- Tuesday, 06 December 2011 12:07
- Bridget Di Certo
ដោយពុំមានពាក់វ៉ែនតាខ្មៅ និងមួកធ្វើអំពីឡែន ដែលគាត់ពាក់ជាប្រចាំ បងធំទី ២ ដែលស្ថិតក្នុងសម្លៀកបំពាក់ស្អាតបាតត្រូវបានប្រាប់យ៉ាងច្បាស់ កុំឲ្យធ្វើខុស និងកុំឲ្យច្រឡំជាមួយបញ្ជីនៃបទចោទប្រកាន់យ៉ាងច្រើនមកលើលោក។
ប្រធានក្រុមចៅក្រមជំនុំជម្រះ លោក និល ណុន បានអានបទល្មើសយ៉ាងសាហាវដែលលោក នួន ជា ត្រូវបានចោទប្រកាន់ ជាអ្នកទទួលខុសត្រូវ ថា៖ «បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមានមនុស្សឃាត ការកាប់សម្លាប់ ការបង្ខំឲ្យធ្វើទាសករ ការជម្លៀសដោយបង្ខំ ការឃុំឃាំង ការធ្វើទារុណកម្ម ការចាប់រំលោភ ការធ្វើទុក្ខបុកម្នេញ ដោយសារបញ្ហានយោបាយ ឬជាតិសាសន៍ប្រល័យពូជសាសន៍...រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាក្រុងហ្សឺណែវ ដែលរួមមានបង្កឲ្យមានការឈឺចាប់ឬរបួសធ្ងន់ធ្ងរដោយចេតនា»។
ទោះយ៉ាងណាក្តី លោក នួន ជា ដែលកាន់ក្តាប់រង្វង់ក្រចេះសេះស្ទើរពេញមួយថ្ងៃ បានបន្តរៀបរាប់លម្អិតពីប្រវត្តិរបស់លោកដែលនាំទៅដល់ការប្រើ អំពើហិង្សា ដែលជាការគួរឲ្យភ័យខ្លាច ជាមួយរបបខ្មែរក្រហម។ លោក នួន ជា មានប្រសាសន៍ថា៖«គឺវៀតណាមទេ ដែលបានកាប់សម្លាប់ប្រជាជនខ្មែរ។ ខ្ញុំមិនចង់ឲ្យប្រជាជនគិតថា ខ្មែរក្រហមជាជនអាក្រក់ ឬជាឧក្រិដ្ឋជនទេ។ ពួកគេជាអ្នកស្នេហាជាតិ ដែលចង់រំដោះប្រទេសពីវៀតណាម»។
លោកបានបន្តថា ៖ «ការចោទប្រកាន់មកលើខ្ញុំពុំត្រឹមត្រូវ និងមិនពិតទេ។ ខ្ញុំបានបូជា ដើម្បីបម្រើប្រទេសជាតិខ្ញុំ»។
ក្នុងអំឡុងសវនាការលើអង្គសេចក្តី ពីពីរសប្តាហ៍មុន លោក នួន ជា បានថ្លែងពីអ្វីដែលចៅក្រមនៃអង្គជំនុំជម្រះជាតិនូវែលសេឡង់ Silvia Cartwright កាលពីថ្ងៃម្សិលមិញបានហៅថា ជាសេចក្តីថ្លែងការណ៍មានប្រយោជន៍ ទូលំទូលាយ និងប្រទាក់គ្នា ដែលពេលនោះ លោកបានប្រដូចវៀតណាមទៅនឹងពស់ថ្លាន់ ដែលកំពុងព្យាយាមរួតរឹតក្តាន់ក្មេងកម្ពុជា ដើម្បីលេបត្របាក់។
អ្នកស្រី Cartwright បានចោទសួរលោក នួន ជា អស់ជិត ២ ម៉ោងកាលពីថ្ងៃម្សិលមិញ អំពីការចាប់ផ្តើមឡើងដំបូងនៃគណបក្សកុម្មុយនិស្តកម្ពុជាឬ ខ្មែរក្រហម ដែលគ្រប់គ្រងប្រទេសកម្ពុជា កាប់សម្លាប់ប្រជាជនឯងចាប់ ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩។
លោក នួន ជា បានបញ្ជាក់ថា៖ «គឺជនជាតិវៀតណាម ដែលបានបង្កើត និងគ្រប់គ្រងគណបក្សកុម្មុយនិស្តឥណ្ឌូចិនដំបូងគេ។ ប្រជាជនកម្ពុជា ចង់មានសេរីភាពខ្លួនឯង ពីការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ ជនជាតិខ្មែរពិតជាស្អប់វៀតណាមខ្លាំងសម្បើមណាស់»។
លោកបានបន្តថា៖ «ខ្ញុំត្រូវតែនិយាយត្រង់ៗ ព្រោះខ្ញុំជឿថា តុលាការនេះចង់រកយុត្តិធម៌ដល់ជនជំនាន់ក្រោយ ហើយខ្ញុំចង់ឲ្យអ្នកជំនាន់ក្រោយដឹងថា អ្នកណាជាសត្រូវពិតប្រាកដរបស់យើង និងអ្នកណាជាមិត្តភក្តិពិតប្រាកដរបស់យើង»។
អ្នកស្រី Cartwright ដែលបានដឹកនាំការចោទសួរទាំងអស់ កាលពីថ្ងៃម្សិលមិញ បានចង្អុលបង្ហាញថា ទោះបីលោក នួន ជា មានអារម្មណ៍ស្អប់ជនជាតិវៀតណាមក្តី តែលោកបានទៅទទួលការបណ្តុះបណ្តាលនៅប្រទេសវៀតណាមពីឆ្នាំ ១៩៥១ ដល់ ១៩៥៣។
ចម្លើយជនជាប់ចោទវ័យចំណាស់រូបនោះ គឺថា ៖ «ខ្ញុំត្រូវគេលួងលោមទេ»។
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានថ្លែងពីម្សិលមិញថា ការឆ្លើយសក្ខីកម្មចោទប្រកាន់របស់អតីតមេដឹកនាំខ្មែរក្រហមរូប នេះ បង្ហាញថា លោកមោហ៍បាំង មើលអ្វីពុំឃើញ និងបាត់បង់ការចងចាំ។
លោក ឆាំង យុ បានអះអាងកាលពីថ្ងៃម្សិលមិញថា៖ «ក្នុងអំឡុងខែកក្កដា ឆ្នាំ ១៩៧៥ មេដឹកនាំខ្មែរក្រហមបានទទួលប្រតិភូបរទេសដំបូងរបស់ពួកគេ ហើយក្រុមនោះ គឺ[ប្រតិភូ]វៀតណាម។ លោក[នួន ជា] មើលមិនឃើញថា របបលោកបានបូជាអាយុជីវិត ប្រជាជនជិត ២ លាននាក់ឡើយ តែបែរជាការពារទង្វើនេះថា ជាគោលនយោបាយរបស់គណបក្សប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមទៅវិញ »។
លោក នួន ជា ក៏បានធ្វើសក្ខីកម្មកាលពីថ្ងៃម្សិលមិញដែរថា លោក ទូ សាមុត មេបក្សកុម្មុយនិស្តដំបូងគេនោះ ដែលត្រូវបានជំនួសតំណែងដោយបងធំទី ១ របបខ្មែរក្រហម (ប៉ុល ពត)ត្រូវបានចាប់សួរចម្លើយ និងរងការធ្វើទារុណកម្ម ហើយទីបញ្ចប់ ត្រូវបានសម្លាប់ដោយទាហាននៃរបបលោក លន់ នល់ ដែលជាអាយ៉ងរបស់អាមេរិកាំង។
ប៉ុន្តែ លោក ទូ សាមុត បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងតាំងពីឆ្នាំ១៩៦២ ហើយភស្តុតាងរឹងមាំបច្ចុប្បន្ន អំពីជោគជតារបស់គាត់ពុំទាន់ត្រូវគេលាតត្រដាងនៅ ឡើយ។ មានពាក្យចចាមអារ៉ាមជាទូទៅថា ប៉ុល ពត និងគូកន ត្រូវគេអះអាងថាស្ថិតនៅពីក្រោយការបាត់ខ្លួននៃអតីតមេបក្ស កុម្មុយនិស្ត (ទូ សាមុត) រូបនេះ គឺដោយសារតែភាពស្មោះស្ម័គ្ររបស់គាត់ជាមួយនឹងវៀតណាមតស៊ូ ៕ CR




0 comments:
Post a Comment