Social Icons

Thursday, October 13, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប្រជានេសាទ​បារម្ភ​ពី​ការ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នេសាទ​ផល​សមុទ្ទ


ដោយ ខែ សុណង

2011-10-13
អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​ជលផល​ពាក់​ព័ន្ធ រួម​ទាំង​សហគមន៍​នេសាទ​នៅ​ឯ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង បាន​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​១២ តុលា ឆ្នាំ​២០១១ នេះ ដើម្បី​រិះរក​វិធានការ​ចូល​រួម​គ្រប់គ្រង និង​ការពារ​ធនធាន​ជលផល​ឲ្យ​មាន​និរន្តរភាព​នៅ​ក្នុង​សហគមន៍។


១៣-សីហា-២០១១៖ ទូក​នេសាទ​ផល​សមុទ្ទ​របស់​អ្នក​នេសាទ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។
ប្រជា​នេសាទ​នៅ​ស្រុក​ចំនួន​៣ ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង បាន​ជួបជុំ​គ្នា​លើក​យក​បញ្ហា​ ​បទល្មើស​នេសាទ​នៅ​តំបន់​សមុទ្ទ​មក​ពិភាក្សា ហើយ​ជំរុញ​ឲ្យ​មន្ត្រី​មានសមត្ថកិច្ច​រឹត​បន្តឹង​ផ្នែក​ច្បាប់ និង​ផ្ដន្ទាទោស​ជន​ខិលខូច​ដែល​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នេសាទ​ផល​សមុទ្ទ។
ប្រធាន​សហគមន៍​នេសាទ​ឃុំ​ទឹក​ថ្លា ស្រុក​ព្រៃនប់ លោក រីម មូសើ បាន​ថ្លែង​ថា បទ​ល្មើស​ទូក​មង​ហោះ ទូក​ឈិប​យន្ត អូស​ក្រែង​ឈាម បញ្ហា​កាប់​បំផ្លាញ​ព្រៃ​កោងកាង និង​ការ​ចាក់​ដី​រំលោភ​យក​តំបន់​ព្រៃ​លិច​ទឹក ដែល​ទាំង​នេះ​គឺ​សុទ្ធ​សឹង​តែ​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​សមុទ្ទ និង​បាន​កើត​ឡើង​ស្ទើរ​រៀងរាល់​ថ្ងៃ៖ «ស្រុក​ព្រៃនប់​បញ្ហា​អាទិភាព​បទល្មើស​ទូក​ឈិប​យន្ត​ហ្នឹង អា​ទូក​ឌុន​ហ្នឹង ប្រភេទ​ម៉ាស៊ីន ១៥សេស ទៅ​ដល់ ២០​សេស។ គាត់​មក​អូស​ទឹក​រាក់ អា​ហ្នឹង​បាន​ជា​លក្ខណៈ​ខុស​ច្បាប់ រី​ឯ​ស្រុក​ស្ទឹងហាវ នេះ គេ​ហៅ​ថា មង​ហោះ ជា​ឧបករណ៍​ខុស​ច្បាប់។ ទូក​គាត់​ធំ ម៉ាស៊ីន​គាត់​ធំ គាត់​មក​រក​ទឹក​រាក់ ហើយ​អ្នក​ប្រព្រឹត្ត​ល្មើស​នេះ​គឺ​អ្នក​ស្ទឹងហាវ និង​អ្នក​ព្រៃនប់​តែម្ដង»
អ្នកស្រី ស៊ឹម ស៊ុន អនុ​ប្រធាន​ភូមិ​អំឆ្អើត និង​ជា​ប្រជា​នេសាទ​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល បាន​ត្អូញត្អែរ​ថា បទ​ល្មើស​នេសាទ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត ពី​សំណាក់​អ្នក​មាន​ប្រាក់​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឡើង​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ក្នុង​ដែន​ទឹក​តំបន់​កោះ​ខ្យង ស្រុក​ស្រែអំបិល ហាក់​មិន​ខ្លាច​ញញើត​ច្បាប់​សោះ។ រីឯ​កិច្ច​ពិភាក្សា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​កន្លង​មក​ក៏​ពុំ​បាន​ទទួល​លទ្ធផល​អ្វី​នោះ​ដែរ។
«ឃើញ​គេ​បោះ​ឈើ តែ​អត់​ដឹង​ថា បុគ្គល​ណា​គេ​បោះ​បង្គោល​ហើយ​គេ​ក្រឡឹង​ជុំវិញ​អ៊ីចឹង ហើយ​គេ​ចង​អា​សាច់​មង​ញឹកៗ​ហ្នឹង ដល់​គេ​ព័ទ្ធ​យក​អស់​អ៊ីចឹង​ទៅ​ប្រជាជន​យើង​អ្នក​ស្រែ អ្នក​នេសាទ​ម្ដុំ​ជួរ​លើ​យើង​ហ្នឹង ពេល​ចង់​ទៅ​រាវ​វា​សុទ្ធ​តែ​កន្លែង​គេ»
ប្រធាន​សហគមន៍​នេសាទ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោក អ៊ុំ ដេង បាន​សំណូមពរ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ចាត់​វិធានការ​ចំពោះ​ជន​ប្រព្រឹត្ត​ល្មើស​ឲ្យ​បាន​ខ្លាំងក្លា​ជាង​សព្វ​មួយ​ដង ដើម្បី​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ការ​ចុះ​បង្ក្រាប​ក៏​ចុះ ប៉ុន្តែ​បទល្មើស​កាន់​តែ​កើន វា​នៅ​តែ​ធ្វើ​ដដែល សួរ​ថា មុខ​របរ​វា​ហ្នឹង វា​រក​បាន ខ្ញុំ​ចង់​ឲ្យ​ថា មន្ត្រី​ជលផល​គាត់​រឹត​បន្តឹង​ច្បាប់​ជាង​មុន​បន្តិច​ទៀត កុំ​ឲ្យ​គាត់​ចេះ​តែ​ចាប់​បង់​លុយៗ អត់​មាន​ករណី​ផាក​ពិន័យ​ទ្វេ​ដង និង​អត់​មាន​បាន​បង្ក​សំណុំ​រឿង​ចូល​ទៅ​តុលាការ»
ការ​លើក​ឡើង​នេះ បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ស្ដី​អំពី​ការ​ចូលរួម​គ្រប់គ្រង និង​ការពារ​ធនធាន​ជលផល​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១២ តុលា នៅ​សាលា​ស្រុក​ស្ទឹងហាវ។ កិច្ច​ជំនួប​នេះ​មាន​តំណាង​សហគមន៍​នេសាទ អាជ្ញាធរ​ដែន​ដី មន្ត្រី​ជំនាញ​ជលផល ស្ថាប័ន​ពាក់ព័ន្ធ និង​សង្គម​ស៊ីវិល​ប្រមាណ ៦០​នាក់​ចូលរួម។
មន្ត្រី​គម្រោង​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា FACT លោក ជុំ និត បាន​ថ្លែង​ថា ជា​លើក​ទី​៣​ហើយ​ដែល​អង្គការ​លោក​បាន​គាំទ្រ​ថវិកា​សម្រាប់​កិច្ច​ប្រជុំ​នេះ។ លោក​ថា វា​ជា​ឱកាស​ល្អ​មួយ​ដែល​អាច​ឲ្យ​សហគមន៍​ជួប​ពិភាក្សា និង​បង្ហាញ​ពី​កង្វល់​ដែល​កើត​មាន​ពី​បទ​ល្មើស​នេសាទ​របស់​ពួកគេ​ដែល​បាន​កើត​មាន​ជា​រៀងរាល់​ថ្ងៃ៖ «គោលបំណង​ទី​១ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្រជានេសាទ និង​អ្នក​ពាក់ព័ន្ធ​បាន​ជួប​ពិភាក្សា​លើ​ការងារ​ចូលរួម​គ្រប់គ្រង និង​ការពារ​ធនធាន​ជលផល​ឲ្យ​មាន​និរន្តរភាព​នៅ​ក្នុង​សហគមន៍»
មន្ត្រី​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធន​ធាន​ជលផល​បាន​ឲ្យ​ដឹង​ថា ធនធាន​ជលផល​ថយ​ចុះ ដោយ​ការ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ដូច​ជា​ប្រើ​អាគុយ​ឆក់ មង​ក្រឡា​ល្អិត ស្បៃ​មុង ការ​ច្នៃ​ទូក​បង្ហោះ អូស​ត្រី​ក្នុង​តំបន់​ទឹក​រាក់ ការ​កាប់​ព្រៃ​កោង​កាង​ដើម្បី​ធ្វើ​ស្រែ​បង្គា ការ​លុប​ព្រៃ​លិច​ទឹក ការ​លុប​ដៃ​សមុទ្ទ ធ្វើ​កំពង់ផែ​នៅ​បឹង​ទូក​ជា​ដើម។
ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​រង​ស្រុក​ព្រៃនប់ អ្នកស្រី យឹម សុឃឿន បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ក្ដី​កង្វល់​របស់​ប្រជា​នេសាទ​នេះ។ អ្នកស្រី​ប្ដេជ្ញា​ថា អាជ្ញាធរ​គាំទ្រ​ជានិច្ច​រាល់​បណ្ដឹង​ពី​បញ្ហា​ល្មើស​នេសាទ​ដែល​កើត​មាន និង​ការ​ផ្ដល់​ព័ត៌មាន​របស់​សហគមន៍​នេសាទ៖ «ចូល​រួម​សហការ​រាល់​ការ​ទូរស័ព្ទ ឬ​ក៏​គាត់​រៀបចំ​ឯកសារ​មក​ជម្រាប​មក​អាជ្ញាធរ​ដែនដី ដូចជា​ឃុំ​ភូមិ​ដើម្បី​បាន​ជំនាញ​យើង​ធ្វើ​ម្នាក់​ទេ»
នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម លោក ឌួង សំអាត ដែល​បាន​ចូលរួម​កិច្ច​ជំនួប​នោះ​ដែរ មាន​ប្រសាសន៍​ថា បញ្ហា​បទ​ល្មើស​នេសាទ​ក្នុង​ឆ្នាំ​២០១១​នេះ មាន​ការ​ធូរស្រាល​ជាង​មុន​បន្តិច​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ៖ «ដើម​ឆ្នាំ​២០១១​នេះ យើង​ធ្វើ​យុទ្ធនាការ​នោះ​ជាប់ ជលផល​បទល្មើស​ធំៗ​ដែល​យើង​ដាក់​ផែនការ​ឲ្យ​គាត់​ធ្វើ​ចេញ​ធ្វើ​អស់​ហើយ»
នៅ​ក្នុង​ទិវា​មច្ឆាជាតិ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​ព្រះសីហនុ​នេះ កាល​ពី​ខែ​កក្កដា កន្លង​ទៅ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ឲ្យ​ដឹង​ថា បទល្មើស​នេសាទ​តំបន់​ឆ្នេរ​ក្នុង​រយៈពេល​៦​ខែ ដើម​ឆ្នាំ​២០១១​នេះ សមត្ថកិច្ច​បាន​ឃាត់​ចាប់​ពិន័យ​ឧបករណ៍​អួន​អូស​បាន​ចំនួន ១៥​ករណី ស្មើ​ទឹក​ប្រាក់ ២៤​លាន ៤​សែន​​រៀល បាន​ធ្វើ​កិច្ចសន្យា​ឈប់​រំលោភ​ច្បាប់​ចំនួន ១៥​ករណី និង​រឹប​អូស​វត្ថុ​តាង​បាន​ចំនួន ១០​ករណី។
មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ក្នុង​ចំណោម​អត្រា​ពលរដ្ឋ​ជាង ១៤​លាន​នាក់​ទូទាំង​​ប្រទេស​កម្ពុជា មាន​ពលរដ្ឋ​ជាង ១​លាន​នាក់​បាន​ចាប់​យក​របរ​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត​គ្រួសារ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។