Social Icons

Friday, October 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សមាជិក​សភា​អាមេរិក​មួយ​រូប៖ កម្ពុជា​មិន​​អើពើ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស


2011-10-07
មន្ត្រី​ជាន់ខ្ពស់​សភា​អាមេរិក​មួយ​រូប​ថ្មីៗ នេះ មាន​គម្រោង​ទម្លាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ពី​ថ្នាក់​លេខ ២ មក​លេខ ៣ នៅ​ឆ្នាំ ២០១១ ដោយ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា ព្រងើយ​កន្តើយ​ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស និង​មាន​អំពើ​ពុករលួយ។
ព័ត៌មាន​នេះ​បាន​​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ព្រមទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ធ្វើការ​ខាង​ប្រយុទ្ធ​ប្រឆាំង​ជួញដូរ​មនុស្ស​ខកចិត្ត​យ៉ាង​ខ្លាំង។
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រួម​ទាំង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល ​ហើយ​មិន​
សប្បាយចិត្ត​ចំពោះ​ដំណឹង​ដែល​ថា សភា​ជាន់ខ្ពស់​អាមេរិក​បាន​ទម្លាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​​ធ្លាក់​មក​ថ្នាក់​ទាប​ដូច្នេះ។
ក្រុម​មន្ត្រី​អះអាង​ថា ទាំង​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​នាំគ្នា​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ទាំង​យប់​ទាំង​ថ្ងៃ គួរ​តែ​អាមេរិក​ដំឡើង​ថ្នាក់​ពី​លេខ២​ទៅ​លេខ​មួយ​ទើប​សម។
លោក​ឧត្ដម​សេនីយ៍​ត្រី ជីវ ផល្លី ជា​អនុ​ប្រធាន​​ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នង​ការ​នគរ​បាល​ជាតិ​ ក្រសួង​មហាផ្ទៃ។ លោក​បាន​ហៅ​ការ​ទម្លាក់​ចំណាត់​ថ្នាក់​នេះ​ថា មិន​អាច​យក​ជា​ការ​បាន​ ហើយ​លោក​បាន​សុំ​ឲ្យ​​មន្ត្រី​​សភា​អាមេរិក​ធ្វើការ​វាយ​តម្លៃ​ឡើងវិញ​ ដោយ​​ចុះ​មក​អង្កេត​​នៅ​កម្ពុជា​ផ្ទាល់​តែ​ម្ដង៖ «តាម​ការ​ពិត​ទៅ​គាត់​ធ្វើ​បែប​នឹង​គាត់​អត់​បាន​មក​សិក្សា​ផ្ទាល់​ទេ។ គឺ​យើង​ធ្វើ​ច្រើន​ណាស់ គឺ​យើង​ខិតខំ​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ។ ខ្ញុំ​សុំ​ប្រើ​ពាក្យ​ថា សោកស្ដាយ​ដែរ​ដែល​គាត់​មិនបាន​មក​ស្វែង​យល់ ហើយ​គាត់​ស្ដាប់​តែ​របាយ​ការណ៍​ណា​មួយ​នោះ ហើយ​គាត់​ចេញ​លិខិត​បែប​នេះ​ដូច​ជា​មិន​ត្រឹមត្រូវ ហើយ​សុំ​ឲ្យ​មាន​ការ​ចូល​រួម​វាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សុំ​ឲ្យ​ចូលរួម​វាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​មិនមែន​ស្ដាប់​អ្នក​ណា​មួយ ហើយ​វាយ​តម្លៃ​បែប​នឹង ហើយ​ចាត់​ទុក​ថា របាយការណ៍​ត្រឹមត្រូវ​ទេ»។
ព័ត៌មាន​ទម្លាក់​ថ្នាក់​ប្រទេស​កម្ពុជា​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នេះ​បាន​ចុះផ្សាយ​នៅ​គេហ៍​ទំព័រ​របស់​លោក ​អេដ រ៉យស៍ (Ed Royce) សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​២០១១​ ដោយ​លោក អេដ រ៉យស៍ បញ្ជាក់​ថា ការ​ទម្លាក់​ថ្នាក់​កម្ពុជា​មួយ​កម្រិត​របស់​អាមេរិក​​នេះ​ នឹង​អាច​ឈាន​ទៅ​ដល់​ដំណាក់​ការ​​កាត់​បន្ថយ​ជំនួយ​របស់​អាមេរិក​មក​ប្រទេស​កម្ពុជា​ទៀត​ផង។
សេចក្ដីថ្លែងការណ៍​នៅ​លើ​គេហ៍​ទំព័រ​នោះ​សរសេរ​ថា ការវាយតម្លៃ​នេះ ធ្វើឡើង​នៅ​ក្នុង​អំឡុង​ពេល​ពង្រឹង​ការ​អនុញ្ញាត​ជា​ថ្មី​របស់​គណៈកម្មាធិការ​បរទេស​របស់​សភា​នៅ​ថ្ងៃ​នោះ ទៅ​លើ​ច្បាប់​ស្ដីពី​ការ​ការពារ​ដល់​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ ឆ្នាំ ២០០០ សមាជិក​សភា Ed. Royce ដែល​ជា​អ្នក​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​គណៈកម្មការ​សិទ្ធិមនុស្ស ថម ឡែនថូស (Tom Lantos Human Rights Commission) បាន​ផ្ដល់​នូវ​ការ​ធ្វើ​វិសោធនកម្ម​ទ្វេ​ភាគី​ដោយ​ជោគជ័យ នៅ​ក្នុង​ការ​ដាក់​ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្នុង​លំដាប់​ទី ៣ នៃ​បញ្ជី​ជួញដូរ​មនុស្ស​អាក្រក់​បំផុត​របស់​ខ្លួន។
លោក Royce មាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​កម្ពុជា មិន​បាន​ដោះស្រាយ​គ្រប់គ្រាន់​ទេ លើ​បញ្ហា​ជួញដូរ​មនុស្ស និង​អំពើ​ពុក​រលួយ​ដ៏​ហួស​ហេតុ ដែល​ធ្វើ​ឱ្យ​បញ្ហា​នេះ​ក្លាយ​ជា​ទាសករ​សម័យ​ទំនើប"។
យោង​តាម​របាយការណ៍​របស់​ក្រសួង​ការ​បរទេស ឆ្នាំ ២០១១ ស្ដីពី​ការ​ជួញដូរ​មនុស្ស ប្រទេស​កម្ពុជា​មិន​បាន​ធ្វើ​អ្វី​ឱ្យ​ប្រសើរ​សោះ​ក្នុង​ការ​កំណត់ ឬ​ការពារ​ជន​រងគ្រោះ​ពី​ការ​ជួញដូរ។ ប្រភព​ព័ត៌មាន​បាន​ពិពណ៌នា​ថា ប្រទេស​កម្ពុជា ជា​មេ​ដែក​សម្រាប់​ទាក់ទាញ​ជន​ទាំង​ឡាយ​ស្វែងរក​ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ក្មេងៗ។ លើស​ពី​នេះ​ទៀត អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស (Human Rights Watch) ពិពណ៌នា​ថា ប្រទេស​កម្ពុជា មិន​ត្រឹម​តែ​កំពុង​ញាំញី​ដោយ​អំពើ​រំលោភ​ដោយ​មន្ត្រី​ផ្សេងៗ ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​បញ្ហា​និទ្ទណ្ឌភាព (ភាព​រួច​ទោស) ចំពោះ​អ្នក​ប្រព្រឹត្ត​ទៀត។
របាយការណ៍​នោះ​បាន​បន្ថែម​ថា ប្រទេស​ដែល​ឋិត​នៅ​ក្នុង​លំដាប់​ទី ៣ នៃ​ក្រុម​ប្រទេស​មាន​ស្ថានភាព​អាក្រក់​បំផុត "មិន​បាន​ប្រតិបត្តិ​ពេញលេញ​តាម​បទដ្ឋាន​អប្បបរមា​នៃ​ច្បាប់​ស្ដីពី​ការ​ការពារ​ជន​រងគ្រោះ​ពី​ការ​ជួញដូរ​ទេ ហើយ​ក៏​មិន​បាន​ប្រឹងប្រែង​ជា​ពិសេស​ណាមួយ ដើម្បី​ប្រតិបត្តិ​តាម​បទដ្ឋាន​អប្បបរមា​នេះ​ដែរ"។
ទន្ទឹម​នឹង​គ្នា​ដែរ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា របាយការណ៍​ឆ្នាំ ២០១១ បាន​បង្ហាញ​ថា គ្រឹះស្ថាន​កម្សាន្ត​របស់​ប្រទេស​កម្ពុជា អាច​ធ្វើ​អាជីវកម្ម​កេង​យក​ប្រយោជន៍​ពី​ស្ត្រី និង​កុមារ​ប្រមាណ ២០០ នាក់​ក្នុង​មួយ​យប់ៗ។ លោក Royce ថ្លែង​ថា នគរបាល​គ្មាន​ឆន្ទៈ​ស៊ើបអង្កេត​អំពើ​ជួញដូរ​ជាក់លាក់​ណា​មួយ​ទេ ពីព្រោះ​គេ​គិត​ថា ការ​ជួញដូរ​នោះ​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​បុណ្យ​សក្ដិ​ធំៗ។
មិន​ត្រឹម​តែ​មន្ត្រី​រដ្ឋាភិបាល​ទេ ដែល​មិន​សប្បាយ​ចិត្ត​ចំពោះ​ចំពោះ​ដំណឹង​នេះ សូម្បី​មន្ត្រី​មិន​មែន​រដ្ឋាភិបាល​ដែល​ជា​ទូទៅ តែង​តែ​ជំទាស់​រដ្ឋាភិបាល​កន្លង​ទៅ ពួក​គេ​ក៏​ងាក​មក​គាំទ្រ​រដ្ឋាភិបាល​​ដែរ​នៅ​ពេល​នេះ។
ជាអាទិ៍​លោក យ៉ា ណាវុធ ប្រធាន​ប្រតិបត្តិ អង្គការ ខារ៉ាម (CARAM) កម្ពុជា ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ដែរ​នេះ បាន​អះអាង​ថា​ រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​សហការ​គ្នា​ល្អ​ លប់​បំបាត់​ការ​ជួញដូរ​មនុស្ស​បាន​ច្រើន នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក៏ប៉ុន្តែ​ប្រៀបធៀប​ទំហំ​ការងារ​ដែល​ប្រជាជន​កម្ពុជា​ធ្វើ​ចំណាកស្រុក​កាន់​តែ​ច្រើន​ឡើងៗ ដូច្នេះ ធ្វើ​ឲ្យ​គេ​មិន​បាន​ដឹង​អំពី​ស្នាដៃ​របស់​ក្រុម​មន្ត្រី​ថា​តើ​បាន​ជោគជ័យ​ធំ​ប៉ុន​ណា។
លោក យ៉ា ណាវុធ៖ «អ៊ីចឹង​យើង​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​ខិតខំ​ច្រើន ទាំង​អង្គការ​សង្គម​ស៊ីវិល ក៏​ដូចជា ស្ថាប័ន​ពាក់ព័ន្ធ។ ប៉ុន្តែ ដូច​លោក​ដឹង​ស្រាប់​ហើយ​ថា កំណើន​ប្រជា​ពលរដ្ឋ ដែល​ចូល​នៅ​ក្នុង​កម្លាំង​ការងារ ដែល​មាន​នៅ​ក្នុង​ប្រទេស​ហ្នឹង​វា​អត់​មាន​តុល្យភាព។ អ៊ីចឹង​ហើយ​បាន​យើង​ឃើញ​ថា ពលរដ្ឋ​យើង​ធ្វើ​ចំណាក​ស្រុក​ច្រើន​ទៅ​ក្រៅ​ប្រទេស»។
ចំណែក​លោក សៅ ឈឿត ជា​នាយក​ប្រតិបត្តិ​អង្គការ​អាហ្វេស៊ិប (Afesip) បាន​ជំទាស់​ចំពោះ​ការវាយតម្លៃ​របស់​អាមេរិក​នេះ​ដែរ ដោយ​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ដំណឹង​នេះ​ដែរ៖ «បើ​អ៊ីចឹង​វា​ដូច​ជា​ខ្វះ​ការ​លើក​ទឹក​ចិត្ត។ យើង​ឃើញ​ថា ទាំង​សង្គម​ស៊ីវិល ទាំង​រដ្ឋាភិបាល​នាំ​គ្នា​ខំ​ប្រឹងប្រែង​ច្រើន​ដែរ។ រដ្ឋាភិបាល​លោក​បាន​បង្កើត​គោល​នយោបាយ មាន​វិធានការ យន្តការ​គ្រប់គ្រង​តាម​ផ្ទះ​សំណាក់។ នៅ​តាម​ខេត្ត​អី​យើង​ឃើញ​ថា​ប្រឹងប្រែង​ដែរ។ ប៉ុន្តែ វា​នៅ​មាន​វែង​ឆ្ងាយ​ទៀត ដើម្បី​ឈាន​ទៅ​ដល់​ការ​គ្រប់គ្រង​ទាំង​ស្រុង»។
ជាង​នេះ​ទៅ​ទៀត​លោក​ឧត្ដម​សេនីយ៍​ត្រី ជីវ ផល្លី បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​បាន​កំណត់​មុខ​សញ្ញា​ថ្មី​ទៀត​ដូច​ជា​ការ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​ដីគោក​ជា​ដើម ដែល​អាមេរិក​គួរ​ទទួល​ស្គាល់៖ «គ្រាន់តែ​ជា​ព័ត៌មាន​ទេ​ ចុង​ក្រោយ​នេះ​គឺ​ថា​ទៅ​ប្រទេស​ចិន ហើយ​ករណី​នាំ​ពលករ​ទៅ​មិន​ទាន់​ដល់​ចិន​ទេ​ គ្រាន់​តែ​ពលករ​ចេញ​ដល់​ប្រលាន​យន្តហោះ យើង​បាន​ឃាត់​ខ្លួន គឺ​សហការ​ជាមួយ​នឹង​ប៉ូលិស​អន្តោប្រវេសន៍ នៅ​ប្រលាន​យន្តហោះ​នៅ​ប្រលាន​ភ្នំពេញ ហើយ​យើង​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់»។
តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ២ នៅ​ឡើយ​ទេ ដែល​គេ​គិត​ថា​ជា​ពិន្ទុ​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។