Social Icons

Friday, October 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ប្រមាណ​១​ពាន់​នាក់​ធ្វើ​បាតុកម្ម


ដោយ មណ្ឌលកែវ   2011-10-07

កម្មករ​រោងចក្រ អ៊ឹមវ៉េ កាត់ដេរ​អន្តរជាតិ (M&V International Manufacturing Ltd.) នៅ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ១​ពាន់​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៦ តុលា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ថៅកែ​រោងចក្រ​ដែល​បាន​ធ្វើការ​គាប​សង្កត់ និង​បណ្ដេញ​កម្មករ​ចំនួន ២៣​នាក់​ចេញ​ពី​ការងារ។

កម្មករ​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ អ៊ឹមវ៉េ កាត់ដេរ​អន្តរជាតិ (M&V International Manufacturing Ltd.) នៅ​ខេត្ត​កំពង់ឆ្នាំង ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ កាល​ពី​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១១។
កម្មការិនី​ឈ្មោះ ចាន់ ណេត អាយុ ៣២​ឆ្នាំ ដែល​កំពុង​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម បាន​ឲ្យ​ដឹង​ថា គោលបំណង​ក្នុង​ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ការងារ និង​គោរព​សិទ្ធិ​កម្មករ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​បង្កើត​សហជីព។
កម្មការិនី​រូប​នេះ​បន្ត​ថា ថៅកែ​រោងចក្រ​នេះ​បាន​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​កម្មករ និង​ប្រើ​កម្មករ​ដូច​សត្វ​ធាតុ ដោយ​មិន​មាន​ការ​គិតគូរ​ពី​សុខភាព​របស់​កម្មករ​ឡើយ ៖ «កម្មករ​គ្នា​មាន​កំហុស​អី​បន្តិចបន្តួច ដូច​គ្រាន់​ថា កម្មករ​អូស​ម៉ូតូ​យឺត​តែ​មួយ​នាទី គឺ​គេ​គិត​កាត់​លុយ​កម្មករ​ភ្លាម ឬ​បើ​យើង​មាន​កំហុស​តែ​បន្តិចបន្តួច ដែល​អាច​លើកលែង​បាន​សោះ តែ​គេ​បែរ​ជា​ហៅ​ទៅ​ធ្វើការ​បញ្ឈប់​ភ្លាម»
កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ អុល ចាន់ធាវី អាយុ ២៣​ឆ្នាំ បញ្ជាក់​ពី​គោលបំណង​របស់​នាង​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ​ថា គឺ​ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ​នេះ​ទទួល​យក​លក្ខខ័ណ្ឌ​ទាំង ៨​ចំណុច ដែល​សហជីព​ទាមទារ និង​សុំ​ឲ្យ​ថៅកែ​នេះ​ទទួល​យក​កម្មករ​ដែល​ក្រុមហ៊ុន​បាន​បណ្ដេញ​ចេញ​ដោយ​គ្មាន​កំហុស​នោះ ៖ «ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​កម្មករ និង​សកម្មជន​សហជីព​ចំនួន ២០​រូប ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​កាល​ពី​ថ្ងៃ​ទី​១ តុលា កន្លង​ទៅ ឲ្យ​បាន​ចូល​ធ្វើការ​វិញ»
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ថៅកែ​រោងចក្រ អ៊ឹមវ៉េ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៦ តុលា នេះ។
ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើការ​សម្របសម្រួល​ក្នុង​បញ្ហា​នេះ។ ប៉ុន្តែ​លោក​បាន​បន្ទោស​សហជីព​សេរី​កម្មករ​កម្ពុជា ថា​បាន​ធ្វើ​បាតុកម្ម​ដោយ​តក់ក្រហល់​ពេក ដោយ​មិន​បាន​ទុក​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការ​សម្របសម្រួល។
លោក ជា មុនី ជា​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បាតុកម្ម​នឹង​ធ្វើ​ជា​បន្ត​ទៀត​រហូត​ដល់​ថៅកែ​រោង​ទទួល​យក​ការ​ទាមទារ​របស់​កម្មករ ទើប​កម្មករ​ព្រម​បញ្ឈប់​បាតុកម្ម​នេះ ៖ «យើង​អត់​មាន​ទាមទារ​អី​ទាំង​អស់ យើង​គ្រាន់តែ​ចង់​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​ប៉ុណ្ណោះ ហើយ​ឲ្យ​កម្មករ​ដែល​ក្រុមហ៊ុន​បាន​បណ្ដេញ​ចេញ​ដោយ​គ្មាន​កំហុស​នោះ​បាន​ចូល​ធ្វើការ​វិញ»
បាតុករ​ទាំង​អស់​បាន​រំសាយ​ការ​ធ្វើ​បាតុកម្ម​ជា​បណ្ដោះអាសន្ន​នៅ​វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច ថ្ងៃ​៦ តុលា តែ​បាន​សន្យា​គ្នា​ថា នឹង​នាំ​គ្នា​ធ្វើ​បន្ត​ទៀត​នៅ​ថ្ងៃ​៧ តុលា៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។