វ៉ាស៊ីនតោនៈ សហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុន នឹងរៀបចំកិច្ចប្រជុំត្រីភាគីជាលើកដំបូងរបស់ពួកគេនៅខែនេះ ខណៈទីក្រុងវ៉ាស៊ីនតោនជំរុញទៅមុខនូវផែនការ«ផ្លាស់ប្ដូរទិស»មកកាន់អាស៊ី ជាទីដែលកំណើនកម្លាំងយោធាចិនបានបង្កឲ្យមានក្ដីកង្វល់។
ក្រសួងការបរទេសអាមេរិក បាននិយាយថា ប្រទេសទាំង ៣ នឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១៩ ខែធ្នូខាងមុខនេះ ដោយមានវត្តមានរបស់មន្ត្រីការទូតជាន់ខ្ពស់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mark Toner បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា៖ «កិច្ចប្រជុំនេះ នឹងក្លាយជាឱកាសមួយដើម្បីរៀបចំការពិភាក្សាស្វែងយល់ពីបញ្ហានានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច។ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យឈានមុខ ទាំង ៣ នៅតំបន់ប៉ាស៊ីហ្វិច យើងរំពឹងផ្លាស់ប្ដូរប្រកបដោយផ្លែផ្កាជាមួយប្រទេសឥណ្ឌា និងជប៉ុន»។
កិច្ចប្រជុំនេះ គឺជាសញ្ញាថ្មីបំផុតនៃការជំរុញរបស់រដ្ឋបាលលោក អូបាម៉ា ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច និងពង្រឹងសម្ព័ន្ធមិត្តដែលមានស្រាប់។
ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទើបតែវិលត្រឡប់ពីដំណើរទស្សនកិច្ចនៅតំបន់អាស៊ីដែលបានសង្កត់ធ្ងន់ពីផលប្រយោជន៍អាមេរិកនៅក្នុងតំបន់នេះ។ លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន កាលពីសប្ដាហ៍មុនបានធ្វើដំណើរទស្សនកិច្ចភូមា ដោយបានផ្ដល់នូវទស្សនវិស័យថ្មីនៃទំនាក់ទំនាក់កាន់តែប្រសើរឡើងជាមួយប្រទេសសម្បូរធនធានមួយនេះ ដែលក្រុមអ្នកវិភាគនិយាយថា ប្រទេសនេះត្រូវបានគេចាត់ទុកជាប្រទេសរណបនយោបាយ និងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង។



0 comments:
Post a Comment