- Thursday, 17 November 2011 18:08
- ឌិត សុខធី
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងលោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន លោកនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ លោកស្រីនាយករដ្ឋមន្ត្រីអូស្ត្រាលី ជូលៀ ជីល្លាដ លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម៉្យុងប៉ាក់ បានធ្វើដំណើរទៅដល់ជាកោះបាលីជាបន្តបន្ទាប់នៅល្ងាចថ្ងៃ ព្រហស្បតិ៍នេះ មួយថ្ងៃមុននឹងជំនួបកំពូលអាស៊ីបូព៌ាចាប់ផ្ដើម និងតែប៉ុន្មានក្រោយនៃកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន ដែលរៀបចំធ្វើនៅទីនោះផងដែរ។
តើប្រធានបទអ្វីខ្លះដែលនឹងត្រូវបានមេដឹកនាំទាំងនោះនឹងលើកយក មកពិភាក្សានៅក្នុងជំនួបអាស៊ីបូព៌ាលើកទី ៤នេះ? ជម្លោះសមុទ្រចិនខាងត្បូង និងការផ្លាស់ប្ដូរទិសដៅយោធាអាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិច ត្រូវបានក្រុមអ្នកតាមដានជាច្រើនចាត់ទុកជាបញ្ហាក្ដៅគគុកនៅឯ វេទិកានោះ ជាពិសេសរវាងមហាអំណាចសេដ្ឋកិច្ចលេខ ១ សហរដ្ឋអាមេរិក និងមហាអំណាចសេដ្ឋកិច្ចលេខ ២ ចិន។
ប្រទេសចិនពុំមានបំណងណាមួយឲ្យអាមេរិកចូលមកពាក់ព័ន្ធនឹង ជម្លោះដែនដីនៅសមុទ្រចិនខាងត្បូងជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន នោះឡើយ ខណៈសហរដ្ឋអាមេរិកក៏មិនចង់ឲ្យមហាអំណាចអាស៊ីមួយនេះ ក្ដោបក្ដាប់ផ្ដាច់មុខនៅក្នុងតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ នេះផងដែរ។
តើមានប្រយោជន៍អ្វីដែលប្រទេសកុម្មុនិស្តចិនមិនចង់ឲ្យអាមេរិក ចូលមកពាក់ព័ន្ធក្នុងជម្លោះនេះនោះ? ក្រុមមេដឹកនាំចិនយល់ឃើញថា បណ្ដាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ពុំមានឯកភាពគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងខ្លួនឡើយ ដែលនេះវាស្របទៅនឹងការអះអាងឡើងដោយមេដឹកនាំប្រទេសហ្វីលីពីន ដែលជាគូជម្លោះមួយក្នុងចំណោមគូជម្លោះដែនដីនៅសមុទ្រចិនខាង ត្បូង ក្នុងនោះមានវៀតណាម ម៉ាឡេស៊ី ប៊្រុយណេផងដែរ។ ដូច្នេះ ទីក្រុងប៉េកាំងប្រាកដជាមានប្រៀបខ្លាំងជាងខាងនយោបាយនៅក្នុង តំបន់។ ផ្ទុយទៅវិញ ទីក្រុងប៉េកាំងបានមើលឃើញច្បាស់ក្រឡែតរួចទៅហើយនូវការឡោមព័ទ្ធ ទាំងកម្លាំងយោធា និងសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោនមកលើប្រទេសខ្លួន។
ចំណែកសហរដ្ឋអាមេរិកវិញ មិនបានឱបដៃនៅស្ងៀមចាំឲ្យមហាអំណាចចិនដែលទើបនឹងឡើងមកថ្មីនេះ ក្អេងក្អាងកាងដាច់មុខនៅតំបន់អាស៊ីអាគ្នេយ៍នោះឡើយ ហើយរឹតតែមិនចង់ឲ្យចិនចេះតែប្រើឥទ្ធិពលរបស់ខ្លួនសម្លុតលើ ប្រទេសតូចតាចនៅក្នុងតំបន់នេះឡើយ ពីព្រោះចង់មិនចង់ ឥទ្ធិពលដ៏ខ្លាំងក្លារបស់ចិននឹងវាតហួសតំបន់នេះជាមិនខានឡើយនា ពេលអនាគតដ៏ខ្លី។ ហេតុនេះ រដ្ឋបាលរបស់លោក អូបាម៉ា បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ទៅកាន់ប្រទេសសម្ព័ន្ធមិត្តធំ អូស្ត្រាលី ដើម្បីធានាដល់អារម្មណ៍នៃមេដឹកនាំប្រទេសមួយនេះថា ទីក្រុងវ៉ាស៊ីនតោនមិនបោះបង់ចោលទីក្រុងកង់បេរ៉ាឡើយ។
មួយវិញទៀត សហរដ្ឋអាមេរិកមិនចង់ឲ្យចិនក្ដោបក្ដាប់សមុទ្រចិនខាងត្បូងដោយ គ្មានខ្លួននោះឡើយ ពីព្រោះទីនោះគឺជាច្រកផ្លូវដឹកជញ្ជូនពាណិជ្ជកម្មមានតម្លៃរាប់ សិបពាន់លានដុល្លាលរក្នុងមួយឆ្នាំៗ ហើយទីនោះក៏សម្បូរទៅដោយធនធានប្រេង និងឧស្ម័នដែលជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ច។ ហេតុនេះ ទីក្រុងវ៉ាស៊ីនតោនត្រូវតែព្រមានប្រទេសចិនទុកជាមុនកុំឲ្យក្អេង ក្អាងពេក ពីព្រោះអាមេរិកក៏ស្ថិតទីនេះដែរ ដូចអ្វីដែលលោកប្រធានាធិបតី អូបាម៉ា ថ្លែងប្រាប់សភាអូស្ត្រាលីនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១នេះថា៖ «យើងស្ថិតនៅទីនេះក្នុងឋានៈជាមហាអំណាចតំបន់ប៉ាស៊ីហ្វិច»។
ដូច្នេះ នៅឯវេទិកាជំនួបកំពូលមេដឹកនាំអាស៊ីបូព៌ា សមាជិកតំបន់អាស៊ីអាគ្នេយ៍ប្រាកដជានឹងបានស្ដាប់យ៉ាងជក់ចិត្តនូវ សង្គ្រាមពាក្យសម្ដីរវាងមេដឹកនាំមហាអំណាចទាំងពីរ ដែលមិនខុសអ្វីនៅពេលមេដឹកនាំប្រទេសទាំងពីរនេះ ជួបគ្នានៅឯជំនួបកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិច ដែលទើបបញ្ចប់ទៅថ្មីៗនេះនៅឯទីក្រុងហូណូលូលូ រដ្ឋហាវ៉ៃនោះឡើយ៕





0 comments:
Post a Comment