១១៖ ខៀវ សំផន ក្នុង​អំឡុង​ពេល​សវនាការ​បឋម​សំណុំ​រឿង ០០២ នៃ​សាលាក្ដី​ខ្មែរ​ក្រហម ថ្ងៃ​ទី​៣
លោក​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា ការ​ចូល​រួម​ក្នុង​ចលនា​កុម្មុយនិស្ត​របស់​លោក​ជា​ការ​ទាល់ច្រក ដោយសារ​មិន​អាច​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ត​ទៅ​ទៀត។
ចាប់​ផ្ដើម​ឆ្លើយ​សំណួរ​នានា​របស់​ចៅក្រម​សាលាក្ដី​ខ្មែរ​ក្រហម លោក ខៀវ សំផន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​សាលាក្ដី​ខ្មែរ​ក្រហម ​មក​លើ​រូប​លោក​ថា ជា​ជន​មាន​អំណាច និង​បាន​ហៅ​ការ​ចោទ​​ប្រកាន់​ទាំង​នោះ​​ថា ជា​ការ​មិន​ពិត។
លោក ខៀវ សំផន បាន​បញ្ជាក់​ថា លោក​ចូល​រួម​ក្នុង​ចលនា​ខ្មែរ​ក្រហម ដោយសារ​រូប​លោក​ត្រូវ​កំលាំង​ប៉ូលិស​សម្ងាត់​តាម​ដាន និង​ត្រូវ​អាជ្ញាធរ​សម័យ​ឆ្នាំ​១៩៦៧ ប្រុង​ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស​នៅ​តុលាការ​សឹក។
អតីត​ប្រធាន​រដ្ឋ​ក្នុង​របបរ​ខ្មែរ​ក្រហម​រូប​នេះ​បាន​រៀបរាប់​ថា រាល់​ការ​តែងតាំង​មុខងារ​លោក​តាំង​ពី​សម័យ​តស៊ូ​របស់​ចលនា​ខ្មែរ​ក្រហម​ ក្នុង​រាជរដ្ឋាភិបាល​រួប​រួម​ជាតិ​កម្ពុជា មក​ម្ល៉េះ គឺ ប៉ុល ពត ជា​អ្នក​ផ្សាយ​ចេញ​ឈ្មោះ​របស់​លោក ដោយ​សាមី​ខ្លួន​មិន​ទាំង​ដឹង​ខ្លួន​ផង។
លោក ខៀវ សំផន បាន​ឲ្យ​ដឹង​ថា លោក​មាន​តួនាទី​នៅ​ក្នុង​ចលនា​ខ្មែរ​ក្រហម ដោយសារ​លោក​ជា​អ្នក​សម្របសម្រួល​ទំនាក់ទំនង​រវាង​បក្ស​កុម្មុយនិស្ត​កម្ពុជា ជាមួយ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​កាល​ពេល​នោះ​មាន​ឋានៈ​ជា​ប្រធាន​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា។

លោក ខៀវ សំផន បាន​លើក​ឡើង​ថា ចំពោះ​ការ​ចូល​រួម​ក្នុង​សកម្មភាព​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​កម្ពុជា លោក​មិន​មាន​ប្រវត្តិរូប និង​វណ្ណៈ​ស្អាតស្អំ​ដូច​បក្ស​ចង់​បាន​នោះ​ឡើយ។
អតីត​ប្រមុខ​រដ្ឋ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​រៀបរាប់​ថា លោក​មិន​មាន​អំណាច​សម្រេច​អ្វី​ទេ​ក្នុង​នាម​ជា​សមាជិក​ត្រៀម​របស់​បក្ស​ កុម្មុយនិស្ត​កម្ពុជា​នោះ សូម្បី​តែ​ត្រួតត្រា​អង្គភាព​កង​កំលាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ក៏​មិន​មាន ​ផង។
លោក ខៀវ សំផន សង្ឃឹម​ថា ឆ្លង​តាម​ការ​រៀបរាប់​ប្រវត្តិ​សកម្មភាព​ការងារ​របស់​លោក​ក្នុង​សម័យ​តស៊ូ និង​កាន់​អំណាច​របស់​របប​ខ្មែរ​ក្រហម​នេះ អាច​ធ្វើ​ឲ្យ​សាធារណជន​បាន​យល់​ដឹង​ថា តើ​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​មាន​កម្រិត​ណា?
លោក ជុំ ម៉ី អតីត​អ្នក​ជាប់​ឃុំឃាំង​ក្នុង​គុក​ទួល​ស្លែង បាន​និយាយ​ថា លោក​ពុំ​ជឿ​ថា លោក ខៀវ សំផន មិន​មាន​អំណាច​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​ក្នុង​របប​ខ្មែរ​ក្រហម​ នោះ​ឡើយ។ លោក ជុំ ម៉ី បាន​បន្ថែម​ថា លោក ខៀវ សំផន លើក​ឡើង​ពី​ចំណុច​នានា ថា​មិន​ដឹង​នោះ ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​មាន​រូប​លោក ខៀវ សំផន ជា​ប្រមុខ​រដ្ឋ។
លោក វ៉ាន់ថាន់ ពៅតារា ជា​នាយក​រង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ លោក​បាន​តាមដាន​ការ​កាត់​ក្ដី​នៅ​សាលាក្ដី​ខ្មែរ​ក្រហម និង​បាន​ស្ដាប់​ការ​រៀបរាប់​របស់​លោក ខៀវ សំផន។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ខៀវ សំផន ត្រូវ​មាន​ការ​ឆ្លើយ​តប​ពី​ខាង​សហ​ព្រះរាជអាជ្ញា​សាលាក្តី។
លោក ខៀវ សំផន ជា​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា របប​ខ្មែរ​ក្រហម​ដែល​កាន់​អំណាច​នៅ​កម្ពុជា ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩។ លោក​ជា​ជន​ជាប់​ចោទ​មួយ​រូប​ក្នុង​ចំណោម​ជន​ជាប់​ចោទ ៤​រូប នៅ​ក្នុង​សំណុំ​រឿង ០០២ ដែល​ត្រូវ​កាត់​ទោស​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម ទាក់ទង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ជិត ២​លាន​នាក់៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។